ខ្មែរក្រោម​បាន​ឈប់សម្រាក​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ តែ​ស្ថាប័នរដ្ឋ រោងចក្រ និង​សាលារៀន នៅតែ​ធ្វើការ​ដដែល​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ព្រះ​ត្រពាំង នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន​ទើបតែ​ចេញ​សេចក្ដី ណែនាំ​មួយ​ដល់​គ្រប់​ស្ថាប័ន សាលារៀន​រដ្ឋ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ត្រូវមាន​ផែនការ​រៀបចំ​ឲ្យ​មន្ត្រី​រដ្ឋការ  កម្មករ សិស្ស និង​និស្សិត​ជា​ជនជាតិខ្មែរ​នៅក្នុង​ខេត្ត​មួយ​នេះ បាន​ឈប់សម្រាក​រយៈពេល ៣ ថ្ងៃ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​នឹង​ឈាន​ចូលមក ដល់​នា​ពាក់កណ្ដាល​ខែមេសា​ខាងមុខ​នេះ ។​

លិខិតណែនាំរបស់រដ្ឋាភិបាលយួនឲ្យចាត់វិធានការក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។
លិខិតណែនាំរបស់រដ្ឋាភិបាលយួនឲ្យចាត់វិធានការក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។

យោងតាម​លិខិត​លេខ ៨៥៩ របស់​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ព្រះ​ត្រពាំង ចុះ​ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧ ដើម្បី​ធ្វើ​សេចក្ដីណែនាំ​ដល់​ដល់​គ្រប់​ស្ថាប័នរដ្ឋ​ចាប់ពី​ថ្នាក់ភូមិ​ដល់​ខេត្ត ស្ដីពី​ការអនុវត្ត ផែនការ​របស់ខ្លួន​នៅក្នុង​ថ្ងៃ “​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ ២០១៧ របស់​ជនជាតិខ្មែរ​” នៅ​កម្ពុជា​ក្រោម បាន បញ្ជាក់ថា នៅ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ ២០១៧ នេះ អាជ្ញាធរ​គ្រប់​ស្ថាប័ន  និង អង្គភាព តាំងពី​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត​ត្រូវអនុវត្ត​នូវ​ផែនការ​មួយចំនួន ក្នុង​គោលបំណង​អ្វីមួយ​ដែល​រដ្ឋា​ភិ បាល​យួន​លើកឡើងថា ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​បាន “​សប្បាយរីករាយ  សាមគ្គី  សុវត្ថិភាព និង ប្រិត​សំចៃ​” ។ ផែនការ​ទាំងនោះ​រួមមាន ការដើរ​សួរសុខទុក្ខ  ប្រគេន និង​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម​រូប​ណា​ដែលមាន​ប្រជាប្រិយភាព​នៅតាម​វត្ត​អារាម និង​ភូមិ​ស្រុក  ការប្រកួត កីឡា វិទ្យុ និង​ទូរទស្សន៍​រដ្ឋ​ត្រូវមាន​កម្មវិធី​ផ្សាយ​ពិសេស​សម្រាប់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ  ត្រូវមាន​គ្រូ ពេទ្យ​សម្រាប់​បង្កា​ព្យា​ល​បាល​ជំងឺ និង​មាន​ក្រុម​ការពារ​សន្តិសុខ ជាដើម ។​

​នៅក្នុង​សេចក្ដីណែនាំ​នេះ​ដដែល គណៈកម្មាធិការ​ជនជាតិ​ខេត្ត​ព្រះ​ត្រពាំង ក៏បាន​ណែនាំ​ដល់ “​ប្រ ធាន​គ្រប់​ស្ថាប័ន  អង្គភាព ក្រុមហ៊ុន​ពាណិជ្ជកម្ម សាលារៀន ត្រូវមាន​ផែនការ​រៀបចំ​ឲ្យ​កម្មាភិបាល  ទាហាន  មន្ត្រី​រដ្ឋការ កម្មករ  សិស្ស និង​និស្សិត ជនជាតិខ្មែរ បាន​ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី រយៈពេល ៣ ថ្ងៃ គឺ​ថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ ២០១៧” ។ សេចក្ដីណែនាំ​នេះ មានន័យ ថា ខណៈដែល​ពលរដ្ឋ​ខ្មែរក្រោម​កំពុងតែ​ឈប់សម្រាក  គ្រប់​ស្ថាប័ន  អង្គភាព  ក្រសួង​រដ្ឋ សាលារៀន មហាវិទ្យាល័យ និង សកលវិទ្យា​ល័យ នៃ​រដ្ឋាភិបាល នៅតែ​បើកទ្វារ​ឲ្យ​ជនជាតិ​យួន​ធ្វើ ការ និង​រៀន​ដដែល ។​

ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ រកា នព្វស័ក ពុទ្ធសករាជ ២៥៦១ នឹង​ឈានចូល​មកដល់​នៅ​ថ្ងៃ សុក្រ  សៅរ៍ និង​អាទិត្យ  ៣, ៤ និង ៥ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា ខាងមុខ  នេះ ។​

ពិធីបង្សុកូល និងស្រង់ទឹកព្រះ នៅដែនដីកម្ពុជាក្រោម
ពិធីបង្សុកូល និងស្រង់ទឹកព្រះ នៅដែនដីកម្ពុជាក្រោម

​សព្វថ្ងៃ ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​បានធ្វើ​ចំណាកស្រុក​ទៅធ្វើជា​កម្មករ នៅ​ទីក្រុង​ព្រៃនគរ នៅតាម រោងចក្រ​ចិន​យួន និង​បរទេស មកពី​ជីវភាព​គ្រួសារ​ក្រីក្រ ។ ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ ជា​រៀងរាល់ឆ្នាំ នាំគ្នា​ត្រឡប់​ទៅ​ស្រុកកំណើត​លេង​បុណ្យចូលឆ្នាំ​របស់​ជនជាតិ​យួន ជំនួស​ឲ្យ​បុណ្យចូលឆ្នាំ​ខ្មែរ របស់ខ្លួន​វិញ មកពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​យួន រដ្ឋាភិបាល​យួន​បានណែនាំ​​ឲ្យ​រោងចក្រ ស្ថាប័នរដ្ឋ និង សាលារៀន​ទូទាំងប្រទេស​បិទទ្វារ​ស​ម្រាក​កន្លះ​ខែ  តែ​ដល់​ថ្ងៃបុណ្យ​ជាតិ​របស់​ខ្មែរ នៅ​កម្ពុជា​ក្រោម វិញ រដ្ឋាភិបាល​យួន​មិនបាន​នែ​ណាំ​ឲ្យ​បិទទ្វារ​ឈប់សម្រាក ដើម្បី​ឲ្យ​ជនជាតិដើម​ខ្មែរក្រោម​បាន ឱកាស​ចូលរួម​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​របស់ខ្លួន ដូចជា​ជនជាតិ​យួន ឡើយ ។​

​រដ្ឋាភិបាល​យួន​ជា​ប្រទេស​ហត្ថលេខី ទទួលស្គាល់​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការ​សហ​ប្រជា ជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) កាលពី​ឆ្នាំ ២០០៧ ដោយបាន​សន្យាថា នឹង​គោរព​សិទ្ធិ ជនជាតិដើម​នៅក្នុង​ប្រទេស​របស់ខ្លួន ក្នុងនោះ មាន​ខ្មែរក្រោម​ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ជាដើម ។ រៀងរាល់ឆ្នាំ រដ្ឋាភិបាល​ភិ​បាល​យួន​មិនដែល​ណែនាំ​ឲ្យ​ស្ថាប័នរដ្ឋ  ក្រុមហ៊ុន និង​សាលា រៀន​នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម បិទទ្វារ​ឈប់សម្រាក​នៅក្នុង​ថ្ងៃបុណ្យ​ជាតិខ្មែរ ដូចជា បុណ្យ ចូលឆ្នាំថ្មី និង បុណ្យ​សែនដូនតា ដើម្បី​ឲ្យ​ជនជាតិដើម​ខ្មែរក្រោម​បាន​ឱកាស​ប្រារព្ធ និង​ចូលរួម នៅក្នុង​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្មែរ​ឡើយ ។

​នៅ​ខែមេសា ខាងមុខនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ចូលទៅ​ថ្លែងការណ៍​នៅក្នុង​មហាសន្និបាត លើក​ទី ១៦ នៃ​វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​បូរី New York សហរដ្ឋអាមេរិក រយៈ ពេល ២ សប្ដាហ៍ ដើម្បី ថ្លែង​អំពី​បញ្ហា​របស់​ខ្មែរក្រោម​នៅ​ដែន ដី​កម្ពុជា​ក្រោម​ជម្រាប​ដល់​សហគមន៍​អន្តរជាតិ​បាន​ជ្រាប អំពី​អ្វីដែល​រដ្ឋាភិបាល​បាន​រំលោភបំពាន សិទ្ធិមនុស្ស​លើ​ជនជាតិដើម​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។ វេទិកា​ជនជាតិ​ដើមឆ្នាំ​នេះ  អង្គការ សហប្រជាជាតិ​នឹង​ពិភាក្សា​ផ្ដោតលើ​ប្រធានបទ “​ចាត់វិធានការ​ដើម្បី​អនុវត្ត​សេចក្តីប្រកាស​ជាស​កល របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​” ស្រប​ពេលដែល​សេចក្ដីប្រកាស​នេះ​អនុម័ត​បាន ១០ ឆ្នាំ ៕

លិខិតណែនាំរបស់រដ្ឋាភិបាលយួនឲ្យចាត់វិធានការក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។
លិខិតណែនាំរបស់រដ្ឋាភិបាលយួនឲ្យចាត់វិធានការក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។