សំនួរ និង​ចម្លើយ​ខ្លះ ៗ អំពី​បុណ្យមាឃបូជា​

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

អតីតសាស្រ្តាចារ្យវិជ្ជាស្ថានពុទ្ធសាសនាខ្មែរនៅទីក្រុងព្រែកឫស្សី

កម្មវិធីប្រលងនៅកម្ពុជាក្រោម ។
កម្មវិធីប្រលងនៅកម្ពុជាក្រោម ។

១. សំនួរ : បុណ្យមាឃបូជា​បានន័យថា​ដូចម្តេច ?

ចម្លើយ : ការធ្វើ​បូជា​ក្នុង​ខែមាឃ ។ ឈ្មោះ​បុណ្យ​មួយ​សម្រាប់​ពុទ្ធសាសនា ធ្វើ​ក្នុង​ថ្ងៃពេញបូណ៌មី​ខែមាឃ (​វចនានុក្រម​) ។​

២. សំនួរ : បុព្វហេតុ​អ្វី​បានជា​ពុទ្ធសាសនិក​ទូទាំង​សកលលោក​ត្រូវ​ប្រារព្ធ បុណ្យមាឃបូជា នៅ​រាល់ថ្ងៃ ពេញបូណ៌មី​ខែមាឃ ? តើ​គេ​ប្រារព្ធ​យក​នូវ​ហេតុ​កាណ៍​អ្វី ?

​ច​. ប្រារព្ធ​នូវ​ហេតុ ៣ ប្រការ ដែល​កើតឡើង​ក្នុង​ពុទ្ធសម័យ គឺ​
​ទី ១. រំឭក​ដល់​សាវក​សន្និបាត​នៃ​ព្រះ​សម្ពុទ្ធ ដែល​ហៅថា​ចតុរង្គសន្និបាត​
​ទី ២. រំឭក​ដល់​ការប្រកាស​សំដែង​ឱវាទ​ប្បាដិមោក្ខ​នៃ​ព្រះ​សម្ពុទ្ធ​
​ទី ៣. រំឭក​ដល់​ការដាក់​អាយុសង្ខារ​នៃ​ព្រះ​សម្ពុទ្ធ ។​

៣. សំនួរ : តើ​ហេតុ​ទាំង ៣ នោះ​មាន​សារសំខាន់​យ៉ាងណា​ក្នុង​ពុទ្ធសាសនា ?
​ចម្លើយ : មាន​សារសំខាន់​យ៉ាង​ក្រៃលែង ដោយ​ន័យ​ដូច្នេះ​
​ទី ១. រំឭក​ដល់​ចតុរង្គសន្និបាត ការប្រជុំ​សាវ័ក​ជា​របៀប​ចតុរង្គសន្និបាត​ដូច្នេះ ក្នុង​ពុទ្ធកាល​នៃ​ព្រះ​សម្ពុទ្ធ សមណគោតម នៃ​យើង​មានតែ​ម្តងគត់ ។ ត្រូវបាន​ធ្វើឡើង​នូវ​ថ្ងៃពេញបូណ៌មី​ខែមាឃ ខាងដើម​នៃ​បឋម ពោធិ កាល គឺ​ក្រោយពី​ព្រះ​សម្ពុទ្ធ​ត្រាស់​ដឹងបាន ចំនួន ៩ ខែ គឺ​រាប់​ពី​ពេញបូណ៌មី ខែវិសាខ មកទល់នឹង​ពេញបូណ៌មី ខែមាឃ ចំនួន ៩ ខែ​គត់ បើ​គិត​ជា​ឆ្នាំ​តាំងពី​ពេលនោះ​មកដល់​ពេលបច្ចុប្បន្ន នេះ​ចំនួន ២៦០៤ ឆ្នាំ​ហើយ (​ក្នុងអំឡុងពេល ២៦ សតវត្សរ៍ និង​ឆ្នាំ​ទី ៤ នៃ​ដើម​សតវត្ស​ទី ២៧) ។ បុណ្យមាឃបូជា​ប្រវត្តិសាស្ត្រ​មាន​អត្ថន័យ​សំខាន់​ជា​ពន់ពេក​ក្នុង​ពុទ្ធចក្រ បើ​ប្រដូច​ទៅនឹង​អាណាចក្រ ការណ៍​នេះ​ប្រៀបដូចជា​ប្រវត្តិសាស្ត្រ​នៃ​ការប្រជុំ​សភា​លើកដំបូង​របស់​ប្រទេស​ឯករាជ្យ​មួយ បន្ទាប់ពី​ជ័យជម្នះ​ដណ្តើមបាន​ឯករាជ្យ​ពី​អាណានិគមនិយម​ផ្តាច់កា​រណា​នីមួយ ។​

​ចំណែកឯ​ក្នុង​ពុទ្ធចក្រ​គឺជា​ចតុរង្គសន្និបាត លើកដំបូង​បង្អស់ (​ហើយក៏​ជា​លើកចុងក្រោយ ព្រោះ​មានតែ ម្តង គត់ ក្នុងអំឡុង​ពុទ្ធសម័យ ៤៥ វស្សា​) បន្ទាប់ពី​ព្រះ​សម្ពុទ្ធ​ទ្រង់​ឈ្នះ​លើស​ត្រូវ​គឺ​មារ ដែល​រួមមាន កិលេស​មារ​, សង្ខារ​មារ​, ខន្ធ​មារ​, ទេវបុត្ត​មារ​, មច្ចុ​មារ ជា​គម្រប់ ៥ ហើយ ដណ្តើមបាន​ឯករាជ្យ​លើ អាណានិគម និយម​តណ្ហា ដែល​បាន​ត្រួតត្រា​លើ​ទ្រង់​អស់កាល​មួយ​សង្សារវដ្ត​មកហើយ ទីបំផុត​ទ្រង់​បាន​រើរួច​ពី​របប​តណ្ហា​ផ្តាច់ការ​នេះ ដោ​យម​ជ្ឈិ​មា​បដិបទា ជា​មាគ៌ា​អហិង្សា ជា​មាគ៌ា​សន្តិវិធី នាំ​ឲ្យ​បាន​នូវ​សន្តិភាព និង​ឯករាជ្យ​ជា​ស្ថាពរ ដែល​ភាសា​ពុទ្ធសាសនា​ហៅថា ព្រះ​និព្វាន​ជាទីបំផុត​ទុក្ខ ព្រោះ​បាន​ផ្តាច់បង់​ឫសគល់​តណ្ហា​អស់ជើង សម​ដូចជា​ព្រះពុទ្ធ​តម្រាស់​ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់ ត្រាស់​នឹង​រា​ធៈ ក្នុង​រា​ធ​សំ​យុត្ត មារ​វគ្គ ទី ១ ព្រះ​សុត្តន្តបិដក (​ខ្មែរ​) ភាគ​ទី ៣៤ ទំព័រ ៧៥ ថា “​ត​ណ្ហ​ក្ខ​យោ ហិ រា​ធ និព្វាន​ន្តិ ម្នាល​រា​ធៈ ព្រោះថា ការ​អស់​ទៅ​នៃ​តណ្ហា ឈ្មោះថា​ព្រះ​និព្វាន​” ។​

ទី ២. រំឭក​ដល់​ការប្រកាស​សំដែង​ឱវាទ​ប្បាដិមោក្ខ​នៃ​ព្រះ​សម្ពុទ្ធ​, ពាក្យ​ថា​ឱវាទ​ប្បាដិមោក្ខ បានសេចក្តីថា បាដិមោក្ខ​ជា​ឱវាទ​គឺ​បាលី ៣ គាថា​កន្លះ​ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ទ្រង់​ប្រទាន​ឱវាទ​ប្រកាស​ពុទ្ធសាសនា ដោយ​សង្ខេប (​វចនានុក្រម​) ដូច​ដែលមាន​ក្នុង​សុត្តន្តបិដក (​ខ្មែរ​) គម្ពីរ​ទីឃនិកាយ ម​ហាប​ទាន​សូត្រ ភាគ​ទី ១៦ ទំព័រ ១០៣ ជា​គោល​ចារឹក​ដូច្នេះ​

“​ខ​ន្តិ បរមំ ត​បោ តី​តិ​ក្ខា​
​និ​ព្វា​នំ បរមំ វទ​ន្តិ ពុទ្ធា​
​ន ហិ បព្វ​ជិ​តោ ប​រូប​ឃា​តី​
​សម​ណោ ហោ​តិ ប​រំ វិ​ហេ​ឋ​យ​ន្តោ​។​

​ប្រែ​ថា : អធិវាសន​ខន្តី ពោលគឺ​សេចក្តី​អត់ធន់ ជា​តបធម៌ ដ៏​ឧ​ត្ត​ម ព្រះពុទ្ធ​ទាំងឡាយ តែង​ត្រាស់​ថា ព្រះ​និព្វាន ជា​ធម៌​ដ៏​ឧ​ត្ត​ម បព្វជិត​អ្នក​សម្លាប់សត្វ​ដទៃ បៀតបៀន​សត្វ​ដទៃ មិន​ឈ្មោះថា សមណៈ​ឡើយ ។​

សព្វ​បាប​ស្ស អករ​ណំ កុសល​ស្សូប​សម្បទា​
​ស​ចិត្ត​បរិ​យោទ​ប​នំ ឯ​តំ ពុទ្ធា​ន​សា​សនំ​។​

ប្រែ​ថា : ការមិនធ្វើ​អំពើ​បាប​ទាំងពួង ការបំពេញ​កុសល ការញ៉ាំង​ចិត្ត​របស់ខ្លួន​ឲ្យ​ផូរផង់ ទាំង ៣ នេះ ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ ។​

​អនូ​ប​វា​ទោ អនូ​ប​ឃា​តោ បា​តិ​មោ​ក្ខេ ច សំ​វរោ​
​មត្តញ្ញុតា ច ភត្ត​ស្មឹ បន្ត​ញ្ច សយនា​សនំ​
​អ​ធិ​ចិ​ត្តេ ច អា​យោ​គោ ឯ​តំ ពុទ្ធា​ន​សាសន​ន្តិ​។​

​ប្រែ​ថា : ការមិន​ពោល​តិះដៀល ការមិន​បៀតបៀន ការ​សង្រួម​ក្នុង​បាតិមោក្ខ ភាវៈ​ជា​អ្នកដឹង​ប្រមាណ ក្នុង​ភត្ត ទី​ដេក​ទី​អង្គុយ​ដ៏​ស្ងាត់ ការបំពេញ​ព្យាយាម ក្នុង​អធិចិត្ត​ទាំង ៦ នេះ​ជា​ពាក្យ​ប្រដៅ របស់​ព្រះពុទ្ធ​ទាំងឡាយ​” ។​

ការប្រកាស​នូវ​ឱវាទ​ប្បាដិមោក្ខ​របស់​ព្រះ​សម្ពុទ្ធ​នោះ គឺជា​ការប្រកាស​សាសន​ធម្មនុញ្ញ​ក្នុង​ពុទ្ធសាសនា ឬ​ក្នុង​ពុទ្ធចក្រ​នេះ ដែលមាន​ការប្រៀបធៀប​ដូចជា​ប្រកាស​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេសមួយ​ដូច្នោះ​ដែរ ។ ហេតុ ដូច្នេះ បើតាម​ធម្មតា​ប្រជាពលរដ្ឋ​នៃ​ប្រទេសជាតិ​នីមួយ ៗ ក្នុង​លោក តែងតែ​ធ្វើបុណ្យ​អបអរសាទ រ​រំឭក​ទិវា​ឯករាជ្យ​និង​ទិវា​បង្កើត ឬ​ប្រកាស​រដ្ឋធម្មនុញ្ញ​របស់​ជាតិ​ខ្លួន​, យ៉ាងណាមិញ ; សកល​ពុទ្ធ​ជន ទូទាំង​សកលលោក ធ្វើបុណ្យ​មាឃបូជា​រំឭក​ដល់​សាវក​សន្និបាត និង​ការប្រកាស​ឱវាទ​ប្បាដិមោក្ខ ជា​សាសន​ធម្មនុញ្ញ​របស់​សាសនា​ខ្លួន ក៏​យ៉ាង​នោះដែរ ។​

​បើ​សិក្សា​ឲ្យ​ជ្រាលជ្រៅ​ទៅ យើង​នឹង​បាន​ឃើញថា ឱវាទ​ប្បាដិមោក្ខ​គឺជា​បទ​ប្រដៅ​សីលធម៌​កំពូល​លើ បទ​អប់រំ​សីលធម៌​ទាំងអស់ ។ លើស​ជាងនេះទៅទៀត ឱវាទ​ប្បាដិមោក្ខ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់ ព្រះ​សម្ពុទ្ធ ចំពោះតែ​ភិក្ខុសង្ឃ​ដាច់ដោយឡែក ឬ​ជា​សាសន​ធម្មនុញ្ញ​របស់​ពុ​ទ្ធ​សាសនា ដាច់ដោយឡែក តែ មួយ​មុខ​នោះ ក៏​មិន​មែនដែរ គឺជា​ពាក្យ​ប្រៀនប្រដៅ​ជាស​កល ជា​ធម្មនុញ្ញ​សកល​ដើម្បី​សីល ធម៌​សកល វឌ្ឍនធម៌​សកល សន្តិ​ធម៌​សកល សុខធម៌​សកល សាមគ្គី​សកល ព្រោះ​គ្មាន​បទ​អប់រំ​ឬ​ពាក្យ ប្រៀន​ប្រ ដៅ នៃ​សាសនា​ណា​នីមួយ ឬក៏​ច្បាប់​បញ្ញត្តិ រដ្ឋធម្មនុញ្ញ នៃ​ប្រទេស រដ្ឋ ណា​នីមួយ ឲ្យ​ប្រសើរ​លើស ឬ​នៅក្រៅ​ក្របខណ្ឌ​នៃ​ឱវាទ​ប្បាដិមោក្ខ របស់​ព្រះ​សម្ពុទ្ធ​ឡើយ ។​

​ទី ៣. រំឭក​ដល់​ថ្ងៃ​ព្រះ​សម្ពុទ្ធ​ទ្រង់​ដាក់​អាយុសង្ខារ ។ ក្នុង​សុត្តន្តបិដក (​ខ្មែរ​) គម្ពីរ​ទីឃនិកាយ មហា​បរិ​ព្វា​ន​សូត្រ ទំព័រ ២២៤ ចែងថា ព្រះ​សម្ពុទ្ធ​ទ្រង់​ដាក់​អាយុសង្ខារ​តាម​ការទទូច យ៉ាង​ចចេស​របស់ មារ​ដូច្នេះ​ថា “​ម្នាល​មារ​មានចិត្ត​បាប ចូរ​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ចុះ ការ​បរិនិព្វាន​របស់​ត ថាគ​ត មិនយូរប៉ុន្មាន​ទេ កន្លង ៣ ខែ​អំពី​ថ្ងៃនេះ​ទៅ តថាគត​នឹង​បរិនិព្វាន​ហើយ​” ។​

៤. សំនួរ : តើ​ឱវាទ​ប្បាដិមោក្ខ​ដែលមាន​សេចក្តី​ថា ជា​ឱវាទ​ប្រកាស​ពុទ្ធសាសនា​ដោយ​សង្ខេប តើ​បាន សេច ក្តី​យ៉ាងណា ?

​ចម្លើយ : ព្រះពុទ្ធសាសនា ដែលមាន​ធម្ម​វិន័យ​ទាំងអស់​ចំនួន ៨៤០០០ ធម្មក្ខន្ធ (​ព្រះធម៌ ៨ ហ្មឺន ៤ ពាន់ ធម្មក្ខន្ធ​) ដូចជា​ពាក្យ​ព្រះ​អានន្ទ​ជា​ពុ​ទ្ធុ​ប្ប​ដ្ឋា​កបាន​ពោល​ទុក​ក្នុង​សុត្តន្តបិដក (​ខ្មែរ​) គម្ពីរ​ខុ​ទ្ទក​និកាយ ថេរ​គាថា ភាគ ទី ៥៧ ទំព័រ ៩៤ ជា​ហ្លាក់ឋាន​ដូច្នេះ​ថា​

“​ទ្វា​សី​តិ ពុទ្ធ​តោ គ​ណ្ហឹ ទ្វេ សហ​ស្សានិ ភិក្ខុ​នោ​
​ចតុ​រាសី​តិ សហ​ស្សានិ យេ មេ ធ​ម្មា បវត្តិ​នោ​

​ប្រែ​ថា : សាសនធម៌​ទាំងឡាយណា ដែល​ប្រព្រឹត្តទៅ (​ក្នុង​ហឫទ័យ​) របស់ខ្ញុំ សាសនធម៌​ទាំងឡាយ​នោះ មាន ៨៤០០០ ធម្មក្ខន្ធ ខ្ញុំ​បាន​រៀន​អំពី​ព្រះពុទ្ធ ៨២០០០ ធម្មក្ខន្ធ អំពី​ពួក​ភិក្ខុ ២០០០ ធម្មក្ខន្ធ​” ។​

​បើតាម​ន័យ​នេះ​ធម៌​វិន័យ​ក្នុង​ពុទ្ធសាសនា​ពិត​ជាមាន​ចំនួន​ច្រើន​ជា​អនេកប្បការ យើង​គេ​ទាំងឡាយ មិន​ងាយ​នឹងសិក្សា​ឲ្យ​ចេះ​ចាំ​យល់​ចូលចិត្ត​ដូច​ព្រះ​អានន្ទ ជា​ពហុស្សូត​ឃ្លាំង​ធម៌​នោះទេ ហើយ​កម្រ នឹង​ប្រតិបត្តិ​ឲ្យ​ដិតដល់​សព្វគ្រប់ តែ​យើង​អាច​សិក្សា និង​ប្រតិបត្តិ សេចក្តី​សង្ខេបនៃ​ពុទ្ធសាសនា ដោយ​សិក្សា​ត្រឹមតែ​ឱវាទ​ប្បាដិមោក្ខ ៣ គាថា​កន្លះ ឬ ត្រឹមតែ​ពុទ្ធោវាទ ៣ ប្រការ គឺ​ទី ១ មិន​ធ្វើបាប​ទាំងពួង​, ២ បំពេញ​បុណ្យ​កុសល​សុចរិត​, ៣ ជម្រះចិត្ត​ឲ្យ​ល្អ​បរិសុទ្ធ ដែល​ព្រះ​ស​ម្ពុ​ទ្ ធ​ទ្រង់​សំដែង​បង្រួញ​សេចក្តី​ឲ្យ​ខ្លី​ប៉ុណ្ណោះ ក៏​ឈ្មោះថា​បាន​សិក្សា​ពុទ្ធសាសនា​ដោយ​ល្អ ប្រតិបត្តិ​ពុទ្ធ សាសនា​ដោយ​ប្រពៃ ដ្បិតថា​ព្រះ​វិនយបិដក​ដែល​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តិ​ជា​សិក្ខាបទ ក៏​ដើម្បី​ការពារ​កុំ ឲ្យ​សាវ័ក​ប្រហែសធ្វេស​ធ្វើអំពើ​បាប​អ​សី​-​ល​ធម៌ អនាចារ​តាម​អំពើ​ចិត្ត ពោលគឺ​ដឹកនាំ​អប់រំ​កាយ វាចា កុំ​ឲ្យ​សាវ័ក​យក​កា​-​យ​ទៅធ្វើ​កាយទុច្ចរិត យក​វាចា​ទៅ​ពោល​វចីទុច្ចរិត ដែល​សង្គ្រោះ​ចូលក្នុង​ពុទ្ធោ​វាទទី ១ គឺ​សព្វ​បាប​ស្ស អករ​ណំ កុំ​ធ្វើបាប​ទាំងពួង (​វៀរ​ទាំង​មនោ​ទុច្ចរិត​) ដោយ​អំណាច​សីល (​អប់រំ​កាយវាចា​) ។ សុត្តន្តបិដក​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង ដើម្បី​បណ្តុះ​ចិត្ត​ឲ្យ​មាន​សទ្ធា ធ្វើ​ទាន មាន​ហិរិ​ខ្មាស​បាប ឱត្តប្បៈ​ខ្មាស​បាប មាន​ព្រហ្ម​វិហារធម៌ សង្គហធម៌ សាមគ្គីធម៌​ក្នុងសង្គម​ជាដើម ដើម្បី​ឲ្យ​សាវ័ក​ស្រឡាញ់​ពេញចិត្ត និង​យល់​ចូលចិត្ត​អំពី​តម្លៃ​កុសលធម៌ ដែល​សង្គ្រោះ​ចូលក្នុង​ពុទ្ធោ​វាទទី ២ គឺ​កុសល​ស្សូប​សម្បទា បំពេញ​កុសល​ឲ្យ​ដល់​ព្រម ដោយ​អំណាច​ទាន និង​សមាធិ (​អប់រំ​ចិត្ត​) ។ អភិធម្មបិដក​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​អំពី​បរមត្ថ​ធម៌ (​ចិត្ត ចេតសិក រូប និព្វាន​) ដើម្បី​ឲ្យ​សាវ័ក​មាន​សតិ សម្បជញ្ញៈ​ឃើញច្បាស់​នូវ​សច្ចធម៌ ដោយ​បញ្ញា ជម្រះ​នូវ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផុត​កិលេស​ធម៌​ជា​គ្រឿង​សៅហ្មង ដែល​សង្គ្រោះ​ចូលក្នុង​ពុទ្ធោវាទ ទី ៣ គឺ ស​ចិត្ត​បរិ​យោទ​ប​នំ ជម្រះចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់ (​អប់រំ​បញ្ញា​) ។​

៥. សំនួរ : តើ​ពុទ្ធសាសនិកជន​គួរ​ប្រតិបត្តិ​មាឃបូជា​ឬ ធ្វើបុណ្យ​មាឃបូជា ដោយ​បែបណា ?

​ចម្លើយ : បើ​មើល​តាម​ហេតុដែល​តម្រូវ​ឲ្យ​ប្រារព្ធ​មាឃបូជា យើង​ឃើញថា​ការប្រកាស​ឱវាទ​ប្បាដិមោក្ខ ដែល​ទុកដូចជា​បេះដូង​ព្រះពុទ្ធសាសនា​នោះ ពិត​ជាមាន​សារធម្ម​សំខាន់​ណាស់ ដែល​ពុទ្ធ​ជន​អ្នក​កាន់​ពុទ្ធ សាសនា ត្រូវតែ​ចេះដឹង ពោល​គឺជា​ពុទ្ធសាសនិក យ៉ាងហោចណាស់​ក៏ត្រូវ​ចេះ​ពុទ្ធោវាទ ៣ ប្រការ ដើម្បី​បញ្ជា​ក់នូវ​អត្តសញ្ញាណ​របស់ខ្លួន​ជា​ពុទ្ធ​ជន ឬ​ពុទ្ធសាសនិក ជា​អ្នក​កាន់​ជឿ​ប្រតិបត្តិ តាម​ពុទ្ធ សាសនា ។ ហេតុដូចនេះ​ពុទ្ធ​ជន​គួរតែ​កាន់ យក​នូវ​បេះដូង​ពុទ្ធសាសនា នោះ មក​ដាក់​ក្នុង​បេះដូង របស់ខ្លួន ធ្វើជា​បេះដូង​របស់ខ្លួន ប្រែ​ថា ពុទ្ធ​ជន​ត្រូវតែ​នាំគ្នា​សិក្សា​នូវ​ឱវាទ​ប្បាដិមោក្ខ​នេះ​ឲ្យ​ចេះ​ចាំ យល់​ចូលចិត្ត​ហើយ​ប្រតិបត្តិ​ឲ្យ​បាន​ម៉ត់ចត់​ប្រាកដប្រជា​ប្រចាំជីវិត​ជា​ពុទ្ធ​ជន ជាពិសេស​នៅ​ថ្ងៃ​មាឃ បូជា​នេះឯង ក្រៅ​អំពី​ការបូជា​ផ្កា​ភ្ញី ទៀន ធូប គ្រឿងក្រអូប​ជាដើម ដែលជា​ការធ្វើ​អាមិសបូជា ចំពោះ​ព្រះពុទ្ធ គេ​ត្រូវ​ដង្ហែ​ក្បួន​ធម្ម​យាត្រា​ផ្សាយ​មេត្តាធម៌ ផ្សាយ​អហិង្ស​ធម៌ ផ្សាយ​មាគ៌ា​សន្តិភាព របស់​ព្រះពុទ្ធ (​តាមតែ​អាច​ធ្វើទៅកើត​) ភិក្ខុសង្ឃ​ធ្វើ​ឧបោសថកម្ម សាមណេរ​ជម្រះ​ទណ្ឌកម្ម (​ប្រសិន បើ​មាន​) បោស ជូត លាង រៀបចំ​វត្ត​អារាម ឧបាសក ឧបាសិកា​សមាទាន​កាន់​ឧ​បោ​-​សថ​សីល និង​និច្ចសីល​ឲ្យ​បាន បរិ​សុ​ទ្ ធ​ដើម្បី​លះបង់​ឲ្យ​ជ្រះស្រឡះ​នូវ​អំពើ​បាប​ទាំងឡាយ​, ខិតខំ​ធ្វើ​ទាន​បំពេញ​កុសល មានការ​ធ្វើ​ទាន​ចំពោះ​ព្រះសង្ឃ ចំពោះ​ឪពុកម្តាយ សង្គ្រោះ​អ្នក​ខ្វះខាត ក្រីក្រ ទន់ខ្សោយ ស្មូម​យាចក ពោលគឺ​តាម​វត្ត​នីមួយ ៗ ព្រះសង្ឃ​ត្រូវតែ​ធ្វើ​នូវ​កាល​នៃ​កុសលធម៌​ទាំង ៤ (​សុ​.​អ​.​ចតុ​. ភាគ ៤២. ទំព័រ ៣៥៥) ឲ្យ​កើតមាន​ឡើងដល់​ពុទ្ធបរិស័ទ​គឺ ១. កា​លេន ធម្ម​ស្សវ​នំ ត្រូវ​សំដែង​ធម៌អាថ៌​ឲ្យ​ពុទ្ធបរិស័ទ​ស្តាប់​តាម​កាល​ដ៏​គួរ​នេះ ។ ២. កា​លេន ធម្មសាកច្ឆា ត្រូវ​ប្រជុំ​ពុទ្ធបរិស័ទ​ក្នុង​ធម្មសភា​សន្ទនា​ធម៌​តាម​កាល​ដ៏​គួរ​នេះ ។ ៣ . កា​លេន សម​ថោ បង្រៀន​ពុទ្ធ បរិស័ទ​ឲ្យ​ចេះ​ធ្វើ​សមថកម្មដ្ឋាន តម្កល់ចិត្ត​ឲ្យ​ឋិត​ក្នុង​ពុទ្ធានុស្សតិ ធ​ម្មា​នុស្ស​តិ សង្ឃានុស្សតិ ជាដើម ដើម្បី​រម្ងាប់​ចិត្ត ឲ្យ​ស្ងប់​នីវរណធម៌ តាម​កាល​ដ៏​គួរ​នេះ ។ ៤. កា​លេន វិបស្សនា ឲ្យ​ពុទ្ធបរិស័ទ ប្រតិបត្តិ​វិបស្សនា មានការ​សិក្សា​ប្រតិបត្តិ សតិប្បដ្ឋាន ទាំង ៤ ជាដើម តាម​កាល​ដ៏​គួរ​នេះ ។ ចំពោះ​វត្ត​ដែលមាន​ទម្លាប់​ប្រតិបត្តិ​កាល​ទាំង ៤ នេះ​មក​ខ្ជាប់ខ្ជួន​ហើយ នោះ​ជាការ​ប្រពៃ​ពេក រីឯ​វត្ត​ណា​ដែល​មិនទាន់បាន​ប្រតិបត្តិ​បែបនេះ​គួរតែ​ណែនាំ​បព្វជិត​និង​គ្រហស្ថ​ប្រតិបត្តិ​ឲ្យ​បាន​យ៉ាងហោចណាស់​ក្នុង​ថ្ងៃ​ឧបោសថ និង​ថ្ងៃ​បូជា​ទាំងឡាយ​ក្នុង​ពុទ្ធសាសនា ដើម្បី​ជាការ​ធ្វើ​នូវ​ធម្ម បូជា​ចំពោះ​ព្រះ​សម្ពុទ្ធ ជាការ​បូជា​ដ៏​ប្រសើរ​លើសលន់ ។​

៦. ស​. ដោយឡែក​នៅ​កម្ពុជា​ក្រោម ពុទ្ធសាសនិកជន​ខ្មែរក្រោម បាន​ប្រារព្ធ​បុណ្យមាឃបូជា​យ៉ាងណាដែរ ។​

​ច​. ពុទ្ធ​ជន​នៅ​កម្ពុជា​ក្រោម ក៏មាន​ការធ្វើ​បុណ្យមាឃបូជា​ដូច​ពុទ្ធ​ជន​ដទៃទៀត ក្នុង​សកលលោក​នេះ ផងដែរ ប៉ុន្តែ​នៅ​កម្ពុជា​ក្រោម គេ​សង្កេតឃើញថា​មាន​លក្ខណៈពិសេស​មួយ ដែល​គួរ​ឲ្យ មានការ ចំណាប់អារម្មណ៍ គឺ​មុន​ថ្ងៃពេញបូណ៌មី​ខែមាឃ ពុទ្ធិកសិក្សា​ទូទាំង​កម្ពុជា​ក្រោម តម្រូវ​ឲ្យ​ធ្វើការ​ប្រ ឡង បញ្ចប់​ឆ្នាំ​នៃ​កា​សិក្សា ចាប់តាំងពី​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ ទី ១ ជា​លំដាប់​រហូត ដល់ ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​ទី ៣ ជា​ឆ្នាំ​ចុងបញ្ចប់​នៃ​កម្រិតសិក្សា ដែលមាន​កាលកំណត់ ៧ ឆ្នាំ ។ មណ្ឌល​ប្រឡង​ទាំងឡាយ​ចាប់ផ្តើម​ពី​ដើមខែ​បុស្ស​មក ដល់ ១៤ កើត​ខែមាឃ ជា​រៀងរាល់ឆ្នាំ រយៈ កាល​នេះហើយ​ដែល​ខ្មែរក្រោម​គ្រប់​ភូមិឋាន​បាន​កត់ចំណាំ​ចាំ​ត​គ្នា ថា​ជា​រដូវ​កាល​ប្រឡង​របស់​ព្រះសង្ឃ ជាហេតុ​នាំ​ឲ្យ​ពុទ្ធបរិស័ទ​មាន​សទ្ធា​ជ្រះថ្លា ឧបត្ថម្ភ​គាំទ្រ​ការសិក្សា​របស់​ព្រះសង្ឃ​ជា​ពន់ពេក ហើយ​បើ  វត្ត​ណា​មិនបាន​បើក​សាលា​ទទួល​ព្រះសង្ឃ​សិក្សា​ទេ ពុទ្ធបរិស័ទ​ជើងវត្ត ហាក់ដូចជា​ស្រពាប់ ស្រពោន​ទាំង​ទឹកមុខ​ទាំង​ទឹកចិត្ត​សទ្ធា ម្ល៉ោះហើយ​បានជា​វត្ត​ស្ទើរតែ​ទាំងអស់ មាន​ស្មារតី​ប្រសើរ មិនសូវ ហ៊ាន​ប្រហែសធ្វេស​ទេ តែងតែ​ខិតខំ​បើក​សាលា ដើម្បី​ពង្រឹង​ការសិក្សា​របស់​ព្រះសង្ឃ​ផង បណ្តុះ សទ្ធា គ្រហស្ថ​ផង ។ ចំពោះ​កម្មវិធី​ប្រឡង​យក​វិ​ញ្ញាប​ន​-​ប​ត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ (​បាលី​រង​) និង​ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​-​មធ្យមសិក្សា​ទុតិយភូមិ តម្រូវ​ឲ្យ​ប្រឡង​រួម​ទូទាំង​ខេត្ត (​ចំពោះតែ​ខេត្ត​ព្រះ​ត្រពាំង​) ទុក​ឲ្យ​នៅ​ចុងក្រោយ​គេ​បង្អស់​គឺ​ពីថ្ងៃ ១២-១៤ កើត ខែមាឃ មុន​មា​-​ឃ​បូជា ១ ថ្ងៃ ជា​ថ្ងៃ​វិស្សមកាល ហើយ​ចាប់ផ្តើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី នៅ​ថ្ងៃ ១ រោច​ខែវិសាខ បន្ទាប់ពី វិសាខបូជា ១ ថ្ងៃ ពោលគឺ​ការកំណត់​ឆ្នាំ​សិក្សា របស់​ពុទ្ធិកសិក្សា​ទូទាំង​កម្ពុជា​ក្រោម បាន​ឯកភាពគ្នា​កំណត់​យក​វិសាខបូជា​ជាដើម​ឆ្នាំ​សិក្សា មាឃបូជា​ជា​ចុងឆ្នាំ​សិក្សា ៕