អង្គទូតចំនួន ៩ បានទទួលញត្តិពីអង្គការ សមាគមខ្មែរកម្ពុជាក្រោម ស្តីពីការចាប់ខ្លួនព​លរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម

ដោយ គឹម សាវតា

មន្ត្រីសមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍ ឱ្យដឹងថា រហូតមកដល់ពេលនេះ​ មានអង្គការសិទ្ធិមនុស្ស និងស្ថានទូតចំនួន ៩ ហើយ ដែលបានទទួលញត្តិរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ដែលជម្រាបដំណឹងពីការឃុំខ្លួនពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជា ពីសំណាក់អាជ្ញាធរវៀតណាម ។ នេះបើតាមលោកបណ្ឌិត សឺន​ ជុំជួន ​ អគ្គ​លេខា​ធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍ ​ប្រាប់សារព័ត៌មានព្រៃនគរ ។

តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តីទូតអូស្រ្តាលី ដើម្បីផ្តល់ព័ត៌មានលម្អិតជុំវិញករណីចាប់ខ្លួនសកម្មជនខ្មែរក្រោមដាក់ពន្ធនាគារ ។ រូបៈ ផ្តល់ឲ្យ
តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តីទូតអូស្រ្តាលី ដើម្បីផ្តល់ព័ត៌មានលម្អិតជុំវិញករណីចាប់ខ្លួនសកម្មជនខ្មែរក្រោមដាក់ពន្ធនាគារ ។ រូបៈ ផ្តល់ឲ្យ

លោកបណ្ឌិត សឺន​ ជុំជួន អះអាងថា ក្នុងចំណោមទាំង ៩ ស្ថាប័ននោះ មានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក្រសួងការបរទេសកម្ពុជា សហគមន៍អឺរ៉ុប និងបណ្ដាស្ថានទូតនានា ហើយស្ថានទូតមួយចំនួន ក៏កំពុងរៀបចំពេលវេលា ដើម្បីជួបជាមួយអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសាកសួរបន្ថែម អំពីបញ្ហានេះ ។ លោកឱ្យដឹងទៀតថា​ មានស្ថានទូតមួយចំនួនទៀត បានជូនដំណឹងថា បានទទួលញត្តិហើយ ហើយគ្រោងនឹងបញ្ជូនញត្តិនោះ ទៅស្ថានទូត ឬអគ្គកុងស៊ុលរបស់គេ នៅប្រទេសវៀតណាមផងដែរ ។

ក្នុងខ្លឹមសារញត្តិ បានបង្ហាញពីគោលបំណង ដូចជា៖

១/ រដ្ឋាភិបាលវៀតណាម ត្រូវតែដោះលែងពលរដ្ឋខ្មែរក្រោម ទាំង ៤ រូបនោះឲ្យមានសេរីភាពជាបន្ទាន់ និងដោយឥតលក្ខខ័ណ្ឌ និងបញ្ឈប់រាល់ការរិតត្បិតសេរីភាពរបស់ខ្មែរក្រោម ។

២/ រដ្ឋាភិបាលវៀតណាម ត្រូវពិនិត្យឡើងវិញ និងកែតម្រូវច្បាប់ក្នុងប្រទេសរបស់ខ្លួនឲ្យស្របតាមគោលការណ៍ការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីធានាការគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមឲ្យបានពេញលេញ ។

៣/ សូមអំពាវនាវដល់អង្គទូតនានា ប្រចាំនៅប្រទេសវៀតណាម និងអង្គការជាតិ អន្តរជាតិ ចូលរួមឃ្លាំមើល តាមដានព្រឹត្តិការណ៍នេះ ដើម្បីផ្តល់យុត្តិធម៌ និងការពារសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោមទាំងនេះ ក៏ដូចជាពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើម នៅលើទឹកដីកម្ពុជាក្រោមតាមការគួរ ។

សូម​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​កក្កដា​ ​របប​យួន​បាន​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​៣​ ​នាក់​ ​គឺ​ ​លោក​ ​តោ​ ​ហ្វា​ង​ ចឿ​ង​ ​លោក​ ​ថា​ច់ ​កឿង​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​និង​ ​លោក​ ​យ័​ញ​ ​មិញ​ក្វា​ង​ ​នៅ​ខេត្ត​ឃ្លាំង​ ​។​ ​ករណីរបប​យួន​ចាប់ខ្លួនពលរដ្ឋខ្មែរក្រោមម្នាក់ទៀត ​កាលពី​ថ្ងៃ​ទី​ ​៣​ ​ខែ​សីហា គឺអ្នកស្រី​ ឌិ​ញ​ ​ធី​ហ្វិ​ន​ ​ម្នាក់ទៀត​ ​ក្រោម​បទ​ចោទ​ ​«​មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​»​ ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​។

ក្រោយពីទទួលបានដំណឹងស្តីការរំលោភសិទ្ធិមនុស្សមកលើពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាម  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់សេរីភាពសាសនាអន្តរជាតិ (United States Ambassador-at-Large for International Religious Freedom) លោក Rashad Hussain បានទទូចឲ្យរដ្ឋាភិបាលវៀតណាមដោះលែង សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមជាបន្ទាន់ដោយឥតលក្ខខណ្ឌ ។

កាលពីសប្ដាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញបដិសេដការដង្ហែរញត្តិដាក់ទៅស្ថាប័ននានា ស្តីពីការឃុំខ្លួនពលរដ្ឋខ្មែរក្រោមចំនួន ៤ រូប នៅដែនដីកម្ពុជាក្រោម  អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋានៅកម្ពុជា គ្រោងផ្សព្វ​ផ្សាយ​និង​ដាក់ញ្ញតិទៅស្ថាប័ននានាតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីឱ្យស្ថាប័នទាំងនោះ បានដឹងពីការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម មកលើពលរដ្ឋខ្មែរក្រោម ។

បើតាមលោក សឺន ជុំជួន រហូតមកដល់ពេលនេះ ពលរដ្ឋខ្មែរក្រោមទាំង ៤នាក់នោះ ត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តឃ្លាំង និងខេត្តព្រះត្រពាំង ហើយមិនទាន់មានមេធាវីការពារក្តីនៅឡើយទេ ៕