ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋ និងយុវជនខ្មែរកម្ពុជាក្រោម ដែលហ៊ានងើបឡើងតវ៉ាទាមទារសិទ្ធិជាជនជាតិដើម ។ ប្រតិកម្មរបស់សហព័ន្ធនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាម បានព្យាយាមបំបែកការជួបជុំរបស់ពលរដ្ឋខ្មែរក្រោម ដែលបានប្រមូលផ្តុំគ្នាធ្វើពិធីខួប ១៥ ឆ្នាំ នៃ ថ្ងៃដែលអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីប្រកាស ស្តីពីសិទ្ធិជនជាតិដើម (UNDRIP) កាលពីឆ្នាំ ២០០៧ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ ពីអង្គការសហប្រជាជាតិ ដើម្បីស្នើឲ្យអាជ្ញាធរ នៃ រដ្ឋាភិបាលវៀតណាម បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងប្រើប្រាស់សិទ្ធិជាជនជាតិដើម ។ អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុន្នី ប្រាប់វិទ្យុអាស៊ីសេរីថា សហព័ន្ធស្នើឲ្យអង្គការសហប្រជាជាតិ ជំរុញឲ្យវៀតណាម អនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពសិទ្ធិជនជាតិដើម ដោយសារតែប្រទេសកុម្មុយនីស្តមួយនេះ បានបោះឆ្នោតគាំទ្រសេចក្តីប្រកាសនេះ កាលពីឆ្នាំ ២០០៧៖ «យើងចង់ឲ្យអង្គការសហប្រជាជាតិ ផ្ញើសំបុត្រឲ្យរដ្ឋាភិបាលយួនឲ្យទទួលស្គាល់ស្អី ដែលខ្លួនបានចុះហត្ថលេខា នៅអង្គការសហប្រជាជាតិ ថា បើយើងចុះហត្ថលេខាហើយ ត្រូវតែគោរព មិនអាចហាមឃាត់ខ្មែរក្រោម គ្រាន់តែធ្វើបុណ្យអបអរសាទរប៉ុណ្ណឹង រដ្ឋាភិបាលយួនមករារាំង ឬហៅយើងទៅសំឡុត» ។
កាលពីថ្ងៃទី ១៣ ខែកញ្ញា យុវជនខ្មែរកម្ពុជាក្រោម នៃ សមាគមកូនខ្មែរ ដើម្បីអភិវឌ្ឍន៍ បានប្រមូលផ្តុំគ្នាប្រមាណ ប្រមាណ ១០០ នាក់ ធ្វើពិធី អបអរសាទរខួប ១៥ ឆ្នាំ នៃ ថ្ងៃដែលអង្គការសហប្រជាជាតិដាក់ចេញអនុម័ត សេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម (UNDRIP) នៅខេត្តព្រះត្រពាំង ។ ប៉ុន្តែ ពេលខ្មែរក្រោម កំពុងតែប្រារព្ធពិធីនេះ អាជ្ញាធរវៀតណាម ជាច្រើននាក់ បានមករំខាន និងឲ្យពលរដ្ឋខ្មែរក្រោម ផ្អាកពិធីនេះ ដោយសំអាងថា ពលរដ្ឋធ្វើពិធីនេះ ដោយខុសច្បាប់ ។ ទោះបីជាយ៉ាងណា យុវជនខ្មែរក្រោម បានបន្តធ្វើពិធីនោះ រហូតដល់ចប់ ទើបរំសាយគ្នា ។
យុវជនខ្មែរកម្ពុជាក្រោម លោក យឿង ខាយ ប្រាប់វិទ្យុអាស៊ីសេរីថា ការប្រារព្ធទិវានេះ ដើម្បីជាប្រយោជន៍ខ្មែរក្រោម ជាជនជាតិដើម ។ ក្នុងទិវានេះ យុវជនខ្មែរក្រោម បានចែកអំណោយដល់ ពលរដ្ឋខ្មែរក្រោម ដែលមានវ័យចំណាស់ និងអានខ្លឹមសារ នៃ សេចក្តីប្រកាស ស្តីពីសិទ្ធិជនជាតិដើម របស់អង្គការសហប្រជាជាតិ ។ លោក យឿង ខាយ ចាត់ទុកទង្វើរបស់វៀតណាម ជាការរំលោភសិទ្ធិប្រមូលផ្តុំ ជាពិសេសសិទ្ធិជនជាតិដើម៖ «ប្អូនយល់ថា វៀតណាម ធ្វើនេះវាខុសច្បាប់ហើយសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិវៀតណាម មិនដែលបានអនុវត្តទេ ។ ពេលពួកប្អូនអនុវត្តគាត់រារាំងគាត់ថា ខុសច្បាប់គាត់មិនចង់ឲ្យជនជាតិប្រារព្ធពិធីជនជាតិដើមទេ» ។
ពលរដ្ឋខ្មែរក្រោមថា អាជ្ញាធរវៀតណាម មិនទុកឲ្យខ្មែរក្រោម បានសុខនោះទេ ។ កាលពីថ្ងៃទី ១៥ ខែកញ្ញា ក្រោយពលរដ្ឋខ្មែរក្រោមធ្វើពិធីនោះរួចមក អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង បានកោះហៅ យុវជនខ្មែរក្រោមម្នាក់ ឈ្មោះ យ៉ាញ់ មិញក្វាង ទៅសាកសួររឿងលោក ពាក់អាវយឺតដាក់អក្សរថា ពិធីអបអរសាទរខួប ១៥ ឆ្នាំ ថ្ងៃ អង្គការសហប្រជាជាតិអនុម័តសេចក្ដីប្រកាស ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ។ អាជ្ញាធរវៀតណាម បានឲ្យលោកត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានសាកសួរលោកអស់ជាច្រើនម៉ោងរួចមក ។
អង្គការសហប្រជាជាតិ បានអនុម័តសេចក្តី ប្រកាសស្តីពីសិទ្ធិជនជាតិដើមកាលពីឆ្នាំ ២០០៧ ។ សេចក្តីប្រកាសនេះ ជាឧបករណ៍ដ៏សំខាន់មួយ ដើម្បីការពារសិទ្ធិជនជាតិដើម ។ សេចក្តីប្រកាសនេះ បានដាក់ចេញនូវលក្ខខណ្ឌស្តង់ដាអប្បបរមាធានាការរស់រានមានជីវីត កិត្តិយស សុខុមាលភាព នៃ ជនជាតិដើមជុំវិញពិភពលោក និងការបញ្ជាក់ឡើងវិញនូវសិទ្ធិជាមូលដ្ឋាន និងសិទ្ធិមនុស្ស ដែលមានស្រាប់ឲ្យស្របទៅតាមស្ថានភាពនៃជនជាតិ ។ ទោះបីវៀតណាម បានព្រមទទួលយកអនុវត្តនូវសេចក្តីប្រកាស ស្តីពីសិទ្ធិជនជាតិដើមក៏ដោយ ក៏វៀតណាមបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម និងជនជាតិដើមផ្សេងទៀតដែរ ។
ជុំវិញការប្រារព្ធពិធី អបអរសាទរខួប ១៥ ឆ្នាំ នៃ ថ្ងៃដែលអង្គការសហប្រជាជាតិដាក់ចេញអនុម័ត សេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម (UNDRIP) នេះដែរ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើការតស៊ូដោយសន្តិវិធី និងអហិង្សា នៅលើឆាកអន្តរជាតិ ដើម្បីស្វែងរក «សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង» ជូនប្រជាជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ស្របតាមច្បាប់អន្តរជាតិ និងសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើម ដែលបានចែងនៅក្នុងមាត្រា ៣ ថា៖ “ជនជាតិដើមមានសិទ្ធិស្វ័យសម្រេច” ។ លោកបន្តថា តាមស្មារតីនៃសិទ្ធិនេះ ជនជាតិដើមធ្វើសេចក្ដីសម្រេចចិត្តអំពីស្ថានភាព នយោបាយរបស់ខ្លួនដោយសេរី និងធ្វើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរី និងមាត្រា ៤ បានចែងថា៖ “ជនជាតិដើម ក្នុងការអនុវត្តសិទ្ធិស្វ័យសម្រេចរបស់ខ្លួន មានសិទ្ធិគ្រប់គ្រង ដោយខ្លួនឯង ឬដោយស្វ័យភាពលើបញ្ហាទាំងឡាយ ដែលទាក់ទងដល់កិច្ចការផ្ទៃក្នុង និងកិច្ចការនៅ មូលដ្ឋានរបស់ខ្លួន ព្រមទាំងវិធីសាស្ត្រ មធ្យោបាយផ្សេងៗ សម្រាប់ផ្តល់ហិរញ្ញវត្ថុ ដល់ដំណើរការស្វ័យភាពរបស់ខ្លួន” ។
លោក ប្រាក់ សេរីវុឌ្ឍ បន្តថា ពលរដ្ឋខ្មែរក្រោមរាប់លាននាក់ នៅដែនដីកម្ពុជាក្រោម គួរណាស់តែទទួលបាននូវសិទ្ធិជាជនជាតិដើម តែផ្ទុយទៅវិញ ពួកគាត់នៅតែត្រូវប្រឈមនឹងការរើសអើងពូជសាសន៍ រំលោភបំពានសិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងព្រះពុទ្ធសាសនា ។ លោកប្តេជ្ញាថា សហព័ន្ធកំពុងផ្សព្ធផ្សាយឲ្យពលរដ្ឋខ្មែរក្រោមគ្រប់រូប បានសិក្សាឈ្វេងយល់ឲ្យបានច្បាស់លាស់នូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ដើម្បីពួកគាត់មានសេចក្ដីក្លាហានក្នុងការប្រើប្រាស់នូវសិទ្ធិទាំងនោះ ហើយហ៊ាន ធ្វើសេចក្ដីសម្រេចចិត្តលើជោគវាសនាជាតិរបស់ខ្លួនក្នុងការ «សម្រេចវាសនាខ្លួនដោយខ្លួនឯង» នៅលើទឹកដីកម្ពុជាក្រោម ដោយគ្មានការភ័យខ្លាចឡើយ ៕