ដោយ លី ឈូន
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ថា ការកសាង ព្រះវិហារ កុដិ សាលាថ្មី គួរតែថវិកាបានមកដោយកម្លាំងញើសឈាមអ្នកកសាងទើបបានបុណ្យច្រើន ឯការកសាង ព្រះវិហារ កុដិ សាលាថ្មី ដោយថវិកា លក់ដីវត្តអារាម ដែលជាកេរដំណែលដូនតានោះ មិនសូវបានបុណ្យទេ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏សូមអំពាវនាវ ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ នៅដែនដីកម្ពុជាក្រោម សូមកុំបន្តលក់ដីវត្តតទៅទៀត ម្យ៉ាងទៀត ក៏សូមឱ្យជួយថែរក្សាវត្ថុបុរាណមត៌កខ្មែរ កុំធ្វើឱ្យខូចខាតទម្រង់ដើមនាំឱ្យបាត់តម្លៃសិល្បៈដូនតាខ្មែរ ។ អ្នកស្រឡាញ់សិល្បៈវប្បធម៌ខ្មែរជាច្រើន លើកឡើងថា ការលក់ដីវត្តដើម្បីកសាង វិហារ កុដិសាលាថ្មីមិនមែនជាអាទិភាព សម្រាប់ថែរក្សាកេរមត៌កវប្បធម៌ខ្មែរនោះទេ ការបណ្ដុះបណ្ដាលធនធានមនុស្សទើបជាអាទិភាព នៃការថែរក្សាមរតកវប្បធម៌ខ្មែរឲ្យគង់វង្សបាន ។ ព្រោះថា វត្តអារាម ដូនតាខ្មែរក្រៅពីជាទីសក្ការៈ ក៏ជាទីរមណីយដ្ឋានដ៏ទាក់ទាញភ្ញៀវទេសចរ ដែលអាចរកចំណូល សម្រាប់កសាងកុដិ សាលា វិហារថ្មី នៅពេលអនាគតបានដែរ ដោយមិនចាំបាច់ ត្រូវលក់ដីកេរមរតក កសាង គរុភណ្ឌ លហុភណ្ឌថែមនោះ មិនល្អសោះឡើយ ។

បុរសខ្មែរក្រោមម្នាក់ឈ្មោះចៅ សំអឿន អាយុប្រមាណជា ៤០ ឆ្នាំកំពុងរស់នៅកម្ពុជា លោកជាអតីតព្រះចៅអធិការវត្តជីក្អេងក្រោម ស្ថិតក្នុងស្រុកស្វាយទង ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរថា ក្នុងអំឡុងពេលដែលលោកធ្វើជាព្រះចៅអធិការវត្ត ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៣ អាជ្ញាធររបបកុម្មនីស្តុវៀតណាម បានប្រើគ្រប់មធ្យោបាយរឹបអូសយកគ្មានឈប់ឈរ នូវដីធ្លីវត្តអារាម និងដីប្រជាពលរដ្ឋខ្មែរក្រោម ក្នុងស្រុកស្វាយទង និងស្រុកក្របៅ នៃខេត្តមាត់ជ្រូកដែលវៀតណាមដាក់ឈ្មោះថ្មីថាអាងយ៉ាង An Gian តែលោកបានប្ដេជ្ញាចិត្តថាទោះបីដីវត្តមួយចំអាម ឬ មេកឈើមួយមែក ក៏មិនឲ្យអាជ្ញាធរវៀតណាម រឹបអូសបានដែរ៖«និយាយពីរឿងដើមឈើកាលដែលខ្ញុំទើបតែឡើងធ្វើជាព្រះចៅអធិការវត្តថ្មី ៗ ហ្នឹង ហើយដើមឈើហ្នឹងមានតាំងពីបរមបុរាណមកម្ល៉េះ ប៉ុន្តែដើមឈើហ្នឹងដាំនៅលើដីសាលារៀន ហើយសាលារៀនហ្នឹងសង់តាំងពីជំនាន់មុននៅលើដីវត្ត តែដើមឈើទាំងអស់ហ្នឹង ដាំមុនការសង់សាលារៀននឹងទៀត ។ ពេលដែលគេកាប់ឈើហ្នឹងគេមិនបានជូនដំណឹង ឬ ជម្រាបឲ្យខ្ញុំដឹងទេ ហើយដើមឈើហ្នឹងមានចំនួនប្រាំដើមជាដើមគគីរដែលមានអាយុកាលរាប់រយឆ្នាំ។ ដល់អីចឹងទៅ ខ្ញុំក៏ទៅមើលឃើញគេកំពុងអូសឈើឡើងឡាន ខ្ញុំក៏ឱ្យទម្លាក់មកវិញទាំងអស់ ហើយឲ្យលោកសេងចូលវត្ត សូម្បីតែមេកឈើមួយមេកក៏ខ្ញុំមិនឲ្យយកទៅដែរ» ។
ចំណែកបុរសខ្មែរក្រោមម្នាក់ទៀតឈ្មោះជ័យ សំណាង អាយុប្រមាណជាជាង ៤០ ឆ្នាំសព្វថ្ងៃលោករស់នៅប្រទេសអូស្ត្រាលី លោកជាអតីតព្រះចៅអធិការវត្តអង្គភ្នំខ្លុង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុងព្រះរាជាណាចក្រកម្ពុជា និងជាអតីតព្រះចៅអធិការវត្តកេតនៈរ៉ូស្មរខ្មែរក្រោម នៅទីក្រុងស៊ិដ្ឋនីប្រទេសអូស្ត្រាលី ។ អតីតព្រះចៅអធិការរូបនេះ បន្តថាពេលដែលលោកធ្វើជាព្រះចៅអធិការទាំងនៅកម្ពុជានិងនៅអូស្ត្រាលី លោកកសាង កុដិ សាលា ព្រះវិហារដោយមិនពឹងការលក់ដីវត្តនោះទេ គឺបច្ច័យកសាងកុដិ សាលា ព្រះវិហារ ទាំងនោះបានមកដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ សប្បុរសជនគ្រប់ទិសទី ៖ « កុំចង់បានលក់ ដូរដីវត្ត ឬ កេតនភណ្ឌវត្ត ដីវត្តក្ដីឬ កេតនភណ្ឌបរមបុរាណខ្មែរទាំងអស់នឹងគួររក្សាទុកឱ្យបានគង់វង្ស ជាកេរ្តិ៍ដំណែលរបស់ខ្មែរទាំងអស់ហ្នឹងឱ្យមានតម្លៃ ប្រសិនជាយើងលក់ទៅព្រលឹងដូនតាខ្មែរ លោកនឹងខឹងសម្បាធ្វើឲ្យកើតក្ដីក្ដៅក្រហាយដល់យើងអ្នកលក់ហ្នឹង បានលុយកាក់បន្តិចបន្តួចមករកស៊ីមិនបានសុខទេ គង់តែបណ្ដាលឲ្យជួបឧបសគ្គផ្សេង ៗ មានឈឺថ្កាត់ជាដើម បាបកម្មហ្នឹង នឹងដុតកម្ដៅយើង គេហៅថាទ្រព្យក្ដៅ រកស៊ីគ្មានកំណើតទេ មានតែវិនាសទៅវិញ » ។
ការលើកឡើងមកនេះ បន្ទាប់ពីមានបណ្ដាញព័ត៌មានសង្គម (Face Book) លើក ឡើង អំពីករណីដីវត្តភ្នំខ្ទ័រលើ ក្នុងស្រុកស្វាយទងខេត្តមាត់ជ្រូក ដែលវៀតណាមដាក់ឈ្មោះថ្មីថាខេត្តអាងយ៉ាង (An Gian) ត្រូវ បាន ព្រះសង្ឃ និង ពុទ្ធបរិស័ទ នៅទីនោះ ឃុបឃិតលក់ឲ្យឈ្មួញ និងរឿងរ៉ាវមួយទៀត គឺព្រះពុទ្ធបដិមាករសាងពីថ្មភក់មួយព្រះអង្គ ដែលមានអាយុកាលជាង ១.៤០០ ឆ្នាំស្ថិតនៅក្នុងវត្តរម្ភាវណ្ណក្បាលក្រពើក្នុងស្រុកឧដ្ដុង្គ (ង៉ាងយឿ,Hong Dan) ខេត្តពលលាវដែលវៀតណាមដាក់ឈ្មោះថ្មីថា បាក លីវ (Bac Lieu) ត្រូវបានព្រះសង្ឃក្នុងវត្តអនុញ្ញាតឱ្យអ្នកមានសទ្ធាជួសជុលកែកនឱ្យខុសពីទម្រង់ដើម។
ពលរដ្ឋខ្មែរក្រោមក្នុងខេត្តមាត់ជ្រូកពិសេសក្នុងស្រុកស្វាយទងនិងស្រុកក្របៅ បានបាត់បង់ដីធ្លីស្រែ ចម្ការ វត្តអារាមនៅឆ្នាំ ១៩៧៨ បន្ទាប់ពីត្រូវអាជ្ញាធរវៀតណាមជម្លៀសពួកគាត់ឲ្យទៅរស់នៅតំបន់ស្ដារដីនៅខេត្តពលលាវ ខេត្តទឹកខ្មៅ ខេត្តក្រមួនស ខេត្តឃ្លាំង និង ខេត្តព្រែកឫស្សី ជាដើម ដោយអាជ្ញាធរវៀតណាមយកលេសថាជម្លៀសប្រជាជនចេញពីសង្គ្រាមឈ្លានពានរបស់ពួកខ្មែរក្រហម ។ តែលុះដល់សង្គ្រាមសាន្តត្រាណ ពួកខ្មែរក្រហមត្រូវដួលរលំនៅឆ្នាំ ១៩៧៩ អាជ្ញាធរវៀតណាមមិនបានដឹកប្រជាពលរដ្ឋខ្មែរដែលគេជម្លៀសទៅនោះឲ្យវិលមកភូមិស្រុកវិញទេ ។ លុះដល់ឆ្នាំ ១៩៨១ ប្រជាពលរដ្ឋខ្មែរក្រោមនាំគ្នាវិលត្រឡប់មកភូមិស្រុកវិញដោយខ្លួនឯង ក៏ស្រាប់តែដីធ្លី ស្រែ ចម្ការ វត្តអារាមរបស់ខ្មែរក្រោម ត្រូវបានពលរដ្ឋវៀតណាម ចូលរស់នៅ កាន់កាប់អស់រលីង ។ ក្រោយពីពលរដ្ឋខ្មែរក្រោមធ្វើការទាមទារយ៉ាងស្វិតស្វាញ ជាច្រើនខែឆ្នាំមក ទើបជនជាតិវៀតណាមទាំងនោះព្រមសង់ដីស្រែ ចម្ការ វត្តអារាមខ្មែរក្រោមមកវិញ ប៉ុន្តែការសងមកវិញនោះ មិនបានគ្រប់តាមចំនួនដើមឡើយ ។
ទាក់ទងនឹងករណីទាំងនេះ ព្រះចៅអធិការវត្តគម្ភីរសារគរព្រែកជ្រៅ ព្រះនាមយើងវឹង និងជាអនុប្រធានទី ២ នៃមន្ត្រីសង្ឃខ្មែរក្រោមខេត្តពលលាវ ព្រះអង្គតែងតែលើកឡើងប្រាប់ពុទ្ធបរិស័ទ និងភ្ញៀវដែលចូលទៅកាន់វត្តព្រះអង្គថា ការកសាងវត្តរបស់ព្រះអង្គដ៏ស្គឹមស្គៃនេះ កើតឡើងដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសប្បុរសជន ទាំងក្នុង និងក្រៅចំណុះជើងវត្តព្រះអង្គ។ ព្រះអង្គបន្តលើកឡើងទៀតថា ទោះជាវត្តកសាងសំណង់ថ្មី ៗ ក៏ពិតមែន តែកុដិឈើបូរាណពីរហ្នឹ ព្រះអង្គខំថែរក្សាមិនឲ្យខូចខាតបាត់ទ្រង់ទ្រាយដើមឡើយ៖« តែត្មា ជាមួយនិងគណៈកម្មការហ្នឹង ខំថែទាំរក្សាទុកមកនូវកុដិឈើទាំងពីរហ្នឹង ដែលជាកេរ្តិ៍ដំណែលវប្បធម៌តាំងពីបរមបុរាណ ដែលព្រះឧបជ្ឈាយ៍ និងតា ៗ ពីជំនន់ដើមឡើយលោកខិតខំប្រឹងកសាងទុកមកហ្នឹង ហេតុហ្នឹងហើយយើងត្រូវខំថែរក្សាកុដិពីរហ្នឹងទុកជាកេរ្តិ៍ដំណែល អីចឹងពេលចូលមកដល់វត្តព្រែកជ្រៅ សព្វថ្ងៃយើងអាចមើលឃើញស្គាល់បាននូវកុដិឈើបូរាណទាំងពីរហ្នឹង ។ ឯកន្លែងយើងកសាងថ្មីនេះ រចនាទៅតាមទំនើបថ្មី បែបបទហ្នឹងច្រើនយ៉ាងមែន ប៉ុន្តែកុដិឈើពីរហ្នឹងត្រូវថែរក្សាមិនឲ្យខូចខាត ឬ ត្រូវបំផ្លិចបំផ្លាញបានឡើយ» ។
ចាប់តាំងពីឆ្នាំ ២០២០ រហូតមកដល់ពេលនេះ វត្តអារាមដែលត្រូវបានពលរដ្ឋខ្មែរក្រោមចោទប្រកាន់ថាលក់ដីធ្លីវត្ត មានវត្តបួនភក្ត្រ ស្ថិតនៅក្នុងទីរួមខេត្ត ខេត្តឃ្លាំង ត្រូវបានពលរដ្ឋខ្មែរចោទប្រកាន់ថា លក់ដីគូស្រះស្រីបូរាណទៅឱ្យឈ្មួញបង្កើតជាមណ្ឌលកម្សាន្ត ហើយនឹងវាយកម្ទេចខ្លោងទ្វារវត្តដ៏មានចំណាស់មួយ ដើម្បីពង្រីកផ្លូវឲ្យធំតាមបញ្ជារបស់ឈ្មួញសម្រាប់ភ្ញៀវទេសចរចូលលេងមណ្ឌលកម្សាន្ត។ ឯវត្តទី ២ គឺវត្តហ្លួងបាសាក់បាយឆាវ ខេត្តឃ្លាំង ដែលវៀតណាមដាក់ឈ្មោះថ្មីថា សុក ត្រាំង ត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្តចោទប្រកាន់ថាលក់ដីជំនាផ្លូវឲ្យរដ្ឋអំណាចវៀតណាម ។ ឯវត្តទី ៣ គឺពលរដ្ឋខ្មែរចោទប្រកាន់ថាព្រះសង្ឃនិងពុទ្ធបរិស័ទមួយចំនួននៅជិតដីវត្តចាស់វត្តភ្នំខ្ទ័រលើក្នុងស្រុកស្វាយទង ខេត្តមាត់ជ្រូក ដែលវៀតណាមដាក់ឈ្មោះ ថ្មី ថាខេត្តអាងយ៉ាង (An Gian) ឃុបឃិតគ្នាលក់ដីវត្តភ្នំខ្ទ័រលើ ។ វត្តភ្នំខ្ទ័រលើ ជាវត្តចាស់បុរាណមួយដែលត្រូវបានពុទ្ធបរិស័ទខ្មែរក្រោមបោះបង់ចោល ទៅកសាងវត្តថ្មី ហៅវត្តពោធិលាស់ តាំងពីមុនឆ្នាំ ១៩៧៥ មក ហើយសព្វថ្ងៃទីវត្តនេះ នៅមានស្លាកស្នាមថ្មខឿន ព្រះវិហារ កុដិ សាលា និងសំណង់ចេត្តីយ៍ ពីរ បី ផងដែរ ។
សហព័ន្ធខ្មែរកម្ពុជាក្រោម តែងរំឭកជារឿយ ៗ ដល់ពលរដ្ឋខ្មែរក្រោម ឲ្យជួយថែរក្សាឲ្យបានគង់វង់នូវវត្តអារាម វត្ថុបុរាណកេរដំណែលដូនតាខ្មែរក្រោម ក៏ដូចជាដើមឈើធំ ៗ ក្នុងទីរមណីយដ្ឋាន ទីសក្ការបូជា និងក្នុងវត្តអារាមជាដើម ព្រោះវត្ថុមរតកវប្បធម៌ទាំងនេះ ជាដួងព្រលឹងជាតិខ្មែរក្រោម ៕
រូបទី ១, ២, ៣៖ រូបព្រះបដិមាសាងពីថ្មភក់ ដែលមានអាយុ ជាង ១.៤០០ នៅវត្តរម្ភាវណ្ណ(ក្បាលក្រពើ) ស្រុកឧដ្ដុង្គ ខេត្តពលលាវ ។ (ព្រះបដិមានេះ អ្នកស្រុកស្ដារស្រះទឹកប្រទះឃើញកាល ឆ្នាំ ២០០៨ និង ជួសជុលកែកុន កាលពីថ្ងៃទី ២ កក្កដា ឆ្នាំ ២០២១ ។ (រូបមុនក្រោយជួសជុលកែកុន) ។
រូបទី ១, ២ ៖ សំណល់បល្ល័ង្គព្រះ និងចេត្តិយ៍ វត្តភ្នំទ័រលើ ទំហំ ៧ កុង =១ ហិត ស្រុកស្វាយទង ខេត្តមាត់ជ្រូក ដែលត្រូវពលរដ្ឋខ្មែរក្រោម ចោទព្រះចៅអធិការវត្តពោធិលាស់ (ស្រុកស្វាយទង) ថាលក់ដីវត្តនេះ ឲ្យឈ្មួញយួនតម្លៃជាង ៣ កោដិដុង កាលពីថ្ងៃទី ៥ កក្កដា ឆ្នាំ ២០២១ ។
ប្លង់គូសពង្រីកផ្លូវតម្រង់កាត់យកដីវត្តហ្លូងបាសាក់បាយឆៅអស់ជាច្រើនការ៉េ ដោយអាជ្ញាធរវៀតណាមកាលពីដើមឆ្នាំ ២០២០ ដែលពុទ្ធបរិស័ទខ្លះ នៃចំណុះជើងវត្តនេះ ចោទប្រកានថា ព្រះចៅអធិការវត្ត យកប្រាក់សំណងពីរដ្ឋទៅទិញឡានទំនើប ។
ក្លោងទ្វារវត្តព្រះបួនព្រះភក្ត្រ ដែលមានអយុកាល ជិត ១០០ ឆ្នាំ ដែលពុទ្ធបរិស័ទចោទប្រកាន់ថា ព្រះចៅអធិការវត្ត វាយកម្ទេចចោលកាលពីថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០