វិមាននរោត្តម

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

វិមាន​នរោត្តម បារាំង​បាន​សាងសង់ឡើង​ដើម្បី​ឧទ្ទិស​ដល់ ព្រះករុណា​ព្រះបាទ សម្ដេច ព្រះ​នរោត្តម (១៨៣៤ – ១៩០៤) ជា​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី នាពេលនោះ ។ ចាប់ពី​ឆ្នាំ ១៨៧១ ដល់ ១៨៨៧ អគារ​ត្រូវ​គេ​សាងសង់​ទុក​សម្រាប់​ទេសាភិបាល​ដែន​កូស័ងស៊ីន (Gouverneur de la Cochinchine ) ទើប​គេ​ហៅថា អគារ​ទេសាភិបាល ។ ចាប់ពី​ឆ្នាំ ១៨៨៧ ដល់ ១៩៤៥ រដ្ឋការ​អាណានិគម​បារាំង​ទូទាំង​ឥណ្ឌូចិន (Gouverneur-général de l’Indochine Française) បាន​ប្រើ​អគារ​នេះ​ជាទី​ស្នាក់នៅ និង​សម្រាប់​ប្រជុំ​កិច្ចការ​រដ្ឋការ​ធំៗ ទើប​គេ​ហៅ​ហៅថា អគារ​រដ្ឋាភិបាល ។ ក្រោយ​ឆ្នាំ ១៩៥៤ បារាំង​បាន​ដក​អាណានិគម​ចេញពី​ដែ​កូស័ងស៊ីន ឬ ដែនដី​កម្ពុជា​ក្រោម និង​តឹង​កឹង (​ហាណូយ ) អណ្ណាម (Hue) ប្រធានាធិបតី ង៉ូ ដិ​ន យេ​ម នៃ​របប​សាធារណរដ្ឋ​វៀតណាម បាន​ប្តូរ​ឈ្មោះ​ទៅជា វិមានឯករាជ្យ (Dinh Độc Lập) វិញ ។ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របប​សាធារណរដ្ឋ​វៀតណាម​ត្រូវ​ដួលរលំ ដែនដី​កម្ពុជា​ក្រោម​ត្រូវបាន​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វិមាន​នរោត្តម ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា សាល​ឯកភាព (Hội trường Thống Nhất ) តាម​សេចក្តីសម្រេច​លេខ 77A/VHQĐ ចុះ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៦ របស់​ក្រសួង​វប្បធម៌ ដែល​សព្វ​ថ្ងៃជា ក្រសួង​វប្បធម៌ កីឡា និង ទេសចរណ៍ (Bộ Văn hóa – Thể thao và Du lịch ) នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

វិមាននរោត្តម ( Norodom_Palace)
វិមាននរោត្តម ( Norodom_Palace)

​វិមាន​នរោត្តម​សម័យ​អាណានិគម​បារាំង​៖

​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៨៦៩ លោក​ទេសាភិបាល ដែន​កូស័ងស៊ីន Lagrandière បាន​ប្រារព្ធ​ពិធី​សម្ពោធិ៍​បញ្ចុះ​បឋម​សីលា​ជា​លើក​នៅ​ដំបូង ក្នុងការ​ចាប់ផ្តើម​ដំណើរការ​សាងសង់ វិមាន​ថ្មី នៅ​ទីក្រុង​ព្រៃនគរ សម្រាប់​លោក​ទេសាភិបាល​ដែន​កូស័ងស៊ីន ជំនួស​ឲ្យ​អគារ​ចាស់​ធ្វើ​ពី​ឈើ ដែល​បាន​សាង​កាលពី​ឆ្នាំ ១៨៦៣ ។ វិមាន​ថ្មី​នេះ ត្រូវបាន​វិស្វករ​បារាំង​ឈ្មោះ Hermite ជា​អ្នក​រៀប​គម្រោងការណ៍ (​ប្លង់​) ។ ផ្ទាំង​បឋម​សីលា​ជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​គេ​យក​មកពី​ខេត្ត​ចង្វា​ត្រពាំង (Bien Hoa) មាន​ទំហំ ៥០ Cm បួន​ជ្រុង ហើយ​ត្រូវ​គេ​ដាក់​រូបិយប័ណ្ណ នា​សម័យ​នោះ ដែល​ផលិត​ពី​មាស ប្រាក់ និង​ស្ពាន់​ចូលទៅ​រន្ធ​ខាងក្នុង ។​

វិមាននរោត្តម សម័យបារាំង ។
វិមាននរោត្តម សម័យបារាំង ។

​សំណង់​នេះ បាន​សាង​ឡើងលើ​ផ្ទៃដី​ក្រឡា​ប្រមាណ ១២ Ha ក្នុងនោះ​មាន​អគារ​ធំ​មួយ មាន​ទីធ្លា​ទំហំ ៨០ ម៉ែត្រ ។ នៅក្នុង​វិមាន​នេះ មាន​បន្ទប់​អាច​ឲ្យ​មនុស្ស​ស្នាក់នៅ​ប្រមាណ ៨០០ នាក់ និង​នៅ​ជុំវិញ​អគារ​នេះ មាន​សួនច្បារ​ដែលមាន​ដើមឈើ​ធំៗ និង​ទីធ្លា​ស្មៅ ។ វត្ថុ​ធាតុ​សម្រាប់​សាងសង់​ភាគច្រើន គឺ​បាន​នាំយក​មកពី​ប្រទេស​បារាំង ។ ដោយមាន​សង្គ្រាម​បារាំង​និង​អាលឺម៉ង់​( Franco-Prussian War ) នា​ឆ្នាំ ១៨៧០ ទើប​ការសាងសង់​អាគារ​នេះ ត្រូវ​អូសបន្លាយ​ពេល​ដល់​ឆ្នាំ ១៨៧៣ ទើបបាន​សម្រេច​ជា​ស្ថាពរ ។ ក្រោយពី​បាន​កសាង​សម្រេច​ជា​ស្ថាពរ គេ​បានដាក់​ឈ្មោះ​អាគារ​នេះ​ថា វិមាន​នរោត្តម និង​ផ្លូវ​នៅមុខ​អាគារ​នេះ ក៏ត្រូវ​​គេ​ដាក់ឈ្មោះថា វិថី​នរោត្តម ដែរ ដើម្បី​ឧទ្ទិស​ដល់​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​នរោត្តម (១៨៣៤ -១៩០៤) ជា​ព្រះ​ចៅ ក្រុង​កម្ពុជា​ធិបតី នាពេលនោះ ។​

ចាប់ពី​ឆ្នាំ ១៨៧១ ដល់ ១៨៨៧ អគារ ត្រូវបាន​គេ​សាងសង់​ទុក​សម្រាប់​ទេសាភិបាល​ដែន​កូស័ងស៊ីន (Gouver neur de la Cochinchine ) ទើប​គេ​ហៅថា អាគារ​ទេសាភិបាល ។​

​ចាប់ពី​ឆ្នាំ ១៨៨៧ ដល់ ១៩៤៥ រដ្ឋការ​អាណានិគម​បារាំង ទូទាំង​ឥណ្ឌូ ចិន (Gouverneur-général de l’Indochine Française) បាន​ប្រើ​អាគារ​នេះ​ជាទី​ស្នាក់នៅ និង​សម្រាប់​ប្រជុំ​កិច្ចការ​រដ្ឋការ​ធំៗ ទើប​គេ​ហៅ​ហៅថា អគារ​រដ្ឋាភិបាល ។ ចំណែក​អគារ​សម្រាប់​ស្នាក់នៅ​និង​ធ្វើការ​របស់ លោក​ទេសាភិបាល​ត្រូវបាន​គេ​ផ្លាស់​ទីតាំង​ឲ្យ​នៅ​អគារ​មួយ​ក្បែរ​នោះ ។​

​ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៤៥ ជប៉ុន​វាយ​ឈ្មះ​បារាំង​នៅ​ឥណ្ឌូចិន វិមាន​នរោត្តម ត្រូវ​រដ្ឋាភិបាល​អាណានិគម​ជប៉ុន យក​ធ្វើជា​អគារ​រដ្ឋការ​របស់ខ្លួន​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ដល់​ខែកញ្ញា ឆ្នាំ ១៩៥៤ ដដែល​ជប៉ុន​បរាជ័យ​ក្នុង​សង្គ្រាមលោកលើកទី ២ បារាំង​បាន​វិលត្រឡប់​ចូលធ្វើ​អាណានិគម​ជាថ្មី​នៅ​ដែនដី​កម្ពុជា​ក្រោម ឬ កូស័ងស៊ីន វិមាន​រោ​ត្ត​ម ត្រូវបាន​បារាំង​យក​ធ្វើជា​ទីតាំង​អគារ​រដ្ឋបាល​ខ្លួន​ឡើងវិញ​ដែរ ។​

​វិមានឯករាជ្យ​សម័យ​សាធារណរដ្ឋ​វៀតណាម ៖

ក្រោយ​ឆ្នាំ ១៩៥៤ បារាំង​បាន​ដក​អាណានិគម​ចេញពី​ដែន​កូស័ងស៊ីន ឬ​ដែនដី​កម្ពុជា​ក្រោម និង​តឹង​កឹង (​ហា ណូយ ) អណ្ណាម (Hue) ជនជាតិ​យួន​បាន​បង្កើត​រដ្ឋាភិបាល​ចំនួន ២ គឺ​ចាប់ពី​ខ្សែស្រប​ទី ១៧ ទៅ​ទិស​ខាងជើង គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម (Việt Nam Dân Chủ Cộng Hòa ) និង​ចាប់ពី​ខ្សែស្រប​ទី ១៧ ទៅ​ទិស​ខាងត្បូង​គ្រប ដណ្តប​លើ​ដែនដី​កម្ពុជា​ក្រោម​ទាំងអស់ គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​រដ្ឋ​វៀតណាម (Quốc gia Việt Nam ) ដែល​រដ្ឋា​ភិ បាល​មួយ​នេះ ក្រោយមក​បាន​ផ្លាស់​ទៅជា​សារ​ធារ​ណ​រដ្ឋ​វៀតណាម (Việt Nam Cộng Hòa ) ។​

​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ១៩៥៤ វិមាន​នរោត្តម ជាទី​ចរចា​រវាង​តំណាង​បារាំង គឺ លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ ៥ Paul Ely និង​តំណាង​រដ្ឋាភិបាល​រដ្ឋ វៀតណាម គឺ​លោកនាយក​រដ្ឋមន្ត្រី ង៉ូ ដិ​ន យេ​ម (Ngô Đình Diệm ) ។​

​ឆ្នាំ ១៩៥៥ ក្រោយពី​ការធ្វើប្រជាមតិ នាយករដ្ឋមន្ត្រី ង៉ូ ដិ​ន យេ​ម បាន​ទម្លាក់ បាវ ដាវ ចេញពី​ប្រធាន​រដ្ឋ​នៃ​រដ្ឋា ភិ​បាល​រដ្ឋ​វៀតណាម ហើយ​ខ្លួន​ឡើង​ធ្វើជា​ប្រធានាធិបតី ង៉ូ ដិ​ន យេ​ម បាន​ប្តូរ ឈ្មោះ វិមាន​នរោត្តម ទៅជា វិមានឯករាជ្យ វិញ ។ ក្រោយពី​ប្រធាន​ធិបតី ង៉ូ ដិ​ន យេ​ម ប្តូរ​ឈ្មោះ​ទៅជា​វិមានឯករាជ្យ (Dinh Độc Lập) មក កន្លែង​នេះ​បានក្លាយ​ទៅជា​វិមាន​តំណាង​ឲ្យ​រដ្ឋាភិបាល សាធារណរដ្ឋ​វៀតណាម និង​ជា​កន្លែង​សម្រាប់​ស្នាក់នៅ និង​ធ្វើការ​របស់​ប្រ​ធា នា​ធិបតី​យួន ។ ក្នុងសម័យ​នោះ ក្រៅពី​ហៅថា វិមានឯករាជ្យ គេ​ក៏​ហៅថា វិមាន​ប្រធានាធិបតី ផងដែរ ។​

​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៦២ អាកាសយានិក​យួន​ទាំងពីរ​រូប​នៃ នៃ​កងកម្លាំង​សាធារណរដ្ឋ​វៀតណាម (Quân lực Việt Nam Cộng hòa ) គឺ​លោក ង្វៀង វ៉ាំ​ង កឺ (Nguyễn Văn Cử ) និង​លោក ផាម ភូ ក្វុ​ក (Phạm Phú Quốc ) បាន​បើក​យន្តហោះ​ប្រភេទ AD 6 ចំនួន ២ គ្រឿង ទម្លាក់​គ្រាប់បែក បណ្តាល​ឲ្យ​នៃ​វិមាន​នេះ ទ្រុឌ​ខូចខាត​ទាំងស្រុង​ចំហៀង​ខាងឆ្វេង ។ ដោយ​មិនអាច​ជួសជុល​ឡើងវិញ​បាន លោក ង៉ូ ដិ​ន យេ​ម បាន​បញ្ជា​ឲ្យ​ធ្វើ​វិមាន​ថ្មី ឡើ​វិញ នៅត្រង់​ទីកន្លែង​ចាស់​ដដែល​ដោយមាន​វិស្វករ​ឈ្មោះ ង៉ូ វៀត ធឺ (Ngô Viết Thụ) ជា​អ្នក​អ្នកចេញ​គម្រោងការណ៍ (​ប្លង់​) ។​

​វិមានឯករាជ្យ​ថ្មី​នេះ បានចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៦២ ។ ក្នុងអំឡុងពេល​នៃ​ដំណើរការ​សាងសង់ គ្រួសារ​លោក ង៉ូ ដិ​ន យេ​ម ត្រូវបាន​រើ​កន្លែង​ទៅ​ស្នាក់​នៅក្នុង​ទីតាំង​មួយ​ដែល​ជនជាតិ​យួន​ហៅថា វិមាន​យ៉ា​ឡុង (Dinh Gia Long ) ដែល​សព្វថ្ងៃ​វិមាន​នេះ​គឺជា សារមន្ទីរ​របស់​ទីក្រុង​ព្រៃនគរ (Bảo tàng thành phố Hồ Chí Minh ) ។ វិមាន​កំពុងតែ​សាងសង់​នៅ​មិនទាន់​រួចរាល់ លោក ង៉ូ ដិ​ន យេ​ម ត្រូវបាន​ក្រុម​រដ្ឋប្រហារ​ធ្វើឃាត​នៅ​ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ ។​

​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩៦៦ វិមាន​ថ្មី​នេះ​ត្រូវបាន​សម្ពោធ ដែលមាន​លោក ង្វៀង វ៉ាំ​ង ទេវ (Nguyễn Văn Thiệu ) ជា​អធិបតី​ក្នុងនាម​ប្រធាន គណៈកម្មការ​ដឹកនាំ​ប្រទេស (Ủy ban Lãnh đạo Quốc gia ) ។ ចាប់តាំងពី​ថ្ងៃ​នោះមក វិមានឯករាជ្យ​នេះ​បានក្លាយ​ទៅជា​វិមាន​រដ្ឋបាល នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម (Việt Nam Cộng hòa ) ។ ប្រធានាធិបតី​នៃ​របប​សាធារណរដ្ឋ​វៀតណាម ង្វៀង វ៉ាំ​ង ទេវ បាន​ស្នាក់​នៅក្នុង​វិមាន​នោះ ចាប់ពី​ខែតុលា ឆ្នាំ ១៩៦៧ ដល់​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៧៥ ។​

​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ១៩៧៥ យន្តហោះ​ឈ្មោះ F5E បើក​ដោយ​លោក ង្វៀង ថា​ញ់ ត្រុ​ង (Nguyễn Thành Trung ) ហើរ​មកពី​ខេត្ត​ចង្វា​ត្រ ពាំង (Biên Hòa ) ទម្លាក់​គ្រាប់​លើ​វិមានឯករាជ្យ​នេះ បានធ្វើ​ឲ្យ​ខូចខាត​យ៉ាងដំណំ ។​

​នៅវេលា​ម៉ោង ១០:៤៥ នាទី ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ រថក្រោះ​ឈ្មោះ T54 បំពាក់​លេខ ៨៤៣ របស់​កងទ័ព​បក្សកុម្មុយនិស្ត​យួន នៃ​កងកម្លាំង​រំដោះ​ភាគខាងត្បូង (Quân giải phóng miền Nam ) បាន​បុក​ទម្លុះ​ក្លោងទ្វារ​ខាងក្រោយ និង​បន្ទាប់មក វេលា​ម៉ោង ១១ : ៣០ នាទី មាន​រថក្រោះ​មួយទៀត​បំពាក់​លេខ ៣៩០ បាន​បុក​ទម្លុះ​ខ្លោងទ្វារ​ខាងមុខ នៃ​វិមានឯករាជ្យ នេះ ដើម្បី​វាយ​ដណ្ដើមយក​ទីតាំង​រដ្ឋបាល​ធំ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម ។ លោក ប៊ូ​យ ក្វាង ថឹ​ង (Bùi Quang Thận ) មេបញ្ជាការ​នៃ​កងទ័ព​រំដោះ (Quân Giải phóng ) របស់​បក្សកុម្មុយនិស្ត ជា​អ្នកបញ្ជា​រថក្រោះ​លេខ ៨៤៣ បាន​ទម្លាក់​ទង់​របស់​របប​សាធារណរដ្ឋ​វៀតណាម ចុះ​ពី​កំពូល​វិមាន ហើយ​ដំឡើង​ទង់​របស់ រណសិរ្ស​ជាតិ​រំដោះ​ភាគខាងត្បូង វៀតណាម (Mặt trận Dân tộc Giải phóng miền Nam Việt Nam ) ជំនួស​វិញ ។ ក្រោយពី​ទង់​របស់​របប​សាធារណរដ្ឋ​វៀតណាម បាន​ទម្លាក់​ចុះ សង្គ្រាម​វៀតណាម​ក៏បាន​ចប់ នៅថ្ងៃនោះ​ដែរ ហើយ​ពលរដ្ឋ​ខ្មែរក្រោម ក៏បាន​ចាប់ផ្តើម​រស់នៅ​ក្រោម​របប​ថ្មី​មួយទៀត គឺ​របប​អាណានិគម​កុ​ម្មុយ​និ​ស្ត​យួន ។​

​សាល​ឯកភាព ក្នុង​របប​កុ​ម្មុយ​និ​ស្ត​យួន ចាប់ពី​ឆ្នាំ ១៩៧៥ មក ៖

​ក្រោយពី​របប​កុ​ម្មុយ​និ​ស្ត​បាន​ចូល​ត្រួតត្រា​ខ្មែរក្រោម​ជំនួស​ប​របប​សា​ធារ ណ​រដ្ឋ​វៀតណាម​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ កិច្ចព្រមព្រៀង​ចរចា​ន​យោ បាយ​មួយ ដើម្បី​ឯកភាព​ជាតិ​យួន​ទាំងពីរ​ភាគ​ខាងជើង​និង​ត្បូង រវាង​យូ​ន​កុ​ម្មុយ​និ​ស្ត និង​សេរី​បានធ្វើ​ឡើង​នៅ វិមានឯករាជ្យ​នា​ខែវិច្ឆិកា ឆ្នាំ ១៩៧៥ ។ ក្រោយពី​បាន​ក្ដាប់​អំណាច​ភ្លាម រដ្ឋាភិបាលបណ្តោះអាសន្ន នៃ​ប្រទេស​សា​ធា រណ​រដ្ឋ​វៀតណាម​ខាងត្បូង (Cộng hòa miền Nam Việt Nam ) បានសម្រេច​ប្ដូរ​ឈ្មោះ​ពី​វិមានឯករាជ្យ ទៅជា សាល​ឯកភាព (Hội trường Thống Nhất ) វិញ ។ ក្រោយមក សាល​ឯកភាព នេះ ត្រូវបាន​គេ​ចាត់ទុកជា​បេ​តិក ភណ្ឌ​ថ្នាក់ជាតិ តាម​សេចក្តីសម្រេច​លេខ 77A/VHQĐ ចុះ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៦ របស់​ក្រសួង​វប្បធម៌ ដែល​សព្វ​ថ្ងៃជា ក្រសួង​វប្បធម៌ កីឡា និង ទេសចរណ៍ (Bộ Văn hóa – Thể thao và Du lịch ) នៃ​រដ្ឋាភិបាល​សា ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម ។​

វិមាននរោត្តម ក្រោយមកក្លាយជាវិមានឯករាជ្យ និងបច្ចុប្បន្ន ជាសាលឯកភាព ឋិតនៅត្រង់ផ្លូវលេខ 135 Nam Kỳ khởi nghĩa, ឃុំ Bến Nghé, សង្កាត់ទី ១ ទីក្រុងព្រៃនគរ ។ wikipedia
វិមាននរោត្តម ក្រោយមកក្លាយជាវិមានឯករាជ្យ និងបច្ចុប្បន្ន ជាសាលឯកភាព ឋិតនៅត្រង់ផ្លូវលេខ 135 Nam Kỳ khởi nghĩa, ឃុំ Bến Nghé, សង្កាត់ទី ១ ទីក្រុងព្រៃនគរ ។ wikipedia

​អំពី ព្រះបាទ​ន​រោ​ត្ដម​៖

​ព្រះបាទ​នរោត្តម (១៨៣៤ –១៩០៤) សោយរាជ្យ​ជា​ស្តេច​នៃ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា​ពី​ឆ្នាំ ១៨៦០ ដល់​ឆ្នាំ ១៩០៤ ។ ទ្រង់​ជា​ព្រះរាជបុត្រ​ច្បង​នៃ​ស្តេច អង្គឌួង ហើយ​ជា​ព្រះរៀម​នៃ​ព្រះអង្គម្ចាស់ ស៊ីវ​ត្ថា និង ព្រះបាទ ស៊ីសុវត្ថិ ដែល​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះអង្គ ។ នរោត្តម ដែល​សរសេរថា ន​រោ​តម ជា​សំ​ស្ត្រឹ​ត មានន័យ កំពូល​បុរស ។ ព្រះបាទ នរោត្តម ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្តេច​ខ្មែរ​ទី ១ នៃ​សម័យ​ទំនើប ។ ទ្រង់​ត្រូវបាន​គេ​ស្គាល់​ច្បាស់ ដោយសារ​ការការពារ​ប្រទេស​កម្ពុជា​កុំ​ឲ្យ​បាត់បង់ ។ នៅ​ឆ្នាំ ១៨៦៣ ដើម្បី​រារាំង​ប្រទេសជិតខាង​ដ៏​ខ្លាំង​ទាំងពីរ គឺ យួន និង​សៀម កុំ​ឲ្យ​លេប​យក​ទឹកដី​កម្ពុជា​បាន ទ្រង់​បាន​អញ្ជើញ​បារាំង ឲ្យ​មក​ធ្វើជា​អាណា​ព្យា បាល​ប្រទេស​កម្ពុជា ។ ជនជាតិខ្មែរ​ជាច្រើន​ជឿថា នេះ​ជា​ព្រះរាជ​សកម្មភាព​ដ៏​មហាអស្ចារ្យ និង​ភាពឈ្លាសវៃ​របស់​ព្រះអង្គ​ក្នុងការ ការពារ​ប្រទេស​កម្ពុជា​មិន​ឲ្យ​បាត់បង់ ។

ព្រះបាទនរោត្តម ១៨៣៤ –១៩០៤ ។
ព្រះបាទនរោត្តម ១៨៣៤ –១៩០៤ ។

នៅពេលដែល​ទ្រង់​ប្រសូត ប្រទេស​កម្ពុជា ស្ថិតនៅក្រោម​ការត្រួតត្រា​របស់​យួន និង សៀម​នៅឡើយ​ទេ ។ ប្រទេស​ទាំងពីរ​នោះ បាន​ចែកគ្នា​កាន់កាប់​ប្រទេស​កម្ពុជា ដោយ​យក​ទន្លេ​មេ គ​ង្គ​ធ្វើជា​ខ្សែបន្ទាត់ ប៉ុន្តែ​ព្រះរាជ​វង្ស​ខ្មែរ​ស្ថិតនៅ​តំបន់​សៀម​ត្រូ​ត​ត្រា បើទោះជា​យួន​មានអំណាច​ខ្លាំង​ជាង​សៀម​យ៉ាងណាក្តី ។ យួន​និង​សៀម​តែងតែ​ច្បាំង​គ្នា​លើដី​ខ្មែរ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ខូ​ត​ខាត​យ៉ាងខ្លាំង​ព្រោះ​ក្លាយជា​សមរភូមិ​របស់ ប្រទេសជិតខាង ។ រាជធានី​ជាន់​នោះ​គឺ​ស្ថិតនៅ​ឧ​ត្តុ​ង្គ ប៉ុន្តែ​រដ្ឋបាល​ខ្មែរ​បែរជា​នៅឯ​ប្រទេស​សៀម​ឯ​បាងកក ។ ព្រះអង្គម្ចាស់ នរោត្តម ត្រូវបាន​ព្រះបិតា​ព្រះអង្គ​បញ្ជូនទៅ​រៀនសូត្រ នៅ​បាងកក ដែល​ព្រះអង្គ​សិក្សា​ពុទ្ធសាសនា និង ភាសាបាលី​បុរាណ ។​

​ការ​គ្រងរាជ្យ​ ៖

​នៅ​ឆ្នាំ ១៨៦០ នៅពេលដែល​ព្រះបាទ​អង្គឌួង​សោយ​ទីវ​ង្គ​ត ព្រះបាទ​នរោត្តម គឺជា​ព្រះ​បុត្រា​ស្នងរាជ្យ ប៉ុន្តែ​មិនទាន់បាន​ឡើង​សោយរាជ្យ ដោយសារតែ​ស្តេច​សៀម មិន​ប្រគល់​មកវិញ នូវ​គ្រឿង​សម្រាប់​រាជ្យ ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​ក្លាយជា​ស្តេចត្រាញ់ របស់​ស្តេច​សៀម ទោះ​ចង់​ឬ​មិន​ចង់​ក្តី ។​

​នៅពេលនោះ​ផងដែរ ការបះបោរ​របស់​ពួក​ចាម ដ៏​ធំ​មួយ​បាន​ផ្ទុះឡើង​ប្រឆាំងនឹង​ខ្មែរ ដែល​ការ​រាជ្យ​ព្រះបាទ​អង្គឌួង ទ្រង់​បាន​បង្ក្រាប​ឲ្យ​ស្ងប់ស្ងាត់​ម្តង​ហើយ ។ នៅ​ឆ្នាំ ១៨៦២ ព្រះបាទ​នរោត្តម ចាញ់​សង្គ្រាម ហើយ​បាន​បោះបង់​រាជធានី​ឧ​ត្តុ​ង្គ ភៀស​ព្រះកាយ​ទៅ​ខេត្តបាត់ដំបង ហើយ​ក្រោយមកទៀត​ក៏បាន​និរទេស​ព្រះកាយ ទៅដល់​បាងកក ។ ដោយ​មើលឃើញថា សៀម​និង​យួន​បាន​ជម្រុញ​ឲ្យ​កម្ពុជា ធ្លាក់​ក្នុង​អស្ថិរភាព​ផ្ទៃក្នុង បារាំង​បាន​បង្ខំ​ឲ្យ​ព្រះបាទ​នរោត្តម យាង​ត្រឡប់មក​ឧ​ត្តុ​ង្គ​វិញ​នៅ ឆ្នាំ ១៨៦៣ ហើយ​ឡាយព្រះហស្ថលេខា​មួយ ស្តីពី​ការដាក់​ប្រទេស​កម្ពុជា​នៅក្រោម​ការការពារ​បារាំ​ង ។ ប្រទេស​កម្ពុជា​ក៏បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​បារាំង​ម្តង ដោយ​ក្លាយជា​រដ្ឋ​ឯករាជ្យ​របស់​អាណាព្យាបាល​បារាំង បើទោះជា​មាន​អធិបតេយ្យភាព​ផ្ទាល់ខ្លួន​យ៉ាងណាក្តី ។​

​ដោយ​កម្ពុជា ស្ថិតនៅក្រោម​អាណា​ព្យាបាល​បារាំង ស្តេច​សៀម​បាន​យល់ព្រម​ប្រគល់​គ្រឿង សម្រាប់​រាជ្យ ថ្វាយ​ដល់​ព្រះបាទ​នរោត្តម ដើម្បី​ឡើង​អភិសេក ។ នៅ​ឆ្នាំ ១៨៦៤ ព្រះបាទ​នរោត្តម ត្រូវបាន​អភិសេក​ជា​ស្តេច​នៃ​ប្រទេស​កម្ពុជា ក្រោម​ការ​ជ្រោមជ្រែង​របស់​មន្ត្រី​បារាំង និង​សៀម ។ ស្តេច​ក្មេង​អង្គ​នេះ​ឡើង​សោយរាជ្យ នៅពេលដែល​ប្រទេស​កំពុង មាន​ចលាចល​ផ្ទៃ ក្នុង​ដោយសារ​យួន និង​សៀម​បានចាត់ទុក​ប្រទេស​កម្ពុជា​ជា​សមរភូមិ​របស់​ពួកគេ រាប់​ជំនាន់​មកហើយ ប៉ុន្តែ​បារាំង​បាន​រារាំង​និង​បាន​យក​ទឹកដី​ខ្លះ​ពី​ប្រទេស​ពីរ​នោះមក​វិញ​ផង ។ ប្រទេស​កម្ពុជា​បាន​ចុះ​ទន់ខ្សោយ​ដោយសារ​សង្គ្រាម​ផ្ទែ​ក្នុង​ជាច្រើន ហើយ​បាន​ក្លាយជា​តំបន់​ប្រ ទាញ​ប្រទង់​របស់​បារាំង​និង​សៀម ។ មិន​ត្រឹមតែ​ក្រុម​ឧទ្ទាម​ទេ ដែល​ចង់​កំចាត់​សៀម និង​យួន​ចេញពី​ប្រទេស កម្ពុជា សូម្បីតែ​ពួកចោរ​ព្រៃ​ក៏បាន​ចូលរួម​ដែរ ។​

នៅ​ឆ្នាំ ១៨៨៤ បារាំង​បាន​គ្រប់គ្រង​ប្រទេស​លាវ និង​ច្បាំង​ឈ្នះ​យក​ប្រ ទេស​យួន ។ សង្គ្រាម​បារាំង​សៀម (១៨៩៣) បានបញ្ចប់​ដោយ​សន្ធិសញ្ញា​មួយ​ដែល​កាត់​ប្រទេស​ឡាវ​ឲ្យ​ស្ថិតនៅក្រោម​ការ គ្រប់គ្រង​របស់​បារាំង​វិញ ក្រោយពី​បារាំង​បាន​បិទ​ផ្លូវទឹក នៅ​បាងកក ។​

​ក្រោម​អាណាព្យាបាល​របស់​បារាំង​ ៖

​នៅ​ឆ្នាំ ១៨៨៤ អាជ្ញាធរ​បារាំង​បាន​បង្ខំ​ឲ្យ​ព្រះបាទ​នរោត្តម​ឡាយព្រះហស្ថលេខា​ផ្តល់ អំណាច​ដល់​អាណាព្យាបាល​បារាំង នូវ​ការគ្រប់គ្រង​រដ្ឋបាល​ទាំងមូល រូ​ម​ទាំង​ផ្នែក​សេដ្ឋកិច្ច​ដែលជា​ចរន្ត​ជីវិត នៃ​ការគ្រប់គ្រង​របស់​ព្រះបាទ​នរោត្តម ។ ព្រះបាទ​នរោត្តម​បានប្រកែក ប៉ុន្តែ​បារាំង​បាន​យក​នា​វី​ចម្បាំង​មក​ដាក់​យុថ្កា នៅ​ពីមុខ​ព្រះ​បរម រាជវាំង ធ្វើ​ឲ្យ​ព្រះ​អង្ក​អស់ជម្រើស​ហើយ​ត្រូវតែ​បង្ខំ​ព្រះរាជ​ហរ​ទ័យ ឡាយ​ព្រះ ហ​ស្ថ​លេខា ។​

​ទ្រង់​ត្រូវបាន​ឡើង​សោយរាជ្យ​បន្ត​ដោយ​ព្រះអនុជ​ព្រះអង្គ ដែលជា​ព្រះអង្គម្ចាស់​ស្នងរាជ្យ គឺ ព្រះអង្គម្ចាស់ ​ស៊ីសុវត្ថិ ។​

​គ្រឿង​ឥស្សរិយយស​៖

គ្រឿង​ឥស្សរិយយស ថ្នាក់​មហាសេនា​កងពល​កិត្តិយស​-១៨៧២ (​មេកង​ធំ​-១៨៦៩) (​មេកង​សេះ​-១៨៦៥) (​បារាំង​)

​គ្រឿង​ឥស្សរិយយស ថ្នាក់​មហាសេនា​គជេន្ទ្រ​ស (​សៀម​)

​គ្រឿង​ឥស្សរិយយស សេនា​ថ្នាក់​មហា​ចក្រី (​សៀម​) ៕​

​………………………………………..

ឯកសារយោង៖

១. Wikipidia. Dinh Độc Lập

២. Wikipidia. Independence Palace