សហព័ន្ធខ្មែរកម្ពុជាក្រោម
កំណត់ហេតុសន្និបាតប្រចាំឆ្នាំ ២០១៦
ថ្ងៃទី ១៣-១៥ មករា ឆ្នាំ ២០១៧
ទីក្រុង ឡាស់ស្វេហ្គាស រដ្ឋនេវ៉ាដា សហរដ្ឋអាមេរិក
នៅវត្តពុទ្ធិកខ្មែរ ក្រុង Las Vegas, Nevada U.S.A.
ថ្ងៃអាទិត្យទី ១៥ មករា ឆ្នាំ ២០១៧
ម៉ោង ៩ ព្រឹក
ក. របៀបវារៈ
១. បើកវេទិកាបំភ្លឺបញ្ហាចោទប្រកាន់ ។
២. របាយការណ៍ប្រចាំឆ្នាំរបស់ប្រធានបំបន់ និងសាខា ។
៣. ព្រះតេជព្រះគុណ ស៊ើង យ៉ឹងរតនា ធ្វើបទបង្ហាញអំពីខ្លឹមសារនៃការប័ណ្ណសមាជិក សហព័ន្ធខ្មែរកម្ពុជាក្រោម ។
៤. ផែនការប្រចាំឆ្នាំ ២០១៧ ។
៥. សេចក្តីសម្រេចនៃសន្និបាត ។
ខ. កម្មវិធី
១. បើកវេទិកាបំភ្លឺបញ្ហាចោទប្រកាន់ ៖
វេទិកាបកស្រាយបំភ្លឺបញ្ហាចោទប្រកាន់មកលើសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយគណៈកម្មការនាយក និងក្រុមឧត្តមប្រឹក្សា ។ សម្របសម្រួលកម្មវិធីដោយភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង និង លោកថាច់ សាមីជាអ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោម ។
សំណួររួមរបស់អង្គសន្និបាតគឺសមាជិក សមាជិកា និងអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោមបានផ្តោតសំខាន់ទៅលើបញ្ហាធំៗ ដែលលោកថាច់ ង៉ុក ថាច់ជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម បានចោទទៅលើគណៈកម្មការនាយកទាំង ១៣ អង្គនិងរូបដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយក្នុងកម្មវត្ថុប្រឆាំង និងជំរុញឲ្យរដ្ឋាភិបាលកុម្មុយនីស្តយួនគោរពសិទ្ធិជំនឿសាសនា នៅប្រទេសវៀតណាមដែលរួមមានអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិចំនួន ៥៩ អង្គការនោះថាបានចូលយួន ។
បកស្រាយបំភ្លឺបញ្ហាចោទប្រកាន់ទាំងនេះដោយ
– លោក ត្រឹង ម៉ាន់ រិន្ទ ជាប្រធានផែនការ ។
– លោក ថាច់ សេជាប្រធានសភាតំណាង និងជាអធិបតីសន្និបាត ។
– លោក តោ គឹមថុង ជាឧត្តមទីប្រឹក្សា ។
– លោក ត្រឹង យ៉ាប ជាប្រធានរដ្ឋបាល ។
– លោកបណ្ឌិត ខូភើជាឧត្តមទីប្រឹក្សា ស្រាយបំភ្លឺយ៉ាងលម្អិតនិងបកប្រែជាភាសាខ្មែរដោយលោក ប្រាក់ សិរីវុឌ្ឍិ៍អនុប្រធានទី ១ ។
វេទិកា សំណួរ និងចម្លើយ បញ្ចប់នៅម៉ោង ១១:៣០ នាទីព្រឹក ។
២. របាយការណ៍ប្រចាំឆ្នាំរបស់ប្រធានបំបន់ និងសាខា ។
– របាយការណ៍របស់លោកថាច់ តង ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមតំបន់អាមេរិកខាងលិច ។
– របាយការណ៍របស់លោកត្រឹង សារុង ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប ។
– របាយការណ៍របស់តាំង សារៈ ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅព្រះរាជណាចក្រកម្ពុជា ។ ក្រោយពីរបាយការណ៍លោកតាំង សារៈបានប្រកាសគោលជំហររបស់សាខាលោកថា លោកនឹងគោរពទៅតាមសេចក្តីសម្រេចរបស់គណៈកម្មការនាយក ដែលនឹងធ្វើសេចក្តីសម្រេចក្នុងសន្និបាតប្រចាំឆ្នាំនេះ គឺសម្រេចយ៉ាងណាលោកនឹងអនុវត្តយ៉ាងនោះ ។
– របាយការណ៍របស់លោកសឺន ចន្ទកុសលជាប្រធានសាខាសហ-ព័ន្ធខ្មែរកម្ពុជាក្រោម ក្រុងអូឡែនដូ រដ្ឋផ្លរីដា ។
– របាយការណ៍របស់លោកសឺន សារុម ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋខូឡូរ៉ាដូ ។ លោកក៏បានប្តេជ្ញាអនុវត្តទៅតាមសេចក្តីសម្រេចភាគច្រើន របស់គណៈកម្មការនាយកភាគច្រើន ដែលអនុមតិសម្រេចក្នុងសន្និបាត ។
– របាយការណ៍របស់ លោក ត្រឹង ស៊ី អនុប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រទេសកាណាដា ។ ជាចុងក្រោយលោកបានប្តេជ្ញាដើរទៅតាមគោលការណ៍សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលសម្រេចដោយគណៈកម្មការនាយកភាគច្រើនក្នុងសន្និបាតប្រចាំឆ្នាំ ២០១៦ នេះ ដោយឥតងាករេ ។
៣. ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម លោកបានធ្វើបទបង្ហាញ ណែនាំពីការធ្វើប័ណ្ណសមាជិកសហព័ន្ធខ្មែរក្រោមឡើងវិញ ដើម្បីមានសិទ្ធិបោះឆ្នោត ជ្រើសគណៈកម្មនាយក នៅអាណត្តិក្រោយ ៗ ។
៤. ផែនការប្រចាំឆ្នាំ ២០១៧
លោកត្រឹង ម៉ាន់រិន្ទបានលើកឡើងអំពីផែនការដែលបានអនុវត្តចំនួន ៣ ប្រការក្នុងពេលកន្លងទៅហើយ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់គឺ
– នៅអង្គការសហប្រជាជាតិ ក្រុងញ៉ូវយ៉ក,
– នៅវ៉ាស៊ិនតោនឌីស៊ី,
– នៅអាស៊ាន ។
លោកត្រឹង ម៉ាន់រិន្ទបានលើកឡើងពីផែនការប្រចាំឆ្នាំ ២០១៧ ចំនួន ៣ គឺ ៖
– ផែនការនៅលើឆាកអន្តរជាតិ
– ផែនការនៅកម្ពុជាក្រោម
– ផែនការនៅកម្ពុជា ។
ផែនការរបស់គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម
– អ្នកស្រី កៀង សុធី ប្រធានគណៈកម្មាធិការយុវជនលើកផែនការដែលយុវជនត្រូវចូលទៅថ្លែងការក្នុងវេទិកា អចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើម នៅខែឧសភាខាងមុខ ។ អំពីថវិកាដែលត្រូវចំណាយប្រចាំឆ្នាំនិងផែនការមួយចំនួនទៀត ។
– លោកត្រឹង យ៉ាប ជាប្រធានរដ្ឋបាលធ្វើបទបង្ហាញអំពីផែនការចំណាយថវិកាប្រចាំឆ្នាំ ២០១៧ ។
– ព្រះតេជព្រះគុណ កាន សុផាណាឫទ្ធ ជាប្រធានសមាគម ព្រះសង្ឃ ខ្មែរកម្ពុជានៅប្រទេសកម្ពុជា របាយការណ៍អំពីការកសាងសាលាធម្មសភានៅវត្តសាមគ្គីរង្សី ។
– ព្រះតេជព្រះគុណ ថាច់ ហាន់ អនុប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុ-ជាក្រោមអាមេរិកខាងជើង ។ ព្រះអង្គបានរបាយការណ៍និងលើកអំពីផែនការប្រចាំឆ្នាំ ២០១៧ ។
៥. សេចក្តីសម្រេចនៃសន្និបាត
-ខាងក្រោមនេះគឺសេចក្តីប្រកាសទាំងស្រុងរបស់លោកអគ្គលេខធិការគឺ
ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ – នៅ ខែឧសភា ឆ្នាំ ២០១៦ គណៈកម្មការនាយកបានជ្រើសតាំង លោក ថាច់ ង៉ុក ថាច់ ជាប្រធានប្រតិបត្តិ នៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម ។ ចាប់ពីពេលនោះមក លោក ថាច់ ង៉ុក ថាច់ បានប្រព្រឹត្តល្មើសបំពាននូវលក្ខន្តិកៈ និងក្រមប្រតិបត្តិរបស់សហព័ន្ធជាបន្តបន្ទាប់ ។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Las Vegas ពី ថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ គណៈកម្មការនាយកបានពិនិត្យឡើងវិញនូវភស្តុតាង នៃ ការរំលោភបំពានរបស់ លោក ថាច់ ង៉ុក ថាច់ និងពន្យល់យ៉ាងច្បាស់ដល់សមាជិក អំពីអ្វីដែលគាត់ បានរំលោភបំពាន ។ ចំនួនសមាជិកនៃគណៈកម្មការនាយកច្រើនជាងពីរភាគបី (២/៣) បានបោះឆ្នោត ជាឯកច្ឆ័ន្ទដកហូតសេចក្ដីទុកចិត្ត លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម និង ដក លោក ថាច់ ង៉ុក ថាច់ ចេញពីប្រធានគណៈកម្មការប្រតិបត្តិចាប់ពីពេលនេះតទៅ ។ លោក ថាច់ ង៉ុក ថាច់ នឹងមិនមានតួនាទីអ្វីជាផ្លូវការតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ទៀតឡើយ ។
លោក ថាច់ វៀន បច្ចុប្បន្ន ជាអធិបតីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងទទួលភារកិច្ចជាប្រធានប្រតិបត្តិ ជំនួសរហូតដល់ពេលគណៈកម្មការនាយកតែងតាំងប្រធានប្រតិបត្តិថ្មី ។”
– សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមរដ្ឋណេវ៉ាដា ដែលមានការឧបត្ថម្ភដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ក្រុងសាន់ហូស្ស រដ្ឋកាលីហ្វ័រញ៉ា ប្រកាសពីចំណាយ និងចំណូល ភ្ជាប់ដោយសោមនស្សកថា និងភយកថាផងដែរ ។
– លោក ថាច់ សេ ជាប្រធានសភាតំណាង និងជាអធិបតីសន្និ ថ្លែងសុន្ទរកថា រួចប្រកាសបិទសន្និបាតប្រចាំឆ្នាំ ២០១៦ នៅវេលាម៉ោង ៤ និង ២០ នាទី រសៀលថ្ងៃទី ១៥ មករា ឆ្នាំ ២០១៧ ។
ហត្ថលេខា ហត្ថលេខា
ត្រឹង ថាច់យុង ថាច់ សេ
អ្នកកំណត់ហេតុ អធិបតីសន្និបាត