បើ​ទោះ​និន្នាការ​ផ្សេងគ្នា ប៉ុន្តែ យុវជន​ខ្មែរក្រោម បង្ហាញ​ជំហរ​សាមគ្គី​រួម ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរក្រោម​

ដោយ គឹម សាវតា

​ខណៈដែល​ការបោះឆ្នោត​ថ្នាក់ជាតិ​និតិ​កាល​ទី ៦ សម្រាប់​កម្ពុជា​កាន់តែ​ជិត​ចូលមក​ដល់ យុវជន​ខ្មែរក្រោម ដែល​រស់នៅ​កម្ពុជា បានបង្ហាញ​ពី​ជំហរ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះទេ ពោលគឺ​នៅតែ​គិត​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរក្រោម​ជាធំ និង​បាន​អះអាងថា ព្យាយាម​ជួយ​សម្រួល​កិច្ចការ​ពលរដ្ឋ ដែលជា​ជន​រួម​ឈាម នៅពេលដែល​ជួប​ទុក្ខ​បាក និង​ត្រូវការ​ពឹងពាក់​ការងាររដ្ឋបាល​ផ្សេងៗ ។​

យុវជនខ្មែរក្រោមថតរូបអនុស្សាវរីយ៍ ក្នុងទិវាខួបលើកទី ៧១ ដែលកម្ពុជាក្រោម ស្ថិតក្រោមនឹមអាណានិគមយួន ។ រូបៈ ផ្តល់ឲ្យ
យុវជនខ្មែរក្រោមថតរូបអនុស្សាវរីយ៍ ក្នុងទិវាខួបលើកទី ៧១ ដែលកម្ពុជាក្រោម ស្ថិតក្រោមនឹមអាណានិគមយួន ។ រូបៈ ផ្តល់ឲ្យ

​លោក សឿង សុធា​នី ជា​យុវជន​ខ្មែរក្រោម ដែលមាន​និន្នាការ​ទៅរក​គណបក្សកាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ព្រៃនគរ និង​សំឡេង​កម្ពុជា​ក្រោម (VOKK) ថា ដោយសារតែ​មើលឃើញ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា លោក​ក្នុងនាម​ជា​យុវជន​ខ្មែរក្រោម ដែល​មក​រស់នៅ​កម្ពុជា បាន​ចូលរួម​នយោបាយ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​បន្ត​កសាង​ប្រទេសជាតិ ។
​យ៉ាងនេះ​ក្តី លោក​នៅតែ​បន្ត​កិច្ចការ​មនុស្សធម៌​ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ត្រូវការ​ជំនួយ​ផ្សេងៗ តាមរយៈ​សមាគម​សប្បុរសធម៌​ខ្មែរ​កម្ពុជា​ក្រោម ក្នុងនាម​លោក​ជា​ប្រធាន ។ លោក សឿង សុធា​នី អះអាងថា បើទោះជា​មាន​យុវជន​ខ្មែរក្រោម ហើយ​មាន​និន្នាការ​នយោបាយ​ផ្សេងគ្នា ប៉ុន្តែ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរក្រោម តាំង​មូល​ជា​ប្រយោជន៍​រួម ពោលគឺ​លោក​មិនបាន​ប្រកាន់​និន្នាការ​អ្វី​នោះទេ ហើយ​បើកចំហរ​ក្នុង​ការងារ​មនុស្សធម៌ ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរក្រោម​ដូចគ្នា ។ លោក​បញ្ជាក់​បន្ថែមថា ជាគោលការណ៍​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា មិន​អនុញ្ញាតឱ្យ​យក​ខ្មែរ​ណា​ជាស​ត្រូវ ឬ​ប​ញ្ឈេះ​កំហឹង​ឱ្យ​មានការ​ស្អប់ខ្ពើម​គ្នា​នោះឡើយ ។​

​យុវជន​ខ្មែរក្រោម​មួយរូប​ទៀត គឺ​លោក ខឿន ប៊ុនធឿន គឺជា​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន ។ លោក​អះអាង ពេលដែល​លោក​ធ្វើ​កិច្ចការ​មនុស្សធម៌​ជាមួយ​យុវជន ដែលមាន​និន្នាការ​ផ្សេង ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ជួប​ទុក្ខលំបាក គឺ​លោក​ភ្លេច​បាត់ទៅហើយ ថា យើង​មាន​និន្នាការ​ផ្សេងគ្នា ព្រោះ​អ្វីដែល​សំខាន់​ពី​ប្រយោជន៍​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​ត្រូវការ​ពួកយើង​ជួយសង្គ្រោះ និង​ជួយ​សម្រួល​ការងាររដ្ឋបាល​ខណៈ ដែល​ពួកគាត់​មក​រស់នៅ​កម្ពុជា ។ ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ផង​នោះ យុវជន​ជ ខឿន ប៊ុនធឿន អះអាងថា លោក​តែងតែ​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ខ្មែរក្រោម ក្នុង​មូលដ្ឋាន​របស់លោក​ដោយ​មិន​ប្រកាស​និន្នាការ​ឡើយ ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងនាម​ពលរដ្ឋ​ខ្មែរ ។

​ចំពោះ​ការ​លើកឡើងថា នៅពេល​ដែលមាន​និន្នាកា​នយោបាយ​ខុសគ្នា គឹ​តែងតែ​មិន​ចុះសម្រុង​ជាមួយគ្នា​នោះ យុវជន ខឿន ប៊ុនធឿន អះអាងថា ឱ្យតែបាន​ជជែក​គ្នា​ហើយ​យល់​ពីគ្នា​នោះ គឺ​មិនមាន​ឡើយ​ការប្រកាន់ និង​រើសអើង​គ្នា ពោលគឺ​មានតែ​ជួយ​សម្រួល​គ្នា​ទៅវិញទៅមក ។​

​ជាការ​កត់សម្គាល់​ទាំង​លោក សឿង សុធា​នី និង​លោក ខឿន ប៊ុនធឿន ដែលមាន​ស្រុកកំណើត​ក្នុង​ខេត្ត​ព្រះ​ត្រពាំង ដែនដី​កម្ពុជា​ក្រោម​ដូចគ្នា គឺ​តែ​បង្ហាញ​ពី​កិច្ចការ​មនុស្សធម៌​ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​តាមរយៈ​បណ្ដាញ​សង្គម ។​

​ចំណែក ថាច់ ចន្ទ្រា មាន​ដើមកំណើត​នៅ​ខេត្ត​លង់​ហោរ នៃ ដែនដី​កម្ពុជា​ក្រោម មិនដែល​ខ្វល់​ឡើយ​ថា លោក​ត្រូវ​គាំទ្រ​គោលនយោបាយ​របស់​គណ​បក្ស​មួយណា ។ ការប្រកាន់យក​គណបក្ស​នយោបាយ​របស់​យុវជន​ខ្មែរក្រោម ដែល​មក​រស់នៅ​កម្ពុជា គឺ​សិទ្ធិសេរីភាព​របស់​ពួកគាត់​រៀងៗ ខ្លួន ។ មូលហេតុ​ដែល​លោក​មិន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ គឺ​ងាយស្រួល​ធ្វើ​ការងារ​មនុស្សធម៌​ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម ហើយ​លោក​ត្រេកអរ ដែល​ឃើញ​មាន​ពលរដ្ឋ​ខ្មែរក្រោម មាននៅ​គ្រប់​និន្នាការ​នយោបាយ​នៅ​កម្ពុជា ។ ត្រេកអរ គឺ​ដោយសារតែ​នៅពេល​ពលរដ្ឋ​ខ្មែរក្រោម មានទុក្ខ​លំបាក គឺ​ជួយ​គ្នា​ស្វែងរក​ជំនួយ​មនុស្សធម៌​ដោយ​មិន​ប្រកាន់​និន្នាការ ។​

​បើទោះបីជា លោក​មិនមាន​ប្រកាន់​និន្នាការ​នយោបាយ​ទៅរក​គណបក្ស​ណាមួយ​ក្តី ប៉ុន្តែ លោក​បានផ្ដល់​ជា​គំនិត​ថា ដើម្បី​កុំឱ្យ​មានការ​ឈ្លោះទាស់ទែង​គ្នា រឿង​អំឡុងពេល​បោះឆ្នោត​ថ្នាក់ជាតិ​ខាងមុខ គឹ​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​មិន​មើលឃើញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន លាភសក្ការៈ ពោលគឺ​ការស្រឡាញ់​រាប់អាន​គ្នា​ដោយ​ធម៌​មេ​ត្ដា ។​

​បើតាម​លោក ថាច់ ចន្ទ្រា នៅពេលដែល​រស់នៅ​ដែនដី​កម្ពុជា​ក្រោម យើង​បានដឹងហើយថា ការគាបសង្កត់​ពី​អាជ្ញាធរ​វៀតណាម លើ​ពលរដ្ឋ​ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក មាន​សភាព​យ៉ាងណា ដូចនេះ នៅពេល​មកដល់​កម្ពុជា​ហើយ គឺ​ត្រូវតែ​រួមគ្នា​ជា​ធ្លុង​មួយ ហើយ​ចូលរួម​តស៊ូ​មតិ ដើម្បី​កុំឱ្យ​វៀតណាម បន្ត​ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​ពលរដ្ឋ​ខ្មែរក្រោម នៅលើ​ទឹកដី​កម្ពុជា​ក្រោម​ទៀត ៕​