ដោយសឺងសម្រេច | សមាជិកឧត្តមក្រុមប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម
បុព្វហេតុនៃកិច្ចប្រារព្ធទិវាខួបទី ៦៧
បារាំងកាត់កម្ពុជាក្រោមឲ្យស្តេចយួនបាវដាយ (នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ )
ជាការពិតជាក់ស្តែង យើងខ្ញុំជាខ្មែរក្រោម មិនដែលបានប្រកាសអំពីការបាត់បង់ទឹកដីរបស់ខ្លួនឡើយ។ ទឹកដីកម្ពុជាក្រោមនៅតែជារបស់ខ្មែរក្រោម។ ភូមិស្រុក ឈើព្រៃ វត្តអារាម វាលស្រែចំការ ភាសានិយាយ ទំនៀមទម្លាប់ ប្រពៃណី អក្សរសាស្ត្រសាសនា ។ល។ ដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរ យើងជាខ្មែរក្រោមបានតស៊ូខាំស្មៅក្រាញននៀល ការពារមត៌កកេរដូនតារបស់ខ្លួនក្នុងចង្កូមមច្ចុរាជយួនដ៏កាចសាហាវបានជារៀងរហូតមកទល់ពេលនេះ។ ហើយយើងខ្ញុំក៏យល់ដែរថា អ្នកដែលត្រូវប្រកាសការបាត់បង់ទឹកដីនោះ គួរតែជារដ្ឋាភិបាលនៃប្រទេសកម្ពុជាទៅវិញទេ ដោយព្រោះកម្ពុជាក្រោមជាចំណែកនៃទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបារំាងបានកាត់ចេញហើយប្រគល់ទៅឲ្យស្តេចយួន បាវ ដាយ នៅពេលដែលយើងខ្ញុំជាពលរដ្ឋខ្មែរក្រោមត្រូវបានរសាត់អណ្តែតជាមួយដែនដីកំណើតទៅនៅក្រោមការឃុំគ្រងរបស់ប្រទេសវៀតណាមដោយមិនបានដឹងខ្លួនសោះ។

ជាការពិតជាក់ស្តែងដែរ ដែលបរទេសយួនបានរុករានទន្ទ្រានរំលោភបំពានយកដែនដីនៃអាណាចក្រខ្មែរ នៅភូមិភាគជ្រោយខាងត្បូងតាំងពីមុនវដ្តមានរបស់បារាំងនៅភូមិភាគនោះមែន ក៏ប៉ុន្តែជាផ្លូវការទឹកដីនោះនៅតែជាទឹកដីព្រះរាជាណាចក្រនៅឡើយមកទល់ឆ្នាំ ១៩៤៩ ហើយប្រជាពលរដ្ឋខ្មែរនៅលើទឹកដីនោះក៏បានបន្តធ្វើការតស៊ូដោយអាវុធឆ្លើយតបជាមួយរាល់ការឈ្លានពានរបស់កងទ័ពនៃរដ្ឋាភិបាលយួនមិនដែលរាថយឡើយ មានប្រវត្តិនៃការតស៊ូរបស់លោកឧកញ៉ាសឺងគុយជាសក្ខីភាពស្រាប់។ ប៉ុន្តែដោយផលប្រយោជន៍របស់ខ្លួនបារាំងបានឃុបឃិតជាមួយយួនហើយមុននឹងដកខ្លួនចេញពីឥណ្ឌូចិនក៏បានប្រកាសប្រគល់ទឹកដីនោះទៅឲ្យស្តេចយួនដោយគ្មានការយល់ព្រមដឹងឮពីប្រជាពលរដ្ឋខ្មែរទាល់តែសោះ។
ជាការពិតដែរពុំមែនបារាំងទាំងអស់ទេដែលបានព្រមព្រៀងក្នុងការកាត់ទឹកដីខ្មែរប្រគល់ទៅឲ្យយួននាពេលនោះ។ អ្នកតំណាងរាស្ត្របារាំងដែលមានយុត្តិធម៌មួយចំនួន ក្នុងនោះមានលោក រ៉ឺណេ កាពីតង់ (Rene Capitant) បានខំធ្វើការតស៊ូមតិដើម្បីការពារផលប្រយោជន៍ខ្មែរដែរ ដោយបានពន្យល់ដល់រដ្ឋាភិបាលបារាំងមានសេចក្តីដូច្នេះថា ’’ជាងផលប្រយោជន៍ទៅទៀត កម្ពុជាមានសិទ្ធិនៅកូស័ងស៊ីន…ជនជាតិខ្មែរភាគតិច ចង់ថែរក្សានូវវិសេសនិយម (មានន័យថាចង់រស់ក្នុងភាពថ្លៃថ្នូរដាច់ដោយឡែក ប្រកបដោយសេចក្តីស្ងប់ស្ងៀមក្នុងនាមពូជសាសន៍ខ្មែរ) ក្នុងស្វ័យភាពរបស់គេ”។ អ្នកតំណាងរាស្ត្ររូបនេះបានជួយតវ៉ាទៀតថា“បារាំងនិងសហភាពបារាំង ត្រូវតែបំពេញករណីយកិច្ចរបស់ខ្លួនចំពោះប្រទេសកម្ពុជា គឺករណីយកិច្ចការពារ ធានាភក្តី និងដឹងគុណដល់រដ្ឋមួយ ដែលបានបង្ហាញនូវភាពទៀងត្រង់ និងស្មោះត្រង់ជានិច្ចចំពោះខ្លួន’’(១)។ ចំណែកលោក ប៉ូល កុស្ត ផ្លូរ៉េ រដ្ឋមន្ត្រីក្រសួងនាយសមុទ្របារាំង បានធានាដល់គណប្រតិភូខ្មែរ ព្រមទាំងបានជូនដំណឹងដល់ព្រះមហាក្សត្រខ្មែរ ពីកិច្ចព្រមព្រៀងរវាងលោកប្រធានាធិបតីបារាំង វ៉ាំងសង់ អូរីយ៉ូល(Vincent Auriol)និងស្តេចយួន បាវ ដាយ ចុះថ្ងៃទី ៨ ខែមិនា ឆ្នាំ១៩៤៨ ផង ដែលមានន័យថាៈ ’’ការត្រួតត្រាទៅលើជនជាតិដែលមិនមែនយួន ហើយដែលបានរស់នៅតាំងតែពីយូរយារណាស់មកហើយ នៅលើទឹកដីដែលទើបនឹងកំណត់ថ្មីថាជាទឹកដីរបស់វៀតណាមនោះ ហើយដែលឋិតនៅក្រោមការត្រួតត្រារហូតមករបស់អាណាចក្រអណ្ណាម នឹងត្រូវផ្តល់ឱ្យមានលក្ខន្តិកៈពិសេសចំពោះអ្នកទាំងនោះ ដោយអធិរាជ បាវ ដាយ។ លក្ខន្តិកៈនេះនឹងត្រូវកំណត់ឡើង ដោយមានការយល់ព្រមពីរដ្ឋាភិបាលបារាំងផង នៅក្នុងការគោរពប្រពៃណីនិងទំនៀមទម្លាប់របស់គេ។ ក្នុងការចរចារគ្នារវាងកម្ពុជា-បារាំង គណប្រតិភូបារាំងបានស្នើសុំឲ្យបញ្ចូលក្នុងសន្ធិសញ្ញា នូវខដែលមានសារសំខាន់មួយគឺផ្នែកខាងបារាំង រដ្ឋាភិបាលសូមបញ្ជាក់ថា ខសំខាន់នៃសន្ធិសញ្ញាបារាំង-វៀតណាម ស្តីពីជនភាគតិចនៅលើទឹកដីវៀតណាមក៏ត្រូវអនុវត្តន៍ដែរចំពោះជនជាតិខ្មែរភាគតិច(ខ្មែរក្រោម) ហេតុដូច្នេះលក្ខន្តិកៈនេះនឹងត្រូវធ្វើឡើង ដោយមានការយល់ព្រមពីរដ្ឋាភិបាលបារាំង ក្នុងការការពារប្រពៃណីនិងទំនៀមទម្លាប់របស់ពួកគេ។ ម្យ៉ាងទៀត រដ្ឋាភិបាលបារាំងសន្យាគាំទ្រប្រជាពលរដ្ឋខ្មែរ ចំពោះការប្រើប្រាស់ដោយសេរី នូវទន្លេមេគង្គ និងកំពង់ផែព្រៃនគរ(កិច្ចប្រជុំសភាបារាំង និតិកាលថ្ងៃទី២១ ឧសភាឆ្នាំ១៩៤៩ ស្តីពីលក្ខន្តិកៈកូស័ងស៊ីន)(២)។ចំណែកលោក ម៉ាក រុកកាត(Mark Rucat) ដែលជាអ្នកនាំសារគណកម្មការបារាំងនាយសមុទ្រ បានជំរាបសភាបារាំងថាៈ’’គណកម្មការបានបញ្ចូលក្នុងគម្រោងច្បាប់វិញ ពីការទាមទាររបស់ខ្មែរ តាមគំនិតរបស់សភាសហភាពបារាំង។ ការទាមទារនេះ វាមិនគ្រាន់តែទាមទារតាមច្បាប់ទេ លើសពីនេះទៅទៀត យើងយល់ថា វាមកពីប្រទេសមួយដែលស្មោះត្រង់នឹងយើងរហូត នៅពេលលំបាកក៏ដូចជានៅពេលសប្បាយរីករាយ។ យើងកំពុងតែធ្វើឱ្យកម្ពុជា ស្តាយខ្លួនមកពីការទុកចិត្តលើយើង និងបានស្ម័គ្រចិត្តចូលមុនគេជាសមាជិកសហភាពបារាំង…’’។ល។

ប៉ុន្តែវាជាគួរឲ្យសោកស្តាយនិងឈឺចាប់ណាស់ដែលការជួយទាមទារតវ៉ារបស់បារាំងដែលមានគតិយុត្តិធម៌ខាងលើនេះ បានត្រឹមតែបង្ហាញថាវាគ្មានទេនូវយុត្តិធម៌សោះឡើយចំពោះខ្មែរក្រោមព្រោះនៅទីបំផុត យួនត្រូវបានទទួលជោគលាភជាដីដ៏មានជីរជាតិនៅតំបន់សន្តនៃទន្លេមេគង្គដែលបានត្រូវពុះច្រៀកចេញពីកម្ពុជា ហើយប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដ៏ច្រើនលាននាក់ក៏បានត្រូវគេកាត់ផ្តាច់ ពីមាតុភូមិកំណើតឲ្យទៅរស់នៅក្រោមនឹមដែករបស់គូសត្រូវធ្លាប់ប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមម្ខាងជាអ្នកឈ្លានពានម្ខាងជាអ្នកការពារខ្លួន ហើយក៏មានន័យមិនខុសពីដៃម្ខាងត្រូវបានកាត់ចេញពីដងខ្លួនរួចបោះទៅឲ្យសត្វខ្លាស្រេកឈាមនោះឡើយ ។
មុននឹងកម្ពុជាក្រោមត្រូវបានបារាំងផ្ទេរជាផ្លូវការទៅយួនបាវដាយ នៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៤៩ នោះដែរយើងក៏គួរវិលក្រោយដើម្បីរំលឹកអំពីប្រវត្តិដែលមិនអាចភ្លេចបាន ៣០០ ឆ្នាំមុនគឺនៅឆ្នាំ ១៦៤៩ ជាកាលបរិច្ឆេតផុតកំណត់ដែលព្រះចៅអណ្ណាមកុកដែលបានសុំខ្ចីយកខេត្រកោះក្របីព្រៃនគរដើម្បីសមហាត់សេនាទាហានត្រឹមតែ ៥ ឆ្នាំសោះហើយដែលព្រះមហាក្សត្រខ្មែរបានផ្ញើព្រះសារលិខិតទៅស្តេចយួន ដើម្បីឲ្យដកយកទ័ពចេញវិញប៉ុន្តែត្រូវស្តេចយួនសុំអង្វរបន្តការសុំដីហាត់ទ័ពតទៅទៀតសិន ព្រោះសង្គ្រាមដែលខ្លួនកំពុងតែជាប់ដៃប្រយុទ្ធតជាមួយចិននាពេលនោះមិនទាន់ចប់នៅឡើយ។ គឺដោយសារមិត្តភាពក្លែងក្លាយនឹងអតុល្យភាពផ្នែកកម្លាំងទ័ពនោះឯង ដែលយួនបានយកលេសបញ្ជូនជនស៊ីវិលនិងកងទ័ពមកតាំងទីនៅលើទឹកដីកម្ពុជាក្រោម។ ផែនការរបស់យួនពិដើមក៏ដូចពេលនេះគឺបញ្ជូនជនស៊ីវិលមកមុនរួចក៏ចាត់តាំងរដ្ឋអំណាចមកតាមក្រោយ។ គឺពេលនោះឯងដែលផែនការយួនក៏បានជួបនឹងការតស៊ូបង្ហូរឈាមរពីសំណាក់ព្រះវិរសមណ: វិរជន និងពលរដ្ឋស្នេហាជាតិរបស់ខ្មែរមានប្រវត្តិនៃវិរបុរសឧកញ៉ាសឺងគុយជាចៅហ្វាយខេត្តព្រះត្រពាំងក្នុង គ.ស. ១៨២០ ដែលខ្មែរភាគច្រើនបានចងចាំជានិច្ចនោះ។ដូច្នេះរហូតដល់ពេលដែលបារាំងបានចូលមកយកធ្វើជា”កូស័ងស៊ីនបារាំងសេស”នៅឆ្នាំ១៨៤៩ខ្មែរមិនដែលបានបោះបង់ចោលទឹកដីរបស់ខ្លួនឡើយ។

ព្រឹត្តិការណ៍ជាបន្តមកទៀតនៅឆ្នាំ១៩៨៦ ព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ ក៏នៅតែបានបញ្ជាក់ក្នុងព្រះបន្ទូលថាៈ’’ ខ្ញុំមិនដែលទទួលយកតាមផ្លូវច្បាប់ ថាអំពើរបស់វៀតណាមទៅលើទឹកដីកម្ពុជាក្រោម ជារឿងមួយដែលមិនអាចវិលថយក្រោយមកវិញនោះទេ’’(៣)។ ទាក់ទងនឹងនិរន្តរភាពនៃការមិនដែលបានបោះបង់ដែនដីកម្ពុជាក្រោមដែរយើងខ្ញុំសូមភ្ជាប់នូវព្រះរាជសារនៃព្រះមហាវិរក្សត្រនរោត្តមសីហនុទាំងស្រុងមកជាមួយក្នុងឧបសម្ពន្ធ(៤)។
ព្រះសង្ឃជាទីគោរពសក្ការ:!
បងប្អូនរួមជាតិជាទីមេត្រី !
នៅពេលដែលរដ្ឋាភិបាលយួន នៅតែព្យាយាមលប់បំបាត់ចោលនូវប្រវត្តិសាស្ត្រពិតហើយសរសេរប្រវត្តិសាស្ត្រប្រឌិតថ្មីកិច្ចប្រារព្ធពិធីរំលឹកខួបនៃការផ្ទេរដែនដីកម្ពុជាក្រោមជារៀងរាល់ឆ្នាំមានសារសំខាន់ខ្លាំងណាស់សំរាប់ជនជាតិខ្មែរគ្រប់ជំនាន់និងគ្រប់ទិសទី។ យើងជាជនជាតិខ្មែរមិនអាចបណ្តែតបណ្តោយឲ្យជាតិណាមួយកែក្រឡៃប្រវត្តិសាស្ត្រយើងបានឡើយ។ មកទល់ពេលនេះទន្ទឹមនឹងការឈឺចាប់ និងការសោកស្តាយយើងក៏មានសេចក្តីរីករាយដែរដោយព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះកំពុងតែមានន័យស៊ីជម្រៅក្នុងបេះដូងខ្មែរគ្រប់ៗ រូបមិនថាជាខ្មែរក្រោមឬខ្មែរកណ្តាលឡើយ។ កិច្ចប្រារព្ធពិធីរំលឹកខួបនេះពិតជាបានដាស់សតិខ្មែរគ្រប់ជ្រុងជ្រោយនៃពិភពលោក ជាពិសេសនៅទឹកដីកម្ពុជាក្រោមតែម្តងឲ្យមានឧត្តមគតិស្នេហាជាតិមាតុភូមិកាន់តែខ្លាំងហើយចូលរួមជួយដោះស្រាយបញ្ហាទឹកដីខ្មែរជាមួយគ្នាទាំងចំពោះទឹកដី ដែលត្រូវបានកាត់ចេញទាំងការថែរក្សាទឹកដីដែលនៅសេសសល់។ក្នុងបរិបទនេះយើងទាំងអស់គ្នាជាសមាជិក-សមាជិកានៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏មាននូវមោទនភាពចំពោះការងារដែលបានបំពេញកន្លងមកហើយ នឹងខិតខំរួមដៃក្នុងការងារចំពោះមុខរបស់យើងទាំងអស់គ្នានាពេលនេះរួមដៃតស៊ូមតិតាមរបៀបអហឹង្សា ដើម្បីឲ្យរដ្ឋាភិបាលនៃប្រទេសយៀកណាមគោរពនូវសិទ្ធិសេរីភាពរបស់ខ្មែរជាជនជាតិដើម ដែលកំពុងរស់នៅកម្ពុជាក្រោម តាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមដែលរដ្ឋាភិបាលយួនជាហត្ថលេខីស្រាប់។ ចំណែកអង្គការសមាគមនានាក៏តែងផ្តល់អនុសាសន៍ ចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ជីវិតរស់នៅរបស់ព្រះសង្ឈ ក៏ដូចជាពលរដ្ឋខ្មែរក្រោមដែលបានចាកចេញពីកម្ពុជាក្រោមមករស់នៅជ្រកកោនក្នុងទឹកដីកម្ពុជាដែរ ។

លោកប្រធានាធិបតីអាមេរិកាំងហ្រ្វែងគ្លិន បិន បានប្រាប់យើងថា អ្នកដែលបោះបង់សេរីភាពគ្រឹះដោយដូរយកសេរីភាពគេអោយបន្តិចបន្តួច អ្នកទាំងនោះនឹងបាត់បង់ទាំងពីរ។ យើងជាខ្មែរក្រោមមិនត្រូវភាន់ច្រឡំទទួលយកសេរីភាពរបៀបបោកបញ្ឆោតពីរដ្ឋាភិបាលយៀកណាមទេ ប៉ុន្តែយើងត្រូវតែប្តេជ្ញាចិត្តទាមទារយកសិទ្ធិសេរីភាពជាជនជាតិដើមទាំងស្រុងព្រមទាំងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងឲ្យទាល់តែបាន ។
ជយោ ! កម្ពុជាក្រោម !
ធ្វើនៅទីក្រុងឡងប៊ីចថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០១៦
កំណត់សំគាល់ៈ (១) (២) (៣) យោងតាមសៀវភៅ’’កម្ពុជាក្រោម អំណាចគ្មានខ្មែរក្រោម’’ ឯកសារប្រវត្តិសាស្ត្រ និពន្ធចងក្រងដោយលោក ត្រាំងឆាត ប៊ុត បោះពុម្ពនៅឆ្នាំ២០០៥។ (៤)ព្រះរាជសាររបស់ព្រះមហាវិរក្សត្រនរោត្តមសីហនុ)