ដោយ គឹម សាវតា
ខណៈដែលកាលពីមុន ពលរដ្ឋខ្មែររស់នៅកម្ពុជាភាគច្រើនយល់ច្រឡំថា ពលរដ្ឋដែលមានដើមកំណើតនៅកម្ពុជាក្រោម ជាជនជាតិយួន ។ សម្រាប់បច្ចុប្បន្ននេះ យុវជនខ្មែរក្រោម ដែលមានទេពកោសល្យផ្នែកសិល្បៈកាន់តែច្រើនហ៊ានបង្ហាញនៅលើវេទិកាសិល្បៈនានានៅកម្ពុជា ថាខ្លួនជាខ្មែរមានដើមកំណើតនៅដែនដីកម្ពុជាក្រោម ដោយមិនខ្លាចការរើសអើងអ្វីនោះទេ។

យុវជនខ្មែរ ដែលមានដើមកំណើតនៅដែនដីកម្ពុជាក្រោម នាពេលថ្មីៗនេះ បានធ្វើដំណើរមកកាន់ព្រះរាណាចក្រកម្ពុជាដើម្បីប្រកួតប្រជែងជំនាញសិល្បៈរបស់ខ្លួន និងប្រកបអាជីពជាអ្នកសិល្បៈរហូតទទួលបានភាពល្បីល្បាញ ។
កាលពីចុងសប្ដាហ៍មុនយុវជនខ្មែរក្រោមមួយរូបគឺលោក សឺន ដារាត បានចូលប្រឡងក្នុងកម្មវិធីសិល្បៈឈ្មោះថា The Rapper Cambodia ហើយក៏ទទួលបានការគាំទ្រពីគណៈកម្មការជាច្រើន ដោយយល់ព្រមយករូបគេជាកូនក្រុមហើយមិនប្រកាន់ថា យុវជនដែលមកពីខេត្តឃ្លាំងមួយនេះ មានស្រុកកំណើតនៅដែនដីកម្ពុជាក្រោមនោះឡើយ ។
មុនពេលបញ្ចេញសមត្ថភាព Rap យុវជន សឺន ដារាត មិនខ្លាចឡើយដោយបានប្រកាសថា ខ្លួនជាមានមានឆន្ទះធ្វើជាស្ពានដល់យុវជនខ្មែរក្រោមដទៃទៀត ដែលមានសមត្ថភាពហើយចង់បញ្ចេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺអាចមកបញ្ចេញបាន ហើយកុំខ្លាចក្នុងការបង្ហាញអត្តសញ្ញាណថា ខ្លួនជាពលរដ្ឋខ្មែរមកពីដែនដីកម្ពុជាក្រោម។
លោកបន្តថា «នៅទីនោះ (ដែនដីកម្ពុជាក្រោម) គេមានពាក្យចចាមអារាមមួយថា ខ្មែរកម្ពុជាក្រោមប្រឡងអត់បានទេ តែខ្ញុំមិនជឿ ខ្ញុំធ្វើឱ្យមើល ខ្ញុំកំពុងឡើងឆាកនេះ (ឆាក The Rapper Cambodia)» ។
យុវនារីខ្មែរក្រោមមួយរូបទៀត ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈនៅក្នុងព្រះរាជាណាក្រកម្ពុជាដែរនោះ ក៏មិនខ្លាចរអារក្នុងការបង្ហាញថា ខ្លួនមានដើមកំណើតនៅក្នុងខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោមនោះដែរ ។ នោះគឺកញ្ញា ឆន ស្រីណេត ដែលបានទទួលតំណែងជើងឯករងទី ១ នៃ កម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាលកម្ពុជា ២០២១ (Miss Univeres Cambodia 2021) ។ ស្រីណេត បានប្រកាសជាសាធារណៈថា នាងជាពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម មិនមែនជាជនជាតិយួននោះទេ សូមឱ្យពលរដ្ឋខ្មែរដែលជាសាច់ឈាមជាមួយគ្នាកុំយល់ច្រឡំ ។
ចំពោះ កញ្ញា ឆន ស្រីណេត លើកឡើងថា កញ្ញាពិតជាមានមោទកភាពណាស់ចំពោះសិល្បករ Rap លោក សឺន ដារាត ដែលហ៊នប្រកាសថា ខ្លួនជាពលរដ្ឋខ្មែរមកពីដែនដីកម្ពុជាក្រោម ។ កញ្ញាបន្តថា ការបង្ហាញថា ខ្លួនជាសិល្បករមកពីដែនដីកម្ពុជាក្រោម នៅក្នុងការប្រកួតថ្នាក់ជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ ធ្វើឱ្យពិភពលោក ជាពិសេសគឺពលរដ្ឋខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានដឹង បានស្គាល់ពីខ្មែរក្រោមកាន់តែច្បាស់ ។
កញ្ញា ឆន ស្រីណេតបន្តថា «អារម្មណ៍ណេតគឺសប្បាយចិត្ត រំភើបខ្លាំង ហើយមោទនភាពខ្លាំង ហើយពេលតាមដានបណ្ដើរ យំបណ្ដើរ អាណិតផង រំភើបផង ហើយមោទនភាពលើគាត់ (លោក សឺន ដារាត) ខ្លាំងមែនទែន មើលទៅគាត់មានសមត្ថភាព ហើយគាត់ក្លាហាន គាត់ហានបញ្ចេញគាត់មកពីដែនដីកម្ពុជាក្រោមឱ្យបង ប្អូននៅទីនេះ(កម្ពុជា) បានស្គាល់»។
ករណីនេះ លោក ថាច់ ចន្ទ្រា ប្រធានក្រុមប្រឹក្សាយុវជនខ្មែកម្ពុជាក្រោម មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ មានសិល្បករ ដែលមានដើមកំណើតពីដែនដីកម្ពុជាក្រោម មកប្រឡង និងប្រកបអាជីពនៅកម្ពុជា ហើយហ៊នប្រាប់ថា ខ្លួនមានដើមកំណើតនៅដែនដីកម្ពុជាក្រោម។ លោកមានមោទនភាពចំពោះយុវជនខ្មែរក្រោមជំនាន់ក្រោយ ដែលជាសិល្បករទាំងនេះ ។
លោកបន្តថា «ពេលគាត់ សិល្បករខ្មែរក្រោម ដែលមកកម្ពុជាដើម្បីប្រកបអាជីព) ដឹងច្បាស់គាត់មិនខ្លាចអីនឹងនិយាយទេ ហើយគាត់មានមោទនភាពដោយសារតែខ្មែរក្រោមពេល ដែលនណាម្នាក់ ហានបញ្ចេញសមត្ថភាពហើយនិយាយអីជាការពិត ហើយនិយាយអីក៏ដោយដែលគេហៅថាលើកមោទនភាពចំពោះខ្មែរក្រោម» ។
ខ្មែរក្រោម ដែលធ្លាប់មានកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈ ចម្រៀង ភាពយន្ត និងបវរកញ្ញានៅកម្ពជានាសម័យសង្គមរាស្ត្រនិយមរហូតដល់ពេលបច្ចុប្បន្នរួមមាន៖ លោក ថាច់ សូលី ជាអ្នកជំនាញហ្គីតា និងជាអ្នកចម្រៀងក្នុងសម័យសង្គមរាស្ត្រនិយម និង សាធារណរដ្ឋខ្មែរ ។ លោក មាស ហុកសេង (ម្ដាយជាអ្នកកម្ពុជាក្រោម) ជាអ្នកចម្រៀងដ៏ល្បី ក្នុងសម័យសង្គមរាស្ត្រនិយម និងសាធារណរដ្ឋខ្មែរ ។ អ្នកស្រី ឈុន វណ្ណា អ្នកចម្រៀងដ៏ល្បីក្នុងសម័យសង្គមរាស្ត្រនិយម និង សាធារណរដ្ឋខ្មែរ ។ លោក ប៉ែន សេង ហៅស៊ុយ ជាតារាកំប្លែងដ៏ល្បីក្នុងសម័យសង្គមរាស្ត្រនិយម ។ អ្នកស្រី លី ធីវណ្ណា បានប្រឡងជាប់លេខ ២ ផ្នែកចម្រៀងសម័យក្នុងសម័យសាធារណរដ្ឋខ្មែរ ។ លោក ថាច់ សាថេន ជាអ្នកចម្រៀងបច្ចុប្បន្ន ។ អ្នកស្រី ដាញ់ ម៉ូនីកា និងលោក រតនា ជាតារាភាពយន្តក្នុសម័យរាជាណាចក្រកម្ពុជាទី ២ នេះ។ កញ្ញាឆន ស្រីណែត ជាបវរកញ្ញាឯករងទី១ នាពេលបច្ចុប្បន្ន ៕

