ពលរដ្ឋខ្មែរក្រោម នាំលិខិតចំហជូនចំពោះមន្ត្រី សមាគមពុទ្ធសាសនាវៀតណាម

ដោយ ថាច់ ប្រីជា គឿន

ពលរដ្ឋខ្មែរក្រោម នាំលិខិតចំហជូនចំពោះមន្ត្រី សមាគមពុទ្ធសាសនាវៀតណាម និងស្ដានអគ្គកុងស៊ុលសហរដ្ឋអាមេរិក នៅទីក្រុងព្រៃនគរ សម្ដែងក្ដីបារម្ភអំពី “សមាគមពុទ្ធសាសនា វៀតណាម ហាមវត្តអារាមជនជាតិដើមខ្មែរក្រោម តាំងរូបសំណាក ឧកញ៉ា សឺន គុយ” ។

សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម អ្នកដែលនាំលិខិតចំហទៅជូន សមាគមពុទ្ធសាសនាវៀតណាម និង ស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិក ។ រូបៈ ផ្តល់ឲ្យ
សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម អ្នកដែលនាំលិខិតចំហទៅជូន សមាគមពុទ្ធសាសនាវៀតណាម និង ស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិក ។ រូបៈ ផ្តល់ឲ្យ

នៅព្រឹកថ្ងៃសុក្រ ទី ២១ ខែមេសា ឆ្នាំ ២០២៣ នេះ សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមមួយក្រុម តំណាងព្រះសង្ឃ និងពលរដ្ឋជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម បានប្រគេនលិខិតចំហដល់ ព្រះតេជព្រះគុណ ថិច ទៀង ញើង (Thich Thien Nhon) តាមរយៈការិយាល័យ សមាគមពុទ្ធសាសនាវៀតណាម និងជូនចំពោះមន្ត្រីស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំទីក្រុងព្រៃនគរ ដើម្បីសម្ដែងក្ដីបារម្ភអំពី “សមាគមពុទ្ធសាសនា វៀតណាម ហាមវត្តអារាមជនជាតិដើមខ្មែរក្រោម តាំងរូបសំណាក ឧកញ៉ា សឺន គុយ” ។

សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម អ្នកដែលនាំលិខិតចំហទៅជូន សមាគមពុទ្ធសាសនាវៀតណាម និង ស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិក នោះ មានគ្នា ៦ នាក់ ក្នុងនោះ រួមមាន លោក ថាច់ ថា, លោក ថាច់ កឿង, លោក តោ ហ្វាង ចឿង, លោក ចៅ តឹម, លោក គឹម សឿន និង លោក សឺន ផន ។

លិខិតចំហនេះ មាន ៣ ភាសា គឺ ខ្មែរ អង់គ្លេស និងយួន មានចុះហត្ថលេខា របស់ ព្រះសង្ឃ និងពលរដ្ឋជនជាតិដើមខ្មែរក្រោម ប្រគេនចំពោះ ព្រះតេជព្រះគុណ ថិច ទៀង ញើង ជាប្រធានប្រតិបត្តិសមាគមពុទ្ធសាសនាវៀតណាម សម្ដែងក្ដីបារម្ភអំពី “សមាគមពុទ្ធសាសនាវៀត ណាម ហាមវត្តអារាមជនជាតិដើមខ្មែរក្រោម តាំងរូបសំណាក ឧកញ៉ា សឺន គុយ” ។

លិខិតចំហនេះ បន្ទាប់ពី សមាគមពុទ្ធសាសនាវៀតណាម នៅខេត្តលង់ ហោរ (Ban Trị sự Giáo hội Phật giáo Việt Nam Vĩnh Long) បានចេញលិខិតមួយច្បាប់ ហាមប្រាមវត្តអារាមពុទ្ធសាសនាថេរវាទខ្មែរទាំងអស់នៅក្នុងខេត្តលង់ហោរ ទទួលយករូបសំណាក ឧកញ៉ា សឺន គុយ ជាវីរបុរសជាតិរបស់ជនជាតិដើមខ្មែរក្រោមទៅតាំងដើម្បីគោរពបូជា ។

សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ ព្រះតេជព្រះគុណ គឹម សំរិន្ទ ជាព្រះសង្ឃគង់នៅវត្តអរុណរង្សី (ចាកអាគ្រោង) ឋិតនៅក្នុងស្រុកកញ្ចោង ខេត្តព្រះត្រពាំង បានកសាងរូបសំណាក ឧកញ៉ា សឺន គុយ ដើម្បីដាក់តាំងនៅក្នុងវត្តរបស់ព្រះអង្គ សម្រាប់ពលរដ្ឋខ្មែរក្រោមទូទៅគោរពបូជា តែមានការរារាំងពីអាជ្ញាធរយួន ហើយព្រះអង្គក៏បានដង្ហែរូបសំណាកនេះ ទៅតាំងនៅក្នុងគេហដ្ឋានរបស់ព្រះអង្គវិញ ។ សូមលោកអ្នកនាងទស្សនានូវកិច្ចសម្ភាសន៍នេះ ដូចតទៅ៖