ដោយ គឹម សាវតា
សង្គមស៊ីវិល និងយុវជនខ្មែរក្រោម នៅកម្ពុជា ថ្កោលទោសអាជ្ញាធរវៀតណាម ករណីឃាត់ខ្លួនយុវជនខ្មែរក្រោម ដែលផ្សព្វផ្សាយសៀវភៅសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើមភាគតិច និងរឹបអូស យកសៀវភៅជាង ១០០ ក្បាលពីយុវជនខ្មែរក្រោម កាលពីថ្ងៃទី ១៣ ខែមេសា ។

អាជ្ញាធរសមត្ថកិច្ចវៀតណាម ខេត្តឃ្លាំង សហការជាមួយខេត្តដូនណៃ ក្នុងនោះរួមមានទាំងនគរបាលសន្តិសុខនយោបាយផ្ទៃក្នុង និងនគរបាលសេដ្ឋកិច្ច ប្រមាណជាង ១០០ នាក់ កាលពីថ្ងៃទី ១៣ មេសា បានចុះឆែកឆេរផ្ទះយុវជនខ្មែក្រោម លោក យឿង ខាយ និងចាប់ខ្លួនលោកទៅសួរចំលើយ ដោយគ្មានលិខិតស្នាមត្រឹមត្រូវ ហើយបានរឹបអូសយកទូរស័ព្ទ កុំព្យូទ័រ និងសៀវភៅសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពី សិទ្ធិជនជាតិដើមជាង ១០០ ក្បាលពីលោក យឿង ខាយ ថែមទៀត ។
ប្រធានលេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម លោក សម្បតិ្ត ស៊ីណា មានប្រសាសន៍ប្រាប់សំឡេងខ្មែរកម្ពុជាក្រោម ថា យុវជន យឿង ខាយ មិនបានធ្វើអ្វីខុសពីច្បាប់នៅវៀតណាម នោះទេ ក្នុងការដែលចែកសៀវភៅសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពី សិទ្ធិជនជាតិដើមដល់ពលរដ្ឋខ្មែរក្រោម ដទៃទៀត ដើម្បីបានអាន និងយល់ដឹងពីសិទ្ធិរបស់ខ្លួន ។ លោកបន្តថា ករណីអាជ្ញារវៀតណាម យកមនុស្សមកឡោមព័ទ្ធផ្ទះ លោក យឿង ខាយ រាប់សិបនាក់ និងចូលទៅរឹបអូស ព្រមទាំងនាំខ្លួនលោក យឿង ខាយ យកទៅសួរនាំយ៉ាងដូច្នេះ គឺជាអំពើមួយរំលោភសិទ្ធិមនុស្ស មិនអាចទទួលយកបាន ។
លោក សម្បត្តិ ស៊ីណា៖ «ក្នុងនាមខ្ញុំជាប្រធានលេខាធិការដ្ឋាន ក៏ដូចជាអង្គការ សមាគមខ្មែរ កម្ពុជាក្រោមដទៃទៀត មានការថ្កោលទោសយ៉ាងខ្លាំងទៅលើអាជ្ញាធរវៀតណាម ដែលមានការរឹតត្បិត ទៅលើសិទ្ធិសេរីភាព និងសិទ្ធិរស់នៅរបស់ខ្មែរក្រោម» ។
តាមគម្រោង លោក សម្បតិ្ត ស៊ីណា នឹងដាក់ញត្តិមួយទៅស្ថានទូតវៀតណាម ប្រចាំកម្ពុជា ដើម្បីជាសារដល់រដ្ឋាភិបាលវៀតណាម ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរក្រោម ។
លោកបណ្ឌិត សឺន ជុំជួន អគ្គលេខាធិការនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មើលឃើញថា ការដែលអាជ្ញាធរវៀតណាមឃាត់ខ្លួន និងដកហូតសៀវភៅ និងសំភារៈផ្សេងៗ របស់លោក យឿង ខាយ គឺផ្ទុយនឹងគោលការណ៍ច្បាប់ គោលការណ៍សិទ្ធិមនុស្ស ព្រោះក្នុងនាមជាប្រជាពលរដ្ឋមួយរូប ក្នុងនាមជាជនជាតិដើមមួយរូប លោក យឿង ខាយ មានសិទ្ធិពេញលេញក្នុងការសិក្សាឈ្វេងយល់ពីសិទ្ធិរបស់ខ្លួន ។
លោកបណ្ឌិត ស៊ឺន ជុំជួន៖ «ក្នុងនាមយើងជាស្ថាប័ន ដែលធ្វើការផ្នែកសិទ្ធិមនុស្ស យើងមិនគាំទ្រលើទង្វើនេះទេ ហើយស្នើសុំឲ្យអាជ្ញាធរ ឬសមត្ថកិច្ចវៀតណាម អនុវត្តទៅតាមគោលការណ៍ច្បាប់ឲ្យបានត្រឹមត្រូវ ជាពិសេសគោលការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ» ។
លោក ថើស ចន្ទ្រា ប្រធានក្រុមប្រឹក្សាយុវជនខ្មែរក្រោម ក៏បានថ្លែងថា ការឃាត់ខ្លួនហៅទៅសាកសួរ និងដកហូតសៀវភៅនេះ គឺជាវិធីសាស្ត្រគំរាមកំហែងថ្មីមួយទៀត លើយុវជនខ្មែរក្រោម ដែលហ៊ានបង្ហាញ និងចង់ដឹងប្រវត្តិសាស្ត្រខ្មែរក្រោម ។
លោក ថើស ចន្ទ្រា ៖ «សុំអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់គំនាបទៅលើរដ្ឋាភិបាលវៀតណាម កុំឱ្យធ្វើដូច្នេះ ហើយបញ្ឃប់នូវទង្វើអាក្រក់ឃោរឃៅនេះតទៅទៀត ។ ពីដើមមកវិធីរបស់គេ គឺការកាប់សម្លាប់ ហើយវិធីចុងក្រោយនេះ គឹដោយសារតែមានកិច្ចព្រមព្រៀងជាច្រើនជាមួយអន្តរជាតិ គេប្តូរមកវិធីក្តៅខ្លះ ត្រជាក់ខ្លះ» ។
បច្ចុប្បន្ន លោក យឿង ខាយ ស្នាក់នៅ និងធ្វើការនៅខេត្តដូនណៃ ដែនដីកម្ពុជាក្រោម ។ លោកបានបង្កើតទំព័រហ្វេសប៊ុក ឈ្មោះថា សិទ្ធិការងារខ្មែរក្រោម ដើម្បីផ្ដល់ចំណេះដឹងពីច្បាប់ការងារដល់យុវជន និងពលករខ្មែរក្រោម ។ ទំព័រហ្វេសប៊ុកនោះ ក៏បានផ្ដល់លេខទូរស័ព្ទ សម្រាប់ឱ្យកម្មករខ្មែរក្រោម ដែលរងការរំលោភបំពានផ្សេងៗ ទាក់ទងដើម្បីពិគ្រោះយោបល់ស្វែងរកមធ្យោបាយដោះស្រាយបញ្ហាទាំងនោះ ។ កន្លងមកលោក យឿង ខាយ ក៏ធ្លាប់ដាក់លិខិតទៅរដ្ឋាភិបាលវៀតណាម ដើម្បីស្នើសុំឲ្យពលករខ្មែរក្រោម បានឈប់សម្រាក នៅក្នុងពិធីបុណ្យចូលឆ្នំាខ្មែរ និងបុណ្យសែនដូនតា ដែលជាពិធីបុណ្យប្រពៃណីខ្មែរតាំងពីដូនតាមក ៕