ដោយ គឹម សាវតា
ស្របពេលដែលយុវជនខ្មែរក្រោមមួយចំនួនកំ ពុងតែលើកស្ទួយ និងផ្សព្វផ្សាយ អំពីសិទ្ធិ ដែលពលរដ្ឋខ្មែរក្រោម ត្រូវទទួលបានក្នុងនាមជាជនជាតិដើមម្ចាស់ស្រុក ។ ក្រុមអ្នកស្រលាញ់សិល្បៈ ក៏ខិតខំផ្សព្វផ្សាយ អំពីសិល្បៈខ្មែរ ដែលបានសម្ដែង នៅដែនដីកម្ពុជាក្រោម តាមបណ្ដាញសង្គមផងដែរ ដើម្បីឲ្យពិភពលោកបានដឹង និងស្គាល់ថា ខ្មែរក្រោម ពិតជាមានសិល្បៈ ប្រពៃណីរបស់ខ្លួន ពីបុរាណកាលមក ហើយក៏បានរក្សារហូតមកដល់បច្ចុប្បន្ន ។

លោក ម៉ើយ គឹម ម្ចាស់ផេកហ្វេសប៊ុក ឈ្មោះ Khhong Kea ដែលតែងតែបង្ហោះ អំពីសិល្បៈ ដែលសម្ដែងដោយពលរដ្ឋខ្មែរក្រោម ពីដែនដីកម្ពុជាក្រោម មើលឃើញថា នៅក្នុងឆ្នាំ ២០១៧ គឺសិល្បៈវប្បធម៌ នៅដែនដីកម្ពុជាក្រោម ហាក់ងើបឡើងកាន់តែខ្លាំង ដែលធ្វើឲ្យលោកសម្រេចចិត្តថត និងបង្ហោះវីដេអូអំពីសិល្បៈខ្មែរក្រោមនេះឡើង ដើម្បីឲ្យកាន់តែល្បីរីកសុះសាយ ឲ្យគេបានស្គាល់ទូលំទូលាយ ។
លោក ម៉ើយ គឹម «យើងចង់ពង្រីកពង្រឹងការថែរក្សាទំនៀមទំលាប់ប្រពៃណីខ្មែរ ឲ្យបានទូលំទូលាយ ទៅលើពិភពលោក ឲ្យពិភពលោក គេដឹងគេយល់ទំនៀមទម្លាប់ប្រពៃណី នៅកម្ពុជាក្រោម វារស់រវើកអញ្ចឹងដែរ ។ មានការតស៊ូ តាំងពីបុរាណកាលមក ហើយម្យ៉ាងទៀត ក៏យើងមានច្បាប់ស្លៀកពាក់ហ្នឹង ម្នាក់ៗ គេឃើញស្អាត សូម្បីតែយួនក៏គេស្លៀកពាក់ហូលផាមួង ទៅវត្តអញ្ចឹងដែរ» ។
លោក គីម ចំរើន ម្ចាស់ផេកឈ្មោះ Khmer Krom Music ដែលតែងតែផ្សព្វផ្សាយ ពីសិល្បៈនៅដែនដីកម្ពុជាក្រោមដែរនោះ បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា មូលហេតុ ដែលលោកបង្កើតផេកនេះឡើង ព្រោះលោក ស្រឡាញ់សិល្បះខ្មែរ ។ លោកបន្តថា រាល់ថ្ងៃជាកម្មករ ដែលធ្វើការយកកម្រៃមកចិញ្ចឹមជីវិត ដូចនេះ លោកមិនមានបានជួយអ្វីដល់ខ្មែរធំដុំនោះទេ គឺមានតែជាបង្កើតផេកមួយសម្រាប់បង្ហោះ ពីច្រៀងរាំរបស់ខ្មែរ អរិយវប្បធម៌ដែលពីដូនតាថែ តៗ គ្នាប៉ុណ្ណោះ ដែលការបង្ហោះ និងផ្សព្វផ្សាយទាំងនោះមានទាំងអ្នកគំរាម អ្នករិះគន់ និងអ្នកសរសើរ ។
លោក គីម ចំរើន «មានខ្លះ មានពលរដ្ឋវៀតណាម គេមកសួរពួកប្អូន ពួកប្អូនក៏ឆ្លើយថា ហ្នឹងវប្បធម៌សិល្បៈរបស់ខ្មែរ ខ្ញុំថែរក្សា ខ្ញុំបង្ហោះឡើង ហើយចុះដល់វៀតណាម មានអីមួយៗ បង្ហោះឡើង ចុះរបស់ខ្មែរ ខ្មែរបង្ហោះឡើងម៉េចមិនបាន ។ ហើយគេក៏ជេ ក៏ស្តីពួកប្អូនដែរហ្នឹង» ។
លោក តាំង សារៈ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា ដែលជាអតីតអនុប្រធានក្រុមរតនៈតន្ត្រី រស្មីទេពារាម ក្នុងភូមិព្រៃជាប់ បានរំលឹកពីសិល្បៈខ្មែរ នៅដែនដីកម្ពុក្រោមថា សិល្បៈដែលមាន នៅក្នុងដែនដីកម្ពុជាក្រោម គឺតាំងពីមុនបារាំងប្រគល់ទឹកដីកម្ពុជាក្រោម ឲ្យវៀតណាមមកម្លេះ នោះគឺល្ខោនបាសាក់ ហើយក៏មានសិល្បៈមួយបែបទៀតហៅថារបាំ ដែលដកស្រង់ចេញពីលោ្ខនខោលខ្លះ និងរបាំព្រះរាជទ្រព្យខ្លះ ប៉ុន្តែ សិល្បៈទាំងនោះ ហាក់មិនសូវបានគេស្គាល់ទូលំទូលាយនោះទេ ប៉ុន្តែ ក្រោយមកមានវិទ្យុនៅខេត្តឃ្លាំង និងខេត្តព្រែកឬស្សី បានផ្សព្វផ្សាយសិល្បៈ នៅដែនដីកម្ពុជាគឺកាន់តែទូលំទូលាយ ។
លោក តាំង សារៈ «សិល្បះដែលផ្សាយតាមស្ថានីយ៍វិទ្យុនេះ គឺមានច្រើនទម្រង់ ដូចជាល្ខោនបាសាក់ក៏មាន ចម្រៀងសម័យក៏មាន ចម្រៀងបុរាណក៏មាន អាយ៉ៃឆ្លងឆ្លើយក៏មាន ឆាកកំប្លែងក៏មានខ្លះៗ ដែរ» ។
លោក តាំង សារៈ ទទួលស្គាល់ថាបច្ចុប្បន្ន គឺពលរដ្ឋខ្មែរក្រោម គឺហាក់មានឆន្ទៈថែរក្សា និងលើកតម្កើងសិល្បៈខ្មែរ នៅដែនដីកម្ពុជាក្រោមបានច្រើន ព្រោះថាប្រព័ន្ធផ្សព្វផ្សាយ គឺទូលំទូលាយ ។
លោក តាំង សារៈ «យើងដឹងស្រាប់ហើយ គឺរបស់អ្វីក៏ដោយតែយើងមិនការបារ មិនថែរក្សា វាត្រូវបាត់បង់ ក៏ប៉ុន្តែបើយើងក្រឡេកមើលវប្បធម៌ និងសិល្បៈ នៅដែនដីកម្ពុជាក្រោមក្នុងបច្ចុប្បន្ននេះវិញ យើងមើលឃើញថាខ្មែរកម្ពុជាក្រោម បានខិតខំថែរក្សានូវ វប្បធម៌ទំនៀមទម្លាប់ ជាពិសេសផ្នែកតន្ត្រី និងរបាំហ្នឹងបានយ៉ាងច្រើន» ។
បើនិយាយពីវិស័យសិល្បៈ នៅដែនដីកម្ពុជាក្រោម គេមិនអាចប្រកែកបានទេថា មានសិល្បៈខ្មែរមួយប្រភេទ ដែលកើតចេញពីដែនដីកម្ពុជាក្រោម នោះគឺ ល្ខោនបាសាក់ ។ តាមឯកសារទស្សនីយភាពខ្មែរ ឱ្យដឹងថា ល្ខោនបាសាក់បានយកឈ្មោះរបស់ខ្លួន ពីទីកន្លែងកំណើតនៃទម្រង់សិល្បៈនេះរីកចម្រើនទៅ ពោលគឺល្ខោនបាសាក់មានដើមកំណើត នៅស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម ។
ក្រៅពីល្ខោនបាសាក់វិស័យសិល្បៈ កម្ពុជាក្រោម ក៏ត្រូវបានគេស្គាល់តាមរូបភាពផ្សេងៗ ទៀត ដូចជាចំរៀង របាំជាដើម ។ ជាក់ស្ដែងនាពេលបច្ចុប្បន្នសិល្បករ ដែលមានដើមកំណើត នៅកម្ពុជាក្រោម បានមកប្រើប្រាស់ជំនាញរបស់ខ្លួន នៅកម្ពុជា ហើយស្ថិតក្នុងផលិតកម្មល្បីៗ មួយចំនួនផងដែរ ៕