ដោយ ថាច់ ប្រីជា គឿន|VOKK
នៅថ្ងៃទី ២៤ ខែមិថុនា នេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California និង រដ្ឋ Washington State បានប្រារព្ធពិធីបុណ្យ ខួប ៦៩ ឆ្នាំ នៃទិវាបារាំងផ្ទេរដែនដីកម្ពុជាក្រោម ឬ ដែនដីកូស័ងស៊ីន ឲ្យទៅជារដ្ឋចំណុះវៀត ណាម (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០១៨) ។ អ្នកចូលរួមបាន ធ្វើពិធីដារបង្សុកូលដើម្បីឧទ្ទិសកុសលដល់វីរជនខ្មែរក្រោម គ្រប់រូប ក្នុងនោះមាន ឧកញ៉ា សឺង គុយ ជាដើម ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ និងសាសនានៅដែនដីកម្ពុជាក្រោម ។ បន្ទាប់ពីពិធីគោរព ទង់ជាតិកម្ពុជាក្រោម និង ពិធីរំឭកគុណវីរជនខ្មែរក្រោម រួច អ្នកចូលរួមបានថ្លែងរំឭកឡើងវិញនូវប្រវត្តិ នៃ ការបាត់បង់ទឹកដីកម្ពុជាក្រោម និងអំពីសកម្មភាពតស៊ូមតិលើឆាកអន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីទាមទារនូវ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ដែលកំពុងតែរស់នៅក្រោមរបបអាណានិគមយួន សព្វថ្ងៃ ។

ពិធីបុណ្យខួប ៦៩ ឆ្នាំ នៃ ទិវាបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យជារដ្ឋចំណុះវៀតណាម ដែលប្រារព្ធដោយសាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំរដ្ឋ Washington State បានធ្វើនៅក្នុងវត្តចន្ទរង្សី ឋិតនៅក្នុង Tacoma ដោយមានថ្នាក់ដឹកនាំ, សមាជិក និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម ដូចជា លោក ចៅ រៀប ជាប្រធានសភាព្រឹទ្ធាចារ្យ, លោក ចៅ សេរី ជា ប្រធានគណៈកម្មាការទទួលបន្ទុក ហិរញ្ញវត្ថុ, លោក ថាច់ សាមន ជាអនុប្រធាន និង លោក ថាច់ សាមី ជាអ្នកនាំ ពាក្យសហព័ន្ធ ខ្មែរកម្ពុជាក្រោម ។ ចំណែកថ្នាក់ដឹកនាំសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋ Washington State រួមមាន លោក ថាច់ សុង ជាប្រធាន, លោក ឡឹម តែម ជាអនុប្រធាន, លោក តាំង ឡាត់ ជាប្រធានសង្គមកិច្ច, លោក ញ៉ាង អ៊ុង ជាហិរញ្ញិក និង លោក ស៊ឺន ចែង ចើន ជាអ្នកយកព័ត៌មាន នៃ វិទ្យុសំឡេងកម្ពុជាក្រោម មកពីប្រទេសកម្ពុជា ព្រមទាំងថ្នាក់ ដឹក នាំក្នុងតំបន់ជាច្រើនរូបផ្សេងទៀត ។
លោក ថាច់ សុង ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington State បានថ្លែងអំពីគោលបំណងនៃការ ប្រារព្ធពិធីបុណ្យនេះយ៉ាងនេះថា៖
(សំឡេង)
ចំណែកនៅទីក្រុង San Jose រដ្ឋ California វិញ លោក ថាច់ ជួន ជាប្រធានសាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំទីក្រុង San Jose បានថ្លែងថា ការបាត់បង់ទឹកដីកម្ពុជាក្រោមទៅរដ្ឋអំណាចយួន ដោយសាររដ្ឋាភិបាលអាណានិគម បារាំងបានកាត់ ឲ្យយួននៅឆ្នាំ ១៩៤៩ ។ លោកថា កាលពីមុនមិនសូវ មានអ្នកស្គាល់ពីកម្ពុជាក្រោមទេ តែនៅពេលនេះពលរដ្ឋខ្មែរនៅប្រទេស កម្ពុជា និង ពិភពលោកបានស្គាល់ខ្មែរក្រោមច្បាស់ជាងមុន ។

(សំឡេង)
ចំណែក លោក ម៉ៅ មុនី ជាអនុប្រធាន និង ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន នៃសហ ព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងអំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅលើឆាកអន្តរជាតិដើម្បីជំរុញឲ្យសហគមន៍ អន្តរជាតិដាក់គំនាបទៅរដ្ឋាភិបាលវៀតណាម មានការគោរពសិទ្ធិជន ជាតិដើមខ្មែរ នៅកម្ពុជាក្រោម ។ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា បានរំឭកឡើងវិញនូវសកម្មភាពជោគ ជ័យ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំសន្និសីទអន្តរជាតិស្ដីពីជន ជាតិដើមខ្មែរក្រោម នៅក្នុងអគារព្រឹទ្ធសភាបារាំង កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨ នេះ ដោយមានផ្ញៀវជាតិ និង អន្តរជាតិ នៅជុំ វិញពិភពលោកចូលរួមប្រមាណជាង ២០០ រូប ។
(សំឡេង)
ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង ជាអ្នកនាំពាក្យ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានអាននូវសេចក្ដីថ្លែងការណ៍របស់ លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម កត់ចំណាំនូវខួប ៦៩ ឆ្នាំ នៃទិវាបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យធ្វើជារដ្ឋចំណុះវៀតណាមថា ៦៩ ឆ្នាំ នៅក្រោមនឹមអាណា និគមយួន ទោះបីរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីរបប យួនតែពលរដ្ឋខ្មែរក្រោមនៅតែខិតខំរក្សា ជាតិខ្មែរ និង ពុទ្ធសាសនាឲ្យបានគង់វង្ស រហូតមកដល់ សព្វថ្ងៃ ។
(សំឡេង)
ចុងកម្មវិធី បណ្ឌិត Joshua Cooper បានថ្លែងអំពីគោលការណ៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវតែជំរុញឲ្យប្រទេសវៀតណាមយកទៅអនុវត្តនៅក្នុងសង្គមខ្មែរនៅកម្ពុជាក្រោម ដើម្បីនាំមកនូវ សុខុមាលភាពដល់ជនជាតិដើមខ្មែរក្រោម ។
សូមបញ្ជាក់ថា កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រកាសច្បាប់ លេខ ៤៩-៧៣៣ ក្នុងការប្រគល់ដែនដីកូស័ងស៊ីន មានទំហំ ៦៧ ពាន់ ៧០០ រយ គីឡូម៉ែត្រក្រឡាឲ្យទៅជារដ្ឋ ចំណុះវៀតណាម បន្ទាប់បារាំងបានដកអាណានិគម ចេញពីដែនដីកម្ពុជាក្រោម ។ ពលរដ្ឋខ្មែរចាត់ទុកថា នេះជាសន្ធិសញ្ញា ខុសច្បាប់ ៕