សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ អំពាវនាវ​ដល់​ព្រះសង្ឃ​ខ្មែរ​ក្រោម ​កុំ​ឱ្យ​ធ្វើ​តាម​បង្គាប់​វៀតណាម

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​វៀតណាម​បង្ខំ​ឲ្យ​បំបិទ​សិទ្ធិ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម ​កុំ​ធ្វើ​ឲ្យ​តាម​បង្គាប់​វៀតណាម ដើម្បីផល​ប្រយោជន៍​ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​វៀតណាម​ បង្ខំ​ឲ្យ​បំបិទ​សិទ្ធិ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម កុំ​ធ្វើ​ឲ្យ​តាម​បង្គាប់​វៀតណាម ដើម្បី​ផល​ប្រយោជន៍ និង​លាភសក្ការៈ ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី អាជ្ញាធរ​វៀតណាម បាន​ប្រើប្រាស់ សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​ប្រចាំ​ខេត្តឃ្លាំង ​មិន​ទទួល​ស្គាល់សាមណេរ​ខ្មែរ​ក្រោម​មួយ​អង្គ ដែល​សកម្ម​ក្នុង​ការពារសិទ្ធិមនុស្ស និង​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ។

សាមណេរ យឿង ខាយ ថតនៅពីមុខសាលាឆទាន ភូមិកន្រែង ។ រូបៈ ផ្តល់ឲ្យ
សាមណេរ យឿង ខាយ ថតនៅពីមុខសាលាឆទាន ភូមិកន្រែង ។ រូបៈ ផ្តល់ឲ្យ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ចាត់​ទុក​ទង្វើ​របស់​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ ដែល​បាន​ហាមឃាត់​សាមណេរ យឿង ខាយ មិន​ឲ្យ​គង់​ក្នុង​វត្ត​ទូទាំង​ខេត្តឃ្លាំង​ថា ការ​សងសឹក នឹង​សង្ឃ ដែល​សកម្ម​ផ្នែក​សិទ្ធិមនុស្ស និង​សាសនា ។ ប្រធាន​អន្តរសាសនា ​នៃ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ធីធី ធម្មោ មាន​ថេរ​ដីកា​ក្នុង​សេចក្ដី​ថ្លែងការណ៍ ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​ថា ទង្វើ​របស់​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ ដែល​មាន​អាជ្ញាធរ​វៀតណាម​ នៅ​ពី​ក្រោយ​នេះ ធ្វើ​ឡើង​ ដើម្បី​ទទួល​បាន​លាភ​សក្ការៈ ។

ព្រះភិក្ខុ ធីធី ធម្មោ មាន​ថេរ​ដីកា​បន្ត​ថា ព្រះសង្ឃ​ខ្មែរ​ក្រោម​ ទោះបី​ត្រូវ​វៀតណាម​បង្ខំ​ឲ្យ​ធ្វើ​តាម​ក៏​ដោយ ប៉ុន្តែ​ ត្រូវ​ហ៊ាន​តស៊ូ ដើម្បី​ការពារ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម ។

ភិក្ខុ ធីធី ធម្មោ៖ «យើង​ឃើញ​ថា ការ​បួស​នេះ​ស្រាប់ ស្រប​ច្បាប់ ។ បួស​ហ្នឹង មិន​ត្រឹមតែ​ប្រតិបត្តិ​ទេ ថែម​ទាំង​រក្សា​នូវ​ប្រពៃណី​ដោយសារ​តែ​ខ្មែរ​ក្រោម​ហ្នឹង បើ​មិន​បាន​បួស​ទេ មិន​បាន​សិក្សា​ក្នុង​វត្ត​ទេ ភាសា​កំណើត​ហ្នឹង​ត្រូវ​បាត់បង់» ។

ប្រតិកម្ម​របស់​ប្រធាន​អន្តរសាសនា នៃ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ កើត​ឡើង​ក្រោយ​ពេល សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ​វៀតណាម ​ប្រចាំ​ខេត្តឃ្លាំង បាន​ចេញ​សារាចរ​ណែនាំ​មួយ ផ្ញើ​ទៅ​ព្រះចៅ​អធិការ​វត្ត​នៅ​ទូទាំង​ខេត្ត​ឃ្លាំង កុំ​ទទួល​ស្គាល់​សាមណេរ យឿង ខាយ ជា​ព្រះសង្ឃ​ស្រប​ច្បាប់ ។ សារាចរ​ក៏​គំរាម​ថា ប្រសិនបើ​វត្ត​អារាម នៅ​ទូទាំង​ខេត្ត​ដឹង​ថា សាមណេរ យឿង ខាយ គង់​នៅ​វត្ត​អារាម​ណា​មួយ ត្រូវ​រាយការណ៍​ទៅ​សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ​វៀតណាម ជា​បន្ទាន់ ហើយ​ប្រសិនបើ​ព្រះចៅ​អធិការ​វត្ត​លាក់បាំង​ព័ត៌មាន ឬ​ផ្ដល់​ទីតាំង​ឲ្យ​សាមណេរ យឿង ខាយ គង់នៅ នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ។ ការ​គំរាម​កំហែង​របស់​សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ​វៀតណាម​នេះ ដោយសារ​តែសាមណេរ យឿង ខាយ ដែល​សកម្ម​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស និង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ជនជាតិ​ខ្មែរ​ក្រោម បាន​ទៅ​សាង​ផ្នួស​ នៅ​វត្ត​មង្គល​បុរី​ទ្រនំ​សេក​នៅ​ខេត្ត​លង់​ហោរ ។ សាមណេរ យឿង ខាយ មាន​ស្រុក​កំណើត និង​ផ្ទះ​នៅ​ខេត្ត​ឃ្លាំង ។ ច្បាប់​វៀតណាម​ តម្រូវ​ឲ្យ​ខ្មែរ​ក្រោម​រស់នៅ​ខេត្ត​ណា ត្រូវ​បួស​ក្នុង​ខេត្ត​នោះ ដោយ​មាន​ការ​អនុញ្ញាត​ពី​ព្រះសង្ឃ​វៀតណាម​ជា​មុន​សិន ។

កន្លង​មក មន្ត្រី​សង្ឃ​ខេត្ត​ឃ្លាំង ក៏​ធ្លាប់​បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរក្រោម​ ប្រាំ​អង្គ​ទាំង​បង្ខំ ដោយ​ចោទ​ថា ព្រះសង្ឃ​ទាំង​ប្រាំ​អង្គ​នោះ ជា​អ្នក​ដឹកនាំ​បាតុកម្ម កាល​ពី​ឆ្នាំ ២០០៧ ធ្វើ​ឲ្យ​មាន​ការ​ចលាចល​ក្នុង​សង្គម និង​មាន​គំនិត​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​វៀតណាម ។

ជុំវិញ​ការ​គំរាម​មិន​ឲ្យ​វត្ត​ទទួល​យក​សាមណេរ យឿង ខាយ គង់​ស្នាក់នៅ​ក្នុង​វត្ត​នេះ ព្រះចៅ​អធិការ​វត្ត​មង្គល​បូរី​ទ្រនំ​សេក ព្រះភិក្ខុ ផេន ចន្ទតារា ដែល​អនុញ្ញាត​ឲ្យ​សាមណេរ យឿង ខាយ គង់ មាន​ថេរ​ដីកា​ថា ព្រះសង្ឃ ដែល​បួស​តាម​ធម៌វិន័យ​ត្រឹមត្រូវ គឺ​អាច​គង់​នៅ​គ្រប់​វត្ត​អារាម​នៅ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​សិក្សា​អក្សរសាស្ត្រ​ជាតិ និង​ច្បាប់​ព្រះពុទ្ធសាសនា ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែម​ថា មន្ត្រី​សង្ឃ​ខេត្តឃ្លាំង ដាក់​សម្ពាធ​លើ​សាមណេរ យឿង ខាយ មិន​ឲ្យ​គង់​តាម​វត្ត​នៅ​ខេត្តឃ្លាំង ជា​រឿង​មួយ​មិន​សមរម្យ និង​ខុស​វិន័យ​របស់​ព្រះពុទ្ធ​ទៀត​ផង ។

ព្រះភិក្ខុ ផេន ចន្ទតារា៖ «សំខាន់​គឺ យើង​បួស​ត្រឹមត្រូវ​តែ​បែប​ព្រះពុទ្ធ​សាសនា​មាតា​បិតា​អនុញ្ញាត​ឲ្យ​បួស​តាម​ធម៌​វិន័យ» ។

មក​ទល់​ពេល​នេះ អាជ្ញាធរ​វៀតណាម​ មិន​ទាន់​ប្រតិកម្ម​នឹង វត្ត​មង្គល​បូរី​ទ្រនំ​សេក ដែល​ហ៊ាន​ឲ្យ​សាមណេរ យឿង ខាយ ស្នាក់នៅ​ឡើយ​ទេ ។ សាមណេរ យឿង ខាយ ក៏​កំពុង​បន្ត​គង់​នៅ ក្នុង​មង្គល​បូរី​ទ្រនំ​សេក និង​និមន្ត​សំដែង​ធម៌ និង​ឆាន់​តាម​ផ្ទះ​ពលរដ្ឋ ។ សាមណេរ យឿង ខាយ មាន​ថេរ​ដីកា​ប្រាប់​អាស៊ី​សេរី​ថា ព្រះអង្គ កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ប៉ុន្តែ ប្ដេជ្ញា​នឹង​បន្ត​គង់​ក្នុង​វត្ត​មង្គល​បូរី​ទ្រនំ​សេក ដើម្បី​ផ្សព្វផ្សាយ​ធម៌ និង​ធ្វើការ​តស៊ូ​មតិ ដើម្បី​សិទ្ធិ​ស្វ័យ​សម្រេច ។

សាមណេរ យឿង ខាយ៖ «អាត្មា​សាងផ្នួស​ហ្នឹង​ ត្រឹមត្រូវ​អាត្មា​មិន​សឹក​តាម​បញ្ជា​គេ ។ គេ​ចាប់​បង្ខំ​យ៉ាង​ណា ក៏​ដោយ​អាត្មា​មិន​អាច​ធ្វើ​តាម​បញ្ជា​គេ​ទេ» ។

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ ដើម្បី​បក​ស្រាយ​ជុំវិញ​ការ​លើក​ឡើង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី ២១ មករា ប៉ុន្តែ ​កន្លង​មក​វៀតណាម បាន​បដិសេធ​ថា រំលោភ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី វៀតណាម​នៅ​តែ​បន្ត​រំលោភ​សិទ្ធិមនុស្ស ។ ការ​រំលោភ​បំពាន​ទាំង​នោះ រួមមាន ការ​ហាមឃាត់​ព្រះសង្ឃ​ខ្មែរ​ក្រោម មិន​ឲ្យ​និមន្ត​បិណ្ឌ​បាត្រ អាជ្ញាធរ​វៀតណាម​ ខេត្តលង់ហោរ ប៉ុនប៉ងកាប់​យក​ដើម​គគីរ ដែល​មាន​អាយុកាល​ជាង ៧០០ ឆ្នាំ ដែល​ជា​កេរដំណែល​របស់​វត្ត​មង្គលបុរី​ទ្រនំ​សេក ។ អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត លង់ ហោរ ក៏​បាន​នាំ​គ្នា​ទៅ​ចង់​បំផ្លាញ ទីតាំង​សាលាឆទាន​របស់​ពលរដ្ឋ​ខ្មែរ ក្រោម​មួយ​កន្លែង នៅ​ឃុំកំពង់ ស្រុកប្រាសាទ​ថ្មី ។ សហរដ្ឋអាមេរិក បច្ចុប្បន្ន​កំពុង​ឃ្លាំមើល​ស្ថានការណ៍​សិទ្ធិ​សេរីភាព​សាសនា ​នៅ​វៀតណាម ។ រដ្ឋមន្ត្រី​ក្រសួង​ការ​បទេស​អាមេរិក លោក អេថូនី ប្ល៊ីងឃិន (Anthony Blinken) មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី ២ ខែធ្នូ នៅ​ពេល​ដាក់​វៀតណាម ក្នុង​បញ្ជី​តាមដាន​ជា​ប្រទេស​រំលោភ​សិទ្ធិ​សាសនា​ធ្ងន់ធ្ងរ​ ថា រដ្ឋាភិបាល និង​ក្រុម​មនុស្ស​ខ្លះ បាន​គំរាម​កំហែង​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ ឬ​សម្លាប់​ដោយសារ​តែ​ជំនឿ​សាសនា ។ មាន​ករណី​ខ្លះ រដ្ឋាភិបាល​មួយ​ចំនួន បាន​បំបិទ​សិទ្ធិ​សេរីភាព​សាសនា ឬ​ជំនឿ ដើម្បី​ផល​ប្រយោជន៍​នយោបាយ ។ កត្តា​នេះ​ហើយ បាន​បណ្ដាល​ឲ្យ មាន​ការ​បែងចែក​ដោយ​ឈឺ​ចាប់ បង្ក​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច និង​គំរាម​កំហែង​ដល់​ស្ថិរភាព​នយោបាយ និង​សន្តិភាព ៕