កំណត់សម្គាល់របស់ លោក សឺង សម្រេច នៃវិទ្យុសំឡេងកម្ពុជាក្រោម លើអត្ថបទដើមជាភាសាអង់គ្លេស ដោយ បណ្ឌិត ហ្គាហ្វា ពាងម៉េត ស្ដីពីឯកឧត្តមសេនីយ ដៀន ដែល

ដោយយល់ឃើញថា លោកឧត្តមសេនីយ៍ ដៀន ដែល ជាកុលបុត្រខ្មែរកម្ពុជាក្រោមម្នាក់ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងក្នុងជីវិតរបស់លោក ដើម្បីបម្រើនិងការពារទឹកដីកម្ពុជាក្រោមក៏ដូចជាក្នុងការបម្រើនិង ការពារ ប្រទេសកម្ពុជា ខ្ញុំបានធ្វើការបកប្រែអត្ថបទរបស់លោកបណ្ឌិត ហ្គាហ្វា ពាងម៉េត នេះមកពីភាសាអង់គ្លេ ដែលលោកសរសេរឡើងក្រោយមរណភាពរបស់លោកឧត្តមសេនីយ៍ ដែលខ្ញុំមានការគោរពជារៀមច្បង និងជាអ្នកស្នេហាជាតិគម្រូម្នាក់ ។
មូលហេតុដែលខ្ញុំយកចិត្តទុកដាក់ក្នុងរឿងនេះ គឺម្យ៉ាងដោយខ្ញុំមានជំហរ ជាក់ច្បាស់ទៅលើឧត្តមគតិមួយថា ប្រជាពលរដ្ឋខ្មែរគួរតែបានដឹងអំពី ប្រវត្តិរបស់វិរជនអ្នកស្នេហាជាតិពិតៗ ដែលបានប្តូរជីវិតការពារ ប្រទេសជាតិ មាតុភូមិគ្រប់កាលសម័យដែលមានការឈ្លានពានពីបរទេស និងម្យ៉ាងទៀតដោយមើលឃើញថា ព្រឹត្តិការណ៍តស៊ូនៃរណសិរ្សជាតិ រំដោះប្រជាពលរដ្ឋខ្មែរ ដែលកុលបុត្រកុលធិតាខ្មែរបានបូជាជីវិតដ៏ច្រើន មហិមា ហាក់ដូចជាស្ទើរតែរលត់បាត់ពីការយកចិត្តទុកដាក់របស់ខ្មែរជា ទួទៅ សូម្បីមរណភាពរបស់លោកវីរជនឧត្តមសេនីយ៍ ដៀន ដែល ក៏មិនត្រូវបានគេរៀបចំជាធំដុំអ្វីដែរ ហើយប្រវត្តិជីវិតតស៊ូរបស់លោកក៏មិន ត្រូវបានគេពិពណ៌នាក្បោះក្បាយដែរ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព្រលឹងស្នេហាជាតិ នៅតែសន្ធិតងុំក្នុងដួងចិត្តខ្មែរមួយចំនួនមានជាអាទិ៍ អតីតយុទ្ធជនដែលនៅមានជីវិតរស់នៅគ្រប់ទីកន្លែង ដែលគួរតែផ្តល់នូវយុត្តិធម៌មួយដ៏សមរម្យចំពោះវិញ្ញាណក្ខន្ធលោកឧត្តម សេនីយ៍ខ្មែរដ៏អង់អាចក្លាហាន ជាការលើកតម្លៃដល់ខ្មែរអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ។
ដោយឡែក ក្នុងនាមផ្ទាល់ជាអតីតយុទ្ធជននៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំតែងសង្វេគ នឹកគិតទៅដល់ជីវិតលំបាកលំបិនប្រកបដោយគ្រោះថ្នាក់ក្នុងព្រៃភ្នំក្រមថ្ម និងទឹកចិត្តតស៊ូប្តូរផ្តាច់របស់កុលបុត្រខ្មែរ គ្រាដែលប្រទេសជាតិត្រូវទ័ពបរទេសវាយលុកកាន់កាប់ ។ ផ្នែកមួយទៀត ទាក់ទងលោកឧត្តមសេនីយ៍ ដៀន ដែល គឺដោយលោកឧត្តមសេនីយ៍ជាខ្មែរក្រោមដូចគ្នា យើងបានឆ្លងកាត់បទពិសោធរស់នៅយ៉ាងអាម៉ាស់ ឈឺចាប់ខ្លោចផ្សា ក្រោមការត្រួតត្រារបស់របបគ្រប់គ្រងយួនគ្រប់និន្នាការនយោបាយ ។ ក្នុងស្ថានភាពនេះ ដែលយើងជាខ្មែរក្រោម តែងបែងភាគខ្លួនជាពីរ ដៃម្ខាងខំធ្វើការដើម្បីជួយការពារបងប្អូនខ្មែរក្រោមដ៏អភព្វ ជិតដប់លាននាក់ ព្រមទាំងព្រះសង្ឃរាប់ម៉ឺនអង្គ ដែលត្រូវគេកាត់ផ្តាច់ចេញជាមួយដែនដី ហើយបោះចោលទៅឲ្យយួនដែលរាប់ថា ជាសត្រូវប្រវត្តិសាស្ត្រ ហើយដែលជានិច្ចជាកាល ខ្មែរតែងទទួលពីរដ្ឋាភិបាលយួន នូវការជិះជាន់សង្កត់សង្កិនដោយគ្រប់រូបភាព មានការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន ការរំលោភសិទ្ធិសាសនា ទំនៀមទម្លាប់ ប្រពៃណី សិទ្ធិនៃការរៀន ការនិយាយ និងការប្រើប្រាស់អក្សរនិងភាសាសាស្ត្រជាតិកំណើតរបស់ខ្លួន សិទ្ធិការរួមប្រជុំ សិទ្ធិការផ្សាយនិងទទួលបាននូវព័ត៌មាន សិទ្ធិនៃការធ្វើដំណើរ។ល។និង។ល។ ពោលឲ្យចំ គឺយួនមានបំណងក្នុងការបំបាត់ពូជសាសន៍ខ្មែរពីលើទឹកដីកម្ពុជាក្រោមតែម្តង។ ចំណែកដៃម្ខាងទៀត យើងតែង ព្យាយាមធ្វើអ្វីៗទាំងអស់ លះបង់អ្វីៗទាំងអស់ ដើម្បីចូលរួមការពារប្រទេសកម្ពុជាបច្ចុប្បន្ន កុំឲ្យធ្លាក់ទៅដូចទឹកដីកម្ពុជាក្រោមទៀត ។

ខ្ញុំសូមអរគុណជាពន្លឹក ចំពោះកំណត់ត្រារបស់លោកបណ្ឌិត ហ្គាហ្វា ពាងម៉េត អំពីសកម្មភាពអតីតកាល ដែលលោកបានចូលរួមជាមួយលោកឧត្តមសេនីយ៍ខ្មែរកម្ពុជាក្រោមម្នាក់ ហើយសង្ឃឹមថា អត្ថបទនេះយ៉ាងហោច ណាស់ ក៏បានបន្សល់ទុកជាឯកសារដ៏ត្រឹមត្រូវមួយ ដែលកូនខ្មែរជំនាន់ក្រោយត្រូវចងចាំនិងពិចារណា ចំពោះប្រវត្តិពិតនៃប្រទេសជាតិរបស់ខ្លួន ដើម្បីបុព្វហេតុការរស់រានមានជីវិតរបស់ខ្មែរនៅកម្ពុជាក្រោម ក៏ដូចជាចំពោះប្រទេសកម្ពុជាទៅអនាគត ។ ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៣ ខ្ញុំព្រះករុណា ខ្ញុំ សឺង សម្រេច
សារជាភាសាខ្មែរ នៃអត្ថបទដើមជាភាសាអង់គ្លេស ដោយ បណ្ឌិត ហ្គាហ្វា ពាងម៉េត មានចំណងជើងថា “លោកឧត្តមសេនីយ ដៀន ដែល បានជូននូវអ្វីៗទាំងអស់ ដែលលោកមានចំពោះខ្មែរ” ។
អត្ថបទនេះ ជាការឧទ្ទិសចំពោះវិញ្ញាណក្ខន្ធលោកមេបញ្ជាការកងទ័ពដ៏មានល្បីឈ្មោះម្នាក់ លោក ឧត្តម សេ នីយ ដៀន ដែលនៃសាធារណរដ្ឋខ្មែរពីឆ្នាំ ១៩៧០-១៩៧៥ និងនៃ កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ ។ លោក ដៀន ដែល បានធ្វើការប្រយុទ្ធតតាំងជាមួយនឹងការកាន់កាប់ប្រទេសកម្ពុជា ដោយកងទ័ពវៀតណាមពីឆ្នាំ ១៩៧៩-១៩៩០ ។
កើតនៅឆ្នាំ ១៩៣២ នៅខេត្តឃ្លាំង(យួនបានប្តូរទៅជា សុក ត្រាំង) កម្ពុជាក្រោម សព្វថ្ងៃ ជាវៀតណាមខាងត្បូង លោក ដៀន ដែល បានទទួលមរណភាពនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៣ខែកុម្ភៈ ឆ្នាំ ២០១៣ ។ សពរបស់លោកបានត្រូវបូជានៅថ្ងៃទី ១៧ ខែកុម្ភៈ ។
ខ្ញុំបានស្គាល់លោក ដៀន ដែល ជាមិត្តភក្តិ និងជាមិត្តរួមអាវុធ ។ យើងបានជួបគ្នានៅប្រទេសកម្ពុជានៅ ពេលដែលខ្ញុំបានឈប់សម្រាក មួយឆមាស ពេលខ្ញុំនៅរៀន នៅសាកលមហាវិទ្យាល័យនៅឡើយ ដើម្បីទៅសង្កេតការណ៍នៅសមរភូមិ ក្រោយថ្ងៃទី ១៨ ខែមីនាឆ្នាំ ១៩៧០ ដែលមានការទម្លាក់ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ។ នៅពេលនោះ លោក ដៀន ដែល ជាវរសេនីយ ឯក ។

យើងមិនបានជួបគ្នាទៀត រហូតទាល់តែក្រោយខែឧសភា ឆ្នាំ ១៩៧៥ នៅសហរដ្ឋអាមេរិក ។ នៅពេល នោះ លោក ដៀន ដែល ជាជនភៀសខ្លួន ។ សាធារណរដ្ឋខ្មែរបានដួលរលំ នៅថ្ងៃទី១៧ ខែមេសា ក្រោយដែលសហរដ្ឋអាមេរិកបានដកថយពីតំបន់នោះ ។ ភាគច្រើននៃសមាជិករដ្ឋាភិបាលបានប្រកែក មិនព្រមឡើងយន្តហោះ ដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យ ដើម្បីដឹកទៅទីមានសុវត្ថិភាពរាប់ទាំងមេដឹកនាំ មានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ស៊ីរីមតៈ ដែលត្រូវបានខ្មែរក្រហមសម្លាប់ ។
តារាក្មេងវ័យ ដែលផុសអណ្តែតឡើង ៖
តារាមួយដួង ដែលផុសអណ្តែត ឡើង លោក ដៀន ដែល កាលនោះជាឧត្តមសេនីយ៍ទោ មេបញ្ជាការ កងពលធំលេខ ២ នៅឆ្នាំ១៩៧២ ហើយជាមេបញ្ជាការកងទ័ពជើងគោក និងជាអភិ បាលខេត្តកណ្តាល ពីឆ្នាំ ១៩៧៤ ដល់ថ្ងៃ ទី ១៦ ខែមេសា ឆ្នាំ១៩៧៥ ។
ការយល់ស្រមៃរបស់លោក និងអ្នកមួយចំនួនទៀត ក្នុងការរៀបចំមូលដ្ឋានក្រោយនៅភូមិភាគឧត្តរទិស នៃ កម្ពុជានៅពេលដែលពួកខ្មែរក្រហមបានចូលកាន់កាប់ទីប្រជុំជន និងទីក្រុងនានានោះ ត្រូវទទួលបរាជ័យដោយ សារស្ថានភាពដែនដី គ្មានស្ថេភាព ហើយឧទ្ធម្ភាគចក្រ ដែលដឹករូបលោក និងអ្នកមួយចំនួនទៀត ក៏បានចុះចតក្នុងទឹកដីថៃ ។
នៅចុងឆ្នាំ ១៩៧៥ លោក ដៀន ដែល ជាមួយភរិយានិងកូនពីរនាក់ ក្នុងឋានៈជាជនភៀសខ្លួនបានទៅ ដល់ទីក្រុងអាឡិចសង់ឌ្រីយ៉ា រដ្ឋវៀហ្សីនីញ៉ា។ ខ្ញុំបានក៏ជួបលោកសារជាថ្មី ។
ពីរឆ្នាំក្រោយមក នៅខែឧសភាឆ្នាំ១៩៧៧ លោកបានចាកចេញពីសហរដ្ឋអាមេរិក ទៅប្រទេសបារាំង នៅទីនោះ លោកនិងរដ្ឋបុរសរៀមច្បង សឺន សាន បានរៀបចំជាគណកម្មការដើម្បីរំដោះកម្ពុជា ។ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ១៩៧៩ លោកបានចាកចេញពីប្រទេសបារាំងទៅទីក្រុងបាងកក ហើយបន្ទាប់ ពីនោះក៏ធ្វើដំណើរទៅតំបន់ព្រំដែន ។
លោកបានបញ្ចុះបញ្ចូល ក្រុមប្រ ដាប់អាវុធ ១៣ ក្រុម ឲ្យប្រមូលផ្តុំរួមជាមួយគ្នា ។ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ១៩៧៩ លោក ដៀន ដែល ប្រកាសកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ ; លោក បានត្រូវប្រសិទ្ធិនាមជាមេបញ្ជាការ ។
នៅរដូវស្លឹកឈើជ្រុះឆ្នាំ ១៩៨០ លោក ដៀន ដែល ស្លៀកសម្លៀកបំ ពាក់ត្រេអ៊ី បានបររទេះគោតាមផ្លូវ បែកភក់ នាំខ្ញុំដែលទើបទៅដល់ថ្មីពីសហរដ្ឋអាមេរិក ដើម្បីបង្ហាញ “តំបន់រំដោះ” នៃ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ។
នៅបន្ទាយអំពិល លោក ដៀន ដែល ជាមួយនិងសហការីស៊ីវិល លោក ហ៊ីងគន្ធន់បានបញ្ចូលខ្ញុំ ក្នុងថ្នាក់សកម្មជំនាន់ទីប្រាំ នៃការហ្វឹកហាត់សង្គ្រាម នយោបាយ ។ លោក ដៀន ដែលបានចុះហត្ថលេខា លើសញ្ញាប័ត្ររបស់ខ្ញុំ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៨០ ។ មួយឆ្នាំក្រោយមក នៅឆ្នាំ ១៩៨១ លោក ដៀន ដែល បានបញ្ជូលខ្ញុំទៅសាលាយោធា ឲ្យចូលហ្វឹកហ្វឺនយោធាជាមួយនាយទាហានហ្វឹកហាត់ ជំនាន់ទី ១ នៃ កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ ។
សម្របខ្លួន ដើម្បីចូលរួម៖
លោក ដៀន ដែល និងលោក ហ៊ីង គន្ធន់ បានសម្រេចបញ្ចូលខ្ញុំទៅក្នុងចលនាពន្លកថ្មី ។ គេជម្រុញឲ្យ គ្រប់គ្នាត្រូវសម្របខ្លួន (ខ្ញុំបានធ្លាក់ខ្លួនឈឺដាក់សេរ៉ូមព្យួរអស់មួយអាទិត្យ ដោយផឹកទឹកមិនស្អាត និងទទួលទានខ្យង ដែលរកបានមកពីថ្លុកត្រពាំង នៅជិតខាង) ដើម្បីនឹងត្រូវទទួលយកជាក្របខណ្ឌ នៃរណសិរ្សជាតិរំដោះប្រជាពល រដ្ឋខ្មែរ ។ ដើម្បីនឹងត្រូវបានទទួលយក ខ្ញុំត្រូវបានណែនាំថា មានភ្នែកត្រូវសម្លឹងឲ្យឃើញច្រើន មានត្រចៀកត្រូវស្តាប់ឲ្យឮច្រើន មានមាត់ត្រូវទុកស្ងៀមសិនមុននិយាយ ។ ខ្ញុំបានត្រូវណែនាំថា ខ្ញុំអាចនិយាយបាន តែនៅក្រោយរយៈពេលមួយដែលខ្ញុំបានសង្កេតពិនិត្យ និងពិចារណាបានច្រើនសិន បើមិនដូច្នោះទេ ខ្ញុំនឹងមិនបានទទួលទំនុកទុកចិត្តពីអ្នកដ៏ទៃទៀត ក្នុងទីលានសមរភូមិ ឡើយ ។

ការបរិយាយរបស់ អ្នកសង្កេតការណ៍បរទេសអំពីលោក ដៀន ដែល នៅក្នុង Wikipedia ត្រឹមត្រូវណាស់ ។ លោក ដៀន ដែល បញ្ជាសេចក្តីគោរពពីថ្នាក់លើពីសហការី និងពីអ្នកក្រោមបង្គាប់; អ្នកសារព័ត៌មាន មានការពិសោធន៍ បានឃើញលោក ដៀន ដែល ក្នុងការវាយប្រយុទ្ធ “មានការចាប់អារម្មណ៍” ចំពោះសភាពស្ងៀមស្ងាត់ និងក្នុងអារម្មណ៍គ្រប់គ្រង បានល្អរបស់លោក” លោកប្រហែលជាឧត្តមសេនីយ៍ (កងទ័ព) ដ៏ល្អប្រសើជាងគេ បុរសដែលបញ្ចេញសញ្ញារីករាយ ចាំងក្នុងកែវភ្នែក… ដើរចញ្ច្រប់ចុះឡើង ក្នុងសម្លៀកបំពាក់ក្រឡាខ្លាឃ្លោករបស់លោក កាំ ភ្លើងខ្លីសៀតចង្កេះ និយាយថា លោកនឹងធ្វើការប្រយុទ្ធ លុះគ្រាអវសាន្ត” ។
ខ្ញុំបានធ្វើការងារ ជាមួយលោក ដៀន ដែល ក្នុងបរិយាកាសល្អ និង អាក្រក់ ។ លោកមានចំណុចខ្លាំងនិង ចំណុចខ្សោយ ។ ពេលដែលខ្ញុំនៅជា មួយលោកក្នុងសមរភូមិ ចរិតប្រកប ដោយទំនុកទុកចិត្តរបស់លោក ជូនកាល ផ្ទុយគ្នាជាមួយនឹងគ្រោះថ្នាក់ចំពោះមុខ ។ ទោះជាយ៉ាងនោះក៏ដោយ លោកដូចជាមានការ ស្ទាក់ស្ទើរ ក្នុងការចុះហត្ថលេខាអនុញាត ចំពោះបេសក កម្មទី ១ របស់ខ្ញុំ ក្នុងកងអនុសេនាធំ នៃកងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ ដើម្បីបំពេញបេសកកម្មឈ្លប និងស្ទាបស្ទង់កម្លាំងខ្មាំង នៅទីតាំងបឹងអំពិល ដែលត្រូវកាន់កាប់ដោយទ័ពវៀតណាម ដែលសម្បូរទៅដោយគ្រាប់មីន, ប៉ុន្តែលោកបានឲ្យខ្ញុំទៅ ដូចជាបោះថ្មមួយដុំ ចោល ។ ជនជាតិអង់គ្លេសម្នាក់ ក៏ទៅជាមួយនឹងម៉ាស៊ីនថតរបស់គាត់ដែរ ។
នៅពេលយើងចេញដំណើរ មេបញ្ជាការកងអនុសេនាធំ រាយការណ៍តាមវិទ្យុ អំពីដំណើរវិវឌ្ឍន៍មក សេនាធិការ ។ នៅពេលដែលមានការពើបប្រ យុទ្ធ សំឡេង លោក ដៀន ដែល ឮរន្ថាន់ឡើង ពេលដែលខ្ញុំរវល់ថតរូបយុទ្ធជនដែលដេកដួលស្លាប់ និងត្រូវរបួស ខ្លះមានឈាមដិតដាមជោកខោអាវ ។ នៅពេលភ្លាមមួយនោះ ដៃមួយបានចាប់អូសទាញខ្ញុំ ហើយយើងក៏លោតទៅជ្រកក្រោយដំបូកមួយ ។ ដោយមាន គ្រាប់ផ្លោងធ្លាក់ផ្ទុះ នៅចំកន្លែងដែលខ្ញុំទើបនឹងឈរប៉ុន្មានវិនាទីមុន ខ្ញុំលើកម៉ាស៊ីនថតឡើង តែទាហានម្នាក់បានចាប់ច្រានខ្ញុំចុះវិញ ។ មេបញ្ជាការកងអនុសេនាធំបានរាយការណ៍ តាមវិទ្យុមកថា ជនស៊ីវិលនៅក្នុងជួរមិនអីទេ,ដោយខ្ញុំមានកង្វះបទពិសោធន៍ ខ្ញុំវិសត្រូវទទួលគ្រោះថ្នាក់មួយដល់ជីវិត ។
ល្អជាមួយពលទាហាន៖
នៅពេលដែលលោក ដៀន ដែល បានទទួលរបាយការណ៍ ពីមិត្តអ្នកយកការណ៍ព័ត៌មាន បរទេសរបស់លោក – ប្រាប់ពីថ្ងៃ ដែលខ្មាំង នឹងបើកការវាយលុកមកលើទីបញ្ជាការ – លោកបានអនុញ្ញាតឲ្យខ្ញុំ នៅចាំទីបញ្ជាការក្នុង លេនដ្ឋាន ។ ខ្ញុំបានតាមមើលលោក ដៀន ដែល ជួបជាមួយមេបញ្ជាការរបស់លោក ។ លោកបានយកខ្ញុំទៅជាមួយ នៅពេលដែលធ្វើដំណើរត្រួតពិនិត្យទ័ពខ្សែប្រយុទ្ធជួរមុខ ។ លោកបាននិយាយកំប្លុកកំប្លែង ជាមួយពលទាហាន ហើយផ្តល់គំនិតអំពីថាតើត្រូវលើកទំនប់ធំៗ យ៉ាងណាដើម្បីទប់រថក្រោះ និងតើត្រូវពង្រាយមីននៅទីណាទៀត ។
ដើរដល់ដើមឈើធំ ដែលគេតែងជឿថា ជាលំនៅរបស់ព្រាយបិសាច លោក ដៀន ដែល ដកកាំភ្លើងខ្លីពី ចង្កេះ ហើយបាញ់ដើមឈើនោះមួយគ្រាប់ ។
“ប៉ុណ្ណឹងទៅបានហើយ” គាត់និយាយកំប្លែងលេង ។ អ្នកនៅជុំវិញលោកបញ្ចេញសំណើច ក្នុងក្តីថប់ បារម្ភ ។ ដូចជាបានដឹងមុនមែនខ្មាំង ផ្តើមបើកការវាយលុកនៅមុនពេលថ្ងៃរះ ហើយបន្តដោយការបាញ់ផ្លោង កាំភ្លើងធំអស់កន្លះព្រឹក ។ ខ្ញុំនៅក្នុងលេនដ្ឋាន បន់ស្រន់កុំឲ្យដំបូលទីជម្រករ លំបាក នៅពេលដែលគ្រាប់ផ្លោងធ្លាក់ចំពីលើ ។ ព្រឹកឡើង លោក ដៀន ដែល បង្ហុយផ្សែងបារីនិងក្លិនស្រា ប្រាប់ខ្ញុំថាឲ្យរត់ ទៅព្រំប្រទល់ដែនខ្មែរថៃ ។
“ត្រូវតែមានអ្នកនៅរស់ ដើម្បីបន្តការប្រយុទ្ធ ។ យើងមិនត្រូវស្លាប់ទាំងអស់គ្នានៅទីនេះទេ” គាត់ស្រែកខ្លាំងៗ នៅពេលដែលខ្ញុំតបវិញថា វាគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីរត់ទៅដល់ព្រំប្រ ទល់ដែននោះទេ ។ លោក ដៀន ដែល ក៏បានរុញខ្ញុំចេញពីលេនដ្ឋាន ។
បន្ទាយអំពិលមិនត្រូវបានដួលរលំទេ នៅពេលនោះ ។ អ្នកយកការណ៍ខ្លះបានពេបជ្រាយនឹងរបាយ-ការណ៍របស់ យើងថា កងទ័ពនៃរណសិរ្សជាតិបានបាញ់កំទេចរថក្រោះ ច្រើនជាងចំនួនមួយគ្រឿង ។ ទាល់តែប៉ុន្មានឆ្នាំក្រោយ ក្រុមអ្នកតស៊ូវិលត្រឡប់ទៅវិញ ហើយថតរូបរថក្រោះដែលត្រូវច្រេះចាប់ មួយគ្រឿង និងទិដ្ឋភាពទីលានប្រយុទ្ធ ។ នៅពេលនោះ លោក ដៀន ដែល ជាអគ្គបញ្ជាការរង នៃកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ ។ ប្រកបដោយបុគ្គលិកលក្ខណៈមានអំណាច និងធំធេងលើសពីជីវិត លោក ដៀន ដែល បានផ្តល់នូវអ្វីៗទាំងអស់ ដែលលោកមាន ដើម្បីរបបគ្រប់គ្រងរបៀបសាធារណ រដ្ឋមួយជូនប្រទេសកម្ពុជា ហើយលោកនឹងត្រូវជនរួមជាតិខ្មែរ ចងចាំមិនភ្លេច ។
លោកបណ្ឌិត ហ្គាហ្វា ពាងម៉េត បានចូលនិវត្ត ពីសាកលវិទ្យាល័យ ហ្គាម ។ លោកជាអតីតជំនួយការ នៃ មេបញ្ជាការ កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ ។
អាចទាក់ទងលោកតាមៈ
peangmeth@yahoo.com