ដោយ លី ឈូន
គូស្រះប្រុសស្រះស្រីជាមរតកវប្បធម៌ខ្មែរក្រោមដ៏សំខាន់ ដែលសម្ងំស្ដូកស្ដឹងក្នុងស្រុកកំពង់ ខេត្តឃ្លាំង មិនសូវមាននរណាចាប់អារម្មណ៍ដល់នោះ ពេលនេះ បានបាត់ខ្លួនហើយ ។ ទីឋានស្រះប្រុសត្រូវអាជ្ញាធរវៀតណាមយកសាងសង់ធ្វើជាមន្ទីរឃុំឃាំង រីឯស្រះស្រីត្រូវអាជ្ញាធរលក់ឲ្យឈ្មួញឯកជនកសាងជាភូមិវប្បធម៌ខ្មែរ ។ អង្គការសង្គមស៊ីវិលខ្មែរក្រោម ហៅការបាត់បង់មរតកវប្បធម៌ដ៏មានតម្លៃនៅពេលនេះ ចាត់ទុកជាមេរៀនសម្រាប់ខ្មែរក្រោមគ្រប់រូបឲ្យនាំគ្នាខិតខំថែរក្សាមរតកជាតិ ដែលនៅសេសសល់កុំឱ្យបាត់តទៅទៀត ព្រោះថាវប្បធម៌ជាដួងព្រលឹងនៃ ជាតិ ។

ពេលធ្វើដំណើរចេញពីទីរួមខេត្តឃ្លាំងឆ្ពោះទៅស្រុកខ្សាច់ ដែលវៀតណាម ហៅថា កេសិត (Ke Sach) នៅចម្ងាយប្រហែលជា ១.០០០ ម៉ែត្រពីវត្តបួនព្រះភ័ក្ត្រ រួចងាកទៅខាងស្ដាំដៃគេនឹងឃើញផ្ទះដំបូលស័ង្កសីនៃអគារធំៗ នោះហើយ ជាមន្ទីរឃុំឃាំងដែលអាជ្ញាធរយួនសាងសង់នៅលើផ្ទៃដីស្រះប្រុសនេះឯង ។
លុះបន្តដំណើរទៅដល់វត្តបួនព្រះភ័ក្ត្រ គេនឹងឃើញទីវាលធំល្វឹងល្វើយមួយស្ថិតនៅខាងឆ្វេងដៃ នោះហើយ ជាទីវាលស្រះស្រីដែលគ្រឿងច័ក្រកំពុងតែឈូសឆាយ ដើម្បីកសាងមណ្ឌលទេសចរណ៍ស្រះស្រី ឬ ភូមិវប្បធម៌ខ្មែរ ។
ការកកើតឡើងនៃគូស្រះប្រុសស្រះស្រីនៅស្រុកកំពង់ធំ ដែលវៀតណាមហៅ ថា យុងធើម (Vung Thom) នាទឹកដីខេត្តឃ្លាំងនេះ ក៏មានដំណើររឿងស្រដៀងគ្នានឹងរឿងភ្នំប្រុសភ្នំស្រីនៅព្រះរាជាណាចក្រកម្ពុជា និង ដូចជារឿងគូស្រះប្រុសស្រីនៅក្នុងខេត្តព្រះត្រពាំងដែរ ។ គឺដើម្បីបំបាត់នូវទំនៀមទំលាប់ស្រីចូលស្ដីដណ្ដឹងប្រុសនេះឯង ។

ស្ត្រីដែលផ្ដើមគំនិតនិងដឹកនាំការជីកស្រះនៅស្រុកកំពង់ធំនេះមានឈ្មោះថា ទេព ដោយនាងមានសម្រស់ស្រស់ស្អាតគ្មានពីរក្នុងខេត្តទើបអ្នកស្រុកហៅនាងថា ស្រី ទេព ឯស្រះក៏ជាប់ឈ្មោះហៅថា ស្រះស្រីទេព ឬ ស្រះស្រី ដល់សព្វថ្ងៃ ដែលវៀតណាមហៅ យៀងទៀង (Gieng Tien) ។
បុរសខ្មែរក្រោមម្នាក់ឈ្មោះ សឺន ភៀង អាយុប្រមាណ ៣៩ ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ធំ ហើយ សព្វថ្ងៃកំពុងរស់នៅប្រទេសដាណាម៉ាក បានឲ្យដឹងថា កាលពីជាង ២០ ឆ្នាំមុន លោកធ្លាប់ឃ្វាលគោនៅជុំវិញស្រះប្រុសនិងស្រះស្រីនេះរាល់ថ្ងៃ ស្រះនីមួយ ៗ មានទំហំមិនតូចជាង ៥០ ម៉ែត្រ បួនជ្រុងនោះទេ ហើយបរិវេណផ្ទៃដីស្រីនីមួយៗ មិនតិចជាង ៥ ហិចតាឡើយ ។
លោក ភៀង បានបន្តថា ស្រះស្រី មានទឹកជ្រៅថ្លាយង់ មានដើមឈើតូចធំដុះជុំជិត ចំណែកស្រះប្រុសវិញមិនមានដើមឈើដុះច្រើននោះទេ ជាវាលស្រែហើយហើយក៏មិនសូវមានទឹកដក់ច្រើនដែរ ។ មានប្រឡាយធំមួយទទឹងប្រមាណ ៥ និងប្រវែងប្រហែលជាជាង ១.០០០ ម៉ែត្រ នាំផ្លូវកាត់ពីស្រះប្រុសទៅស្រីដែលចាស់ ៗ ដំណាលជាផ្លូវដានដែលប្រុសនាំគ្នាលូនទៅលបមើលស្រី ៗ ជីកស្រះកាលសម័យនោះ ។ លោក សឺន ភៀង បញ្ជាក់ថា សព្វថ្ងៃបរិវេណស្រះប្រុសត្រូវបានអាជ្ញាធរវៀតណាមបានយកធ្វើជាមន្ទីរឃុំឃាំង ដោយគ្មានមន្ត្រីខ្មែរក្រោមណាមួយតវ៉ាឡើយ ។
លោក សឺន ភៀង៖ «កាលនៅក្មេងលោក ខ្ញុំនៅតូចខ្ញុំឃ្វាលគោនៅតាមហ្នឹងដែរ ស្រះស្រី ហ្នឹង បើជុំវិញព្រៃ នៅក្នុងអណ្ដូងទឹក យើងអត់បានដែលចុះទេ វាជ្រៅពេកអ្នកណាហ៊ានចុះ ឯស្រះប្រុសដែលចុះ វាមានទឹកល្ហ ដូចវាលស្រែអីចឹង ។ កាលកម្លោះនៅឆ្នាំ ១៩៩២ ពេលខ្ញុំនៅឃ្វាលគោ នៅឡើយស្រះប្រុសហ្នឹង ទើបតែបាត់បច្ចុប្បន្នហ្នឹងទេ កាលឆ្នាំ ២០០០ អីហ្នឹងទេ គេយកធ្វើមន្ទីរឃុំឃាំងរបស់ខេត្ត» ។

ស្រដៀងគ្មាននេះដែរស្ត្រីខ្មែរក្រោមម្នាក់ទៀតឈ្មោះ សឺន ម៉ុងធីលិន មានអាយុ ៣៨ ឆ្នាំ មានស្រុកកំណើតនៅ ស្រុកកំពង់ធំ ដែរ ហើយសព្វថ្ងៃ កំពុងរស់នៅប្រទេសដាកណាម៉ាក បានឲ្យដឹងថា ពីមុនស្រះទាំងពីរហ្នឹង សុទ្ធតែមានសាលាឆទានសម្រាប់ពលរដ្ឋខ្មែរក្រោមធ្វើបុណ្យកម្សាន្តជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ។
លោក សឺន ម៉ុង ធីលិន ៖«ដីស្រះស្រីហ្នឹងអត់មានអីទេ អត់មានអ្នកណានៅទេ មួយឆ្នាំ គេធ្វើបុណ្យម្ដងកន្លែងហ្នឹង ស្រះស្រី ស្រះប្រុស។ គឺមួយឆ្នាំធ្វើបុណ្យម្ដង ធ្វើបុណ្យកំសាន្តស្រុក នៅកន្លែងស្រះហ្នឹងហ្អា៎ ឆ្នាំណាក៏មានបុណ្យដែរ សុទ្ធតែខ្មែរធ្វើទាំងអស់ហ្នឹង ហើយកន្លែងស្រះស្រី អត់មានផ្ទះអីទេ ដីចោលទូលាយ» ។
ចំណែកបុរសខ្មែរក្រោមវ័យចំណាស់ ៦២ ឆ្នាំម្នាក់ ឈ្មោះ ឡឹម ផន រស់នៅជិត វត្តបួនព្រះភ័ក្ត្រ ក្នុងស្រុកកំពង់ធំលោកបានឲ្យដឹងថា សពជីដូនរបស់លោកបញ្ចុះក្នុងបរវេណស្រះស្រីដែលជាដីទំនេរ ។ កាលពីពីរឆ្នាំមុនេះលោកត្រូវបង្ខំចិត្តលើកសពជីដូនរបស់លោកចេញពីដីនេះ ដោយសារតែអាជ្ញាធរតម្រូវឲ្យលោកលក់ដីកប់សពឲ្យឈ្មួញ វៀតណាមម្នាក់ឈ្មោះ វៀង លិន (Quyen Linh) ជាសិល្បករវៀតណាម យកទៅធ្វើជាមណ្ឌលទេសចរណ៍ ឬ ភូមិវប្បធម៌ខ្មែរ ។ លោកបន្តថា ទោះជាលោក និងអ្នកដទៃទៀតខំតវ៉ាថា មិនព្រមលក់យ៉ាងណា ក៏មិនឈ្នះអាជ្ញាធរវៀតណាមដែរ ព្រោះគេអាងអំណាច ។
លោក ឡឹម ផន ៖«មកពីអីចេះណែរដ្ឋបង្ខំឲ្យលក់ បើមិនលក់ក៏គេទន្ទ្រានយកដែរ មកពីគេតម្រូវធ្វើមណ្ឌលទេសចរណ៍ កម្សាន្ត ឲ្យប្រជាជនមកលេង។ ខ្ញុំផ្នូរជីដូនខ្ញុំនៅចំកន្លែងហ្នឹង ដល់ហើយបានគាស់ចេញវិញហ្នឹង វាសងបានប៉ុន្មានលានដុង ធ្វើផ្នូរថ្មីមកវិញឲ្យគាត់»។

រីឯអ្នកប្រើបណ្ដាញព័ត៌មានសង្គម (Facebook) ជាច្រើនបានបង្ហោះសារប្រតិកម្មមិនពេញចិត្តនឹងទង្វើរបស់អាជ្ញាធរវៀតណាម ដែលកែច្ឆៃគូស្រះប្រុសស្រះស្រីនេះឡើយ ។ គណនេយ្យ ហ្វេសប៊ុកឈ្មោះ Cuonh Tra លើកឡើងថា ៖ «គាត់ទិញស្រះស្រីឡើងហើយសាងសង់ឲ្យទៅជាមណ្ឌលវប្បធម៌ខ្មែរទៀតដដែល មើលទៅវាដូចជាស្នាមដានវប្បធម៌ខ្មែរក្រោម ដូច្នេះមិនមានអីប៉ះពាល់ទេ តាមស្តាប់និងឃើញនៅទីនោះ» ។
តែចំពោះគណនេយ្យហ្វេសប៊ុកឈ្មោះ Siveth Lam មើលឃើញថា៖ «ប្រវត្តិសាស្ត្រជាន់ដានដដែលៗ ហេតុអ្វីខ្មែរយើងមិនព្រមយកចិត្តទុកដាក់អីសោះអីចឹង ថ្ងៃណាមួយមិនយូរទេ ស្រះគូនឹងត្រូវលុបឈ្មោះចេញពីក្រាំងពង្សាវតារខ្មែរយើងមិនខាន»។
ចំណែកគណនេយ្យ ហ្វេសប៊ុកឈ្មោះ អមរិន្ទ អមរា សំណព្វចិត្ត លើកឡើងយ៉ាងខ្លីថា៖«យី…យួនមិនចោលពុតមែន»។
ការលើកឡើងជាបន្តបន្ទាប់មកនេះ គឺក្រោយពីក្រុមហ៊ុនទេសចរណ៍ យៀង ទៀង (Gieng Tien) ឈ្មោះ ថៅ លិន (Thao Linh) របស់សិល្បករ វ៉ាង លិន (Quan Linh) សម្ពោធបើកការដ្ឋានសាងសង់ តំបន់ទេសចរណ៍ស្រះស្រីកាលពីថ្ងៃទី ២០ ខែកុម្ភៈ ដើមឆ្នាំនេះ លើផ្ទៃដីជាង ១០ ហិចតា ដែលមានទុនវិនិយោគប្រមាណជា ២០០ (ពីររយ) កោដិដុង ស្មើនឹងប្រមាណជា ១០ (ដប់) លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍមណ្ឌលស្រះស្រីរបស់ខ្មែរក្រោមនៅស្រុកកំពង់ធំ ខេត្តឃ្លាំង ឱ្យទៅជាតំបន់ទេសចរណ៍បែបភូមិវប្បធម៌របស់ខ្មែរនៅកម្ពុជាក្រោម ឲ្យសម្រេចជាស្ថាពរនៅដំណាច់ ២០២៥ ខាងមុខនេះ ។

ទាក់ទងនឹងករណីនេះ សំឡេងកម្ពុជាក្រោម ( VOKK) និង សារព័ត៌មាន ព្រៃនគរ បានផ្ញើសារអ៊ីម៉ែលសួរនាំទៅក្រុមហ៊ុនទេសចរណ៍ ថៅ លិន និងអាជ្ញាធរខេត្តឃ្លាំង ជាច្រើនថ្ងៃមកហើយ តែរហូតមកដល់ពេលនេះ ស្ថាប័នទាំងនោះមិនបានឆ្លើយតបឡើយ ។
ទន្ទឹមនឹងរឿងនេះដែរ ប្រធាន គណៈកម្មការសាសនាអន្តរជាតិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ ធីធី ធម្មោ បានលើកឡើងថា វៀតណាមជាជាតិសាសន៍មួយមិនមានវប្បធម៌ប្រពៃណីខ្លួនឯងច្បាស់លាស់ទេ តែងតែចម្លងរបស់គេ មកធ្វើជារបស់ខ្លួនឯង ដូចជាករណីអាវផាយយួន (Ao dai) |ដើមកំណើតអាវនេះគឺជារបស់ជនជាតិចាមទេ ។
ព្រះតេជព្រះគុណ ធីធី ធម្មោ ៖ «សិក្សាមើលទៅអាវ ផាយ (Ao dai) ១.៩.៦៣.របស់ប្រពន្ធខ្មោច ង៉ោ ឌិន យីម (Ngo Dinh Diem) គេហៅថា អាវ ផាយ របស់យួន តាមពិតអាវផាយហ្នឹងទៀតសោតមិនមែនជារបស់យួនទេ បើប្រាកដប្រជាមែនទេន (Ao dai) ១៩៦៣ ដែលយួនប្រើរាល់ថ្ងៃហ្នឹង (Ao dai) ហ្នឹងយកមកពីចាម តើ ។ យករបស់ចាម មកកាឡៃ កាត់កន្លែងចង្កេះ (ឆែក) ហ្នឹងឲ្យវែងបន្តិច ចំណែកដៃអាវ របស់ចាមខ្លី របស់យួនយកមកថែមដៃឲ្យវែង ។ វាកាឡៃទៅជារឿងមួយឲ្យពិភពលោកយល់ថា អាហ្នឹងជាសម្បត្តិវប្បធម៌របស់យួន តែតាមពិតយករបស់ចាមមកកាលៃទេ»។

ប្រធាន ប្រធាន គណៈកម្មការសាសនាអន្តរជាតិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានអំពាវនាវថា ការបាត់បង់ស្រះប្រុសស្រះស្រី មរតកវប្បធម៌ខ្មែរដ៏មានតម្លៃនៅខេត្តឃ្លាំងនេះ គឺជាមេរៀនមួយសម្រាប់ខ្មែរក្រោមគ្រប់រូបត្រូវរួបរួមគ្នាខំប្រឹងថែរក្សារាប់ចាប់តាំងពីដើមឈើ ដែលមានចំណាស់ធំៗ ស្រះទឹក ឬ ភ្នំប្រវត្តិសាស្ត្រ ខ្ទមអ្នកតាបូរាណ វត្តអារាម និងសិល្បៈ តន្ត្រី ជាដើមឲ្យបានគង់វង្ស ព្រោះវត្ថុទាំងនេះ គឺបេតិកភណ្ឌជាតិ វប្បធម៌ជាតិ និងជាដួងព្រលឹងនៃជាតិខ្មែរក្រោមហើយ ៕