ដោយ គឹម សាវតា
បើទោះជាអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អះអាងថា ប្រជាពលរដ្ឋខ្មែរគឺជាផ្នែកដ៏សំខាន់មួយនៃសហគមន៍នៃជនជាតិភាគតិចចំនួន ៥៤ នៅវៀតណាម ដែលបានរួមរស់ជាមួយគ្នាដោយស្មើភាពគ្នាក្តី ប៉ុន្តែ អាជ្ញាធរវៀតណាមនៅតែ បន្តធ្វើទុកបុកម្នេញពលរដ្ឋខ្មែរក្រោម លើវិស័យជាច្រើន ដែលករណីនេះ គឺបានធ្វើខុសពីរដ្ឋធម្មនុញ្ញរបស់ខ្លួន។

យោងតាមបទបង្ហាញរបស់លោក ថាច់ ចន្ទ្រា ប្រធានក្រុមប្រឹក្សាយុវជនខ្មែកម្ពុជាក្រោម ស្ដីពីស្ថានភាពទូទៅរបស់យុវជន ខ្មែរក្រោម ដែលបានលើកឡើងក្នុងការប្រារព្វពិធីអបអរខួប ១៦ ឆ្នាំទិវាអង្គការសហប្រជាជាតិចេញសេចក្តីប្រកាស ស្តីពីសិទ្ធិជនជាតិដើម ដែលប្រារព្ធឡើង កាលពីថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ ២០២៣ ឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ នេះ មានចំណុចសំខាន់ចំនួន ៣ ទាក់ទងនឹងការធ្វើទុកបុកម្នេញ ពីអាជ្ញាធរវៀតណាមមាន ដូចជា ទី ១ ការតស៊ូមតិលើបណ្ដាញសង្គមរបស់ពលរដ្ឋខ្មែរក្រោម ដោយពួកគេបានផ្សព្វផ្សាយអំពីគោលការច្បាប់នានា ជាពិសេសគឺច្បាប់សិទ្ធិជនជាតិដើម ហើយក៏ត្រូវអាជ្ញាធរវៀតណាម ចាប់ដាក់ពន្ធនាគារ ទី២ គឺការរក្សាមត៌កអក្សរសាស្ត្រ ប្រពៃណី វប្បធម៌ ទំនៀមទំលាប់ លោកបានលើកឡើងថា ការរក្សាមត៌កអក្សរសាស្ត្រ ប្រពៃណី វប្បធម៌ ទំនៀមទំលាប់មានការផុសផុលដោយសារតែការផ្សព្វផ្សាយតាមបណ្ដាញសង្គម ដូចនេះឃើញថាយុវជន សិស្ស មានការចូលរៀនពីប្រពៃណីទំនៀមទម្លាប់គួរឱ្យកត់សម្គាល់ ប៉ុន្តែ អាជ្ញាធរវៀតណាមបានព្យាយាមធ្វើទុក្ខបុកម្នេញតាមរូបភាពផ្សេងៗ។ លោកបានលើកករណីការជ្រៀតជ្រែកកិច្ចការផ្ទែក្នុងរបស់វត្តទ្រនំសេក ក្នុងខេត្តឡុងហោរ និងបញ្ហាមួយទៀតគឺប្រពៃណីរាំច្រៀង និងការសម្ដែងខុសពីប្រភពដើមរបស់ខ្មែរក្រោម ពីសំណាក់ជនជាតិវៀតណាម ដែលនៅពីក្រោយដោយរដ្ឋាភិបាលវៀតណាម។ ដោយឡែកករណីទី៣ ការរំលោភបំពានលើព្រះពុទ្ធសាសនាខ្មែរក្រោមផ្នែកថេរវាទយ៉ាងធ្ងន់ធ្ងរ ដោយរដ្ឋាភិបាលវៀតណាមបានកែប្រែទម្លាប់ពីការចូលមកបួសរបស់យុវជន ពីម្ដាយឪពុក មកសុំអាជ្ញាធរជាចាំបាច់ ដូចជាករណីព្រះតេជព្រះគុណ យឿង ខាយ និងករណីតម្រូវឱ្យព្រះសង្ឃខ្មែរក្រោមផ្នែកថេរវាទ គោរពថ្វាយបង្គុំព្រះសង្ឃយួនផ្នែកមហាយានជាដើម។ ករណីបន្ទាបបន្ធោកព្រះសង្ឃខ្មែរក្រោម មិនស្មើនឹងគណៈកម្មាភិបាលបក្សកុម្មុយនិស្តវៀតណាម ហើយករណីនេះ មួយទៀតគឺការដាក់កម្មាភិបាលមកឈ្លបយកការណ៍ និងតាមដានព្រះសង្ឃ និងពុទ្ធបរិស័ទ ដោយគ្រាន់តែមកមកវត្តធ្វើបុណ្យទានជាដើម ។
លោក ថាច់ ចន្ទ្រា បន្ថែមថា «ដូចករណីព្រះតេជគុណ យឿង ខាយ រហូតដល់តាមធាក់ម៉ូតូទៀត ក្រោយពីលោកទៅចូលរួមកម្មវិធីហ្នឹង (កម្មវិធីជួបជុំ) ក្រោយពេលដែលលោកត្រឡប់ទៅវិញតាមធាក់ម៉ូតូលោកទៀត ។ យើងឃើញហើយថា បើធាក់ត្រូវម៉ូតូហើយដួល មនុស្សនឹងស្លាប់តើរដ្ឋាភិបាលវៀតណាមគោរពច្បាប់កន្លែងណា? ក្នុងនាមខ្លួនឯងជាសមាជិកអចិន្ត្រៃយ៍នៅ ក្នុងអង្គការផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប៉ុន្តែ បណ្ដោយឱ្យកម្មាភិបាលបណ្ដោយឱ្យអ្នកស្លៀកពាក់ស៊ីវិលជាភ្នាក់ងាររបស់ព្រះតេជគុណ យឿង ខាយ ហ្នឹង»
ទាក់ទងករណីនេះ លោកបណ្ឌិត សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលជាមេធាវីមួយរូបផងដែរនោះ លើកឡើងថា រដ្ឋធម្មនុញ្ញរបស់វៀតណាម បានធ្វើវិសោធនកម្មចុងក្រោយ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ក្នុងនោះ នៅត្រង់ជំពូក ២ មាត្រា ១៤ ចែងថា សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងវប្បធម៌ត្រូវបានទទួលស្គាល់ ការគោរព ការការពារ និងធានាដោយរដ្ឋធម្មនុញ និងច្បាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ហើយមាត្រា ២៥ ចែងថា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងទទួលបានព័ត៌មាន ការជួបជុំ ការបង្កើតសមាគម និងបាតុកម្ម ។
លោកបន្តថា «យើងមើលច្បាប់ ច្បាប់នេះ បំពានមួយទៀត ច្បាប់ជំនឿ និងប្រណិប័តន៍សាសនា ច្បាប់ហ្នឹងត្រូវបានអនុម័តនៅឆ្នាំ ២០១៦ កាលហ្នឹងយើង (ខ្មែរក្រោម) តស៊ូមតិខ្លាំងណាស់» ។
បើតាមខ្លឹមសារនៃច្បាប់នេះ ត្រង់ជំពូក ២ មាត្រា ១៣ ចំណុចទី ១ ចែងថា តំណាងគ្រិះស្ថានសាសនា មានកាតព្វកិច្វ ជូនដំណឹងក្នុងការប្រារព្ធនៃពិធីបុណ្យបែបសាសនា ដែលបានកើតឡើងជាទៀងទាត់យ៉ាងហោចណាស់ ២០ ថ្ងៃជាមុន ។ និងក្នុងមាត្រ ៤០ ចែងថា ស្ថាប័នរដ្ឋគ្រប់គ្រងនៃជំនឿសាសនា នៅថ្នាក់ជាតិសម្របសម្រួលជាមួយក្រសួងអប់រំ និងបណ្ដុះបណ្ដាល ក្រសួងយុត្តិធម៌ ក្រសួងទីភ្នាក់ងារពាក់ព័ន្ធ នៅក្នុងការណែនាំកម្មវិធីសិក្សាអំពីប្រវត្តិសាស្ត្រ និងច្បាប់នៃប្រទេសវៀតណាម ។ ត្រង់នេះ លោក សឺន ជុំជួន ក៏បានលើកឡើងពីសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្សឆ្នាំ ១៩៤៨ ត្រង់មាត្រា ១ ចែងថា មនុស្សទាំងអស់កើតមកមានសេរីភាព និងសមភាពក្នុងផ្នែកសេចក្តីថ្លៃថ្នូ និងសិទ្ធិ ។ ចំណែកមាត្រា២ (១) ចែងថា មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិ និងសេរីភាពទាំងអស់ ដែលបានប្រកាសក្នុងសេចក្តីប្រកាសនេះ ដោយគ្មានការប្រកាន់បែងចែកបែបណាមួយ មានជាអាទិ៍ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀត ដើមកំណើត ជាតិ ឬសង្គមកំណើត ឬស្ថានភាពដទៃៗ ទៀតឡើយ។ និងមាត្រា ៧ ចែងថា មនុស្សគ្រប់រូបមានសិទ្ធិស្មើចំពោះមុខច្បាប់ និងមានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗ គ្នាដោយគ្មានការរើសអើង។
យ៉ាងនេះក្តី កាលពីពេលថ្មីៗ នេះ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អះអាងថា ប្រជាពលរដ្ឋខ្មែរ គឺជាផ្នែកដ៏សំខាន់មួយនៃសហគមន៍នៃជនជាតិភាគតិចចំនួន ៥៤ នៅវៀតណាម ដែលបានរួមរស់ជាមួយគ្នាដោយស្មើភាពគ្នា ប្រកបដោយសុខដុមរមនា និងរួមវិភាគទានក្នុងបុព្វហេតុកសាង និងការពារជាតិ ។
លោកស្រីបានមានប្រសាសន៍ថា ជនជាតិទាំងអស់នៅវៀតណាម ត្រូវបានចាត់ទុកដោយស្មើភាព ហើយរដ្ឋវៀតណាម ធានា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ដើម្បីបន្តកែលម្អជីវភាពរស់នៅ ទាំងសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិច រក្សាអត្តសញ្ញាណជនជាតិ និងលើកតម្កើងទំនៀមទម្លាប់ដ៏ល្អរបស់ពួកគេ ព្រោះទំនៀមទំលាប់ ប្រពៃណី និងវប្បធម៌ រួមចំណែកពង្រឹងការរួបរួមជាតិ ៕