បេសកម្ម​របស់ លោក ថាច់ ង៉ុ​ក ថាច់ នៅ​អឺរ៉ុប​

​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុងតែ​បំពេញបេសកកម្ម​នៅ​អឺរ៉ុប ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សហ ប្រជាជាតិ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម និង​ចូលរួម​ពិធី​បុណ្យខួប ៦៦ ឆ្នាំ នៃ​ទិវា ៤ មិថុនា ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅតាម​បណ្ដា​ប្រទេស​នានា​បានរៀបចំ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម កាលពី​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។​

លោក ថាច់ ង៉ុក ថាច់ នៅអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ  ប្រទេសស្វិស  ។ រូបថត ថាច់ វាសនា
លោក ថាច់ ង៉ុក ថាច់ នៅអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ ប្រទេសស្វិស ។ រូបថត ថាច់ វាសនា

ក្នុង​ដំណើរ​បេសកកម្ម​នេះ លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ជួប​សមាជិកសភា​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី ១៦ និង​ថ្ងៃទី ១៧ ខែមិថុនា នាទី​ក្រុង​ប្រ៊ុ​ច​សែ​ល (Brussels) ប្រទេស​បែលហ្ស៊ិក (Belgium)  និង បាន​ជួប​មន្ត្រី​អគ្គស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស ស្វិ​ស នៅ​ថ្ងៃទី ៩ ខែមិថុនា កន្លងទៅនេះ ។​

​នៅ​ទីក្រុង​ប្រ៊ូ​សែ​ល លោក ថាច់ ង៉ុ​ក ថាច់ បាន​លើកយក​បញ្ហា​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នា​នា​នៅ​កម្ពុជា​ក្រោម ប្រាប់​ដល់​សមាជិកសភា​សហភាព​អឺរ៉ុប និង​អំពាវនាវ​ឲ្យ​ពួកគេ​ជំរុញ​ទៅ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​នៅ ដែន​ដែនកម្ពុជា​ក្រោម ។​

​នៅក្នុង​កិច្ចប្រជុំ​ជាមួយនឹង​សមាជិកសភា​សហភាព​អឺរ៉ុប ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានលើកឡើង​អំពី​បញ្ហា​ជាច្រើន ដែល​ខ្មែរក្រោម​កំពុងតែជួបប្រទះ ក្នុងនោះ មានដូចជា បញ្ហា​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ ការបោះបង់ចោល​ដីស្រែ​ចម្ការ​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម​ទៅធ្វើជា​កម្មករ​រោងចក្រ ឬ អ្នកបម្រើ​គេ​នៅតាម​ទីក្រុង និង​ពី​ការ​រឹតត្បិត​នានា​ពី​សំណាក់​អាជ្ញាធរ​បក្សកុម្មុយនិស្ត​វៀតណាម ។​

​លោក ថាច់ ង៉ុ​ក ថាច់ បាន​មានប្រសាសន៍ នៅ​ថ្ងៃទី ១៧ ខែមិថុនា ថា ភាពក្រីក្រ​របស់​ខ្មែរក្រោម មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​តែ​ទៅលើ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជះឥទ្ធិពល​អវិជ្ជមាន​ទៅដល់​ការប្រតិបត្តិ​ព្រះពុទ្ធសាសនា និង​ការថែរក្សា​នូវ​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរក្រោម ទៀតផង ។​

​លោក ថាច់ ង៉ុ​ក ថាច់ បាន​បញ្ជាក់ថា​៖

«​យើង​បាន​ជជែក ឧទាហរណ៍​ថា ព្រោះ​ខ្មែរក្រោម​ស្រែ​វា​ទាក់ទង​ដល់​រឿង​សេដ្ឋកិច្ច រឿង​ចិញ្ចឹម​ក្រពះ តែ​កាលណា​យើង​ខ្វះខាត យើង​ក្រ លទ្ធិ​ជំនឿ​សាសនា​ទៅណា ព្រោះថា បើកាលណា​បងប្អូន​ក្រ​រត់ចោល​ស្រុកភូមិ ព្រះសង្ឃ​ដែលជា​អ្នក​បណ្តុះបណ្តាល​សាសនា ផ្សព្វផ្សាយ​សាសនា ក៏​អន់ថយ​ទៅតាម​ហ្នឹង​ដែរ​។ ព្រះសង្ឃ​យើង​ត្រូវ​ថយ​ចង្ហាន់ មិនមាន​អ្នក​សាង​ផ្នួស​ច្រើន នេះ​ជា​បញ្ហា​»​។​

លោក ថាច់ ង៉ុ​ក ថាច់ បាន​អះអាងថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចង់​ឲ្យ​សហភាព​អឺរ៉ុប ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​ប្រទេស​វៀតណាម ដែរនោះ លើកយក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម ធ្វើយ៉ាងណា​ឲ្យ​ផល​ដែល​ទទួលបាន​ពី​ការរីកចម្រើន​សេដ្ឋកិច្ច ធ្លាក់​ដល់ដៃ​ជនជាតិ​ទាំងអស់​នៅក្នុង​ប្រទេស​វៀតណាម គឺ​មិន​ត្រឹមតែ​ជនជាតិ​យួន​មួយ​នោះទេ ។ លោក​ថា សមាជិកសភា​សហភាព​អឺរ៉ុប លោក គ្រី ស្ទៀ​ន ដែន ប្រេ​ដា (Cristian Dan Preda) សន្យាថា នឹង​លើកយក​សំណើ​របស់​ខ្មែរក្រោម​ទៅ​ជជែក​ជាមួយនឹង​សមាជិកសភា​សហភាព​អឺរ៉ុប ដទៃទៀត ។​

​កិច្ចពិភាក្សា​រវាង​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សមាជិកសភា​សហភាព​អឺរ៉ុប និង​មន្ត្រី​មួយចំនួនទៀត​របស់​ស​ហ​ភាព​អឺរ៉ុប ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ធ្វើឡើង​ក្នុងពេលដែល​ព្រះសង្ឃ​ខ្មែរក្រោម ២ អង្គ និង​ពលរដ្ឋ​មួយចំនួនទៀត​នៅ​ខេត្ត​ឃ្លាំង ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ដាក់គុក​តាំងពី​ឆ្នាំ ២០១៣ មិនទាន់​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅឡើយ ។​

​លោក ថាច់ ង៉ុ​ក ថាច់ ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​ជួប​សមាជិកសភា​សហភាព​អឺរ៉ុប តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ៩ មិថុនា ក៏បាន​ជួប​ជាមួយ​តំណាង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​ជំនឿ​សាសនា និង​តំណាង​នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ (Geneva) ប្រទេស​ស្វី​ស (Switzerland) ផងដែរ ។​

លោក ថាច់ ង៉ុ​ក ថាច់ មានប្រសាសន៍ថា នៅក្នុង​កិច្ច​ជួបពិភាក្សា​ពេលនោះ ខ្មែរក្រោម​បានលើកឡើង​ពី​ករណី​ព្រះសង្ឃ​ខ្មែរក្រោម​ចំនួន ២ អង្គ គឺ​ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ដាក់គុក​ដោយសារ​តែ​ពួកគាត់​តវ៉ា​ទាមទារ​ឲ្យ​មាន​សាលារៀន​ភាសា​ខ្មែរ​នៅក្នុង​វត្ត និង​ដោយសារតែ​ពួកគាត់​មាន​ទំនាក់ទំនង​ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។​

​ក្រៅពីនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​លើកឡើង​ពី​ការ​រឹតត្បិត​របស់​អាជ្ញាធរ​កុម្មុយនីស្ត​វៀតណាម ដែល​ហាមប្រាម​មិន​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម ប្រើប្រាស់​ត្រា​វត្ត​ជា​អក្សរ​ខ្មែរ ហើយ​បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ប្ដូរ​ឈ្មោះ​ត្រា​វត្ត​ទៅជា​អក្សរ​យួន​វិញ ។ ខ្មែរក្រោម​ចាត់ទុក​សកម្មភាព​រប​ស់​អាជ្ញាធរ​វៀតណាម នេះ​ថា ជាការ​ប៉ុនប៉ង​លុបបំបាត់​អត្តសញ្ញាណ និង​ឈ្មោះ​វត្ត​អារាម​របស់​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

បន្ថែម​ពីលើ​នេះ ក្នុង​កិច្ចពិភាក្សា​ជាមួយ​តំណាង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​លើកឡើង​ពី​បញ្ហាលំបាក​របស់​ជនភៀសខ្លួន​ខ្មែរក្រោម​ក្នុងប្រទេស​ថៃ ដែល​កំពុង​ព្យាយាម​សុំ​សិទ្ធិ​ជ្រកកោន​ទៅកាន់​ប្រទេស​ទី ៣ ផងដែរ ។ បើតាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជនភៀសខ្លួន​ខ្មែរក្រោម​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​ថៃ សព្វថ្ងៃ​មាន​ប្រមាណ ១០០ នាក់ ។ ពួកគេ​មកពី​បណ្ដា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា​ក្រោម ដូចជា ខេត្ត​ព្រះ​ត្រពាំង ខេត្ត​ឃ្លាំង និង​ខេត្ត​ពល​លាវ ជាដើម ។​

​លោក ថាច់ ង៉ុ​ក ថាច់ អះអាងថា ខ្មែរក្រោម​ទាំងអស់នោះ​ភៀសខ្លួន​ទៅកាន់​ប្រទេស​ថៃ គឺ​ដើម្បី​រត់គេច​ចេញពី​ការ​តាម​ធ្វើបាប​ពី​សំណាក់​អាជ្ញាធរ​វៀតណាម  ក្នុងនោះ មាន លោក លី ចិន្ដា អតីត​ព្រះសង្ឃ​នៅ​វត្ត​ព្រៃ​ជាប់ ខេត្ត​ពល លាវ ដែល​ត្រូវ អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក ហើយ​ច្រកចូល​បាវ​យកទៅ​ធ្វើ​ទា​រណកម្ម កាលពី​ឆ្នាំ ២០១៣ ក៏​កំពុង​ភៀសខ្លួន​នៅ​ប្រទេស ថៃ​ដែរ ។​

​ប្រភពពី លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​បំពេញបេសកកម្ម​នៅ​អឺរ៉ុប លោក ថាច់ ង៉ុ​ក ថាច់ នឹងធ្វើ​ដំណើរ​ត្រឡប់ទៅផ្ទះ​នៅ​ប្រទេស​កាណាដា ហើយនឹង​ចេញពី​កាណាដា មករ​ដ្ឋ California សហរដ្ឋ អាមេរិក នៅ​ថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ ដើម្បី​ចូលរួម​ប្រជុំ​នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ​មួយ ក្នុងឱកាស​ខួប ៧០ ឆ្នាំ នៃ​ការបង្កើត​អង្គការសហប្រជាជាតិ និង​ខួប ១០ ឆ្នាំ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​សន្និបាត “​ធម្មនុញ្ញ​នៃ អង្គការសហប្រជាជាតិ​យើង​ជាម​នុស្ស​” នៅ​ទីក្រុង San Francisco ៕

ខាងក្រោមនេះ  ជារូបថត ខួប ៦៦ ឆ្នាំ នៃទិវា ៤ មិថុនា ដែលប្រារព្ធដោយសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៥ ។ រូបថត ថាច់ វាសនា

KKF at Itily 1 KKF at Itily 2 KKF at Itily 3 KKF at Itily 4 KKF at Itily 5 KKF at Itily 6 KKF at Itily 7 KKF at Itily 8 KKF at Itily 9 KKF at Itily 10 KKF at Itily 11 KKF at Itily 12 KKF at Itily 13 KKF at Itily 14 KKF at Itily 15