ដោយ ថាច់ ប្រីជា គឿន
សហព័ន្ធខ្មែរកម្ពុជាក្រោម បានស្នើទៅវេទិកា «យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម» (EMRIP) ជំរុញប្រទេសវៀតណាមឲ្យបង្កើត យន្តការត្រួតពិនិត្យនៅថ្នាក់ជាតិ និងតំបន់សម្រាប់ការអនុវត្តសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP) នៅដែនដីកម្ពុជាក្រោម ។ សំណើនេះ ធ្វើឡើងតាមរយៈរបាយការណ៍ ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ ផ្ញើទៅអង្គការសហប្រជាជាតិ មុនពេលអង្គការ សហប្រជាជាតិបើក សម័យប្រជុំលើកទី ១៦ នៃ យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម (EMRIP) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ ២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ខាងមុខនេះ ។

នៅក្នុងរបាយការណ៍ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោម ដែលជាក្រុមជនជាតិដើម រស់នៅលើទឹកដីកម្ពុជាក្រោម កំពុងតែធ្វើការតស៊ូមតិដើម្បីបានទទួលស្គាល់នូវអត្តសញ្ញាណ និងការពារសិទ្ធិរបស់ពួកគាត់ជាជនជាតិដើម ។ ទោះបីជាត្រូវបានទទួលស្គាល់ថា ជាក្រុមជនជាតិដើមក្រោម យោងតាម សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) យ៉ាងណាក៏ដោយ ក៏ពលរដ្ឋខ្មែរក្រោមនៅតែបន្តត្រូវប្រឈមមុខនឹងការរើសអើង ការរឹបអូសយកដីធ្លី និងការកាឡៃវប្បធម៌ ។ ការបង្កើតយន្តការត្រួតពិនិត្យនៅថ្នាក់ជាតិ និងថ្នាក់តំបន់ មានសារៈសំខាន់ណាស់ សម្រាប់ធានាការអនុវត្ត នូវ សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) និងការពារសិទ្ធិជនជាតិដើមខ្មែរក្រោម ដែលគ្មានសំឡេង ។
នាពេលកន្លងមក សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែបញ្ជូនប្រតិភូរបស់ខ្លួន ទៅចូលប្រជុំនៅក្នុងសម័យប្រជុំ នៃ យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម ដើម្បីតាមដាន និងថ្លែងការណ៍អំពីសិទ្ធិរបស់ខ្មែរក្រោម រាល់ពេលដែលតំណាងប្រទេសវៀតណាម ដល់វេនឡើងឆ្លើយបំភ្លឺចំពោះសំនួររបស់អ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម នៅក្នុងសម័យប្រជុំនេះតាមការកំណត់ ។
យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម ជាស្ថាប័នប្រមូលផ្ដុំដោយអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើមទាំង ៧ រូប ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយត្រូវបានជ្រើសរើសដោយផ្អែកលើសមត្ថភាព និងបទពិសោធន៍របស់ពួកគាត់ធ្វើការលើសិទ្ធិជនជាតិដើម ។ ជារៀងរាល់ឆ្នាំ យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម រៀបចំសម័យប្រជុំរយៈពេលប្រាំថ្ងៃ ដែលមានតំណាងរដ្ឋាភិបាលមកប្រទេសនានា ជនជាតិដើម អង្គការតំណាងជនជាតិដើម សង្គមស៊ីវិល អង្គការអន្តររដ្ឋាភិបាល និងអ្នកសិក្សាជជែកចោទសួរទៅរដ្ឋាភិបាលអំពីការគោរពសិទ្ធិជនជាតិដើមនៅក្នុងពិភពលោក ។
យោងតាមអង្គការសហប្រជាជាតិបានបញ្ជាក់អត្ថន័យពាក្យ «ជនជាតិដើម» ថា ជាជនជាតិមួយ ដែលមាន “មានពូជអម្បូរជាអ្នកតាំងលំនៅមុនគេបង្អស់នៅលើទឹកដីមួយ” ។ បើយោងតាមឆ្នាំកសាងវត្តសម្បួររង្សី ឋិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ដែលបានកកើតក្នុងគ្រឹស្តសករាជ ៣៧៣ និងឆ្នាំដែលជនជាតិយួនបានភៀសខ្លួនពីខាងជើងចូលមកឈ្លានពាន និងវាតទីទឹកដីកម្ពុជាក្រោមនៅឆ្នាំ ១៦២៣ ឃើញថា ជនជាតិយួនបានចូលមកតាំងលំនៅក្រោយខ្មែរក្រោមកសាងវត្តសម្បួររង្សី ១២៥៤ ឆ្នាំ ។ ដូច្នេះ ខ្មែរក្រោមជាជនជាតិដើម នៃ ដែនដីកម្ពុជាក្រោម យ៉ាងពិតប្រាដក ។
យោងតាមមាត្រា ៤ នៃ សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) បាន បានបញ្ជាក់ថា “ ជនជាតិដើម ក្នុងការអនុវត្តនូវសិទ្ធិស្វ័យសម្រេចរបស់ខ្លួន មានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ឬដោយស្វ័យភាពលើបញ្ហាទាំងឡាយ ដែលទាក់ទងដល់កិច្ចការផ្ទៃក្នុង និងកិច្ចការនៅមូលដ្ឋានរបស់ខ្លួន ព្រមទាំងវិធីសាស្ត្រ និងមធ្យោបាយផ្សេងៗ សម្រាប់ផ្ដល់ហិរញ្ញវត្ថុ ដល់ដំណើរការស្វ័យភាពរបស់ខ្លួន” ។
នៅពេលថ្មីៗនេះ ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម នាំគ្នាប្រើនូវសិទ្ធិរបស់ខ្លួនជាជនជាតិដើម ក្នុងនោះ មានប្រារព្ធទិវាអន្តរជាតិនានា ដូចជា ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ទិវាសិទ្ធិជនជាតិដើម ១៣ កញ្ញា និង ទិវានារីអន្តរជាតិ ៨ មីនា ជាដើម ហើយមានពាក់អាវយឺតដែលមានសញ្ញាផែនទី និងទង់ជាតិកម្ពុជា ក្រោម តែងតែត្រូវអាជ្ញាធរ នៃរបបអាណានិគមយួនកោះហៅទៅសួរចម្លើយជាបន្តបន្ទាប់ ៕