សួស្តីឆ្នាំថ្មី ឆ្នាំ ២០២២
សារប្រគេន និងជូនពរឆ្នាំថ្មី
របស់ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម
ថ្ងៃព្រហស្បតិ៍ ទី ២៣ ខែធ្នូ ឆ្នាំ ២០២១

សូមថ្វាយបង្គំ ចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់អង្គ ។
សូមគោរពចំពោះ សមាជិក សមាជិកា អ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម មិត្តភក្តិ៍ និងជនរួមជាតិទាំងអស់ ជាទីរាប់អាន ។
ជំងឺរាតត្បាត COVID-19 បានកើតឡើងបណ្តាលឱ្យឆ្នាំ ២០២១ ជាឆ្នាំមួយដ៏លំបាក ។ ឆ្នាំចាស់ ២០២១ បានបញ្ចប់ទៅ និងឆ្នាំថ្មី ២០២២ បានឈានចូលមក ក្នុងនាម សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ខ្ញុំប្រគេន និងជូនសព្ទសាធុការពរឆ្នាំថ្មីដល់ព្រះតេជព្រះគុណ លោកអ្នកនាង បងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន ឲ្យបានប្រកបតែនឹងសុខសន្តិភាព សុខភាពល្អ សុភមង្គល និងចម្រុងចម្រើនគ្រប់ពេលវេលា ។
ក្នុងនាមជាអង្គការតស៊ូមតិ សម្រាប់សិទ្ធិជាមូលដ្ឋានរបស់ខ្មែរក្រោម ដែលគ្មានសំឡេងនៅកម្ពុជាក្រោម យើងសូមលើកយកសកម្មភាព ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើ ដើម្បីស្វែងរកយុត្តិធម៌ជូនខ្មែរក្រោម ក្នុងឆ្នាំ ២០២១ កន្លងទៅនេះ មកចែករំលែកជូនជនរួមជាតិឲ្យបានជ្រាប ។
ជាដំបូង ខ្ញុំសូមអរគុណ ចំពោះការលះបង់ពេលវេលាដ៏មានតម្លៃ និងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ សមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រ នៅជុំវិញពិភពលោក ដើម្បីជួយដល់ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាបន្តបន្ទាប់ ក្នុងការតស៊ូ ដើម្បីនាំមកនូវ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនពលរដ្ឋខ្មែរក្រោម ជាម្ចាស់ស្រុក នៃ ដែនដីកម្ពុជាក្រោម ។
ដោយសារតែការរឹតត្បិតការធ្វើដំណើរ និងដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ភាគច្រើន នៃ ដំណើរការតស៊ូមតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការស្វែងរកយុត្តិធម៌ជូនខ្មែរក្រោម សុទ្ធតែបានធ្វើឡើងតាមរយៈ Online ។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបនៃសកម្មភាពសំខាន់ៗ មួយចំនួន របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ៖
- បានបង្កើតកម្មវិធីកម្មសិក្សា ដើម្បីផ្តល់ឱកាសដល់និស្សិតមកពី សកលវិទ្យាល័យ ដើម្បីរៀនធ្វើការ តស៊ូមតិជាមួយ អង្គការសហប្រជាជាតិ ។ ក្នុងនោះ នាង Priscilla Kim Ong មកពីសាកលវិទ្យា ល័យ San Francisco បានមកធ្វើកម្មសិក្សាជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ។ Priscilla មានឱកាសធ្វើការជាមួយនឹងក្រុម គណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) ដើម្បីសរសេរសុន្ទរកថា សម្រាប់ថ្លែងនៅក្នុង វេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ ស្តីពីបញ្ហាជនជាតិដើម (UNPFII) និង យន្តការអ្នកជំនាញ ស្តីពីសិទ្ធិជនជាតិដើម (EMRIP) ។
- បានបញ្ជូនរបាយការណ៍ទៅស្ថានប័នវិភាគទូទៅនៃប្រទេសនានារបស់អង្គការសហប្រជាជាតិ (UNCCA) អំពីស្ថានភាពរបស់ខ្មែរក្រោម ជាពិសេសការរំលោភសិទ្ធិមនុស្ស និងធានាឲ្យបាននូវការ អនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលមិនបណ្ដាយឲ្យរដ្ឋាភិបាលយួនបំបរបង់ខ្មែរក្រោម នៅពីក្រោយវាំងននទៀតឡើយ ។
- បានបញ្ជូនរបាយការណ៍ទៅ EMRIP អំពី សិទ្ធិសម្រេចដោយខ្លួនឯងរបស់ខ្មែរក្រោម ។
- បានបញ្ជូនរបាយការណ៍ទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសេរីភាពខាងសាសនា ឬជំនឿ អំពីការរំលោភសិទ្ធិសេរីភាពសាសនាប្រឆាំងខ្មែរក្រោម ។
- បានសហការជាមួយ អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ដើម្បីបញ្ជូនរបាយការណ៍លម្អិតទៅកាន់នីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការរំលោភបំពានដែលកំពុងបន្តប្រឆាំងនឹងខ្មែរក្រោម ។ ក្នុងរបាយការណ៍នោះ មានរាយការណ៍អំពី ការឃុំខ្លួន លោក យឿង ខៃ ដោយសារគាត់ចែកចាយឯកសាររបស់អង្គការសហប្រជាជាតិ ដូចជា សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ជនជាតិដើម (UNDRIP) និងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស៊ីវិល និងនយោបាយ (ICCPR) ជាដើម ។
- បានចូលរួមសន្និសីទ នៅក្នុង អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន ដោយបណ្ឌិត Joshua Cooper ជាទីប្រឹក្សាជាន់ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
- បានរៀបចំសន្និសីទ Online ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ។
- បានរៀបចំកិច្ចប្រជុំក្រៅឆាក ក្នុងនៅក្នុង វេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម (UNPFII) ។ នេះជាលើកដំបូងហើយ ដែលយុវជនខ្មែរក្រោម បានចូលរួមផ្ទាល់ ពីដែនដីកម្ពុជាក្រោម និងទីក្រុងបាងកក ប្រទេសថៃ ធ្វើជាវាគ្មិន ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ក្នុងការទប់ស្កាត់រដ្ឋាភិបាលយួនរំលោភសិទ្ធិលើខ្មែរក្រោម ។
- បានរៀបចំកិច្ចប្រជុំក្រៅឆាក ក្នុងនៅក្នុងសន្និសីទ ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង Glasgow ប្រទេសស្កុតឡែន ដើម្បីលទ្ធិប្រជាធិបតេយ្យ និងទិវាសិទ្ធិមនុស្សអន្តរជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មនុស្ស ការរំលោភសិទ្ធិ និងបញ្ហានានា ដែលខ្មែរក្រោមបានជួបប្រទះ ក្នុងអំឡុងពេលរាតត្បាត ។
- បានរៀបចំសិក្ខាសាលា ដើម្បីអប់រំយុវជនខ្មែរក្រោម ឱ្យយល់ដឹងអំពីនិរន្តរភាព នៃ គោលដៅអភិវឌ្ឍ (SDGs) ធ្វើឲ្យពួកគាត់មានសមត្ថភាពក្នុងការតស៊ូ ដើម្បីខ្មែរក្រោម ក្នុងនោះ មានការជំរុញឲ្យវៀតណាមអនុវត្តគោលដៅ SDGs នៅដែនដីកម្ពុជាក្រោម ។
- បានចូលរួមកិច្ចប្រជុំ Online ជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក និង ក្រសួងការបរទេស អូស្ត្រាលី ទទួលបន្ទុកខាងកិច្ចការបរទេស និងពាណិជ្ជកម្ម ដើម្បីជម្រាបអំពីការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងខ្មែរក្រោម មុនពេលប្រទេសខាងលើធ្វើកិច្ចសន្ទនា ស្ដីពីសិទ្ធិមនុស្សជាមួយវៀតណាម ។
- បានសហការជាមួយ UNPO ដើម្បីចូលរួមក្នុងកិច្ចប្រជុំ Online នៃកិច្ចសន្ទនាសង្គមស៊ីវិលអឺរ៉ុប-វៀតណាម ស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប-វៀតណាម ។
- បានចូលរួមក្នុងកិច្ចប្រជុំ Online នានា ដែលរៀបចំដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងតំបនអាស៊ី ។
- ចេញសេចក្ដីប្រកាសព័ត៌មាន ដើម្បីឲ្យសហគមន៍អន្តរជាតិបានជ្រាប នៅពេលដែលខ្មែរក្រោមត្រូវប្រឈមមុខនឹងការឃុំខ្លួន ដូចជា ករណី លោក វិញ វ៉ាំង ដែប (Huynh Van Dep) លោក តៀង ដាម (Tien Dam) លោក តៀង ណាម (Tien Nam) លោក យឿង ខៃ (Duong Khai) និង លោក ថាច់ រីន (Thach Rine) ជាដើម ។
- បន្តធ្វើឱ្យប្រសើរឡើងនូវកម្មវិធីផ្សាយរបស់ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ជាភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីឲ្យខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម អាចរៀន និងក្រោកឈរឡើង ក្នុងការប្រើប្រាស់នូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនក្នុងនាមជាម្ចាស់ស្រុក ។
- បានជំរុញឱ្យសមាជិក សមាជិកា និងអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក រៃអង្គាសថវិកា នៅតាមមូលដ្ឋានរបស់ពួកគាត់ ដើម្បីឧបត្ថម្ភដល់ជនរងគ្រោះខ្មែរក្រោម នៅប្រទេសកម្ពុជា ដែនដីកម្ពុជាក្រោម និងប្រទេសថៃ ដែលមានជំងឺ Covid-19 ។
ទោះបីជាមានការប្រឈមនឹងជំងឺរាតត្បាតដែលបណ្តាលឱ្យខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម រស់នៅក្នុងស្ថានភាពងាយរងគ្រោះយ៉ាងណាក៏ដោយ យុវជនខ្មែរក្រោម នៅតែចង់សិក្សា ចង់យល់ដឹងអំពីសិទ្ធិរបស់ខ្លួន ជានិច្ច ។ ពួកគាត់បាននាំគ្នាថតចម្លង និងបានចែកចាយឯកសាររបស់ អង្គការសហប្រជាជាតិ និងបោះពុម្ពអាវយឺត ដើម្បីអបអរសាទរ ទិវានារីអន្តរជាតិ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ដែលភ្ជាប់ជាមួយនឹងពាក្យ «ខ្មែរក្រោម» ។ ទោះត្រូវគេជិះជាន់យ៉ាងណាក៏ក៏ដោយ ក៏យុវជនខ្មែរក្រោម នៅតែក្លាហានបង្ហាញឲ្យពិភពលោកដឹងថា ខ្មែរក្រោម នៅកម្ពុជាក្រោម សព្វថ្ងៃ សូម្បីតែសិទ្ធិជាមូលដ្ឋានក្នុងការយល់ដឹងអំពី សិទ្ធិមនុស្ស ដូចជាឯកសារដែលរបស់អង្គការសហប្រជាជាតិ ក៏ត្រូវរដ្ឋាភិបាល អាណានិគមយួនធ្វើទុក្ខបុកម្នេញដែរ ។
ឆ្នាំថ្មី ២០២២ ខាងមុខនេះ បើទោះបីជាមានឧបសគ្គ និងពិភពលោកអាចនឹងត្រូវប្រឈមមុខចំពោះផលប៉ះពាល់នៃជំងឺរាតត្បាតក្ដី យើងនៅតែបន្តធ្វើដំណើរជទៅមុខជានិច្ច ក្នុងការស្វែងរកយុត្តិធម៌ជូនជនរួមជាតិខ្មែរក្រោម នៅកម្ពុជាក្រោមរបស់យើង ដែលត្រូវរដ្ឋការអាណានិគមយួនបំបិទសំឡេងជាយូរមកហើយ ។
សួស្តីឆ្នាំថ្មី ឆ្នាំ ២០២២ !
ប្រាក់ សេរីវុឌ្ឍ
ប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម