សហព័ន្ធខ្មែរកម្ពុជាក្រោម បានបិទបញ្ចប់មហាសន្និបាតប្រចាំឆ្នាំលើកទី ២២ កាលពីថ្ងៃអាទិត្យ ទី ១០ ខែធ្នូ្ន កន្លងទៅនេះ នៅទីក្រុងអូឡែនដូ (Orlando) រដ្ឋហ្លរីដា (Florida) សហរដ្ឋអាមេរិក(USA) ។ មហាសន្និបាតនេះ មានពលរដ្ឋខ្មែរ និងខ្មែរកម្ពុជាក្រោម ប្រមាណជិត ៣០០ នាក់ បានចូលរួម ។ ក្នុងចំណោមពលរដ្ឋទាំងនោះ មកពីសហរដ្ឋអាមេរិក បាំរាំង អូស្ត្រាលី កាណាដា ប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត ព្រមទាំងអ្នកតំណាងអង្គការធំៗ មួយចំនួនបានចូលរួមធ្វើសេចក្ដីថ្លែងការណ៍ផងដែរ ។

ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ប្រាក់ សេរីវុឌ្ឍ បានឱ្យអាស៊ីសេរីដឹងថា មហាសន្និបាតប្រចាំឆ្នាំនេះ សហព័ន្ធបានបូកសរុបសមិទ្ធផល ដែលបានធ្វើក្នុងរយៈពេលកន្លងទៅនេះ ព្រមទាំងរៀបចំគម្រោងផែនការសម្រាប់ឆ្នាំ ២០១៨ ខាងមុខ ដោយក្នុងនោះទីមួយ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងទីពីរ ពង្រីកការទំនាក់ទំនងក្រៅប្រទេសបន្ថែមទៀត ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមឱ្យដឹងថា មហាសន្និបាត បានកែប្រែច្បាប់លក្ខន្តិកៈសហព័ន្ធមួយចំនួន កែប្រែបទបទបញ្ជាផ្ទៃក្នុងសហព័ន្ធមួយចំនួន ព្រមទាំងកំណត់យ៉ាងម៉ឺងម៉ាត់ថា អ្នកណាក៏ដោយ ប្រសិនបើធ្វើខុស នឹងលក្ខន្តិកៈ ឬបទបញ្ជាផ្ទៃរបស់សហព័ន្ធ ត្រូវតែចុះចេញពីដំណែងភ្លាម។ «»
លោកឱ្យបន្តថា ក្នុងអំឡុងឆ្នាំ ២០១៧ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានទទួលសមិទ្ធផលជាច្រើន រួមមាន បញ្ជូនគណៈប្រតិភូទៅប្រជុំមហាសន្និបាតរបស់អង្គការ យូអ៊ិនភីអូ (UNPO) នៅប្រទេសបែលហ្សិក (Belgium) ជម្រាបជូនរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសអូស្ត្រាលី(Austria) អាមេរិក សមាជិកព្រឹទ្ធសភាប្រទេសបារាំង និងសភាអ៊ឺរ៉ុប ដើម្បីឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះ ដាក់សម្ពាធទៅដល់រដ្ឋាភិបាលវៀតណាមឱ្យគោរពសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម និងឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ។
លោកក៏បានបញ្ជាក់ដែរថា ផែនការសម្រាប់ឆ្នាំ ២០១៨ ខាងមុខនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងពង្រឹងទំនាក់ទំនងជាមួយប្រទេសកាណាដា ជប៉ុន និងបណ្ដាប្រទេសមួយចំនួនទៀត ព្រមទាំងគ្រោងប្រារព្ធខួបឆ្នាំទី ៦៩ នៅឆ្នាំ ២០១៩ នៅប្រទេសបារាំង ដើម្បីឱ្យរដ្ឋាភិបាលបារាំងជួយពលរដ្ឋខ្មែរក្រោមនៅប្រទេសវៀតណាម ។ «»
លោកឱ្យដឹងទៀតថា សហព័ន្ធគ្រោងបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ដើម្បីឱ្យក្លាយជាទំពាំងស្នងឫស្សី នៅពេលខាងមុខ ៕ RFA