ដោយ សៅ ផលនិស្ស័យ | គេហទំព័រថ្មីៗ
លោក ត្រឹង ដាយ វ៉ាង (Tran Dai Quan) ត្រូវបានសភាវៀតណាមបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋដែលជាមុខងារនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងបក្ស នាថ្ងៃសៅរ៍នេះ ។ កន្លងមកមក ត្រឹង ដាយ វ៉ាង ធ្លាប់បម្រើការងារជាប្រមុខក្រសួងសន្តិសុខសាធារណរបស់វៀតណាម ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua ។

នៅថ្ងៃសៅរ៍នេះ សភាវៀតណាមបានសម្រេចបោះឆ្នោតជ្រើសតាំងរដ្ឋមន្ត្រីសន្តិសុខសាធារណ លោកនាយឧត្តមសេនីយ៍ប៉ូលិស ត្រឹង ដាយ វ៉ាង ឲ្យកាន់តំណែងជាប្រធានរដ្ឋថ្មីដែលជាមុខងារនយោបាយដែលមានអំណាចបំផុតក្នុងបក្ស ។
ការបោះឆ្នោតឲ្យលោកបំពេញមុខងារជាប្រមុខរដ្ឋនេះធ្វើឡើងដោយមានសំឡេងគាំទ្រ ៤៦០ ក្នុងចំណោមសមាជិកសភាសរុបចំនួន ៤៦៥ នាក់ដែលបានបោះឆ្នោតក្នុងអង្គប្រជុំនៃរដ្ឋសភានីតិកាលទី ៣ ។ តាមពិតទៅការសម្រេចជ្រើសតាំងឲ្យលោកកាន់តំណែងកំពូលនេះក្រោយឡើងក្រោយពេលដែលលោកក្លាយជាបេក្ខជនម្នាក់ប៉ុណ្ណោះដែលទទួលបានការគាំទ្រក្នុងសមាជប្រាំឆ្នាំមុខរៀបចំឡើងកាលពីខែមករាកន្លងមក ។
លោក វ៉ាង បានកើតនៅខែតុលា ឆ្នាំ ១៩៥៦ នៅខេត្តភាគខាងជើងណិនបិន (Ninh Binh) ហើយលោកមានសញ្ញាបត្របណ្ឌិត និងមានងារជាសាស្ត្រាចារ្យផងដែរ ។ លោកបានទទួលការសិក្សានៅសាលាបណ្ឌិតសភានគរបាលវៀតណាម និង សាលាវប្បធម៌ និងភាសាអង់គ្លេសដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសន្តិសុខផ្ទៃក្នុងចាប់ពីឆ្នាំ ១៩៧២ ដល់ ឆ្នាំ ១៩៧៥ ។
ចាប់តាំងពីពេលនោះមកលោកបន្តកាន់តំណែងក្នុងស្ថាប័ននយោបាយសំខាន់ៗរបស់វៀតណាមជាបន្តបន្ទាប់រួមទាំងជាសមាជិកការិយាល័យនយោបាយផងដែរ ។ ហើយដល់ឆ្នាំ ២០១១ លោកក៏ត្រូវបានគេជ្រើសតាំងឲ្យបំពេញភារកិច្ចជារដ្ឋមន្ត្រីសន្តិសុខសាធារណ ដែលជាស្ថាប័នទទួលបន្ទុកធ្វើចារកម្ម និងប្រឆាំងរាល់ការគំរាមកំហែងផ្នែកសន្តិសុខពីខាងក្រៅ ឬក្នុងប្រទេសចំពោះគណបក្សកុម្មុយនិស្ត និងជាលេខាធិការនៃនគរបាលកណ្តាលនៃបក្សកុម្មុយនិស្តវៀតណាមផង ។
ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់រដ្ឋមន្ត្រីសន្តិសុខសាធារណនេះស្ថិតក្រោមក្រសែរភ្នែក របស់បណ្តាប្រទេសលោកខាងលិច ។ គេចង់ដឹងថា តើប្រធានរដ្ឋថ្មីនេះមានលទ្ធភាពលើកស្ទួយស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមបានកម្រិតណា ។ ការលើកស្ទួយសិទ្ធិសេរីភាព បញ្ចប់ការធ្វើទុកបុកម្នេញលើសកម្មជនសិទ្ធិមនុស្សនិងសកម្មជននយោបាយ ជាហេតុផលមួយដែលអាចជំរុញឲ្យអាមេរិកបញ្ចប់ការហាមឃាត់ការលក់អាវុធឲ្យវៀតណាមដែរ ។
ហើយពាក់ព័ន្ធនយោបាយការបរទេសឯណោះវិញ គេក៏សង្ឃឹមថា ប្រមុខរដ្ឋវៀតណាមថ្មីនឹងពង្រឹងទំនាក់ទំនងជាមួយអាមេរិកឲ្យកាន់តែប្រសើរ ។ ការងារដំបូងបំផុតរបស់លោកក្នុងវិស័យការទូតគឺជួបជាមួយប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅក្នុងកិច្ចប្រជុំអាស៊ីបូព៌ានៅក្នុងប្រទេសឡាវចុងឆ្នាំនេះ ។
យ៉ាងណាមិញ ការឡើងកាន់តំណែងរបស់លោក ឧត្តមសេនីយ៍ប៉ូលិសវៀតណាមម្នាក់នេះ ជាអ្វីដែលគណបក្សកុម្មុយនីស្តវៀតណាមចង់បាន ។ យោងតាមប្រវត្តិរូបសង្ខេបនិងបទពិសោធន៍ការងារជាភ្នាក់ងារសន្តិសុខជាតិនេះ ជំរុញឲ្យប្រធានាធិបតីនេះនឹងអាចមានសមត្ថភាពនិងលទ្ធភាពការពារសុវត្ថិភាពរបស់គណបក្ស ។ ប៉ុន្តែ យោងតាមស្ថានភាពជាក់ស្តែងតំណែងប្រធានរដ្ឋដូចជាមិនសូវមានឥទ្ធិពលប៉ុន្មានឡើយ បើប្រៀបធៀបជាមួយតំណែងនាយករដ្ឋមន្ត្រី និងលេខាធិការបក្សកុម្មុយនិស្ត ៕