ដោយ គឹម សាវតា
បើទោះជាមិនទាន់ត្រូវបានផ្ដល់សិទ្ធិពេញលេញក្នុងនាមជាពលរដ្ឋខ្មែរ នៅពេលដែលចាកចេញពីដែនដីកម្ពុជាក្រោមមករស់នៅលើទឹកដីកម្ពុជា ប៉ុន្តែ យុវជនខ្មែរក្រោមួយចំនួនអះអាងថា នៅកម្ពុជាមានឱកាសសិក្សាបានខ្ពស់ ព្រោះមានអ្នកជួយឧត្ថម្ភដល់ការសិក្សាច្រើន ។

លោក ស៊ឺន ជុំជួន យុវជនខ្មែរក្រោមមួយរូប ដែលបានរៀនចប់ថ្នាក់បណ្ឌិតនៅសកលវិទ្យាល័យមួយនៅកម្ពុជា ហើយបច្ចុប្បន្នលោកជាមេធាវីមួយរូបផងនោះ បានប្រាប់សារព័ត៌មានព្រៃនគរ និងសំឡេងកម្ពុជាក្រោម ថា ប្រសិនបើមិនមានការតាំងចិត្ត ក្នុងការសិក្សាទេនោះ គឺមិនអាចឈានទៅរកភាពជោគជ័យបាននោះទេ ពោលគឺត្រូវតែពុះពារ ដើម្បីស្វែងរកឱកាសនៃការសិក្សា ។ លោកបន្តថា លោកបានសិក្សារហូតដល់ចប់ថ្នាក់បណ្ឌិតនេះ ដោយសារតែលោកចំណាយធនធានផ្ទាល់ខ្លួនមួយចំនួន និងមួយចំនួនទៀត បានមកពីសប្បុរសជនជួយឧបត្ថម្ភ ។ លោកបន្ថែមថា បុព្វបុរសខ្មែរខិតខំសិក្សារៀនសូត្រ និងចងក្រងក្បួនច្បាប់សម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្របានដឹង ដូចនេះ ប្រសិនបើកូនខ្មែរជាពិសេសខ្មែរក្រោមមិនបានរៀនសូត្រឱ្យបានជ្រៅជ្រះទេ គឺហាក់ដូចជាមិនឱ្យតម្លៃអ្វី ដែលបុព្វបុរសខំសិក្សា និងចងក្រង ។
បើតាមលោក សឺន ជុំជួន នៅកម្ពុជានាពេលបច្ចុប្បន្ននេះ គ្រឹះស្ថានឧត្តមសិក្សាបានផ្ដល់អាហារូបករណ៍ខ្លះ ៥០% និងកន្លែងខ្លះទៀតដល់ ១០០% ទៀតផង ដែលនេះ ជាឱកាសសម្រាប់យុវជនខ្មែរក្រោម ដែលចង់បន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ ដើម្បីសម្រួលដល់ជីវភាពផ្ទាល់ខ្លួន និងសង្គមជាតិ។
បើទោះជាពេលចប់ថ្នាក់បណ្ឌិត លោកមានការងារសមរម្យ ដើម្បីទ្រទ្រង់ជីវភាព ប៉ុន្តែ អ្វីដែលសំខាន់គឺលោកចង់ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សខ្មែរក្រោម ឱ្យមានកាន់តែច្រើន។
លោក ថាច់ គឹមសារាង យុវជនខ្មែរក្រោមមួយរូបមកពីខេត្តព្រះត្រពាំង ដែលទទួលបានអាហារូបករណ៍រហូតចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បានប្រាប់ថ្លែងថា ការទទួលបានអាហារូបករណ៍ពិតជាមានសារៈសំខាន់ណាស់សម្រាប់និស្សិតខ្មែរក្រោម រួមទាំងរូបលោកផងដែរ ព្រោះអាហារូបករណ៍នេះ បានជួយសិស្សខ្មែរក្រោមមួយផ្នែកក្នុងការកាត់បន្ថយបន្ទុកលើថ្លៃសិក្សា ។
លោកបន្តថា កម្មវិធីអាហារូបករណ៍ពេញលេញរបស់ខ្មែរក្រោម គឺជាស្ពានសម្រាប់និស្សិតខ្មែរក្រោមដែលមានការលំបាក មានឱកាសកាន់តែប្រសើរឡើងក្នុងការអភិវឌ្ឍន៍ខ្លួនឯង ។
បន្ទាប់ពីលោកបានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ លោកបានផ្សព្វផ្សាយដល់គ្រួសារខ្មែរក្រោម ដែលមានតម្រូវការទាក់ទងសុំអាហារូបករណ៍ ដើម្បីបន្តក្តីសុបិន និងកសាងអនាគតសម្រាប់យុវជនខ្មែរក្រោមផ្សេងទៀតផង ។
លោកឱ្យដឹង អំពីភាពខុសប្លែកគ្នាមុន និងក្រោយសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថា លោកទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា ពង្រឹងចំណេះដឹងទូទៅ ពង្រឹងចំណេះដឹងជំនាញ ពីចំណេះដឹងនោះយកទៅប្រើប្រាស់ក្នុងការងារដោយមានប្រសិទ្ធភាពខ្ពស់ ។
ព្រះតេជព្រគុណ ចៅ រ៉េន ព្រះប្រធានសម្ព័ន្ធសមណនិសិត្ស-និសិត្សខ្មែរកម្ពុជាក្រោម មានថេរដីកាថា ការងារសំខាន់របស់សម្ព័ន្ធសមណនិសិត្ស-និសិត្សខ្មែរកម្ពុជាក្រោម គឺបណ្ដុះធនធានមនុស្សខ្មែរក្រោម ដូចនេះគឺត្រូវតែខិតខំស្វែងរកធនធានថវិកា ដើម្បីជួយដល់សមណនិសិត្យ និងនិសិត្សខ្មែរក្រោម សិក្សាបានកាន់តែខ្ពស់ ។ ព្រះអង្គបន្តថា ថវិកាសម្រាប់ឧបត្ថម្ភដល់ការសិក្សារបស់សមណនិសិត្ស និសិត្សខ្មែរក្រោម គឺបានមកពីការបរិច្ចាគ និងការធ្វើបុណ្យផ្កានានា រួមទាំងសប្បុរជ នដែលស្រឡាញ់ និងមានទឹកចិត្តជួយដល់សង្គមខ្មែរក្រោម មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅបរទេសនោះទេ ។
ព្រះតេជព្រះគុណ ចៅ រ៉េន ឱ្យដឹងបន្ថែមថា មិនត្រឹមតែសមណនិសិត្ស និសិត្សខ្មែរក្រោមសិក្សាថ្នាក់ឧត្តមសិក្សានៅកម្ពុជាប៉ុណ្ណោះទេ គឺមានសមណនិសិត្ស និងនិសិត្សខ្មែរក្រោមមួយចំនួន ក៏កំពុងសិក្សាថ្នាក់ឧត្តមនៅក្រៅទេសផងដែរ ដូចជានៅប្រទេសថៃ និងប្រទេសដទៃទៀតតាមរយៈជំនួយអាហារូបករណ៍នេះ ។
លោក ថាច់ សុវណ្ណមុនី អនុប្រធានកិច្ចការនិស្សិត អាហារូបករណ៍ខ្មែរក្រោម នៃ មជ្ឈមណ្ឌលពុទ្ធសាសនាអ្នកប្រាជ្ញខ្មែរក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កន្លងមក និងពេលបច្ចុប្បន្ន គឺមានសប្បុរសជន បានឧបត្ថម្ភដល់សមណនិសិត្ស និសិត្សខ្មែរក្រោមជាបន្តបន្ទាប់ ដើម្បីបន្តការសិក្សា ក្នុងនោះ មជ្ឈមណ្ឌលពុទ្ធសាសនាអ្នកប្រាជ្ញខ្មែរក្រោម ក៏បានចាប់ផ្តើមស្វែងរកជំនួយ ដើម្បីផ្ដល់អាហារូបករណ៍ ហើយសមណនិសិត្ស និសិត្សខ្មែរក្រោម បានទទួលអាហារូបករណ៍នេះ ជាបន្តបន្ទាប់ ។ ក្រៅពីនេះស្ថាប័នរបស់លោក ក៏បានស្នើសុំកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗ ដើម្បីទទួលបានអាហារូបករណ៍សម្រាប់ពលរដ្ឋខ្មែរក្រោមផង។
បើតាមលោក ថាច់ សុវណ្ណមុនី មួយរយៈចុងក្រោយនេះ យុវជនខ្មែរក្រោមទទួលការសិក្សាបានខ្ពស់ច្រើន បន្ទាប់ពីមានការផ្ដល់អាហារូបករណ៍ពីសប្បុរសជនទាំងនៅក្នុង និងក្រៅប្រទេស ដែលនេះជាធនធានដ៏សំខាន់សង្គមខ្មែរ ជាពិសេសខ្មែរក្រោម ៕