ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ម្សិញមិញនេះ ព្រះសង្ឃ និងយុវជនខ្មែរក្រោមមួយក្រុមប្រមាណ ១០០ អង្គ និងរូបបាន ណាត់គ្នាតាមរយៈបណ្ដាញសង្គម Facebook មកប្រមូលផ្ដុំគ្នានៅស្រះគូ នាទីរួមខេត្តព្រះត្រពាំង ដើម្បីសម្ដែង អំពីកង្វល់របស់ខ្លួន និងតវ៉ាដោយសន្តិវិធីទៅអាជ្ញាធរវៀតណាម អំពីបញ្ហាស្រះ គូដែលត្រូវគោក ។
តាមប្រភពព័ត៌មានអ្នកចូលរួម ការជួបជុំរបស់ព្រះសង្ឃ និងយុវជននៅរសៀលនេះក្នុងគោលបំណង ៤ ចំណុច គឺ ទី ១ ប្ដូរមតិយោបល់គ្នា ទី ២ ប្រតិកម្មការមិនពេញចិត្តនឹងសម្ដីរបស់មន្ត្រីមន្ទីរវប្បធម៌ ខេត្តព្រះត្រពាំង ដែលបានចុះផ្សាយនៅសារព័ត៌មានរដ្ឋវៀតណាម ទី ៣ ចុះស៊ីញ៉េដាក់ញត្តិជូន គណៈមន្ត្រីសង្ឃខ្មែរ ខេត្ពព្រះត្រពាំង និងមន្ទីរវប្បធម៌ ទេសចរណ៍ និង កីឡារបស់រដ្ឋាភិបាលវៀតណាម និង ទី ៤ ដារបង្សុកូល សូត្រធម៌រំឭកដួង វិញ្ញាណក្ខន្ធវីរបុរសខ្មែរក្រោម ។
ការជួបជុំនេះ ចាប់ពីពី ម៉ោង ១ និង ៣ ០ នាទី ដល់ ម៉ោង ៣ រសៀល ។
ព្រះតេជព្រះគុណ ថាច់ វ៉ាន់ ព្រះសង្ឃខ្មែរក្រោមដែលបានចូលរួមនៅក្នុងការជួបជុំតវ៉ានេះ ថ្លែងនៅក្នុងវីដអូ ឃ្លីបមួយសម្ដែងនូវអារម្មណ៍ឈឺចាប់របស់ខ្លួនអំពីករណីស្រះគូត្រូវគោក ហើយបានបង្ហោះនៅលើគណនេយ្យ Facebook របស់ព្រះអង្គ យ៉ាងនេះថា៖
ការជួបជុំគ្នារបស់ព្រះសង្ឃ និងនិស្សិតខ្មែរក្រោមនៅពេលនេះ ធ្វើឡើងបន្ទាប់ពី លោក ត្រឹង ថាន់ ទឿង នាយកមន្ទីរវប្បធម៌ ទេសចរណ៍ និងកីឡាខេត្តព្រះត្រពាំង របស់រដ្ឋាភិបាលយួន បានថ្លែងប្រាប់ សារព័ត៌មាន យួនថា អាជ្ញាធរវៀតណាមខេត្តព្រះត្រពាំង មានគំរោងស្ដារស្រះឡើងវិញ និងមានចាក់ថ្មជុំវិញធ្វើជាទំបន់មាត់ស្រះ ដើម្បីទប់កុំឲ្យបាក់ច្រាំង ហើយដើម្បីរក្សាទឹកឲ្យ បានពេញជារឿងរាល់ឆ្នាំ ។ លោក ត្រឹង ថាន់ ទឿង បានថ្លែងថា មន្ទីរវប្បធម៌នឹងសុំយោបល់ពីគណៈកម្មការប្រជាជនខេត្តព្រះត្រពាំង និងជូនដំណឹងដល់ក្រសួងវប្បធម៌ កីឡា និងទេសចេរណ៍ ។ ប្រសិនបើក្រសួងយល់ព្រម មន្ទីរនឹងចេញជាគំរោង ហើយធ្វើសិក្ខាសាលាជម្រុញឲ្យមានការយល់ព្រមពីមន្ត្រីព្រះសង្ឃ និងពលរដ្ឋខ្មែរនៅក្នុងខេត្តដើម្បីអនុវត្តគម្រោងនេះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ព្រះសង្ឃខ្មែរក្រោមបាននាំញត្តិតវ៉ានោះ ទៅជូនដល់មន្ទីរវប្បធម៌ ទេសចរណ៍ និងកីឡាខេត្តព្រះត្រពាំងដោយផ្ទាល់រួចហើយ តែគេនៅមិនទាន់មានចម្លើយអ្វីដល់ព្រះសង្ឃ និងអ្នកតវ៉ានៅ ឡើយ ។ អ្នកតវ៉ាបានអះអាងថា ពួកគេកំពុងតែរងចាំចម្លើយពីអាជ្ញាធរវៀតណាមសិន តែថាបើមិនមាន ដំណោះស្រាយណាមួយសមស្រប ក្រុមយុវជន និងព្រះសង្ឃនឹងចេញតវ៉ជាបន្តបន្ទាប់ទៀតនៅពេលខាង មុខ ។
ការតវ៉ានេះ មិនមានការបង្ក្រាបពីអាជ្ញាធរវៀតណាមទេ តែបូលិសសម្ងាត់វៀតណាមដាក់ដាក់កម្លាំងតាមដាន និងឃ្លាំមើលនូវសកម្មភាពរបស់ព្រះសង្ឃយ៉ាងយកចិត្តទុកដាក់ ។ ចំណែកគណៈមន្ត្រីសង្ឃ និង ព្រះចៅ អធិការវត្តជាច្រើននៅក្នុងខេត្តបានហាមព្រះសង្ឃមិនឲ្យនិមន្តចេញក្រៅដើម្បីចូលរួមការតវ៉ានេះនៅស្រះគូ ៕
នេះជាសកម្មភាពតំណាងព្រះសង្ឃ និងយុវជនខ្មែរក្រោម បានយកញត្តិដាក់ជូន មន្ទីរវប្បធម៌ ទេសចរណ៍ និងកីឡារបស់រដ្ឋាភិបាលវៀតណាម អំពីបញ្ហាស្រះគូ ដែលត្រូវគោក ។ រូបថតហ្វេសប៊ុក ស្រី ណេត
ខាងក្រោមនេះជារូបថតសកម្មភាពជួបជុំគ្នារបស់ក្រុមព្រះសង្ឃ និងយុវជនខ្មែរក្រោម នៅស្រះគូ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ។