ដោយ គឹម សាវតា
មន្ត្រីលេខាធិការដ្ឋានអង្គការ សមាគម ខ្មែរកម្ពុជាក្រោម ឱ្យដឹងថា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបដិសេដការដង្ហែរញត្តិដាក់ទៅស្ថាប័ននានា ស្តីពីការឃុំខ្លួនពលរដ្ឋខ្មែរក្រោម ចំនួន ៤ រូប នៅដែនដីកម្ពុជាក្រោម អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋានៅកម្ពុជា គ្រោងផ្សព្វផ្សាយ និងដាក់ញ្ញតិទៅស្ថាប័ននានា តាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីឱ្យស្ថាប័នទាំងនោះ បានដឹងពីការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម មកលើពលរដ្ឋខ្មែរក្រោម។

អាជ្ញាធរវៀតណាម កាលពីថ្ងៃទី ៣១ កក្កដា បានចុះចាប់ខ្លួន និងកោះហៅសកម្មជនខ្មែរក្រោម ទៅសួរចម្លើយ ៩ រូបក្នុងពេលតែមួយ ។ យុវជនដែលត្រូវចាប់ខ្លួននោះ រួមមាន លោក ថាច់ កឿង លោក តោ ហ្វាងចឿង នៅខេត្តព្រះត្រពាំង លោក យ័ញ ម៉ិញក្វាង លោក យ័ញ សេត និងលោក តាំង ទ្វី ហៅ ឫទ្ធី នៅខេត្តឃ្លាំង ។ ចំណែកអ្នក ដែលរងការកោះហៅទៅសួរចម្លើយ មានជាអាទិ៍ លោក គៀង យ័ញនី នៅខេត្តព្រះត្រពាំង លោក ថាច់ មឿន នៅខេត្តឃ្លាំង ខណៈអាជ្ញាធរក្នងខេត្តនេះដដែល កំពុងតាមដានឃ្លាំមើលសកម្មភាពរបស់ លោក ឡឹម វង្ស និង លោកស្រី ឌិន ធីហ្វិន នៅខេត្តឃ្លាំង ។
ក្រោយពីចាប់ខ្លួន អាជ្ញាធរវៀតណាម បានសម្រេចបញ្ជូនសំណុំរឿងរបស់សកម្មជនខ្មែរក្រោម ទៅតុលាការដោយចោទពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា ៣៣១ នៃ ក្រមព្រហ្មទណ្ឌរបស់វៀតណាម ។ ក្រោយសាកសួររួច សមត្ថកិច្ចវៀតណាម ក៏បញ្ជូនពួកគេឃុំខ្លួនបណ្តោះអាសន្ននៅព្រឹកថ្ងៃដដែល ។
រហូតមកដល់ពេលនេះ ពលរដ្ឋខ្មែរក្រោមចំនួន ៤ នាក់ នៅតែត្រូវអាជ្ញាធរឃុំខ្លួនរង់ចាំការកាត់ទោស រួមមាន លោក តោ ហ្វាង ចឿង និង លោក ថាច់ កឿង នៅខេត្តព្រះត្រពាំង លោក យ័ញ មិញក្វាង និងអ្នកស្រី ឌិញ ធីហ្វិន នៅខេត្តឃ្លាំង ។
ក្រោយពីមានការចាប់ខ្លួន និងកោះហៅប្រជាពលរដ្ឋខ្មែរក្រោម ដែលរស់នៅដែនដីកម្ពុជាក្រោមទៅសួរចម្លើយ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិឌ្ឍន៍នេះ ដែលមានមូលដ្ឋាននៅកម្ពុជា បានដាក់លិខិតជូនដំណឹងទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិជូនស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាសទូតប្រទេសប្រជាធិបតេយ្យ ដែលដាក់ស្ថានទូតនៅប្រទេសវៀតណា មឱ្យបានដឹងពីអ្វី ដែលអាជ្ញាធរវៀតណាម កំពុងធ្វើមកលើពលរដ្ឋខ្មែរក្រោមជាម្ចាស់ស្រុក ។ ប៉ុន្តែ ការស្នើសុំនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបដិសេធ ដោយលើកហេតុផលថា សេចក្តីជូនដំណឹងរបស់ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិឌ្ឍន៍នេះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងខុសពីលក្ខន្តិកៈ ស្តីពីអង្គការ សមាគម ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ។ បន្ថែមពីលើនេះ សាលាក្រុងភ្នំពេញ ក៏លើកហេតុផលមួយទៀតថា ការស្នើសុំនេះ គឺផ្ទុយពីធម្មនុញ្ញនៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមិនអនុញ្ញាតិឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ានឡើយ។
លោក គឹម ស៊ីសំណា មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រាប់សារព័ត៌មានព្រៃនគរថា លោកពិតជាសោកស្ដាយ ដែលរដ្ឋបាលរាជធានីភ្នំពេញបដិសេដសំណើរនេះ ប៉ុន្តែ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានប្តូរពីការដាក់ញត្តិដោយផ្ទាល់ មកជាការដាក់ញត្តិ និងជូនដំណឹងតាមបណ្ដាញសង្គមព្រមទាំងផ្ញើញត្តិនោះតាមរយៈសារអេឡិចត្រូនិចជំនួសវិញ ដោយសង្ឃឹមថា សារនេះបានដឹងដល់ស្ថាទូត ក៏ដូចជាស្ថាប័នពាក់ព័ន្ធនឹងកិច្ចការសិទ្ធិមនុស្ស និងអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ។ លោកបន្តថា ក្រៅពីនេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ក៏គ្រោងធ្វើវេទិកាសាធារណៈ ស្តីពីបញ្ហានេះ ដើម្បីផ្សព្វផ្សាយតាមបណ្ដាញសង្គមផងដែរ។
ក្រោយពីទទួលបានដំណឹងស្តីការរំលោភសិទ្ធិមនុស្សមកលើពលរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់សេរីភាពសាសនាអន្តរជាតិ (United States Ambassador-at-Large for International Religious Freedom) លោក Rashad Hussain បានទទូចឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ។
នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ លោក Rashad Hussain បានថ្លែងនៅលើទំព័រ Twitter របស់ខ្លួន ដោយទទូចឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនខ្មែរក្រោម ជាប់ឃុំទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងត្រូវបើកលំហសេរីភាពអនុញ្ញាតឱ្យសង្គមស៊ីវិលតស៊ូមតិដោយសន្តិវិធី ដើម្បីការពារសិទ្ធិមនុស្ស និងសេរីភាពសាសនាដោយគ្មានការសងសឹកពីអាជ្ញាធររដ្ឋាភិបាលវៀតណាម ។
សូមបញ្ជាក់ថា នៅថ្ងៃទី ៣១ ខែកក្កដា របបយួនបានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ៣ នាក់ គឺ លោក តោ ហ្វាង ចឿង លោក ថាច់ កឿង នៅខេត្តព្រះត្រពាំង និង លោក យ័ញ មិញក្វាង នៅខេត្តឃ្លាំង ។ ចំណែកកាលពីថ្ងៃទី ៣ ខែសីហា របបយួន ក៏បានចាប់ខ្លួន អ្នកស្រី ឌិញ ធីហ្វិន ម្នាក់ទៀត ក្រោមបទចោទ «មិនអនុវត្តតាមសាលក្រមរបស់តុលាការ» ដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី។ កាលមិនទាន់ចាប់ខ្លួន ពួកគេបានធ្វើសកម្មភាពផ្សព្វផ្សាយ និងលើកកម្ពស់សិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ និងបង្ហាញនូវអត្តសញ្ញាណខ្មែរក្រោម ដូចជា ពាក់អាវយឺតដែលមានរូបទង់តំណាងជនជាតិដើមខ្មែរក្រោម និងផែនទីដែនដីកម្ពុជាក្រោម ជាដើម ។
បើតាមលោក គឹម ស៊ីសំណា រហូតមកដល់ពេលនេះ ពលរដ្ឋខ្មែរក្រោមទាំង ៤ នាក់នោះ ត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តឃ្លាំង និងខេត្តព្រះត្រពាំងរយៈពេល ៣ ខែ ពោលគឺក្នុងនិតិវិធីស៊ើបអង្តេត ដើម្បីប្រមូលភ័ស្ដុតាង ដើម្បី ចោទប្រកាន់ និងកាត់ទោសតាមផ្លូវតុលាការ ៕