ដោយ យន់ សាមៀន | RFA Khmer
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើដំណើរទៅអង្គការសហប្រជាជាតិ នៅពេលឆាប់ៗ ខាងមុខនេះ ដើម្បីធ្វើយុទ្ធនាការស្វែងរកការគាំទ្រ ប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ដែលបានដាក់ពាក្យសុំធ្វើជាសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សម្រាប់អាណតិ្តបីឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងថា វៀតណាមគ្មានសមត្ថភាពធ្វើជា សមាជិក ស្ថាប័នសិទ្ធិមនុស្សកំពូលនេះទេ ដោយសារតែវៀតណាម កំពុងរំលោភសិទ្ធិមនុស្សពលរដ្ឋខ្លួនឯង ជាពិសេសខ្មែរកម្ពុជាក្រោម ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ទទួលបានការគាំទ្រពីអង្គការអន្តរជាតិមួយចំនួន ជុំវិញយុទ្ធនាការ ស្នើឲ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិ កុំបោះឆ្នោតគាំទ្របេក្ខភាពវៀតណាម ធ្វើជា សមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏នឹងធ្វើដំណើរទៅបុរីញ៉ូយ៉ក ដើម្បីជួបនឹងតំណាងអង្គទូត និងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីសុំការគាំទ្រពីប្រទេសទាំងនោះ ប្រឆាំងនឹងបេក្ខភាពរបស់វៀតណាម ។
អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ចៅ មុន្នី ប្រាប់វិទ្យុអាស៊ីសេរី ថា សហព័ន្ធធ្វើយុទ្ធនាការប្រឆាំងបេក្ខភាពរបស់វៀតណាម ដោយសារតែវៀតណាម បន្តបំពានការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពសន្ធិសញ្ញាសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម៖ «ធ្វើម្ត៉េច ដើម្បីរដ្ឋាភិបាលយួនហ្នឹងគោរពសិទ្ធិមនុស្ស ដើម្បីឲ្យរដ្ឋាភិបាលយួនគោរពសិទ្ធិមនុស្សមានតែយើងត្រូវយករឿងទាំងអស់ហ្នឹងទៅ ដើម្បីទៅប្រាប់ប្រទេសមួយចំនួន ពីព្រោះវាជាឱកាសរបស់សហព័ន្ធ ។ ក្រៅពីសំបុត្រយើងផ្ញើទៅប្រទេសមួយចំនួនហ្នឹង យើងក៏ដាក់សំណួរឲ្យរដ្ឋាភិបាលយួនហ្នឹង ខំប្រឹងធ្វើរឿង ២២ គឺត្រូវគោរពសិទ្ធិមនុស្សសាសនា ទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើមការងារទាំងអស់ហ្នឹង ធ្វើម្ត៉េចបើរដ្ឋាភិបាលវៀតណាមចង់ធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវគោរពសិទ្ធិមនុស្សជាមុនសិន» ។
ញ្ញត្តិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលដាក់ទៅតំណាងអង្គទូត ប្រទេសសមាជិកអង្គការសហប្រជាជាតិ បានសំដែងក្តីបារម្ភជុំវិញបេក្ខភាពរបស់វៀតណាម ដែលមានប្រវត្តិរំលោភសិទ្ធិមនុស្ស ។ សហព័ន្ធលើកឡើងថា ប្រសិនបើ វៀតណាម ជាប់ឆ្នោតមែននោះ វានឹងអាចប៉ះពាល់ដល់ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះ ។
កាលពីពេលថ្មីៗ នេះអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំវៀតណាម សំដែងក្តីបារម្ភជុំវិញការឃាត់ខ្លួនយុវជនខ្មែរក្រោម លោក ដួងខាយ ដោយចោទប្រកាន់លោករឿងចែកចាយ ឯកសារសេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ។ វៀតណាម ក៏ចាប់ផ្តើមកាត់ទោសមានលក្ខណៈធ្ងន់ធ្ងរទៅលើសកម្មជនសិទ្ធិមនុស្ស និងដីធ្លី ពីបទប្រឆាំងនឹងរដ្ឋវៀតណាម ដែលអង្គការសហប្រជាជាតិចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។
យុទ្ធនាការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនេះ កើតឡើងក្រោយពេល ក្រសួងការបរទេសវៀតណាម ប្រកាសថា វៀតណាមចង់ក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សម្រាប់អាណតិ្តបីឆ្នាំ ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ។ វៀតណាម អះអាងថា រដ្ឋាភិបាលកុម្មុយនីស្តមួយនេះ នឹងប្តេជ្ញាការពារជនងាយរងគ្រោះ បំបាត់អំពើហិង្សា លើកតម្កើងសមភាពយេនឌ័រនិង ដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក ។ វៀតណាម ធ្លាប់ក្លាយជាសមាជិកក្រុមប្រឹក្សានេះ ម្តងរួចហើយ កាលពីចន្លោះឆ្នាំ ២០១៤ និង ២០១៦ ។
ពាក់ព័ន្ធនឹងរឿងនេះ អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុន្នី អះអាងថា វៀតណាមនឹងពិបាកទទួលបានជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សម្រាប់អាណតិ្តនេះ ដោយសារតែវៀតណាមបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិព្យួរសមាជិកភាពរបស់រុស្ស៊ី (Russia) ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ ដោយសារតែប្រទេសនេះ ធ្វើសង្គ្រាមឈ្លានពានលើប្រទេសអ៊ុយគ្រែន (Ukraine) ។
លោក ម៉ៅ មុន្នី ចោទសួរថា តើគេគួរឲ្យវៀតណាម ធ្វើជាសមាជិកស្ថាប័នសិទ្ធិកំពូលដែរទេ នៅពេលដែលវៀតណាម ការពារប្រទេសរំលោភសិទ្ធិមនុស្សដូច្នោះ៖ «ឥឡូវ អ្វីដែលធ្ងន់ជាងគេរដ្ឋាភិបាលយួន បាក់មុខហ្នឹងពេលអង្គការសហប្រជាជាតិ បោះឆ្នោតទម្លាក់ប្រទេសរុស្ស៊ី ចេញពី (Human Rights Council) ហ្នឹងរដ្ឋាភិបាលបោះឆ្នោតគាំទ្រ (រុស្ស៊ី) រឿងហ្នឹងធ្វើឲ្យប្រទេសមួយចំនួនមើលរដ្ឋាភិបាលយួនឡើងវិញ តើរដ្ឋាភិបាលយួនធ្វើត្រឹមត្រូវដែរទេ ។ បើរដ្ឋាភិបាលយួនគាំទ្រប្រទេស ដែលឈ្លានពានប្រទេសគេហ្នឹងរដ្ឋាភិបាលយួននឹងពិបាកឆ្លើយនឹងក្រុមប្រឹក្សាសិទ្ធិមនុស្សដែរ» ។
បច្ចុប្បន្ន ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានសមាជិក ១៥ ប្រទេស ដែលបានចាប់ផ្តើមអាណត្តិ តាំងពីដើមឆ្នាំ ២០២១ ។ អង្គការសហប្រជាជាតិនឹងបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខនេះ ។សម្រាប់អាណត្តិនេះ មានប្រទេសចំនួន ៧ បានដាក់បេក្ខភាពប្រកួតប្រជែងគ្នា ដើម្បីយកកៅអីជាសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន ៤ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific) ៕