កំណត់ហេតុ អង្គសន្និបាត​ប្រចាំឆ្នាំ ២០១៧ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ (ភាគ ១)

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
​កំណត់ហេតុ​សន្និបាត​ប្រចាំឆ្នាំ ២០១៧
​ថ្ងៃទី ០៨-១០ ធ្នូ ឆ្នាំ ២០១៧
​ទីក្រុង អូ​ឡែ​ន​ដូ រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​

Orlando, Florida, U.S.A.
​ថ្ងៃ​សៅរ៍​ទី ៩ ធ្នូ ព​.​ស​. ២៥៦១ គ​.​ស​. ២០១៧

​ម៉ោង ៩ ព្រឹក​

​ ​ក​. កម្មវិធី​៖

​ពិធីករ​ថាច់ វឿ​ង និង​ពិធីក​រិ​នី ថាច់ សុមាលី​ន​ចាប់ផ្តើម​ប្រកាស​កម្មវិធី
– គោរព​ទង់ជាតិ ។​
– គោរព​រំឭក​គុណ​បុព្វ​វីរ​សមណៈ បុព្វ​វីរបុរស និង​បុព្វ​វីរនារី ។
– អារាធនា​ព្រះសង្ឃ​សូត្រ​ជយ​ន្តោ​ជា​មង្គល​កិច្ច​ជូន​សន្និបាត ។​
– សុន្ទរកថា ស្វាគមន៍​អង្គសន្និបាត ដោយ​ព្រះតេជព្រះគុណ អៀង ភីរុណ ជា​ព្រះសង្ឃ​គង់នៅ​វត្ត​ធ​ម្មិ​កា​រាម​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​អូ​ឡែ​ន​ដូ រដ្ឋ​ផ្លរីដា ។​
– លោក សឺ​ន ច័ន្ទ​កុសល ជា​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​អូ​ឡែ​ន​ដូ និង​ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ​ផ្លរីដា​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ភ្ញៀវកិត្តិយស និង​ឧទ្ទេសនាម​សមាសភាព​គណៈកម្មការ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​គណៈកម្មការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​អូ​ឡែ​ន​ដូ​ផង ។
– លោក​ព្រឹទ្ធាចារ្យ សឺ​ន សម្រេច ឧទ្ទេសនាម​គណៈកម្មកា​រ​នាយក​ទាំង ១៣ អង្គ​និង​រូប ព្រមទាំង​ឧ​ត្ត​ម​ទីប្រឹក្សា ៣ រូប នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមមាន ៖

  • ទី ១ លោក ថាច់ វៀន ​ ​ ​ជា​អធិបតី ។
  • ​ទី ២ លោក ចៅ រៀប ​ ​ ​ជា​ប្រធានសភា​ព្រឹទ្ធាចារ្យ ។​
  • ទី ៣ លោក ថាច់ សេ ​ ​ជា​ប្រធានសភា​តំណាង ។​
  • ទី ៤ លោក ប្រាក់ សិរីវុឌ្ឍ​ ​ ​ជា​ប្រធាន​ប្រតិបត្តិ ។​
  • ទី ៥ លោក ម៉ៅ មុនី ​ ​ ​ជា​អនុប្រធាន ។​
  • ទី ៦ លោក ត្រឹង ម៉ាន់ រិន្ទ ​ ​ជា​នាយក​ផែនការ ។​
  • ទី ៧ លោក សឺ​ន ហ៊ួ​រ ​ ​ ​ជា​អគ្គលេខាធិការ ។​
  • ទី ៨ លោក ត្រឹង យ៉ាប ​ ​ ​ជា​នាយក​រដ្ឋបាល ។​
  • ទី ៩ អ្នកស្រី សឺ​ង ធី និ​ត ​ ​ជា​នាយិកា​គណៈកម្មការ​ស្ត្រី ។​
  • ទី ១០ លោក ចៅ សេរី ​ ​ ​ជា​អគ្គ​ហេរញ្ញិក ។
  • ទី ១១ អ្នកស្រី កៀង សុធី ជា​ប្រធាន​គណៈកម្មាធិការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។
  • ទី ១២ ព្រះតេជព្រះគុណ ថាច់ ទ្រឿ​ង ធី​ធី​ធ​ម្មោ ​ជា​ប្រធាន​គណៈកម្មការ​សាសនា​អន្តរជាតិ ។​
  • ទី ១៣ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ​ជា​ប្រធាន​គណៈកម្មការ​សាសនា អន្តរជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន ។​

ឧ​ត្ត​ម​ទីប្រឹក្សា ៣ រូប​គឺ​៖

  • ១៤. លោក តោ គឹម ថុង ជា​ឧ​ត្ត​ម​ទីប្រឹក្សា​
  • ១៥. លោក សឺ​ង សម្រេច ជា​ឧ​ត្ត​ម​ទីប្រឹក្សា
  • ១៦. លោក​បណ្ឌិត ឆូ​ហ្សួ ខូ​ហ្វើ (Dr. Joshua Cooper) ជា​ឧ​ត្ត​ម​ទីប្រឹក្សា​

ជាពិសេស​មានការ​អញ្ជើញ​ចូលរួម​របស់​តំណាង​អង្គការ​យូ​អិន​ភី​អូ គឺ លោក Marvin Kumetat ។​
​តំណាង​គណបក្ស​ចម្រុះ​ជាតិ​សាសន៍ និង​ចម្រុះ​គណបក្ស (NRPTT) នៅក្នុង សភា​អឺរ៉ុប គឺ អ្នកស្រី Laura Harth ។​

– ឧទ្ទេសនាម​គណៈកម្មកា​រ​តំបន់ និង សាខា​នានា ក្នុងនោះ​មាន​សាខា​មកពី​ប្រទេស​កាណាដា បារាំង អូស្ត្រាលី និង​ទីក្រុង ព្រមទាំង​រដ្ឋ​នានា​ក្នុង​សហរដ្ឋអាមេរិក ។
​ ​- លោក សឺ​ន យឿ​ង ដែលជា​នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ មកពី​ប្រទេស​កម្ពុជា ។​

បន្ទាប់មក លោក ថាច់ វៀន ជា​អធិបតី​ប្រកាស​បើក​សន្និបាត ។

​ខ​. របៀបវារៈ​

១. របាយការណ៍​ប្រចាំឆ្នាំ ២០១៧ ។​
២. ឡើង​ផែន​ការណ៍​ឆ្នាំ ២០១៨ ។​
៣. គណៈកម្មការ​នាយក ធ្វើការ​ពិនិត្យ​សិក្សា ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​លក្ខន្តិកៈ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។
៤. ធ្វើ​ប័ណ្ណសមាជិក ។​

​គ​. កម្មវត្ថុ​

– អនុសាសន៍​របស់លោក តោ គឹម ថុង ជា​ឧ​ត្ត​ម​ទីប្រឹក្សា​, លោក​បាន​សង្កត់ធ្ងន់​លើ​គុណូបការៈ​នៃ បុព្វ​វីរបុរស បុព្វ​វិ​រ​នារី បុព្វ​វីរ​សមណៈ និង​ចាស់ ៗ ទាំងអស់​ដែល​បាន​សាមគ្គី​តស៊ូ​លះបង់​គ្រប់យ៉ាង រហូតដល់​ថ្នាក់​ទាំង​លះបង់​ព្រះជន្ម លះបង់​ជីវិត​ក្នុង​បុព្វហេតុ​ទាមទារ​អោយ​រដ្ឋាភិបាល​យួន​គោរព​សិទ្ធិមនុស្ស សិទ្ធិ​រស់នៅ​ដោយ​សុវត្ថិភាព សិទ្ធិ​រក្សា​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សិទ្ធិ​សំរេច​វាសនា​ខ្លួន​ដោយ ខ្លួនឯង របស់​ខ្មែរក្រោម​ដែលជា​ជនជាតិដើម នៅលើ​ដែនដី​កម្ពុជា​ក្រោម ។​

លោក​បាន​លើក​គោលជំហរ​ធំៗ ចំនួន​បី​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គឺ​

  • ​គោលការណ៍​ចក្ខុវិស័យ ។​
  • ​គោលការណ៍​ច្បាប់​លក្ខន្តិកៈ ។​
  • ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ។

– ​លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ២០១៧ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដោយ​បទ​បង្ហាញ​រូបភាព​សកម្មភាព​នានា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លើ​ឆាក​អន្តរជាតិ ក្នុងការ​បំពេញបេសកកម្ម​ស្វែងរក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​ជូន​ខ្មែរក្រោម​លើ​ទឹកដី​កម្ពុជា​ក្រោម តាមរយៈ​ការ​បញ្ចាំង​ស្លាយ ។

ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់ថ្ងៃទី ២ នៃសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់ថ្ងៃទី ២ នៃសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

– សង្កថា ទស្សនវិស័យ របស់លោក​សឺ​ន សម្រេច​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ លោក​បាន​លើក​អំពី​គុណ​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ថា ព្រះសង្ឃ​លោក​លះបង់​គ្រប់យ៉ាង លះបង់​វ័យ​ក​ម្លោះ​ស្រស់​សង្ហា​ដូច​ផ្កា​ក្រពុំ លះបង់​ភាពសប្បាយ​ហឺ​ហារ លះបង់​ជីវិត​ជា​គ្រហស្ថ មាន​អង្គ​ខ្លះ​លះបង់​មួយជីវិត ពោលគឺ​ព្រះសង្ឃ​លោក​បាន​ទម្លាក់​ចុះ​នូវ​អ​ម្រែ​ក​ផ្ទះសម្បែង ស្រែចម្ការ ប្រពន្ធ​កូន កិច្ចការងារ​រកស៊ី​ចិញ្ចឹម និង​ភារកិច្ច​បម្រើ​ចិញ្ចឹម​ម្តាយ​ឪពុក​ទៅ​បួស​ព័ទ្ធ​រែកពុន​អ​ម្រែ​ក ២ មួយ​អង្គឯង គឺ​អ​ម្រែ​ក​សាសនា​ផង អ​ម្រែ​ក​ជាតិ​ផង ដូច​ពាក្យ​ចាស់ទុំ​ពោល​ទុក​មក​ថា “​ស្មា​មួយ​អ​ម្រែ​ក​ពីរ​” ។ រឿងនេះ​គ្មានអ្វី​ចម្លែក​ទេ យើង​សុទ្ធតែ​បានដឹង​ច្បាស់​ទាំងអស់គ្នា​ហើយ​ថា ព្រះពុទ្ធសាសនា​ជា​អាយុជីវិត​ជាតិ សាសនា មាតុភូមិ កម្ពុជា​ក្រោម នោះ​ព្រោះ​អ្វី ? ព្រោះ​ព្រះសង្ឃ​ជា​សាវ័កព្រះពុទ្ធ ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ផ្ទាល់ ជា​អ្នកស្ម័គ្រចិត្ត​បម្រើ​ដោយ​ឥតគិតថ្លៃ សូម្បីតែ​ថ្លៃ​ជីវិត​ក៏​លោក​មិន​គិត​ដែរ ។ សរុបមក​ព្រះសង្ឃ​លោក​លះបង់​ច្រើនណាស់​ក្នុង​ភារកិច្ច​បម្រើ​ជាតិ សាសនា មាតុភូមិ​កម្ពុជា​ក្រោម ដែល​យើង​ជា ខ្មែរក្រោម អ្នកស្នេហាជាតិ​គ្រប់គ្នា មិនអាច​ធ្វេសប្រហែស​ភ្លេច​ស្មារតី ប្រមាថមើលងាយ​ព្រះសង្ឃ​ជាដាច់ខាត​, ខ្មែរក្រោម​ណា​ប្រមាថ​ព្រះសង្ឃ​ខ្មែរក្រោម មិន​ខុស​អី​ទៅនឹង​ការប្រមាថ​ជាតិ ប្រមាថ​សាសនា ប្រមាថ​មាតុភូមិ​កម្ពុជា​ក្រោម​របស់ខ្លួន​ឡើយ​, ទោះបី​ស្ថិតនៅ​សម័យកាល​ណាក៏ដោយ យើងទាំងអស់គ្នា ជា​ខ្មែរ ក្រោម​នៅតែ​សូត្រ ពុ​ទ្ធំ សរ​ណំ គ​ច្ឆា​មិ យក​ព្រះពុទ្ធ សាសនា​ជាទី​ពឹង ទីរឭក​, ធ​ម្មំ សរ​ណំ គ​ច្ឆា​មិ យក​មាគ៌ា​ព្រះធម៌ ជាទី​ពឹង ទីរឭក​, ស​ង្ឃំ សរ​ណំ គ​ច្ឆា​មិ យក​ព្រះសង្ឃ​ជាទី​ពឹង ទីរឭក​មិនអាច​ណា​ខ្វះ រណគម​ន៍​ទាំង ៣ នេះ​បានឡើយ ។

– ​សីលធម៌ និង គុណសម្បត្តិ​របស់​អ្នកដឹកនាំ ដោយ​លោក ចៅ រៀប ជា​ប្រធានសភា​ព្រឹទ្ធាចារ្យ ។ លោក​បាន​លើកឡើងថា សីលធម៌​ព្រះពុទ្ធសាសនា​ថា​គឺជា​គុណសម្បត្តិ​របស់​អ្នកដឹកនាំ ពោលគឺ​អ្នកដឹកនាំ​ត្រូវ​ច្បាប់​ជា​ចម្បង ។ ក្រៅពីនេះទៀត​លោក​បានលើកឡើង​នូវ​គោល​ធម៌​ព្រះពុទ្ធសាសនា មានធម៌​ខន្តី​សេចក្តី​អត់ធន់​ជាដើម ។ ត្រង់​សេចក្តី​អត់ធន់​នេះ​សោត លោក​បាន​សង្កត់ធ្ងន់ថា ការ​អត់ធន់​សម្រាប់​ថ្នាក់ដឹកនាំ គឺជា​ការចាំបាច់​បំផុត​ត្រូវ​អត់ធន់​ចំពោះ​រឿងរ៉ាវ​ច្រើនបែប​ច្រើនយ៉ាង​ណាស់ ប៉ុន្តែ​សរុបមក​មានការ​អត់ធន់​នឹង​កិលេស​ពីរ​យ៉ាងសំខាន់​ជាងគេ​គឺ ១ អត់ធន់​ចំពោះ​កិលេស​ខ្លួនឯង​ផ្ទាល់ គឺ​ត្រូវ​អត់ធន់​ឬ​អត់សង្កត់​នូវ​កាមតណ្ហា តម្រេក​ត្រេកត្រអាល ភាព​លោភលន់​, ទោសៈ ខឹង​ក្រោធ កំហឹង គំនុំ ស្អប់ខ្ពើម ច្រណែន ឈ្នានីស​, មោហៈ ឈ្លក់​វង្វេង​នឹង​អំណាច អំណួត​ហួសមាឌ មិនមាន​ប្រាជ្ញា ខ្វះ​ចំណេះដឹង ដែលមាន​ក្នុង​ខ្លួន ហើយ​នាំខ្លួន​ទៅរក​ការដឹកនាំ​ខុស ។ ២ អត់ធន់​ចំពោះ​កិលេស​ខាងក្រៅ​ខ្លួន ឬ​កិលេស​អ្នកដទៃ គឺ​នៅពេល​អ្នក​មានការ​លោភលន់​ចង់បាន​អ្វីមួយ​ពី​យើង​, ស្អប់ខ្ពើម ច្រណែនឈ្នានីស ប៉ែង​ជើង​យើង​, ប្រមាថ​បំពាន​ទាំង​វង្វេងវង្វាន់​មកលើ​យើង ដែលជា​ហេតុ​នាំ​ឲ្យ​មេដឹកនាំ​ឃ្លេងឃ្លោង ទន់ខ្សោយ ប្រសិនបើ​មិនមាន​ខ​ន្តិ​ធម៌​អត់ធ្មត់​ទេនោះ ។

​សន្និបាត​ពេល​រសៀល​

-​សិក្ខាសាលា ស្តីពី សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​សម្រាប់ ជនជាតិ ដើម នៅលើ​សន្និសីទ​អន្តរជាតិ ដោយ​វាគ្មិន​ទាំង ៣ រូប​គឺ​

  • ទី ១ បណ្ឌិត Joshua Cooper ជា​នាយក​វិទ្យាស្ថាន​សិទ្ធិមនុស្ស រដ្ឋ ហា​វ៉ា​យ សហរដ្ឋអាមេរិក ។
  • ទី ២ លោក Marvin Kumetat ជា​តំណាង​អង្គការ​យូ​អិន​ភី​អូ (UNPO) ។​
  • ទី ៣ លោក Ms. Laura Harth ជា​តំណាង គណបក្ស​ចម្រុះ ជាតិ​សាសន៍ និង ចម្រុះ​ជាតិ​សាសន៍ នៅក្នុង​សភា​អឺរ៉ុប ។

-​ពិភាក្សា​ជុំវិញ​ការ​អនុម័តិ​លក្ខន្តិកៈ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

-​លោក សឺ​ន យឿ​ង ជា​នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ធ្វើ​របាយការណ៍ និង លើក​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួនធំ​របស់​ខ្មែរក្រោម​នៅ​ប្រទេស​កម្ពុជា និង​នៅ​កម្ពុជា​ក្រោម ។

នាទី​បទ​បង្ហាញ អំពី​បញ្ហា​ប្រឈម​ពុទ្ធសាសនា សិទ្ធិមនុស្ស ស្ត្រី និង យុវជន នៅ​កម្ពុជា​ក្រោម ៖

– ព្រះតេជព្រះគុណ ធី​ធី​ធ​ម្មោ ជា​ប្រធាន​គណៈកម្មការ​ពុទ្ធសាសនា​អន្ត​- រ​ជាតិ បង្ហាញ​អំពី​នាទី​សំខាន់ ៗ ក្នុងការ​ចូលរួម​រប​ស់​ព្រះសង្ឃ​ខ្មែរក្រោម ។
​ព្រះតេជព្រះគុណ​លោក​ក៏​មិន​ភ្លេច​លើក​អំពី​តួនាទី​របស់​ព្រះសង្ឃ​ខ្មែរក្រោម ត្រូវមាន​តួនាទី ២ យ៉ាង ដូច​ពាក្យ​ថា ស្មា​មួយ​អ​ម្រែ​ក ២ គឺ ទី ១ តួនាទី​បម្រើ​ជាតិ ទី ២ តួនាទី បម្រើ​សាសនា ហើយ​អាស្រ័យ​ដោយ​ព្រះសង្ឃ​អនុវត្តន៍​នូវ​តួនាទី ២ ប្រការនេះ​ខ្ជាប់ខ្ជួន​ហើយ បានជា​យើងទាំងអស់គ្នា​ជា​ខ្មែរក្រោម​មានមុខ​នៅទីនេះ និង​ពាក្យ​ថា ខ្មែរក្រោម ទឹកដី​កម្ពុជា​ក្រោម ព្រមទាំង​វប្បធម៌ អក្សរសាស្ត្រ សិល្បៈ សាសនា ភាសា​ជាដើម ដែលជា​អត្តសញ្ញាណ​របស់​ជាតិ​យើង​នៅតែ​មានឈ្មោះ​លើ​ពិភពលោក អន្តរជាតិ​នៅតែ​ស្គាល់​ពេញ​ពិភព លោក មិនចេះ​សាបសូន្យ ពោលគឺ​ខ្មែរក្រោម ទឹកដី​កម្ពុជា​ក្រោម មិនអាច​ខ្វះ​ព្រះសង្ឃ​បានជា​ដាច់ខាត ។

– អ្នកស្រី សឺ​ង ធី និ​ត នាយិកា​ស្ត្រី​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បង្ហាញ​អំពី​តម្លៃ​និង​សារសំខាន់​នៃ​ការចូលរួម​របស់​ស្ត្រី​ក្នុង​សង្គមជាតិ ។
– អ្នកស្រី កៀង សុធី ជា​ប្រធាន​គណៈកម្មាធិការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បើក​បង្ហាញ​អំពី​តួនាទី និង​សកម្ម​ភាពជា​វិជ្ជមាន របស់​គណៈកម្មាធិការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងការ​រួមចំណែក​ត​ស៊ូ​មតិ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ជាតិ​មាតុភូមិ ។

– ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ជា​ប្រធាន​គណៈកម្មការ​សាសនា​អន្តរជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន ធ្វើ​របាយការណ៍​អំពី​ការទទួល​ធ្វើ​ប័ណ្ណសមាជិក​ជូន​សមាជិក សាម​ជិ​កា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ទទួលបាន​ផលប្រយោជន៍ ៤ ប្រការ​គឺ ៖

  • ជា​មោទនភាព​ជា​ខ្មែរក្រោម​ដែលមាន​ប័ណ្ណ​ជា​សមាជិក​សហព័ន្ធ ដែល​ទុក​ស្មើ​ដូចជា​អត្តសញ្ញាណប័ណ្ណ​របស់​ខ្មែរក្រោម ។
  • ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
  • ​មាន​សិទ្ធិ​ពេញលេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​នាយ​កនៅ​អាណត្តិ​ថ្មី​ខាងមុខ ។
  • បាន​បរិច្ចាគ​ថវិកា​ចំនួន ១៥០ ដុល្លារ ដើម្បី​ទ្រទ្រង់​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ។

-​របាយការណ៍​អំពី​សកម្មភាព​របស់​នា​យក​ដ្ឋា​ន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​ការប្រមូល​ឯកសារ​សរសេរ ទទួល និង​ផ្សព្វផ្សាយ​អំពី​ប្រវត្តិ​វត្ត ទាំងអស់​នៅ​ទូទាំង​កម្ពុជា​ក្រោម បាន​មួយចំនួន​វត្ត​ហើយ ។ លោក​ក៏ បាន​អំពាវនាវ​ឲ្យ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម និង​នៅ ក្រៅ ប្រទេស ព្រះមេត្តា មេត្តាជួយ​សរសេរ​ប្រវត្តិ​វត្ត​របស់ខ្លួន​ផ្ញើមក​កាន់​ក​រិ​យា​ល័យ​នាយកដ្ឋាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ការផលិត និង ផ្សាយ​ព័ត៌មាន​ប្រចាំថ្ងៃ ។​

– បន្តទៀត ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា បានធ្វើ​បទ​បង្ហាញ​អំពី សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម ដែល​ត្រូវ​រដ្ឋាភិបាល​យួន​កុ​ម្មុយ​និ​ស្ត រំលោភបំពាន​យ៉ាងដំណំ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​នេះ ៖

​បទ​បង្ហាញ​អំពី​ការរំលោភ​សិទ្ធិមនុស្ស នៅ​កម្ពុជា​ក្រោម​៖

១. សិទ្ធិ​បញ្ចេញមតិ 

  • ​ក​. សិទ្ធិ​បញ្ចេញមតិ​ផ្នែក​សាសនា ៖

សិទ្ធិ​ទេសនា

​យួន​បាន​ហាមឃាត់​រារាំង​ព្រះសង្ឃ​ខ្មែរក្រោម​នៅក្នុង​ស្រុក​ដែលមាន​សមត្ថភាព​មួយចំនួន​មិន​ឲ្យ​មាន​សេរីភាព​ក្នុងការ​ទេសនា និង​ហាម​ដាច់ខាត​មិន​ឲ្យ​និមន្ត​ព្រះសង្ឃ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា មក​ទេសនា​នៅ​កម្ពុជា​ក្រោម ។ ទន្ទឹម​យួន​រឹតបន្តឹង​ម្ចាស់ដើមបុណ្យ ដោយ​បង្ខំ​ឲ្យ​សូម ច្បាប់​និមន្ត​ព្រះសង្ឃ​ទេសនា ហើយ​កាលបើ​សូម​ច្បាប់​ហើយ អាជ្ញាធរ​យួន​ជា​អ្នក​ចង្អុលបង្ហាញ​ឬ​ណែនាំ​ព្រះសង្ឃ​អង្គណា​ដែល​យួន​បាន​បង្ខំ ឲ្យ​ចូល​ជា​សមាជិក​បក្ស​ជន របស់​បក្ស​កុម្មុយនីស្ត​យួន មិន​ឲ្យ​ច្បាស់​បុណ្យ​មាន​សិទ្ធិ​និមន្ត​ព្រះសង្ឃ​ទេសនា​ដោយ​សេរីភាព​ឡើយ ។​

សិទ្ធិ​បង្រៀន

យួន​ដាក់​អ្នកត្រួតពិនិត្យ​មិន​ឲ្យ​មានការ​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រោម​ដល់​ព្រះសង្ឃ ឬ​សូម្បីតែ​អាន​ប្រវត្តិសាស្ត្រ និយាយ​ពី​ប្រវត្តិសាស្ត្រ ឬក៏​ចែកចាយ​សៀវភៅ ឯកសារ​ប្រវត្តិសាស្ត្រ​ជាដើម ពោលគឺ​យួន​ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​រៀនសូត្រ​និង​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ។​

សិទ្ធិ​បួស

​អាជ្ញាធរ​យួន​ចេញ​ច្បាប់​ឲ្យ​ខ្មែរក្រោម​សូម​ច្បាប់​ចូល​បួស គឺ​បើ​ចង់​បួស​ត្រូវតែ​សូម​ច្បាប់​អាជ្ញាធរ​ភូមិ​ឃុំ ។​

សិទ្ធិ​ទៅ​រៀន​បរទេស

​ដូចជា​ទៅ​រៀន​នៅ​ប្រទេស​ថៃ​ជាដើម ក៏ត្រូវ​យួន​រឹតបន្តឹង ដោយ​អូសបន្លាយ​ពេលវេលា​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​ទៅ​រៀន ទល់​តែ​ហួសពេល​ទៅ​ប្រឡង​ចូលរៀន​តាម​កាលបរិច្ឆេទ​របស់​សាលា​នៅ​បរទេស​នោះ ។

​មួយទៀត ចំពោះ​ព្រះសង្ឃ​ដែល​បាន​និមន្ត​ទៅ​រៀន​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ឬ​ប្រទេស​ដទៃទៀត ដែល​មិន​ឆ្លងកាត់​ក្រោម​ច្បាប់​អនុញ្ញាត​របស់​រំ​អំណាច​យួន​ទេ នោះអាជ្ញាធរ​យួន​ចាត់ទុកជា​ព្រះសង្ឃ​ប្រឆាំង​បក្ស​និង​រដ្ឋ​កុម្មុយនីស្ត​យួន បើ​ថ្ងៃ​ក្រោម​ចង់​ត្រឡប់មក​កម្ពុជា​ក្រោម​វិញ ដើម្បី​សួរសុខទុក្ខ​ញាតិ​ញោម ឬ​បង្ហាត់បង្រៀន ផ្សព្វផ្សាយ​ពុទ្ធសាសនា សុទ្ធតែ​ត្រូវ​យួន​ហៅ​ទៅ​ប៉ុ​ស្ត​នគរបាល​ឃុំ ស្រុក ខេត្ត​សួរចម្លើយ ហើយ​ដាក់​ចារកម្ម​ឲ្យ​តាមដាន​រាល់​សកម្មភាព និង​ដំណើរ​និមន្ត​ទៅណា​មក​ណា បើ​សឹក​ចេញ​ទៅជា​គ្រហស្ថ​ក៏ត្រូវ​យួន​គាបសង្កត់​រើសអើង​យ៉ាង​ចាស់ដៃ ។

សិទ្ធិ​កាន់កាប់​ដីធ្លី​និង​គរុ​ភ័​ណ្ឌ​វត្ត​អារាម​

​ទោះបី​វត្តមាន​ច្បាប់ និង វិន័យ​កាន់កាប់​កម្មសិទ្ធិ​ដីធ្លី និង គរុ​ភ័​ណ្ឌ​ហើយ​ក៏ដោយ ក៏​អាជ្ញាធរ​យួន​នៅតែ​បំពារបំពាន​រំលោភ​យួន​ដោយ​ផ្ទាល់ដៃ យកទៅ​ធ្វើ​ប៉ុ​ស្ត​នគរបាល​ជាដើម ពុំនោះ​ទេ​ក៏​យួន​នៅ​ពីក្រោយ​ខ្នង​ពលរដ្ឋ​យួន​ក្នុងករណី​រំលោភ​ដីធ្លី​នោះៗ ដែរ ដូច​យ៉ាង​ករណី​រំលោភ​ដីធ្លី​វត្ត​មុនី​រង្សី (​មេ​ពាំង​) នៅ​ឃុំ​ឫស្សីស្រុក ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង​, វត្ត​ពោធិ៍​ភិរម្យ​រង្សី នៅ​ឃុំ​ក្រសាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង និង​ពេល​ថ្មី ៗ នេះ​មាន​ករណី​អាជ្ញាធរ​យួន​រំលោភ​ដីធ្លី​នៅ​វត្ត​ទំពូង​ក្រោម ឃុំ​លឿង​ភី ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក ។ ទន្ទឹមនឹងនោះ​នៅមាន​ករណី​អាជ្ញាធរ​យួន​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម និង​វត្ត​អារាម​ជាច្រើន​កន្លែង​ទៀត​នៅតាម​ខេត្ត​នានា​នៅ​ទឹកដី​កម្ពុជា​ក្រោម ។

​ចំណែក​វត្ថុ​បុរាណ​ត្រូវ​យួន​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ​ដោយ​ការបង្ខំ​គំរាមកំហែង​, បុរាណ​ដ្ឋា​ន​ខ្លះ​នៅក្នុង​បរិវេណ​វត្ត ក៏ត្រូវ​យួន​ដាក់​ជា​តំបន់ហាមឃាត់ និង​គ្រប់គ្រង​ដាច់​មុខ ដោយ​លេស​ថា​ជា សម្បត្តិ​បេ​តិក​ភ័​ណ្ឌ ហើយ​ចាត់បញ្ចូល​ក្នុង​បញ្ជី​ជា​សម្បត្តិ​របស់​រដ្ឋ​កុម្មុយនីស្ត ដែល​ខ្មែរក្រោម​ចាត់ទុកថា​ជា​ទង្វើ​ប្លន់​ទាំង​ភ្នែក​ស្រស់ ។

២. សិទ្ធិ​ព័ត៌មាន

​នៅ​ទូទាំង​កម្ពុជា​ក្រោម ខ្មែរក្រោម​មិនមាន​ព័ត៌មាន​ឯករាជ្យ​ណាមួយ​ទេ ទោះ​ជាមាន​វិទ្យុ ទូរទស្សន៍​ព្រែក​ឫស្សី ព្រះ​ត្រពាំង ឃ្លាំង ជាដើម​ផ្សាយ​ជា​ភាសា​ខ្មែរ​ក៏ដោយ កាសែត​ព្រះ​ត្រពាំង ឃ្លាំង ព្រែក​ឫស្សី​សរសេរ​ជា​ភាសា​ខ្មែរ​ក៏ដោយ ក៏​ស្ថាប័ន​ទាំងនោះ​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ចាងហ្វាង​យួន និង​ក្រោម​ការបង្គាប់បញ្ជា​របស់​បក្ស​និង​រដ្ឋ​កុ​ម្មុនី​ស្ត ហើយ​សុទ្ធតែ​បកប្រែ​មក​អំពី​ភាសា​យួន​ទាំងអស់ គឺ​មិនមែន​ឆ្លុះបញ្ចាំង​ឆន្ទៈ មនសិកា​រៈរ​បស់​អ្នកកាសែត ព័ត៌មាន និង​ទូរទស្សន៍​ខ្មែរ​ឡើយ គឺ​អ្វីៗ សុទ្ធតែជា​ការផ្សាយ នយោបាយ ប្រជាភិថុតិ​របស់​បក្ស​និង​រដ្ឋ​កុម្មុយនីស្ត​យួន​ទាំងអស់ ។

មិនតែប៉ុណ្ណោះ សូម្បីតែ​ក្រុម​រស្មី​ប្រទីប ដែល​បុព្វបុរស​ខ្មែរក្រោម​បង្កើតឡើង ក៏ត្រូវ​យួន​ត្រួតពិនិត្យ​កែតម្រូវ កែប្រែ​តាម​អំពើ​ចិត្ត​នូវ​រាល់​បទ​ចម្រៀង រឿងនិទាន ល្ខោនបាស័ក មុននឹង​យកទៅ​សំដែង ឬ​ចាក់ផ្សាយ ក្នុងនោះ​យួន​ក៏​មិន​ភ្លេច​លួច​បញ្ចូល​មនោគមន៍​កុម្មុយនីស្ត​ដើម្បី​ក្នុងន័យ​ខ្ចី​សិល្បៈ​ខ្មែរ​បញ្ចូល​មនោគមន៍​យួន ។

​លើស​ជាង​នោះ​ទៅទៀត សូម្បីតែ​ខ្មែរក្រោម​ចង់​និពន្ធ​កំណាព្យ​មួយ​បទ និយាយ​ពី​ទេសភាព​ភូមិ ស្រុក វត្ត​អារាម​ជាដើម ហើយ​ចង់​ផ្ញើ​ទៅ​ឲ្យ​ទូរទស្សន៍ វិទ្យុ កាសែត រស្មី​ប្រទីប ឬ​ក្រុម​សី​ល្បៈ​ជា​ភាសា​ខ្មែរ នៅ​ខេត្ត​ណាមួយ​ក៏ដោយ ក៏​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​យួន​ទាំងអស់ បើ​អត្ថបទ​កំណាព្យ​ណា​គ្មាន​ពាក្យ​សរសើរ​បក្ស​និង​រដ្ឋ​យួន​ទេ ទុកជា​មោ​ឃៈ គឺ​យួន​មិន​ឲ្យ​យក​ផ្សាយ​ជា​ផ្លូវការ​ឡើយ គេ​ជ្រើស​យកតែ​អត្ថបទ​កំណាព្យ​ណា​ដែល​សរសើរ​បក្ស​និង​រដ្ឋអំណាច​យួន​កុម្មុយនីស្ត​ប៉ុណ្ណោះ ។​

៣. សិទ្ធិ​អភិរក្ស​ការពារ​វប្បធម៌​

​វប្បធម៌​ក្តី ពិធីបុណ្យ​វប្បធម៌​ក្តី បុណ្យជាតិ​ជា​វប្បធម៌​ដូច​បុណ្យអុំទូក អកអំបុក​ជាដើម​សុទ្ធតែ​ត្រូវ​យួន​ជ្រៀតជ្រែក​ចាត់ចែង​តាម​អំពើ​ចិត្ត ហើយ​យួន​តែងតែ​ព្យាយាម​កាឡៃ​របាយ​ពណ៌​វប្បធម៌​ខ្មែរក្រោម​ឲ្យ​ច្របល់​ច្របូក​ដោយ​វប្បធម៌​យួន ។​

​បច្ចុប្បន្ននេះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម គ្មាន​សិទ្ធិ​បង្កើត​សមាគម​ព្រះសង្ឃ​ឯករាជ្យ មានតែ​សមាគមន៍​ព្រះសង្ឃ​ស្នេហា​ជាតិ​ដែល​ត្រូវ​យួន​ដាក់​នៅក្រោម​គំនាប​របស់រ​ណ​សិរ​យួន​មួយ​ប៉ុណ្ណោះ ។ មិនមាន​សិទ្ធិ​បង្កើត​ទូរទស្សន៍ វិទ្យុ កាសែត​ព្រឹត្តិបត្រ ទស្សនា​វ​ដ្តី ដោយ​ឯករាជ្យ​ឡើយ ដើម្បី​ឆ្លុះបញ្ចាំង​តថភាព​សង្គម​ពិត​របស់​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ឡើយ ។ តែ​រយៈពេល​ក្រោយនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ស្ថាប័ន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទូរទស្សន៍​ព្រៃនគរ VOKK វែបសាយ YouTube, FB, Twitter, VOKK App បាន​ផ្សព្វផ្សាយ​នូវ​ច្បាប់​សិទ្ធិ​ជនជាតិដើម ដើម្បី​ឲ្យ​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ទទួលបាន​ព័ត៌មាន​ពិត អំពី​ការរំលោភ​សិទ្ធិ ខ្មែរក្រោម ពី​សំណាក់​រដ្ឋាភិបាល​កុម្មុយនីស្ត​យួន និង​សកម្មភាព KKF លើ ឆាក អន្តរជាតិ ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង នៅលើ​ទឹកដី​កម្ពុជា​ក្រោម​” ។

​ជយោ ! សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម !

​បន្ទាប់មកទៀត​ជា​របាយការណ៍​របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នានា​រដ្ឋ និង​ប្រទេស ដែល​បាន​អញ្ជើញ​ចូលរួម៖

-​​ លោក ឃួន ណា​កា តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទ្វីប អឺរ៉ុប ធ្វើ​របាយការណ៍​អំពី​សកម្មភាព​ច្រ​ចាំ​ឆ្នាំ របស់​សាខា ។

-​ របាយការណ៍​របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រទេស​កាណាដា ដោយ លោក ចៅ ចឿ​ង ។​

-​ របាយការណ៍​របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រទេស​អូស្ត្រាលី ដោយ លោក ថាច់ សាមី ជាទី​ប្រឹក្សា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

– របាយការណ៍​របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តំបន់​អាមេរិក​ភាគ​ខាងលិច​ដោយ លោក ថាច់ តង ។

– របាយការណ៍​របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្រុង សាន់ ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា ដោយ លោក ថាច់ ជូន ។

– របាយការណ៍​របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តំបន់​រដ្ឋ​កាលីហ្វ័រ​ញ៉ា ភាគ​ខាងជើង ដោយ​លោក កៀង រមណីយ៍ ។

– របាយការណ៍​របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ ញ៉ូ​វ ជើ​ស៊ី ដោយ លោក ថាច់ សុវណ្ណ ។

– របាយការណ៍ របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ ញ៉ូ​វ ហែម​សើ ដោយ​លោក ថាច់ ថា ។

– របាយការណ៍​របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ ខូ​ឡូ​រ៉ា​ដូ ដោយ លោក សឺ​ន សា​រុម ។

– របាយការណ៍​របស់ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ Victoria, BC. ប្រទេស​កាណាដា ដោយ លោក ចៅ ចឿ​ង ។​

-​សុន្ទរកថា របស់ ព្រះ​តេជ​ព្រះ គុណ យ៉ា​ញ់ ទោន ជា​ព្រះចៅអធិការ​វត្ត​សុរិយរង្សី​ខ្មែរក្រោម ក្រុង​ភី​ឡា​ដែល​ភា រដ្ឋ ផែន​ស៊ី​វែ​ន​ញ៉ា ជុំវិញ​គម្រោង​ទទួល​ការរៀបចំ​សន្និបាត​ព្រះសង្ឃ​ខ្មែរក្រោម នៅ ខែឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​វត្ត​សុ​រិ​រង្សី​ខ្មែរក្រោម ក្រុង​ភី​ឡា​ដែល​ភា រដ្ឋ ផែន​ស៊ី​វែ​ន​ញ៉ា សហរដ្ឋអាមេរិក ដើម្បី​ភិ​ក្សា​កិច្ចការ​មួយចំនួន ។

​នាទី​សំនួរចម្លើយ

សម្របសម្រួល​ដោយ​លោក សឺ​ង សម្រេច ជា​ឧ​ត្ត​ម​ទីប្រឹក្សា

លោក សឺ​ង សម្រេច និង លោក ត្រឹង ម៉ាន់​រិន្ទ បំភ្លឺ​ពាក្យវៀតណាម​ ​និងពាក្យ​ថា​យួន៖ ពាក្យ​ថា វៀតណាម គឺជា​ឈ្មោះ​ប្រទេស មិនមែន​ឈ្មោះ​ជនជាតិ​ ឬ​មនុស្ស​ទេ​, ពាក្យ​ថា យួន ទើប​ជា​ឈ្មោះ​ជនជាតិ​កិ​ញ ( Dan toc Kinh) ដូច្នេះ​បានជា​គេ​ហៅ​ជនជាតិ​កិ​ញ​ថា យួន យួន យួន ….​រាប់រយឆ្នាំ​មកហើយ ។

​លោក ថាច់ វៀន បាន បន្ថែមថា តាំងពី​ដូនតា​លោក​មក លោក​ឮ​តែ​គេ​ហៅ​គ្រប់គ្នា គ្រប់​ទីកន្លែង​ថា យួន យួន យួន …​ហើយ យួន យួន យួន នឹង ហើយ​ជាស​ត្រូវ​សួរ​ពូជ​របស់​ខ្មែរក្រោម ព្រោះ​យួន​នឹង​ហើយ​ជា​ចោរប្លន់​ទឹកដី កម្ពុជា​ក្រោម កាប់សម្លាប់​ខ្មែរក្រោម​រាប់លាន ។ លោក​បាន​សង្កត់ធ្ងន់ថា ចំពោះ​ខ្មែរក្រោម​គ្រាន់តែ​ឮ​ពាក្យ​ថា យួន យួន យួន … មួយ​ម៉ាត់​នេះ គឺ​ហាក់ដូចជា​សំដែងឡើង​ឲ្យ​ឃើញច្បាស់​នូវ​ភាព​សាហាវ យង់ឃ្នង កោងកាច ព្រៃផ្សៃ ឲ្យ​ស្តែង​ប្រាកដ​ឡើង​ក្នុង​ភ្នែក ក្នុង​ខួរក្បាល​ខ្មែរក្រោម​គ្រប់គ្នា គ្រប់​ជំនាន់ មិន អាច​បំភ្លេចបាន ។ ការដែល​មិនអាច​បំភ្លេច​នេះហើយ ជាហេតុ​ជំរុញ​ឲ្យ​ខ្មែរក្រោម​គ្រប់គ្នា​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ទាំងប្រុស ទាំងស្រី បំពាក់​ដោយ បេះដូង ស្នេហា​ជាតិ ហើយ​ដែលជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល មហិមា​ក្នុង តស៊ូ ឆ្ពោះ​រក​ត្រើយ​ជោគជ័យ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ជាតិ សាសនា មាតុភូមិ​កម្ពុជា​ក្រោម​ជាទី​ស្នេហា​របស់​យើង​គ្រប់ ៗ គ្នា ។

-​ លោក ម៉ៅ មុនី ជា​អនុប្រធាន ធ្វើ​បទ​បំភ្លឺ​ដល់​អង្គសន្និបាត ឲ្យ​ឃើញជាក់ស្តែង​ប្រាកដប្រជា​នូវ​គោលដៅ​បង្រួបបង្រួម​ជាតិ ថា​គ្រប់​កាលៈទេសៈ គ្រប់ សម័យកាល​ទាំងអស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅតែ​ប្រកាន់ខ្ជាប់​គោលជំហរ​វប្បធម៌​ថ្លៃថ្នូរ ឯកភាព​ជាតិ សាមគ្គី​ជនរួមជាតិ ដើម្បី​សម្រេច​ដល់ត្រើយ​ជោគជ័យ​រួម ជូន​ជាតិ សាសនា មាតុភូមិ​កម្ពុជា​ក្រោម​តែមួយ​របស់​ខ្មែរក្រោម​យើង ទាំងអស់គ្នា ។

​បិទ​សន្និបាត​នៅវេលា ម៉ោង ៦ រសៀល ប្រកបដោយ​ជោគជ័យ ដោយ អ្នកចូលរួម​ម្នាក់ៗ​មានចិត្ត​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង បន្ទាប់ពី​បាន បង្ហាញ និង​ឃើញ នូវ​សកម្មភាព​ឆ្នាំ​ចាស់​ដែល​ស្ថាប័ន​នីមួយៗ បានធ្វើ​ក្នុង​រយៈ ពេល​មួយឆ្នាំ​កន្លងទៅនេះ ៕

​អ្នកធ្វើ​កំណត់ហេតុ​

​ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង​

​អ្នកនាំពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

រូបថតខ្លះៗ របស់មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងសារក្នុងសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម

មើលរូបថតជាច្រើនទៀត ចុចត្រង់នេះ