ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ២៧ និង ២៨ ខែមករា ឆ្នាំ ២០១៦ នេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ចរបស់អង្គការសហប្រជាជាតិហៅកាត់ថា ECOSOC បានបើកសន្និបាតមួយ ដើម្បីសម្រេចលើ ពាក្យស្នើសុំរបស់អង្គការក្រៅ រដ្ឋាភិ បាល នានាក្នុងពិភពលោក ដើម្បីធ្វើជាសមាជិកគណៈកម្មការអង្គការក្រៅរដ្ឋាភិបាល នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ចរបស់អង្គការសហប្រជាជាតិ ។ សន្និបាតនេះ ក៏បានជជែកលើសំណើ លើកទី ២ របស់ សហព័ន្ធ ខ្មែរ កម្ពុជាក្រោម ផងដែរ ។

ជាលទ្ធផល ប្រទេសចំនួន ១៨ ជាសមាជិក នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ច ក្នុងនោះ មាន ១៣ ប្រទេស បានបោះឆ្នោតថា “Yes” គាំទ្រគំនិត មិនឲ្យសហព័ន្ធ ខ្មែរកម្ពុជាក្រោម មានយោបល់នៅក្នុងសន្និបាត ប្រទេសចំនួន ៣ បានបោះឆ្នោតថា “No” ប្រឆាំងគំនិត មិនឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម មានយោបល់ និង ប្រទេសចំនួន ១ អវត្តមាន ។ ការបោះឆ្នោតនេះធ្វើឡើង ដោយសារសហព័ន្ធខ្មែរកម្ពុជា ក្រោម ព្យាយាមសុំមាន យោបល់ទាក់ទងនឹងករណីដែល ក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ច បានបដិសេធ សំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងអធិបតីសន្និបាតបានលើកឡើងថា នរណាមិនចង់ឲ្យអង្គការក្រៅ រដ្ឋាភិបាលមានយោបល់ សូមបោះ ឆ្នោតថា “Yes” បើនរណាចង់ សូមឲ្យបោះឆ្នោតថា “No” ។
យោងតាមសេចក្ដីកំណត់ហេតុមួយ ដោយ បណ្ឌិត Joshua Cooper ជាអ្នកដែលបានដឹកនាំប្រតិភូសហ ព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមប្រជុំនៅក្នុងសន្និបាតនេះ បានរាយការណ៍ថា នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ ជាថ្ងៃទី ១ នៃអង្គសន្និបាត សហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដែល ក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ច បានបោះឆ្នោតមិនឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ឡើងមានយោបល់នៅក្នុងសន្និបាតនោះថា ជាទង្វើមួយដែល “សេរីភាពបញ្ចញមតិត្រូវគំរាមកំហែងនៅក្នុងអគារ” នៃអង្គការសហប្រជាជាតិ ។
សេចក្ដីរាយការណ៍ស្ដីអំពីប្រតិកម្មរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក មិនគាំទ្រចំពោះ ការបោះឆ្នោតបែបនេះទេ ព្រោះថា ការបោះឆ្នោតនេះ បានបង្ហាញពីកង្វះខាតនូវតម្លាភាព ។ សហរដ្ឋអាមេរិក បានបន្តទៀតថា ការចោទប្រកាន់ដោយគ្មានវិជ្ជាជីវៈដែលធ្វើឡើងដោយរដ្ឋ ជាសមាជិកគណៈកម្មាធិការក្រុម ប្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ច ទៅលើសហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្ហាញឲ្យឃើញ ថា ពួកគេគ្មាន សុឆន្ទៈដើម្បី ស្តាប់ការឆ្លើយតប និង ការបំភ្លឺរបស់អង្គការក្រៅរដ្ឋាភិបាល (NGO) ឡើយ ។ សហរដ្ឋអាមេរិក បានលើកឡើងថា វាមានតែនៅអង្គការសហប្រជាជាតិទេជាកន្លែងសម្រាប់ការសន្ទនា និងពិភាក្សាគ្នា តែបែរជាមិនអាចធ្វើបាន សូម្បីតែអង្គការរដ្ឋាភិបាលមិនអាចបញ្ចេញមតិផង ។ នេះបង្ហាញឲ្យឃើញថា សេរី ភាព ក្នុងការបញ្ចេញមតិ កំពុងស្ថិតនៅក្នុងនៅក្រោមការគំរាមកំហែង យ៉ាងធ្ងន់នៅក្នុងអង្គការសហប្រជា ជាតិ ។
ចំណែក ប្រទេស គុយបា វិញ ជាប្រទេសមួយដែលមានចំណងមិត្តភាពនឹងប្រទេសវៀតណាមជាយូរមក ហើយ និងជាប្រទេសមួយដែលបានបោះឆ្នោត ថា “Yes” មិនឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើង បញ្ចេញមតិ នោះ ប្រតិកម្ម នឹងសហរដ្ឋអាមេរិក ថា៖ “គណៈកម្មាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ច ជាសួននៃសេរីភាពនៃការបញ្ចេញមតិ” ។
រីឯប្រទេស ក្រិក វិញ ជាប្រទេសមួយដែលបោះឆ្នោតថា “No” គាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោមនោះ បានលើក ឡើងថា លទ្ធផលជាផ្លូវការ វាជារឿងមួយគួរឲ្យខកចិត្តយ៉ាងពិតប្រាកដ ។ វាជារឿងមួយ ដែលមិនសម ហេតុផល និងមិនមានតម្លាភាព ដែលមិនអនុញ្ញាតឱ្យអង្គការក្រៅរដ្ឋាភិបាលបានធ្វើបទបង្ហាញ ពីទស្សនៈ របស់ខ្លួន ។ នេះជារឿងមួយ ដែលប្រឆាំងនឹងអង្គការក្រៅរដ្ឋាភិបាល និងជាការបំបិទទាំងស្រុងនូវសំឡេង របស់ពួកគេ ។
នៅថ្ងៃទី ២៨ ខែមករា ជាថ្ងៃទី ២ នៃអង្គសន្និបាត ប្រទេសចំនួន ៣ គឺ គុយបា (Cuba) នីការ៉ាហ្គួ (Nicaragua) និង វែននីជូឡា (Venezuela) បានឡើងថ្លែងជំទាស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងស្នើសុំ ក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ច បិទសំណុំរឿងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយលើកហេតុផលថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការមួយដែលធ្វើចលនាក្នុងគោលបំណងប្រឆាំងនឹងបូរណភាពដែនដីនៃ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ។
ចំណែក អធិបតីអង្គសន្និបាត បានថ្លែងអំណរគុណ ចំពោះសេចក្ដីថ្លែងការណ៍របស់ប្រទេសទាំង ៣ ខាងលើ ហើយថា នេះជាសំណើររបស់រដ្ឋជាសមាជិក នៃអង្គការសហប្រជាជាតិ ។
ប្រតិភូតំណាងសហរដ្ឋអាមេរិក បានប្រតិកម្មនឹងប្រទេសគុយបាយថា សហរដ្ឋអាមេរិក មិនបានគាំទ្រ នូវគំនិតដែលប្រទេស គុយបា យល់ឃើញនោះទេ ។ ប្រតិភូសហរដ្ឋអាមេរិក យល់ឃើញថា នៅក្នុងសន្និបាត នេះជាកន្លែង សម្រាប់ពិភាក្សាគ្នាដោយសំនួរ និងចម្លើយ ដើម្បីរកនូវហេតុផល ។ វាមិនទាន់ដល់ដំណាក់កាល ដែលត្រូវបិទសំណើរ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅឡើយ ។
នៅក្នុងសន្និបាតនេះ ប្រទេសគុយបា និងប្រទេសមួយចំនួន ដែលប្រឆាំងនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម បាន តតាំងគ្នាជាមួយនឹងសហរដ្ឋអាមេរិក អំពីរឿងសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើឲ្យល្បីរន្ទឺនូវពាក្យ ៣ ម៉ាត់ថា KKF ដែលជាអក្សរកាត់ឈ្មោះជាភាសាអង់គ្លេសរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ការតាំងគ្នារវាងប្រទេស និងប្រទេសជុំវិញរឿងសហព័ន្ធខ្មែរកម្ពុជាក្រោម នេះ បានធ្វើឲ្យតំណាងប្រទេស និង តំណាងអង្គការអន្តរ ជាតិនានា ដែលមានវត្តមាននៅក្នុងសន្និបាតនេះ មានការចាប់អារម្មណ៍ដល់សហព័ន្ធខ្មែរកម្ពុជាក្រោម និង បានដាក់ចម្ងល់ថា តើសហព័ន្ធខ្មែរកម្ពុជាក្រោមជាអ្វីទៅ បានធ្វើឲ្យប្រទេសទាំងនោះប្រឆាំងខ្លាំងម្ល៉េះ ?
ប្រទេសចំនួន ១៣ ដែលបោះឆ្នោតថា “Yes” រួមមាន Azerbaijan, Burundi, ចិន (China) , Cuba, , India, Iran, Mauritania, Nicaragua, Pakistan, អាហ្វ្រិកខាងត្បូង (S. Africa) , Sudan, Turkey, Uruguay, Abstain និង Venezuela ។ ប្រទេសចំនួន ៣ ដែលបោះឆ្នោតថា “No” រួមមាន សហរដ្ឋអាមេរិក ក្រិក និង ឥស្រាអែល ។ ចំណែក ប្រទេសរុស្ស៊ី បោះឆ្នោតអនុប្បវាទ ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្លាប់ត្រូវបដិសេធ ការសុំចូលជាសមាជិកគណៈកម្មការអង្គការ ក្រៅរដ្ឋាភិបាល ក្នុងនាមជាអ្នកផ្ដល់យោបល់ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ច របស់អង្គការសហប្រជា ជាតិ ម្ដង រួចហើយ កាលពី ២០១២ ។
លទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ ២០១២ គឺ ២៧ ប្រទេសបោះឆ្នោតគាំទ្រវៀតណាម មិនឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមចូលរួមនៅក្នុង ECOSOC ក្នុងនាមជាអ្នកផ្ដល់ប្រឹក្សាយោបល់ , ១៤ ប្រទេសជំទាស់វៀតណាម គាំទ្រសហព័ន្ធ ខ្មែរកម្ពុជាក្រោម និង ១០ ប្រទេសអនុបវាទ ។
ប្រទេសដែលគាំទ្រវៀតណាម មានដូចជា ចិន, Cuba , Indonesia, Lybia,Mongolia, Philippines, Brazil, Bangladesh, Ecuador, Nicaragua, Ukraine, ឥណ្ដា និង រុស្ស៊ី …. ។
១៤ ប្រទេសដែលបោះឆ្នោតគាំទ្រខ្មែរក្រោម ជំទាស់វៀតណាម មានដូចជា Bulgaria, Canada, Finland, France, Germany, Ireland, Italy, Lativa, Netherlands, Slovakia, Spain, Switzerland, អង់គ្លេស (United Kingdom) និង សហរដ្ឋអាមេរិក (United States of America) ។
ប្រទេសអនុបវាទមានដូចជាប្រទេសអូស្ត្រាលី, Chile, Zambia និង Bahamas…៕