ដោយ គឹម សាវតា
លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ១៥ ខែកក្កដា បានប្រារព្ធពិធីអបអរសាទីខួប ២២ ឆ្នាំ ថ្ងៃដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមាជិកអង្គការនៃប្រជាជាតិ ដែលគ្មានតំណាង ឬហៅថា UNPO ។ ពិធីនេះ មានការចូលរួមពីព្រះសង្ឃ និងសមាជិកអង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រមាន ៥០អង្គ និងនាក់។

ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចាប់តាំងពីសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកអង្គការ UNPO គឺអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា តែងតែប្រារព្ធពិធីអបអរជារៀងរាល់ឆ្នាំមិនថា ជាកម្មវិធីតូច ឬធំនោះទេ លើកលែងតែក្នុងមួយរយៈពេល ដែលរាតត្បាជំងឺកូវីដ-១៩ ផ្ទុះឡើង ។ លោកបន្តថា ការប្រារព្ធពិធីខួប ២២ ឆ្នាំ នៃ ការចូលជាសមាជិកអង្គការ UNPO នេះ គឺជាបញ្ជាក់ថា ខ្មែរក្រោមមានការគាំទ្រពីស្ថាប័នអន្តរជាតិ ដើម្បីបន្តធ្វើកិច្ចការផ្លូវច្បាប់លើឆាកអន្តរជាតិ។
លោក តាំង សារៈ ជាប្រធានតំបន់សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ជនជាតិដើម និងជនជាតិដើមភាគតិចទាំងអស់ឬ ហៅថា ជនជាតិគ្មានតំណាង នៅលើពិភពលោក កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៩១ ក្រោមការផ្ដួចផ្ដើមគំនិតរបស់ ឥស្សរជនសិទ្ធិមនុស្សមួយក្រុម នៅលើសកលលោក ដូចជាលោក លីន ណាម៉ូស នៃ សភាអេសតូនៀ លោក អេរគីនអាប់ ទើគីន នៃប្រជាជន អ៊ុយ ហូរ លោក ឡូឌី ជីយ៉ារី នៃប្រទេសទីបេ រួមជាមួយលោក មីឆែល វ៉ាត់វ៉ាន់ប្រិច ជាទីប្រឹក្សាច្បាប់អន្តរជាតិរបស់សម្ដេចព្រះសង្ឃដាឡៃឡាម៉ាទី ១៤ នៃ ទីបេ ជាដើម បានបង្កើតអង្គការអន្តរជាតិមួយសម្រាប់អន្តរាគមន៍ ជួយដល់ជនជាតិដើម និងជនជាតិភាគតិច នៅលើពិភពលោក ដែលអង្គការនេះ មានឈ្មោះថា អង្គការនៃ ប្រជាជាតិដែលគ្មានតំណាង ឬ ហៅកាត់ថា UNPO ដែលប្រកាសជាផ្លូវការ នៅក្នុងវិមានសន្តិភាព នាទីក្រុងឡាអេប្រទេសហូឡង់ ។ លោកបន្តថា សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានអង្គការមួយនេះ ទទួលជាសមាជិក នៅថ្ងៃទី១ ៥ ខែកក្កដា ឆ្នាំ ២០០១ ។ លោកបន្ថែមថា ក្រោយពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក UNPO រួចហើយ ដោយមានអង្គការនេះ ជាស្ពានការតស៊ូមតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម លើឆាកអន្តរជាតិ បានទទួលលទ្ធផលគួរជាទីកត់សម្គាល់ ។
ជាមួយគ្នានេះ លោក គឹម ស៊ីសំណា មន្ត្រីសម្របសម្រួល នៃ លេខាធិការដ្ឋានអង្គការ នៃសមាគមខ្មែរកម្ពុជាក្រោម ក៏បានលើកឡើងថា វាជាមោទភាពណាស់ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកអង្គការ UNPO ។ លោកក៏បានរំឭកគុណដល់ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមមុនៗ ដែលបានខិតខំធ្វើកិច្ចការជាច្រើន បើទោះបីជា កាលពីមុន កិច្ចការទាំងនោះ នៅមានភាពយឺតយាវក្នុងការដឹងលឺដល់អន្តរជាតិ ដូចពេលនេះក្តី ដោយសារតែមិនទាន់មានបច្ចេកវិជ្ជាទំនើបដូចជាបណ្ដាញសង្គមទូលំទូលាយ ។
បើតាមលោក តាំង សារៈ អង្គការ នៃ ប្រជាជាតិដែលគ្មានតំណាង ឬហៅថា UNPO បច្ចុប្បន្នមានជនជាតិដើម ជនជាតិភាគតិច និងប្រទេសដែលគ្មានតំណាង ជាសមាជិកចំនួន ៤៦ ក្នុងនោះ អតីតសមាជិកចំនួន ៦ បានទទួលឯករាជ្យ និងបានចូលជាសមាជិកអង្គការសហប្រជាជាតិគឺ ១. អាមេនៀ ២. ទីម័រខាងកើត ៣. អែសតូនៀ ៤. ឡាត្វៀ ៥. ចចជៀ និងទី ៦ គឺឆាមបេសៀ៕