បន្ទាប់ពីបានទទួលដំណឹងថា លោក ថាច់ សៀន ត្រូវជាញោមប្រុស (ឪពុក ) របស់ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន និពន្ធនាយក សារព័ត៌មាន ព្រៃនគរ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃអង្គារ ទី ៦ ខែតុលា ឆ្នាំ ២០១៥ ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ញើសារដើម្បីចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ជាបន្តបន្ទាប់ ។

ខាងក្រោមនេះជាសាររបស់ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម៖
ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជាទីគោរព !
តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម យើងខ្ញុំ ព្រះករុណា ខ្ញុំបាទ សូមចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ថាច់ សៀន ត្រូវជាញោមប្រុសរបស់ ព្រះតេជព្រះគុណ ដែលបានទទួលអនិច្ចកម្មទៅ កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៥ ។
មរណភាពរបស់ លោក ថាច់ សៀន នឹងដិតជាប់ជានិច្ចជាមួយសង្គមខ្មែរក្រោម, ញាតិសសន្ដានទាំងក្នុង ស្រុក និង ក្រៅស្រុក ។
យើងខ្ញុំ សូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោក ថាច់ សៀន បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ ។
សូមព្រះតេជព្រះគុណ និងក្រុមគ្រួសារ សាច់ញាតិ មេត្តាទទួលនូវការចូលរួមរំលែកទុក្ខពីយើងខ្ញុំព្រះករុណា ខ្ញុំ បាទ ក្នុងវេលាដ៏ក្រៀមក្រំនេះ ៕
ដោយសេចក្ដីគោរពពីខ្ញុំ ព្រះករុណា ខ្ញុំបាទ
កាណាដា ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៥
ថាច់ ង៉ុក ថាច់
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម
តទៅនេះជាលិខិតចុះថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៥ របស់ លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ពីប្រទេសបារាំង៖
“សហព័ន្ធខ្មែរកម្ពុជាក្រោម រួមជាមួយសមាជិក-សមាជិកា មានសេចក្ដីក្រៀមក្រំ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់ លោក ថាច់ សៀន ដែលត្រូវជាឪពុកបង្កើតរបស់ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ក្នុងជន្មាយុ ៦៣ ឆ្នាំ ដោយរោគាពាធ ។
ក្នុងនាម សហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយនឹង ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ព្រមទាំងសមាជិក គ្រួសារទាំងអស់នៃសព ដោយសេចក្ដីក្រៀនក្រំជាទីបំផុត ។
យើងខ្ញុំ ទាំងអស់គ្នា សួមបួងសួងឲ្យព្រលឹង លោក ថាច់ សៀន បានទៅសម្រាកនៅឋានសួគ៌ ឋាននិន្វានកុំបី ឃ្លៀងឃ្លាតឡើយ” ។
ខាងក្រោមនេះ ជាសាររបស់ លោក តោ គឹម ថុង ឧត្ដមទីប្រក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ពីប្រទេសកាណាដា៖
ខ្ញុំព្រះករុណាសូមចូលរំលែកទុក្ខជាមួយព្រះអង្គម្ចាស់ចំពោះមរណភាពរបស់ញោមប្រុស គឺលោក ថាច់ សៀន ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃអង្គារ ៩ រោច ខែភទ្របទ ឆ្នាំ មមែ សប្ដស័ក ព. ស. ២៥៥៩ ត្រូងនឹងថ្ងៃទី ៦ ខែតុលា គ. ស. ២០១៥ ។
ខ្ញុំព្រះករុណាប្រហែលជាយោគយល់នូវសន្តានព្រះទ័យដ៏ក្រៀមក្រោះរបស់ព្រះតេជព្រះគុណយ៉ាងណា ខណៈ ដែលមិនបាននៅជិតលោកឳពុកនៅនាទីចុងក្រោយរបស់គាត់ ។
ទោះយ៉ាងនេះក៏ដោយ សង្ឃឹមថា គាត់នឹងអនុគ្រោះឲ្យ ហើយនឹងអនុមោទនាទទួលបុណ្យកុសលដែលព្រះ តេជគុណជាកូនបានកសាងក្នុងគន្លងបំរើផលប្រយើជន៍ជាតិ និងសាសនា ។
សូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោក ថាច់ សៀន បានទៅកាន់សុគតិភពកុំបីខានឡើយ ។
ដោយសេចក្រីគោរព ស្មោះស្ម័គ្រ ។
ខាងក្រោមនេះ ជាសាររបស់ លោក ថាច់ សេ ប្រធានសភាតំណាង នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ពីរដ្ឋ អូហៃយូ សហរដ្ឋអាមេរិក៖
ខ្ញុំព្រះករុណា និង គ្រួសារ និងក្នុងនាម ជាប្រធានសភាតំណាងនៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ ព្រះតេជព្រះគុណ គឿន ជានិពន្ធនាយក សារព័ត៌មាន ព្រៃនគរ និងជាអនុប្រ ធាននាយដ្ឋានកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានញោមប្រុសរបស់ព្រះអង្គ នាម ថាច់ សៀន បានទទួលមរណភាព កាលពី ថ្ងៃ អង្គារ៍ ទី ៦ ខែតុលា ឆ្នាំ ២០១៥ ត្រូវនឹងថ្ងៃ ៩ រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព. ស. ២៥៥៩ វេលាម៉ោង ១ និង ៣០ នាទី រសៀល ដោយរោគាពាធ ក្នុងជន្មាយុ ៦៣ ឆ្នាំ ។
សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់ លោក សៀន ឆាប់បានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ ។
ដោយគោរពពីខ្ញុំក្នានិងគ្រួសារ
រដ្ឋអូហៃអូ ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៥
ហត្ថលេខា
ថាច់ សេ
ប្រធានសភាតំណាងនៃសហព័ន្ធខ្មែរកម្ពុជាក្រោម
សូមបញ្ជាក់ថា លោក ថាច់ សៀន កើតនៅឆ្នាំ រោង ចត្វាស័ក ព. ស. ២៤៩៦, គ. ស. ១៩៥២ នៅភមិ យង់យៅ ឃុំក្រសាំង ស្រុកកំពង់ស្ដាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។
សពរបស់ លោក ថាច់ សៀន នឹងបូជានៅថ្ងៃព្រហស្បតិ៍ ១១ រោចខែភទ្របទ ត្រូវនឹងថ្ងៃ ទី ៨ ខែ តុលា ឆ្នាំ ២០១៥ វាលាម៉ោង ១: ៣០ នាទី រសៀលនេះ នៅវត្តមជ្ឈិមារាម (កណ្ដាល), ស្រុកកំពង់ស្ពាន ខេត្តព្រះ ត្រពាំង ។
បន្ទាប់ពីពិធីបូជាសព នៅរាត្រីថ្ងៃដដែល នឹងមានកម្មវិធីពុទ្ធាភិសេក និងព្រះសង្ឃសម្ដែងធម្មវិសេសទេសនា ដើម្បីឧទ្ទិសកុសលដល់សព ។
នៅព្រឹកថ្ងៃសុក្រ ១២ រោចខែភទ្របទ ត្រូវនឹងថ្ងៃ ទី ៩ ខែតុលា និមន្តព្រះសង្ឃចំនួន ៦៤ អង្គរាប់បាត្រ និងនិមន្តព្រះសង្ឃទទួលភត្តនៅគេហដ្ឋានសព ដើម្បីដារបង្សុកូលជាកិច្ចឆ្លងបុណ្យ ៕