ន​រោ​ត្ដម សីហនុ អ្នកនយោបាយ និង​ក្សត្រ​ដែលមាន​ព្រះ​បរ​ម្យ​ងារ​ច្រើនជាងគេ​ក្នុង​លោក​

​ដោយ ថាច់ ប្រីជា គឿន
Sihanoukព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​ក​ក្ដិ​ក ឆ្នាំច ចត្វា​ស័ក ព​. ស​.២៤៦៥ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា និង​ទ្រង់​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វា​ស័ក  ព​. ស​. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ វេលា​ម៉ោង ០១ និង ២០ នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា លើក​ទី ១ ចាប់ពី ឆ្នាំ ១៩៤១ ដល់ ១៩៥៥ និង លើក​ទី ២ ចាប់ពី​ឆ្នាំ ១៩៩៣ ដល់ ២០០៤ ។ ព្រះអង្គ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកដឹកនាំ​ដ៏​មាន​ប្រសិទ្ធិភាព​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ ១៩៥៣ ដល់ ១៩៧០ ។ ក្រោយពេល​ដាក់រាជ្យ​លើក​ទី ២ នៅ​ឆ្នាំ ២០០៤ ព្រះអង្គ​ត្រូវបាន​គេ​ថ្វាយ​ព្រះ​គោ​រម្យ​ងារ​ថា “​ព្រះមហា​វិ​រក្ស​ត្រ​” ។​

​ព្រះបាទ សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ ជា​បុត្រា​របស់ ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សុរាម្រិត និង​សម្ដេច ព្រះមហា​ក្សត្រិយានី ស៊ីសុវត្ថិ កុស​មៈ នារីរ័ត្ន សិរិ​វ​ឌ្ឍ​នា ។ ព្រះអង្គ​មាន​ឋានៈ​ជាច្រើន​ចាប់ពី​ឆ្នាំ ១៩៤១ មក ដោយ​សៀវភៅ​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក ( Guinness Book of World Records ) បាន​កត់ត្រា​ថា ព្រះ​អង្គជា​អ្នកនយោបាយ និង​ជា​ក្សត្រ​ដែលមាន​គោរមងារ​រដ្ឋ​ច្រើនជាងគេ​បំផុត​ក្នុង​លោក​ក្នុងចំណោម​បណ្ដា​រាជវង្ស​ទូទាំង​ពិភពលោក ។ គោរមងារ​របស់​ទ្រង់​មានដូចជា មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (១៩៤១-១៩៥៥), ជា​នាយករដ្ឋមន្ត្រី (១៩៥៥- ១៩៦៦)  , ជា​ប្រមុខរដ្ឋ និង ជា​រា​ជានុ​សិទ្ធ (១៩៦០-១៩៧០) , ជា​ប្រមុខរដ្ឋ​និរទេស (១៩៧០),  ជា​ប្រធាន​រដ្ឋ​ក្នុង​រដ្ឋាភិបាល​ខ្មែរក្រហម (១៩៧៥-១៩៧៦) , ជា​ប្រធានាធិបតី​និរទេស (១៩៨២-១៩៨៨) ,​ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស (១៩៨៩-១៩៩១) ,​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ (១៩៩១) ,​ជា​ប្រមុខរដ្ឋ (១៩៩១-១៩៩៣) និង ទ្រង់​ឡើង​គ្រង​រាជ​ជា​ព្រះមហាក្សត្រ​ជា​លើក​ទី​ពីរ​ក្នុង​ឆ្នាំ ១៩៩៣ ។​

​ព្រះរាជ​ជីវប្រវត្តិ​

​ព្រះករុណា ព្រះបាទ​សម្ដេច   ព្រះ ន​រោ​ត្ដម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​ក​ក្ដិ​ក ឆ្នាំច ចត្វា​ស័ក ព​.​ស​.២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ ១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវ​នឹង​ថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វា​ស័ក វេលា​ម៉ោង ១ និង ២០ នាទី​យប់ នៅ​ទីក្រុង​ប៉េ    កាំ​ង ប្រទេស​ចិន ) គឺជា​ព្រះមហាក្សត្រ​មួយអង្គ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ឆ្នាំ ១៩៤១ ដល់ ឆ្នាំ ១៩៥៥ ហើយ​ទ្រង់​បាន​ឡើង​គ្រងរាជ្យ សារជាថ្មី​ចាប់ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០០៤ ។ ទ្រង់​គឺជា​អ្នកបង្កើត​ច្បាប់​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ ១៩៧០ ។ បន្ទាប់ពី​ទ្រង់​ដាក់រាជ្យ​ក្នុង​ឆ្នាំ ២០០៤ រួចមក​រដ្ឋសភាជាតិ នៃ​កម្ពុជា​បាន​ព្រមព្រៀង​ថ្វាយ​ជូន​នូវ​ព្រះ​គោរមងារ​ផ្លូវការ ជា «​ព្រះករុណា​ព្រះ​សម្ដេច ព្រះ​ន​រោ​ត្ដម​សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ​» ជាមួយនឹង​ព្រះ​បុព្វសិទ្ធិ​ពិសេស ក៏ដូចជា​ព្រះរាជ​អភយ​ឯកសិទ្ធិ ដូច​កាលដែល​ព្រះអង្គ​នៅ​គ្រងរាជ្យ ។​

​ការសិក្សា​

​ចាប់ពី​ឆ្នាំ ១៩៣០ ដល់​ឆ្នាំ ១៩៤០ ព្រះអង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា François Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ​។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ  ដែនដី​កម្ពុជា​ក្រោម (​វៀត   ណា​ម​ខាងត្បូង​) ។​
​នៅ​ឆ្នាំ​១៩៤៦ និង ១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាសដែក​នៅ​សូ​មៀរ Saumur) ប្រ ទេស​បារាំង ។​

​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ការគ្រងរាជ្យសម្បត្តិ​លើក​ទី ១

​នៅ​ខែមេសា ឆ្នាំ ១៩៤១ ក្រុមប្រឹក្សា​ព្រះរាជបល្ល័ង្គ បាន​ជ្រើសតាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះ​អង្គជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៤១ ។ បន្ទាប់ពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ ពី​ប្រទេស​បារាំង ព្រះអង្គ​បានដាក់​រាជ្យ​ថ្វាយ​ព្រះបិតា​នៅ​ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ១៩៥៥ ។​

​ការគ្រងរាជ្យសម្បត្តិ​លើក​ទី ២

​ព្រះអង្គ​ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ជា​លើក​ទី ២ នៅ​ថ្ងៃទី ២៤ កញ្ញា ១៩៩៣ ហើយ​ទ្រង់​បានដាក់​រាជ្យ​វិញ នៅ​ថ្ងៃទី​០៧ ខែ តុលា ឆ្នាំ ២០០៤ ។ ក្រោយពី​ការដាក់រាជ្យ ព្រះអង្គ​ត្រូវបាន​គេ​ថ្វាយ​ព្រះនាម​ថា ព្រះមហាវីរក្សត្រ  ។​

​ព្រះរាជ​បូជនីយកិច្ច​

​ក្នុង​ឆ្នាំ ១៩៤៧ ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះអង្គ​មាន​មហា​ជោគជ័យ​ក្នុងការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់​ដ៍ សង​មក​ព្រះរាជ​អាណាចក្រ​កម្ពុជា​វិញ​ជាដាច់ខាត នូវ​ខេត្ត​ខ្មែរ ដែល​ក្នុងពេល មាន​ចម្បាំង​សកលលោក​លើក​ទី ២ ថៃឡង់​ដ៍ បាន​យក​ពី​កម្ពុជា​ទៅ គឺ ខេត្តបាត់ដំបង  សៀម រាប  កំពង់ធំ ស្ទឹងត្រែង ។​

​ឆ្នាំ ១៩៤៩ ព្រះអង្គ​បានទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់ នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះ​ហត្ថ​លេ ខា​នៅ​ឆ្នាំ ១៨៦៣ និង ឆ្នាំ ១៨៨៤ ។ នៅ​ឆ្នាំ ១៩៤៩ ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជ​អាណាចក្រ​កម្ពុជា ។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ ១៨៦៣ និង​ឆ្នាំ​១៨៨៤ ។​

​ពី​ឆ្នាំ ១៩៥២ ដល់ ១៩៥៣ ព្រះអង្គ បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០ ភាគរយ​ជូន​ជាតិ​មាតុភូមិ ។​

​នៅ​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ត្ត ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជ​អាណាចក្រ​កម្ពុជា​បានទទួល​ឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង ។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស សូម​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា “​ព្រះមហា​វីរបុរស​ជាតិ – ព្រះបិតា​ឯករាជ្យ​ជាតិ​” ។​

​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៥២ ព្រះបាទ​នរោត្តម​សីហនុ​វរ្ម័ន ទ្រង់​បាន​ថ្លែង​ជា​ឱឡារិក​ថា ព្រះអង្គ​នឹង​ខិតខំ​ស្វែងរក​ឯករាជ្យ​បរិបូរ​ជូន​ជាតិ មាតុភូមិ​ឲ្យ​បាន​ដាច់ខាត​ក្នុង​រយៈពេល ៣ ឆ្នាំ ។ ក្នុងពេលនោះ ដោយមាន​សហការី​ជួយ​គាំទ្រ​ផង ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ប្រទេស​បារាំង​ក្នុង ខែកុម្ភៈ ១៩៥៣ ។ នៅ​ទីនោះ ព្រះអង្គ​បាន​ផ្ញើ​សារលិខិត​ជូន លោក វ៉ាំ​ង សង់​អូ​រី​យ៉ូ​ល​ប្រ ធានា​ធិបតី​នៃ​សាធារណរដ្ឋ​បារាំង់​ចំនួន ៣ លើក​៖

លើក​ទី ១ ថ្ងៃទី ៥ ខែមីនា ១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​
លើក​ទី ២ ថ្ងៃទី ១៨ ខែមីនា ១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​ដែរ​
លើក​ទី ៣ ថ្ងៃទី ៣ ខែមេសា ១៩៥៣ ពី​ទីក្រុង​ផុង​តែ​ណឺ​ប្លូ ។​

​ដោយ​រដ្ឋាភិបាល​បារាំង ពុំមាន​អើពើ​អ្វី​នឹង​សំណើ​នោះ ព្រះអង្គ​ទ្រង់​សម្រេច​ព្រះទ័យ​យាង​ទៅធ្វើ​យុទ្ធនាការ​ទាមទារ​ឯក​រាជ្យ​នៅក្នុង​ប្រទេស​កាណាដា​និង​សហរដ្ឋអាមេរិក​ទៀត ។​

​នៅ​កាណាដា ក្នុង​ទីក្រុង​ម៉ុង       រេ​អាល់ ទ្រង់​បាន​ថ្លែង​ទៅ​ពួក​អ្នកសារព័ត៌មាន ដោយ​សង្កត់ធ្ងន់​លើ​បញ្ហា​ពីរ​ទាក់ទង​នឹង​រាជាណាចក្រ​កម្ពុជា និង​ប្រទេស​បារាំង ដែលជា​តំណាង​ប្រទេស​លោក​សេរី ក្នុង​ឥណ្ឌូចិន​៖

ទី ១ គឺ​បញ្ហា​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​កុំមុយនិស្ត​
​ទី ២ គឺ​បញ្ហា​ឯករាជ្យ​បរិបូរ​សម្រាប់ ព្រះរាជាណាចក្រ​កម្ពុជា ។​

​យោង​លើ​បញ្ហា​នេះ ព្រះអង្គ​ទ្រង់​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ពុំ​ត្រូវការ​របប​កុំ​មុយ​នី​ស​ទេ ព្រោះថា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​សុទ្ធ​តែមាន​ដីធ្លី ជា​កម្មសិទ្ធិ សម្រាប់​បង្កបង្កើនផល​របស់ខ្លួន ។ បញ្ហា​ដែល​គេ​ចង់បាន​នោះ​គឺ ឯករាជ្យ​បរិ បូរ​សម្រាប់​ប្រទេសជាតិ ។ ចំណែក​ពួក​កុំ​មុយ​នី​ស គេ​មើលឃើញថា​ប្រ ទេស​កម្ពុជា ជាទី​តាំង​មួយ​ប្រសើរ​សម្រាប់​ពួកគេ ។​

​នៅ​សហរដ្ឋអាមេរិក ព្រះអង្គ​ទ្រង់​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​សារព័ត៌មាន​ដ៏​ធំ​មួយ​ឈ្មោះ ញូវយ៉ក ថែម ចុះផ្សាយ​ក្នុង​ទំព័រ​ទី ១ របស់គេ នៅ​ថ្ងៃទី ១៩ មេសា ១៩៥៣ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល មានការ​ភ្ញាក់ផ្អើល ។ ខ្លឹមសារ​គឺ “… បើ​បារាំង​មិន​យល់ព្រម​ប្រគល់​ឯករាជ្យ​ឲ្យ​កម្ពុជា​ទេនោះ នឹងមាន​គ្រោះថ្នាក់​មួយ​យ៉ាងពិត​ប្រាកដ គឺថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ក្រោកឈរឡើង​ប្រឆាំងនឹង​បារាំង ហើយ​គេ​នឹង​ងាក​ទៅរក​ចលនា​វៀត​មិញ ដែល​ដឹកនាំ​ដោយ​ពួក​កុំ​មុយ​នី​ស​” ។ ក្នុងករណី​មានការ​គំរាមកំហែង ប្រជា​ពល រដ្ឋ​ប្ដេជ្ញា​ថា “​ពួក​បារាំង​ទាំងអស់​ដែល​នៅក្នុង​ស្រុក​ខ្មែរ នឹងត្រូវ​ឡោមព័ទ្ធ ហើយ​ជីវិតចុងក្រោយ របស់​ពួកគេ​នឹង​មកដល់ …” ។​
​ព្រះ​បញ្ញាញាណ​ខាងលើនេះ បានធ្វើ​ឲ្យ​មតិ​សកលលោក ពិសេស​លោកខាងលិច តម្រូវ​ឲ្យ​រដ្ឋាភិបាល​បារាំង​ព្រម​ចូលរួម​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ឯករាជ្យ​បរិបូរ​នៃ​រាជាណាចក្រ​កម្ពុជា ។​

​រដ្ឋប្រហារ , និរទេស និង មាតុភូមិនិវត្តន៍​

​នៅ​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ព្រះអង្គ​ត្រុ​វ​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​ចេញពី​តំណែង ខណៈពេលដែល​ព្រះអង្គ​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បរទេស ដោយ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ សាធារណរដ្ឋ​ខ្មែរ ។ រដ្ឋាភិបាល​ថ្មី​នេះ​ត្រូវបាន​ទទួលស្គាល់​ពី​សហ​រដ្ឋ​អាមេរិក ។​

​ក្រោយពី​ត្រូវបាន លន់ នល់ ធ្វើ​រដ្ឋប្រហារ សម្ដេច ន​រោ​ត្ដម សីហនុ បាន​និរទេស​ព្រះកាយ ទៅ​ទីក្រុង​ប៉េង​កាំ​ង ប្រទេស​ចិន ហើយ​បាន​បង្កើត រណសិរ្ស​ជាតិ​កម្ពុជា (Front Uni National du Kampuchea – FUNK) និង​បាន​គាំទ្រ​ពួក​ខ្មែរក្រហម​ក្នុង​ការតស៊ូ​ដើម្បី​ផ្ដួលរំលំ​របប​សាធារណរដ្ឋ របស់ លន់ នល់ ។  ក្រោយពី សម្ដេច ន​រោ​ត្ដម សីហនុ បានបង្ហាញ​ការគាំទ្រ​របស់ខ្លួន​ចំពោះ​ចលនា តស៊ូ​របស់​ខ្មែរក្រហម ដោយ​ទ្រង់​បានមក​ជួប​ពួក​មេដឹកនាំ​ខ្មែរក្រហម​នៅ​ជុំរុំ​តស៊ូ​មក  កងទ័ព​របស់គេ​បាន​កើនឡើង​ពី ៦.០០០ នាក់ ដល់ ៥០.០០០    នាក់ ។ សមាជិក​ថ្មី​នៃ​ចលនា​តស៊ូ​ខ្មែរក្រហម ភាគច្រើន​ជា​កសិករ និង​មិនមែន​អ្នកនយោបាយ ពួកគេ​ចូល​ព្រៃ​តស៊ូ​មិនមែន​ដើម្បី​គាំទ្រ​ខ្មែរក្រហម​ទេ តែ​គាំទ្រ​ចំពោះ​ស្ដេច​របស់ខ្លួន ។​

​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ និង​របប​ខ្មែរក្រហម សម្ដេច ន​រោ​ត្ដម សីហនុ ភាគច្រើន​និរទេស​ខ្លួន នៅ​ប៉េកាំង ប្រ ទេស​ចិន និង កូរ៉េខាងជើង ហើយ​បាន​វិលត្រឡប់ កាន់​ទីក្រុង​ព្យុងយ៉ាង (Pyongyang) កូរ៉េខាងជើង ម្ដងទៀត​នៅ​ឆ្នាំ ១៩៧៩ ពេលដែល​ទាហាន​វៀតណាម​ចូលកាន់​កាប់​ស្រុក​ខ្មែរ នៅ​ថ្ងៃទី ០៩ ខែមករា ឆ្នាំ ១៩៧៩ ។​

​ការជាប់​បង្ខាំង​នៅក្នុង​របប​ខ្មែរក្រហម និង​តស៊ូ​បណ្ដេញ​យួន​ចេញពី​ស្រុក​ខ្មែរ​

​ពេល​របប​សាធារណរដ្ឋ​ខ្មែរ ត្រូវបាន​ដូ​ល​រំលំ ដោយ​ការដណ្ដើមយក​ពី​ខ្មែរក្រហម​នា​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ សម្ដេច ន​រោ​ត្ដម សីហនុ បាន​ក្លាយជា​ប្រធាន​រដ្ឋ នៃ​របប​មួយ​នេះ      ខណៈដែល​អំណាច​ឋិត​នៅលើ ប៉ុល ពត ។ នៅ​ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ១៩៧៦ ប៉ុល ពត បាន​បង្ខំ​ឲ្យ សម្ដេច ន​រោ​ត្ដម សីហនុ ចេញពី​តំណែង​ម្ដងទៀត និង​ឲ្យ​ចូល​និវត្ត​នយោបាយ ។ ក្នុងសម័យ​កងទ័ព​យួ​ន ចួ​ល​ត្រួតត្រា​ស្រុក​ខ្មែរ ព្រះអង្គ​បាន​យាង​ទៅ​អង្គការ សហប្រជាជាតិ​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ដើម្បី​ថ្លែងការណ៍​ប្រឆាំង នឹង​ការឈ្លានពាន​របស់​វៀត​ណា​ម​មកលើ​ប្រទេស​កម្ពុជា ។ ក្រោយពី​ការ​ថ្លែងការណ៍​របស់​ព្រះអង្គ ទ្រង់​បាន​ស្នាក់នៅ​ក្នុងប្រទេស​ចិន និង​កូរ៉េខាងជើង ។​

​ការឈ្លានពាន​របស់​ក​ង​ទ័ព​វៀតណាម​ចូល​ប្រទេស​កម្ពុជា កាលពី​ខែធ្នូ ឆ្នាំ ១៩៧៨ បាន​ផ្ដួលរំលំ​របប​ខ្មែរក្រហម ក្រៅពី​សម្ដែង​ការស្វាគមន៍​ចំពោះ​បរាជ័យ របស់​របប​ខ្មែរក្រហម សម្ដេច ន​រោ​ត្ដម សីហនុ នៅតែ​ប្ដេជ្ញា​ប្រ ឆាំង​ចំពោះ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​ដែល​បាន​លើក​បន្តុប ហេង សំរិន ជា​ប្រធាន​នៃ​រដ្ឋាភិបាល​សា​ធារ ណ​រដ្ឋ​ប្រជាមានិត​កម្ពុជា ។ ខណៈដែល វៀតណាម​កំពុងកាន់​កាន់​ស្រុក​ខ្មែរ និង​របប​ខ្មែរក្រហម​ដួលរលំ  សម្ដេច ន​រោ​ត្ដម សីហនុ បា​នប​ញ្ជុះ​បញ្ចូល​ឲ្យ​កៅអី​តំណាង​ប្រទេស​កម្ពុជា​នៅក្នុង​អង្គការសហប្រជាជាតិ ទុក​នៅ​ទំនេរ ហើយ​ព្រះអង្គ​បាន​ចូលរួម​ជាមួយ​ចលនា​តស៊ូ​ខ្មែរ​នៅ​ជាយដែន​ខ្មែរ​សៀម​ដើម្បី ប្រឆាំង​ការឈ្លានពាន​របស់​វៀត  ណា​ម​មកលើ​កម្ពុជា ។ នៅ​ឆ្នាំ ១៩៨៩ កងទ័ព​វៀតណាម​បាន​ដកថយ​ចេញ ពី​កម្ពុជា ហើយ​បាន​បន្សល់ទុក​នូវ​រដ្ឋា​ភិ​បាល​មួយ​ដែល​ស្និទ​នឹង​ខ្លួន ក្រោម​ការដឹកនាំ របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រ ហម ដែល​បាន​ភៀសខ្លួន​ទៅ​វៀតណាម មាន ហ៊ុន សែន , ហេង សំរិន និង​ប៉ែន សុវណ្ណ ជាដើម ។

​ការ​សោយ​ទិវង្គត​

​ព្រះករុណា​ព្រះបាទ ន​រោ​ត្ដម សីហនុ ព្រះវរបិតា​ឯករាជ​ជាតិ ទ្រង់​បាន​សោយ​ព្រះ​ទិ​ង្គ​ត​នៅ​ថ្ងៃ​ច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវ​នឹង​ថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វា​ស័ក វេលា​ម៉ោង ១ និង ២០ នាទី​យប់ (​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​)     នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដោយ​ជរាពាធ ។ ព្រះ​សព​របស់​ទ្រង់ ត្រូវបាន​ដង្ហែរ​ពី​ទីក្រុង​ប៉េកាំង​មកកាន់​រាជធានី​ភ្នំពេញ ដោយ​ព្រះករុណា ព្រះបាទ ន​រោ​ត្ដម សីហមុនី និង លោក ហ៊ុន សែន នាយក​រដ្ឋ  មន្ត្រី​ខ្មែរ នៅ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២ វេលា​ម៉ោង ២:៣០ រសៀល ។​

​ការ​ដង្ហែរ​ព្រះ​បរមសព​ពី​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​ព្រះបរមរាជវាំង​កាត់​តាម​វិមានឯករាជ្យ បានបញ្ចប់​នៅ​ម៉ោង ៥:៣០ ល្ងាច ដោយមាន​ប្រជានុរាស្ត្រ   ប្រមាណ​ជាង       ១.០០០.០០០ (​មួយ​លាន​) ទៅ​ជាង ១.២០០.០០០ (​មួយ​លាន​ពីរ​សែន​) នាក់មក​ចាំ​ដង្ហែ ដែលមាន​ទាំង​បព្វជិត និង គ្រហស្ថ ។ ព្រះ​បរមសព​របស់​ទ្រង់​បាន​តម្កល់ នៅ​ព្រះបរមរាជវាំង​រហូត​ដល់​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៣ ។​

​ពិធី​ថ្វាយ​ព្រះ​ភ្លើង​

​វេលា​ម៉ោង ០៧ និង ៥០ នាទី​ព្រឹក​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៣  ក្បួន​ដង្ហែ​ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ ចាប់ផ្ដើម​ដង្ហែ​ចេញពី​ព្រះបរមរាជវាំង​ឆ្ពោះទៅ​ប្រទក្សិណ​រមណីយដ្ឋាន​វត្តភ្នំ និង​វិមានឯករាជ្យ ហើយ​យាង​ទៅកាន់​ព្រះរាជ​បុស្បុក  ដែលមាន​ទីតាំង​ស្ថិតនៅ​បរិវេន ទីលាន​ព្រះមេរុ មុខ​សារមន្ទីរ​ជាតិ ជាប់​របង​ខាងជើង​ព្រះបរមរាជវាំង  ដោយមាន​ការ​ឈរ​អម​សង ខាង​ផ្លូវ ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា សមាជិក​រដ្ឋសភា ព្រឹទ្ធសភា និង​កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​មន្ត្រី​មកពី​គ្រប់​ក្រសួង ស្ថាប័ន នានា នៅមុខ​ព្រះបរមរាជវាំង  ។ ពិធី​ដង្ហែ​នេះ  មាន​ផែន​សំខាន់​ចំនួន ១១ គឺ ផែន​មន្ត្រីរាជការ សិស្ស​-​និស្សិត ប្រជាពលរដ្ឋ ទាហាន កងរាជអាវុធហត្ថ កង​នគរបាលជាតិ យុវជន​កាយឫទ្ធិ ព្រះសង្ឃ ដូនជី អាចារ្យ ជនជាតិដើម​ភាគតិច ជនជាតិ​ចាម្ប៍ និង​ក្រុម​ដង្ហែ​បែប​ជនជាតិ ហើយ​ផែនទី ៩ ជា​ព្រះ​បរម​មឈូស ព្រះ​បរម​រតន​កោដ្ឋ ។ គេ​តម្កល់​ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រះរាជ​បុស្បុក  ស្ថិតនៅ​បរិវេន ទីលាន​ព្រះមេរុ ចាប់ពី​ថ្ងៃទី ០១ ដល់ ទី ០៤ ខែកុម្ភៈ ទើប​ថ្វាយ​ព្រះ​ភ្លើង ។

​ព្រឹក​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១២ លោក  ហ៊ុន សែន នាយករដ្ឋមន្ត្រី   នៃ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍​ឆ្លើយតប​ទៅ​កាសែត ឌឺ ខេ​ម​បូ​ឌា​ដេលី ដែល​បាន​ចុះផ្សាយ​ថា ការកសាង​សំណង់​ព្រះមេរុ​នេះ មានការ​ចំណាយ​ខ្ជះខ្ជាយ​ទៅលើ​ព្រះរាជ​សព របស់​ព្រះ​បរម​រតន​កោដ្ឋ ហើយ​ដែល​ការចំណាយ​នោះ មាន​រហូតដល់​ប្រមាណ ៥ លាន​ដុល្លារ សហរដ្ឋអាមេរិក ៕

———————————————————-

ឯកសារពិគ្រោះ http://www.wikipedia.org​