ដោយ គឹម សាវតា
បន្ទាប់ពីប្រមូល ពិនិត្យ និងប្រជុំពិភាក្សាជាច្រើនលើក ច្រើនសាររួចមក អង្គការ សមាគមខ្មែរកម្ពុជាក្រោម គ្រោងនឹងដាក់របាយការណ៍រួម ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពីដំណើរការពិនិត្យជាសកលតាមកាលកំណត់ជុំទី ៤ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរបាយការណ៍នោះ ស្តីពីសិទ្ធិជនជាតិដើមខ្មែរក្រោម ក្នុងប្រទេសវៀតណាម។

ក្នុងរបាយការណ៍ ដែលរៀបចំដោយអង្គការ សមាគមខ្មែរកម្ពុជាក្រោម ចំនួន ១០ស្ថាប័ននេះ បែងចែកជា ៦ ចំណុចសំខាន់ៗ ហើយរបាយការណ៍នេះ គឺរៀបចំឡើយដោយមានការរៀបចំជាវេទិកាពិគ្រោះយោបល់ចំនួន ៥ លើកក្នុងខែមីនា មេសា ឧសភា កក្កដា និងចុងក្រោយនៅខែសីហានេះ ។ ការចងក្រងរបាយការណ៍នេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលជាអ្នកធ្វើរបាយការណ៍ បានសម្ភាសជនរងគ្រោះខ្មែរក្រោម អ្នកការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធជាច្រើនទៀត ដើម្បីប្រមូលភស្តុតាងនៃការរំលោភសិទ្ធិមនុស្ស និងបញ្ហាប្រឈមនានា ដែលខ្មែរក្រោម កំពុងជួបប្រទះ។ ក្រៅពីនេះ ក៏មានដែរការប្រមូលព័ត៌មានតាមរយៈរបាយការណ៍ស្រាវជ្រាវ និងអនុសាសន៍នៃដំណើរការពិនិត្យជាសកលតាមកាលកំណត់ ក្នុងជុំទី១ ទី២ និងទី៣ ដែលបានដាក់ឱ្យរដ្ឋាភិបាលវៀតណាម អនុវត្តផងដែរ។
ក្នុងចំណោមចំណុចសំខាន់ទាំង ៦ នៃរបាយការណ៍នេះ លើកឡើងថា ជីវិតនៃជនជនជាតិដើមខ្មែរក្រោម នៅក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាចវៀតណាម កំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ ។ ពលរដ្ឋខ្មែរក្រោម តែងតែទទួលរងការរើសអើង និងវិសមភាពជាមួយភាគីវៀតណាម ។ សិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម សេរីភាពជួបប្រជុំ សេរីភាពប្រតិបត្តិជំនឿសាសនា និងសេរីភាពទទួលការអប់រំ នៅតែត្រូវបានរិតត្បិត និងរើសអើង ជាហេតុជំរុញឱ្យមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើនផ្សេងៗ ទៀត។ រដ្ឋាភិបាលវៀតណាម ត្រូវដោះស្រាយបញ្ហា ដែលខ្មែរក្រោមកំពុងជួបប្រទេះ និងគោរពសិទ្ធិសេរីភាពទាំងអស់នេះ ជាបន្ទាន់ ក្នុងនោះរួមទាំងសិទ្ធិកាន់កាប់ដីធ្លី និងសិទ្ធិការងារផងដែរ។
របាយការណ៍នេះ ក៏បានសន្និដ្ឋាន ថា រដ្ឋាភិបាលវៀតណាមមិនបានគោរពច្បាប់របស់ប្រទេសខ្លួនពេញលេញនៅឡើយ ដូចជារដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីសាសនា ស្តីពីការអប់រំ និងគោលនយោបាយអប់រំ។ ច្បាប់ឧក្រិដ្ឋកម្មអ៊ីនធើណេត ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសន្តិសុខសង្គម មិនស្របនឹងរដ្ឋធម្មនុញ្ញ និងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសមិនស្របទៅនឹងគោលការណ៍ទាំងឡាយ ដែលមានចែងក្នុងសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ ដែលរដ្ឋវៀតណាមបានផ្តល់សច្ចាប័ន ។ រដ្ឋាភិបាលត្រូវពិនិត្យ និងកែសម្រួលមាត្រាច្បាប់ពាក់ព័ន្ធ និងត្រូវធ្វើវិសោធនកម្មមាតា្រទាំងនោះជាបន្ទាន់ ។
គួរបញ្ជាក់ថា ក្នុងដំណើរការពិនិត្យជាសកលកតាមកាលកំណត់ជុំទី ១ នៅខែឧសភា ឆ្នាំ ២០០៩ ប្រទេសចំនួន ៦០ បានផ្ដល់អនុសាសន៍ចំនួន ១២៣ ដល់ប្រទេសវៀតណាម ក្នុងចំណោមនោះ អនុសាសន៍ចំនួន ៩៦ ត្រូវបានវៀតណាមទទួលយក។ ក្នុងដំណើរការពិនិត្យជាសកលកតាមកាលកំណត់ជុំទី ២ ក្នុងឆ្នាំ ២០១៤ មានអនុសាសន៍ចំនួន ២៥៦ រដ្ឋាភិបាលវៀតណាមទទួលយកចំនួន ១៩៥ និងជុំទីក្នុងឆ្នាំ ២០១៩ មានអនុសាសន៍ចំនួន ២២១ ហើយរដ្ឋាភិបាលវៀតណាមទទួលយក ២២០។
លោក តាំង សារៈ ក្រុមប្រឹក្សាភិបាលនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍ មានប្រសាសន៍ថា អនុសាសន៍នៃដំណើរការពិនិត្យជាសកលតាមកាលកំណត់ ដែលបានដាក់ជូនរដ្ឋាភិបាលវៀតណាម ៣ ជុំកន្លងមក គឺមានច្រើន ហើយរដ្ឋាភិបាលវៀតណាម ក៏ទទួលយកអនុសាសន៍ទាំងនោះច្រើនផងដែរ ប៉ុន្តែ ការអនុវត្តរបស់រដ្ឋាភិបាលវៀតណាមបានតិចតួច។ លោកបន្តថា បើទោះជាអនុសាសន៍ទាំងនោះ ដាក់ទៅច្រើន ប៉ុន្តែ វៀតណាមអនុវត្តបានតិច ហើយអង្គការ សមាគម ឬ ប្រទេសនានា ឈប់ដាក់អនុសាសន៍នោះបន្ត គឺហាក់ដូចជាធ្វើឱ្យវៀតណាមបំភ្លេចចោលនូវអ្វី ដែលជាអនុសាសន៍កន្លងមកតែម្ដង ដូចនេះ ប្រសិនបើអង្គការ សមាគមខ្មែរកម្ពុជាក្រោម ឬ ប្រទេសនានា នៅតែដាក់អនុសាសន៍ និងរំលឹកពីអនុសាសន៍នោះទៀត គឺអាចធ្វើឱ្យរដ្ឋាភិបាលវៀតណាមអាម៉ាស់ ហើយអនុវត្តបន្ថែមទៀតនូវអ្វី ដែលរដ្ឋាភិបាលវៀតណាមបានទទួលស្គាល់ ៕