ពីប្រទេសបារាំង អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ វៀន កាលពីថ្ងៃទី ១០ មេសា ឆ្នាំ ២០១៥ បានផ្ញើសារប្រគេន និងជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរក្រោម ដែលរស់នៅគ្រប់ទិសទី ទូទាំងពិភពលោក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ មមែ សប្ដស័ក ព. ស. ២៥៥៩ គ. ស. ២០១៥ ដែល នឹងឈានមកដល់ នៅថ្ងៃទី ១៤ ខែមេសា ខាងមុខនេះ ។

សារជូនពរឆ្នាំថ្មីនេះ មានសេចក្ដីថា៖
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ ឆ្នាំមមែ-សម្តស័ក ព. ស. ២៥៥៩ គ. ស. ២០១៥ តាងនាម សហពន្ធខ្មែរកម្ពុជាក្រោមពិភពលោក និងសហសេវិកទាំងអស់ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមប្រគេន និងជូនពរសេរីសួស្តីជ័យមង្គលមកដល់ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនរួមជាតិទាំងអស់ ដែលកំពុងរស់នៅគ្រប់ទិសទីទូទាំងសាកលលោក ហើយដែលកំពុងបំពេញកាត្វកិច្ចយ៉ាងមមាញឹក ទាំងកម្លាំងកាយ ចិត្ត ថវិកា និងស្មារតី ក្នុងបុព្វហេតុ ជាតិ មាតុភូមិ សូមប្រកបតែ និងសេចក្តីសុខ និងសេចក្តីចម្រើន ជាភិយ្យោភាព ។
សូមបារមីនៃទេវតាឆ្នាំថ្មី ជួយផ្តល់ឥទ្ធិពល និងការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំអង្គការសហព័ន្ធ និងសមាគមខ្មែរកម្ពុជាក្រោម គ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ឲ្យមានសុឆន្ទៈសាមគ្គីជាតិ ប្រឆាំង និងអំពីឃោឃៅ-ប្រល័យពូជសាសន៍ ដើម្បីសេរីភាពក្នុងការតស៊ូ ឆ្ពោះទៅរក «ការសម្រេចវាសនាខ្លួន ដោយខ្លួនឯង» ដែលកំពុងប្រព្រឹត្តិទៅសព្វថ្ងៃនេះ ។
ក្នុងឱកាសឆ្នាំថ្មីនេះដែរ យើងខ្ញុំព្រះករុណា ខ្ញុំបាទក៏សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធនៃព្រះវិរសមណ និងវីរបុរស-ស្ត្រីខ្មែរ មកសណ្ឋតលើមនសិការកូនខ្មែរគ្រប់ៗ រូប ឲ្យមានស្មារតីក្លាហាន ចូលរួមដោយស្មោះ តស៊ូមតិ ដោយសន្តិវិធីជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោម តាមគោលការណ៍សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ៕
ធ្វើនៅទីក្រុងប៉ារិស ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥
លោក ថាច់ វៀន
អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម