ដោយ លី ឈូន
អាជ្ញាធរវៀតណាម នៅខេត្តលង់ហោរ ជាច្រើនលើក ច្រើនសារ ធ្វើការរារាំង ជាបន្តបន្ទាប់ មិនឲ្យពុទ្ធបរិស័ទខ្មែរក្រោម ក្នុងភូមិកន្រែងបន្តកសាងសាលាឆទានមួយខ្នង ក្នុងភូមិរបស់ខ្លួននាពេលកន្លងមក និងការបង្ករល្បិចប្រើកម្លាំង រារាំងជាទ្រង់ទ្រាយធំកាលពីថ្ងៃទី ២៨ ខែមិថុនា សប្តាហ៍កន្លងទៅ ដែលករណីនេះ អង្រួនឲ្យរំជួលដល់ពលរដ្ឋខ្មែរ ពុទ្ធបរិស័ទខ្មែរ ខ្មែរក្រោម ទាំងក្នុង និងក្រៅស្រុកនោះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ផ្ដើមប្ដេជ្ញាអំពាវនាវដល់សប្បុរសជនទូទាំងពិភពលោកឲ្យជួយកសាងបង្ហើយសាលាឆទានដ៏ចម្រូងចម្រាស់មួយនេះ ។ ការអំពាវនាវរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នេះ ត្រូវបានពលរដ្ឋខ្មែរ ខ្មែរក្រោម នៅគ្រប់ទិសទី សាទរ និងចូលរួមឧបត្ថម្ភជាច្រើនផងដែរ ។ តែទន្ទឹមនឹងនេះដែរ ពុទ្ធបរិស័ទខ្មែរក្រោមខ្លះ នៅភូមិកន្រែង បែរជាមានការព្រួយបារម្ភ ព្រោះតែខ្លាចអាជ្ញាធរយួនរឹតតែធ្វើទុក្ខបុកម្នេញកពួកគាត់បន្ថែមទៀត ព្រោះតែជំនួយរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ផ្ទុយទៅវិញ អង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម និងអ្នកតស៊ូមតិខ្មែរក្រោម យល់ឃើញថា ការភ័យខ្លាចរបស់បពលរដ្ឋខ្មែរក្រោម ភូមិកន្រែងនេះ ក៏ព្រោះតែពួកគាត់មិនទាន់យល់ច្បាស់ អំពីច្បាប់នៃប្រទេសវៀតណាមផង ច្បាប់សិទ្ធិមនុស្សជាមូលដ្ឋានផង និងច្បាប់សិទ្ធិជនជាតិដើមរបស់ខ្លួន ព្រមទាំងគោលដៅទាំង ១៧ ចំណុចរបស់អង្គការសហប្រជាជាតិ ស្ដីពីការអភិវឌ្ឍន៍ចីរភាព ដែលហៅកាត់ SDG នោះផង ។

ប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ានរិន្ទ អំពាវនាវសប្បុរសជនឲ្យជួយឧបត្ថម្ភកសាងសាលាឆទានភូមិកន្រែង នៃចំណុះជើងវត្តសាលវន្តឧទ្យានព្រែកឈូក និងមង្គលបុរីទ្រនំ សេក ក្នុងឃុំកំពង់ប៉េង ដែលវៀតណាមដាក់ឈ្មោះថ្មីថា ឡង មី (Loan My) ស្រុក ផ្សារថ្មី ដែលវៀតណាម ដាក់ឈ្មោះថ្មីថា តាម បិញ (Tam Binh) ខេត្តលង់ហោរ ដែលវៀតណាម ដាក់ឈ្មោះថ្មីថា វិញ ឡុង (Vinh long) ។
ប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម បញ្ជាក់ថា ការជួយកសាងសាលាឆទានភូមិកន្រែងនេះ ប្រៀបដូចជាការចូលរួមប្រយុទ្ធប្រឆាំងការពារប្រពៃណី វប្បធម៌ អក្សរខ្មែរអីចឹងដែរ ព្រោះរាល់ថ្ងៃនេះ វៀតណាម កំពុងតែលុបបំបាត់ប្រពៃណីទំនៀមទម្លាប់វប្បធម៌ អក្សរសាស្ត្រខ្មែរ៖ «យើងប្ដេជ្ញាថា យើងនឹងខំប្រឹងស្វែងរកគ្រប់មធ្យោបាយ ដើម្បីជួយបងប្អូនយើងធ្វើសាលាឆទាននេះឲ្យបាន ។ យើងជួយផ្នែកថវិកា គឺជួយអំពាវនាវឲ្យបងប្អូនសប្បុរជនខ្មែរយើងតាំងពិភពលោកហ្នឹង ជួយកសាងសាលាឆទានហ្នឹង ឲ្យបានជាសាលាឆទានពិតប្រាកដ ។ ពីព្រោះថា សព្វថ្ងៃហ្នឹង អាជ្ញាធរយួនហ្នឹង គេព្យាយាមលុបបំបាត់វប្បធម៌យើងម្ដងបន្តិចៗ ឥឡូវនេះវាចូលដល់សង្គ្រាមវប្បធម៌ហើយ ឯសង្គ្រាមហ្នឹង គឺយើងប្រយុទ្ធការការពារថែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌ អក្សរសាស្ត្រជាតិយើងហ្នឹង» ។
ប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម រំលឹកជាថ្មីទៀតថា ប្រសិនបើខ្មែរក្រោមទាំងអស់គ្នា មិនជួយការពារថែរក្សាទំនៀមទម្លាប់ អក្សរសាស្ត្រខ្លួនទាំងពីពេលនេះទេ គឺខ្មែរក្រោមនឹងរលាយហើយ ។ ហើយសូមកុំធ្វើដូចករណីស្ត្រីខ្មែរក្រោមដែលឈរឈ្មោះជាក្រុមប្រឹក្សាខេត្ត និងតំណាងរាស្ត្រកន្លងទៅនេះ គឺពួកគាត់មិនបានស្លៀកបំពាក់ជាខ្មែរ ក្នុងពេលបោះឆ្នោត ដើម្បីបង្ហាញឱ្យសាធារណជនស្គាល់ថាជាខ្មែរនោះទេ ៖ «បើថាយើងថយក្នុងសមរភូមិហ្នឹងទៀត គឺយើងនឹងរលាយហើយ ដូច្នេះខ្ញុំសុំអំពាវនាវយើងទាំងអស់គ្នា ទាំងក្នុងទាំងក្រៅអីក៏ដោយ ត្រូវព្រួតដៃគ្នាជួយការពារសមរភូមិវប្បធម៌ហ្នឹង ឱ្យបាន ព្រោះយើងមើលឃើញថាសង្រ្គាមវប្បធម៌នេះ យួនយៀកកុង គេបានជោគជ័យបណ្ដើរ ៗ ហើយ ។ ចូរក្រឡេកមើលខ្មែរក្រោម ដែលឈរឈ្មោះជាតំណាងរាស្រ្ត ជាក្រុមប្រឹក្សាខេត្តកន្លងទៅថ្មី ៗ នេះ ពួកគាត់ជាខ្មែរ តែក្នុងប្រវត្តិរបស់ពួកគាត់ដាក់ថា “គ្មានសាសនា”» ។
ឆ្លើយតបនឹងការលើកឡើងរបស់លោកប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម នេះ បុរសខ្មែរក្រោមជាសកម្មជនក្នុងការកសាងសាលាឆទាននោះ តែសូមមិនបញ្ចេញឈ្មោះប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសាព័ត៌មានព្រៃនគរឲ្យដឹងថា ពេលឮថា សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវសុំសប្បុរជនឲ្យជួយកសាងបង្ហើយនូវសាលាឆទាន ក្នុងភូមិកន្រែងរបស់លោក លោកត្រេកអរខ្លាំងណាស់ ក៏ប៉ុន្តែលោកព្រួយបារម្ភខ្លាចតែអាជ្ញាធរវៀតណាម នឹងចោទប្រកាន់ថា ខ្មែរក្រោមកំពុងទំនាក់ទំនង ដើម្បីបង្កើតបក្សពួកប្រឆាំងនឹងវៀតណាម ហើយវៀតណាម នឹងរារាំងចំពោះការសាងសង់នេះ បន្តទៀត ដែលជាធ្វើឲ្យអាក់សទ្ធារបស់សប្បុរសជន ៖ «ជាធម្មតាកន្លងមកខ្មែរយើងនៅខាងក្រៅជួយថវិកាកសាងសាលាឆទាននេះ សុទ្ធតែមានការលាក់បាំងមិនឲ្យអាជ្ញាធរដឹងដែរ ព្រោះខ្លាចគេចោទប្រកាន់ថាយើងហ្នឹង បង្ករចលាចល ប៉ុនប៉ងធ្វើអ្វីផ្សេងចឹង» ។
ការលើកគម្រោងជួយឃោសនាកសាងសាលាឆទានភូមិកន្រែងនេះ ក៏ព្រោះតែសហព័ន្ធខ្មែរកម្ពុជាក្រោម មើលឃើញនូវការរារាំងរបស់អាជ្ញាធរវៀតណាម ជាបន្តបន្ទាប់មិនឈប់ឈរសោះ ជាពិសេសការរារាំងជាទ្រង់ទ្រាយធំ កាលពីថ្ងៃទី ២៨ ខែមិថុនាកន្លងទៅនេះ ដែលអាជ្ញាធរវៀតណាម បានបញ្ជាឱ្យមន្ត្រីសង្ឃខ្មែរក្រោម ទៅនាំព្រះពុទ្ធរូបចេញពីសាលាឆទាន ដែលអ្នកភូមិកន្រែងកំពុងតែកសាង ហើយនឹងឈានទៅដល់ការបំបាត់សាលាឆទាននេះតែម្ដង ។
សាលាឆទានភូមិកន្រែងត្រូវបានកសាងឡើង ដោយពុទ្ធបរិស័ទចំណុះជើងវត្តពីរគឺវត្តសាលវន្តឧទ្យានព្រែកឈូក និងវត្តមង្គលបុរីទ្រនុំសេក ក្នុងខេត្តលង់ហោរ ។ សាលាឆទាននេះ មានចម្ងាយប្រមាណជាង ៦ គីឡូម៉ែត្រពីវត្តព្រែកឈូក និងចម្ងាយប្រមាណជាជាង ១០ គីឡូម៉ែត្រពីវត្តទ្រនុំសេក សាលាឆទានជាគ្រឿងស៊ីមង់នេះ មានបណ្ដោយ ១២ ម៉ ទទឺង ៩ ម៉ និងកំពស់ ១២ ម៉ បានចាប់ផ្ដើមកសាងឡើងតាំងពីថ្ងៃទី ១៩ វិច្ឆិកាឆ្នាំ ២០២០ ដែលរហូតមកដល់ពេលនេះ កសាងបានសម្រេចប្រហែលជា ៨០ ភាគរយ ។
ឆ្លើយតបនឹងការបារម្ភរបស់ពុទ្ធបរិស័ទភូមិកន្រែងនេះវិញ យុវជនអ្នកតស៊ូមតិខ្មែរក្រោម លោកតូ ហ្វាង ចឿង លើកឡើងថា ការភ័យខ្លាចរបស់អ្នកភូមិកន្រែងនេះ ក៏ព្រោះតែពួកគាត់មិនទាន់យល់ច្បាស់អំពីច្បាប់ នៃប្រទេសវៀតណាម ច្បាប់សិទ្ធិមនុស្ស សិទ្ធជនជាដើម និងគោលការអភិវឌ្ឍន៍ចេរភាពរបស់អង្គការសហប្រជាតិ SDG ។
លោកតូ ហ្វាង ចឿង លើកឡើងបន្តទៀតថា រដ្ឋធម្មនុញ្ញនៃប្រទេសវៀតណាម ត្រង់មាត្រាទី ២៤ ចែងថា ពលររដ្ឋទាំងអស់មានសិទ្ធិប្រតិបត្តិ គោរពទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន និងធ្វើឲ្យរីកចម្រើនឡើង ដោយរដ្ឋជាអ្នកគាំពារ ៖ « និយាយឲ្យចំទៅពួកគាត់មិនទាន់យល់ច្បាស់អំពីសិទ្ធិរបស់ខ្លួន មានសិទ្ធិមនុស្សជាមូលដ្ឋាន និងបានដឹង មិនបានអានអំពីសិទ្ធិជនជាតិដើម និងគោលការណ៍អភិវឌ្ឍន៍ ចេរភាពរបស់អង្គការសហប្រជាជាតិ SDG ។ ការដែលមិនយល់ច្បាស់អំពីច្បាប់ទាំងអស់ហ្នឹងហើយ ដែលធ្វើឲ្យពួកគាត់មានការភ័យខ្លាច បាក់ស្បាតពីការគំរាមកំហែងដោយបំពានពីអាជ្ញាធរវៀតណា ដែលចេះតែធ្វើទុក្ខ បុកម្នេញ» ។
ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ទៀ ថេន លើកឡើងថា គោលការ ១៧ ចំណុច នៃការអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា SDG ត្រូវបានអាជ្ញាធរវៀតណាមធ្វើមិនដឹងមិនឮ មិនអនុវត្តឱ្យបានត្រឹមត្រូវទៅដល់ប្រជាពលរដ្ឋនោះឡើយ ពិសេសគឺប្រជាពលរដ្ឋខ្មែរក្រោមដែលជាជនជាតិដើម ៖ «តែយួនបានអះអាងថាខ្លួនអនុវត្តការអភិវឌ្ឍន៍ចីរភាព SDG បានហ្មត់ចត់ណាស់ ។ ខ្ញុំសូមជម្រាបថាការអភិវឌ្ឍន៍ចីរភាព SDG ត្រង់មាត្រា ទី ៤ បានគេងបានចែងច្បាស់ណាស់ថា រដ្ឋមានកាតព្វកិច្ចកសាង ការអភិវឌ្ឍន៍ ផ្លូវថ្នល់ ការសិក្សាអប់រំឲ្យបានត្រឹមត្រូវ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ភ្លើង ទឹកស្អាជាដើម ទាំងអស់នេះ ដាច់ខាតត្រូវតែមានឲ្យគេ ។ នៅក្នុង SDG តាំងគោលការណ៍អភិវឌ្ឍចីរភាពសហសវត្ស ឆ្នា ២០០០ ដល់ ឆ្នាំ ២០១៥ SDG ប្រកាសពីឆ្នាំ ២០១៥ រហូត មកដល់ដល់ឥឡូវនេះរយៈពេល ៦ ឆ្នាំ ហើយ អាជ្ញាធរមានមានមើលដល់ទេអត់ទៀត» ។
ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម បង្ហាញបន្ថែមទៀតថា ជាច្រើនឆ្នាំ មកហើយដែលអាជ្ញាធរវៀតណាម ជំនួយមនុស្សមនុស្សធម៌របស់អង្គការសហប្រជាជាតិ ដែលជួយដល់ជនជាតិដើមខ្មែរក្រោម យកទៅកសាង អភិវឌ្ឍន៍ ទីកន្លែងដទៃ ៖ « បន្តែ ៤០ ឆ្នាំជាងអាជ្ញាធរហ្នឹង វាចោលខ្មែរក្រោម ឲ្យនៅអីចឹង វាតវាធ្វើ ភ្លឺរន្ទាល ធ្វើសួនច្បារ ឲ្យពលរដ្ឋគ្នាវានៅ ហាណូយ នៅភមិភាគកណ្ដាលឲ្យសប្បាយ រកកន្លែងសប្បាយ មិនទាំងអស់ទៀត ដើម្បីទាក់ទេសចរណ៍ ។ ប៉ុន្តែ ខ្មែរក្រោម វាទុកឲ្យនៅអីចឹង ទាល់តែប្រជាពលរដ្ឋយើង ទ្រាំលែងបានហើយក្រោកឡើងប្រកាស ទើបគេខស្ទុះស្ទាស្ទុះស្ទារស្រវេស្រវារ ព្រោះវាខ្លាចបែករឿង ផ្អើលរឿងហ្នឹងដល់អង្គការសហប្រជាជាតិ គេនឹងក្របួចកអាវ អូលវាទៅសួរ អីចឹងឯងទើបវាខំមកកសាងថ្នល់ នៅទីណុង ៤ ៥ខែមុនហ្នឹង ហើយវាមិនមែនធ្វើដោយអត់ហេតុផលទេ គឺធ្វើនេះ ដើម្បីថតទុក សម្រាប់ពេលគេអូលកទៅសួរ វាប្រាប់គេ ថាខ្ញុំបានធ្វើហើយ» ៕