ដោយ គឹម សាវតា
កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ ២០២៣ ក្រុមជនជាតិដើម ដែលរស់នៅតាមដងភ្នំ ក្នុងភូមិភាគកណ្ដាល នៃ ប្រទេសវៀតណាម ពោលគឺនៅក្នុងខេត្តដាក់ឡាក់ បានក្រោកឡើងជាថ្មី តស៊ូប្រដាប់អាវុធ ដោយវាយប្រហារចូលការិយាល័យភូមិចំនួនពីរ ក្នុងខេត្តដាក់ឡាក់ ព្រមតាំងបានបាញ់ប្រហារបណ្ដាលឱ្យមនុស្សចំនួន ៩ នាក់បានស្លាប់ ។ បន្ទាប់ពីនោះ រដ្ឋាភិបាលវៀតណាមបានចាប់មនុស្សចំនួន ៤៦ នាក់ ដោយអះអាងថា ជាប់ពាក់ព័ន្ធនឹងករណីបះបោរនេះ ។ ក្រុមជនជាតិដើម ដែលតស៊ូប្រដាប់អាវុធនោះ ត្រូវបានគេស្គាល់ថា ជាជនជាតិម៉ុងតេញ៉ា ។

ករណីនេះ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅកម្ពុជា ចាត់ទុកថាជាមេរៀនមួយសម្រាប់រដ្ឋាភិបាលវៀតណាម ដែលតែងតែរំលោភសិទ្ធិមនុស្សលើជនជាតិដើម និងជាតិភាគតិច និងទទូចឱ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិដែលមានចែងជាអន្តរជាតិស្តីពីជនជាតិដើម និងជនជាតិភាគតិច ដើម្បីឱ្យរដ្ឋាភិបាលមួយនេះ រស់នៅដោយមានសុខដុមរមនាជាមួយគ្នា ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់ព្រះរាជាណាចក្រកម្ពុជា លោក តាំង សារៈ ដែលបានតាមដានករណីនេះ បានមានប្រសាសន៍ថា ជនជាតិម៉ុងតេញ៉ា គឺជាបណ្ដុំ នៃ កុលសម្ព័ន្ធជាច្រើន ដែលមានដូចជាកុលសម្ព័ន្ធចារ៉ាយ កុលសម្ព័ន្ធរ៉ាម៉ាដា កុលសម្ព័ន្ធណាកូម៉ា កុលសម្ព័ន្ធណាកូហ៊ូម៉ាន់ និងកុលសម្ព័ន្ធស្ទៀងជាដើម ។ លោកបន្តថា ពាក្យថា «ម៉ុងតេញ៉ា» នេះ គឺជាភាសាបារាំង ដែលហៅថា អ្នកដែលរស់នៅក្នុងតំបន់ភ្នំ ។ លោកបន្ថែមថា ទីតាំងដែលជនជាតិម៉ុងតេញ៉ារស់នៅនេះ គឺនៅតំបន់ខ្ពង់រាបភាគកណ្ដាល នៃ ប្រទេសវៀតណាម ដែលតំបន់នោះ ជាអតីតទឹកដីរបស់ប្រទេសចំប៉ា ពោលគឺខុសពីខ្មែរក្រោម ដែលមិនមានកុលសម្ព័ន្ធច្រើនរួមគ្នានោះទេ ។
បើតាមលោក តាំង សារៈ មូលហេតុដែលជនជាតិ ម៉ុងតេញ៉ា នៅតែបន្តតស៊ូដោយកម្លាំងប្រដាប់អាវុធ ដើម្បីទទួលបានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងនេះ គឺក្រោមមូលហេតុពីរ ហេតុផលទី១ ដោយសារតែជនជាតិ ម៉ុងតេញ៉ាធ្លាប់មានប្រពៃណី ក្នុងការតស៊ូដោយប្រដាប់អាវុធ តាំងពីអំឡុងឆ្នាំ ១៩៦០ ប្រឆាំងជាមួយវៀតណាមកុម្មុយនិស្ត ហេតុផលទី២ គឺជនជាតិម៉ុងតេញ៉ារស់នៅក្នុងតំបន់ព្រៃភ្នំហើយនៅពេល ដែលមានអាសន្នអ្វីនោះ គឺក្រុមជនជាតិខ្លួនអាចរត់ចូលលាក់ខ្លួនក្នុងព្រៃ ។
សម្រាប់ការតស៊ូរបស់ខ្មែរក្រោម ដើម្បីទាមទារសេរីភាពីវិញ លោក តាំង សារៈ ឱ្យដឹងថា ខ្មែរក្រោមក៏ធ្លាប់មានប្រវត្តិតស៊ូដោយកម្លាំងប្រដាប់អាវុធផង ដែរជាពិសេសក្នងអំឡុងឆ្នាំ ១៩៧៥ ឬ ១៩៧៦ ប៉ុន្តែ ដោយមើលឃើញថា ការតស៊ូដោយកម្លាំងប្រដាប់អាវុធ គឺមិនអាចយកឈ្នះទៅលើរដ្ឋាភិបាលវៀតណាម នោះទេ គឺមានតែតស៊ូតាមផ្លូវច្បាប់នោះទេ ដែលអាចធ្វើឱ្យខ្មែរក្រោម ទទួលជោគជ័យ ។ លោកបន្ថែមថា ក្រោយពីងាកមកតស៊ូតាមផ្លូវច្បាប់ គឺទទួលបានលទ្ធផលជាច្រើននិងទទួលបានការគាំទ្រ ទើបធ្វើឱ្យខ្មែរក្រោមបោះបង់ចោលការតស៊ូដោយកម្លាំងប្រដាប់អាវុធ ។
សម្រាប់លោកបណ្ឌិត សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាមេធាវីមួយរូបផងនោះ មានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមគួរតែចាត់ទុកការតស៊ូប្រដាប់អាវុធរបស់ជនជាតិម៉ុងតេញ៉ា នាពេលថ្មីៗ នេះ ជាមេរៀនមួយ ដោយសារតែការរិតបបន្តឹងសិទ្ធិផ្សេងៗ ដូចជា សាសនា បូករួមទាំងការរំលោភបំពានដីធ្លី នៅតាមតំបន់ព្រៃភ្នំរបស់ពួកគេពីសំណាក់រដ្ឋាភិបាលវៀតណាម ដែលនាំឱ្យមានការតស៊ូ ប្រឆាំងដោយប្រដាប់អាវុធនាពេលថ្មីនេះ កើតឡើង ។ យ៉ាងនេះក្តី សម្រាប់ខ្មែរក្រោម មិនគួរជ្រើសរើសផ្លូវតស៊ូប្រដាប់អាវុធជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីទាមទារសិទ្ធិសេរីភាពនោះទេ ពោលគឺមានតែតស៊ូមតិតាមគោលការណ៍ច្បាប់អន្តរជាតិ ទើបមានប្រសិទ្ធិភាពក្នុងការទាមទារសិទ្ធិសេរីភាពរបស់ខ្លួន ។
សម្រាប់រដ្ឋាភិបាលវៀតណាម បណ្ឌិត សឺន ជុំជួន បានលើកឡើងថា បើមិនចង់ឱ្យជនជាតិដើម និងជនជាតិភាគតិចផ្សេងទៀតក្រោកឡើងតស៊ូប្រដាប់អាវុធ ដូចជនជាតិម៉ុងតេញ៉ាទេនោះ គឺរដ្ឋាភិបាលវៀតណាម ត្រូវតែផ្ដល់ជូនសិទ្ធិ ដែលមានចែងជាអន្តរជាតិដល់ជនជាតិដើម និងជនជាតិភាគតិចទាំងនោះ ទើបមានភាពសុខដុមរមនា និងអាចរស់នៅជាមួយគ្នា ដោយសន្តិភាព ។
យោងតាមការចុះផ្សាយរបស់គេហទំព័រមួយ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ វៀតណាមមានក្រុមជនជាតិចំនួន ៥៤ ដែលត្រូវបានទទួលស្គាល់ក្នុងនោះ ៥៣ ជាជនជាតិភាគតិច ។ ក្រុមទាំងនេះ មានប្រជាជនប្រមាណ ១៤.១ លាននាក់ ឬប្រហែល ១៤.៧% នៃ ចំនួនប្រជាជនសរុបរបស់ប្រទេសប្រហែល ៩៦ លាននាក់ ៕