សមណនិស្សិតខ្មែរក្រោម ថា ស៊ូបង់ថវិការៀន នៅសាលាក្រៅស្រុក គ្រាន់ជាងរៀនសាលាក្នុងស្រុក ដែលគ្រប់គ្រងដោយវៀតណាម

ដោយ លី ឈូន

បច្ចុប្បន្ន មានសមណនិស្សិត និស្សិតខ្មែរក្រោម មិនតិចជាង ៣០០ អង្គ/រូប កំពុងបំពេញកម្មសិក្សា តាំងពីថ្នាក់បរិញ្ញា ដល់ថ្នាក់បណ្ឌិត តាមសាលាពុទ្ធិកៈ និង វិទ្យាស្ថាននានា នៅព្រះរាជា​ណាចក្រ​កម្ពុជា និង ព្រះរាជាណាចក្រថៃ ។ផ្ទុយទៅវិញ វិទ្យាស្ថានសិក្សាចំនួនពីរ នៅកម្ពុជាក្រោម​ ដែលគ្រប់គ្រងដោយអាជ្ញាធរវៀតណាម ហើយ​ថែម​ទាំងមានអាហារូបករណ៍ និង រង្វាន់ប្រចាំឆ្នាំទៀត​ផង​ ក្នុង​នោះ ​គឺសាលាមធ្យម​សិក្សាបំពេញ​វិជ្ជាបាលី​ខ្មែរក្រោម  មាន​ទីតាំង​នៅ​​ទីក្រុងត​ឃ្លាំង ដែលវៀតណាម ដាក់ឈ្មោះថ្មី ថា ខេត្តសុក ត្រាំង (Soc Trang) និង ​វិទ្យាស្ថាន​ពុទ្ធសាសនាខ្មែរក្រោម ​មានទីតាំងនៅទីក្រុងពេកឫស្សី ដែលវៀតណាម ដាក់​ឈ្មោះថ្មីថាទី ក្រុង កឹង ធើ (Can Tho) ។ តាមរបាយការណ៍ការងារសិក្សាឆ្នាំ ២០២០-២០២១ នេះ សាលាមធ្យម​សិក្សាបំពេញ​វិជ្ជាបាលី​ខ្មែរក្រោម ទទួលសមណសិស្សថ្មីចំនួនត ៧០ អង្គ  ។ រីឯវិទ្យាស្ថាន​ពុទ្ធសាសនាខ្មែរក្រោម មាន​សមណ​​និស្សិតតែ ៣១ អង្គប៉ុណ្ណោះ ។ ប្រការដែលមានសិស្សខ្មែរក្រោម រៀនតិចដូច្នេះ ​ដោយសារ​តែកម្មវិធីសិក្សា នៃ​វិទ្យាស្ថានទាំងពីរ​​នេះ នៅមានកំរិតទាម ហើយនឹង​ម៉ោងកម្មវិធីភាសា​ខ្មែរ​តិច​ពេក ។

ទិដ្ឋភាព​នៃរាត្រីប្រកាស​លទ្ធផល ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ និង ទុតិយភូមិ ទូទាំងខេត្ត​ព្រះត្រពាំង នៅដែនដី​កម្ពុជាក្រោម​ ។ រូបៈផ្តល់ឲ្យ
ទិដ្ឋភាព​នៃរាត្រីប្រកាស​លទ្ធផល ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ និង ទុតិយភូមិ ទូទាំងខេត្ត​ព្រះត្រពាំង នៅដែនដី​កម្ពុជាក្រោម​ ។ រូបៈផ្តល់ឲ្យ

សមណនិស្សិតខ្មែរក្រោម មួយព្រះអង្គ ដែលព្រះអង្គសុំមិនបញ្ចេញឈ្មោះ​ ព្រះអង្គនិមន្តមក​ពីវត្ត​មួយ​​នៃនិគមមាត់សមុទ្រ ខេត្តព្រះត្រពាំង ដែលវៀតណាមដាក់​ឈ្មោះថ្មី ថា ខេត្ត ត្រា​ វិញ  (Tra vinh) ។ ព្រះអង្គនិមន្តចូលរួមប្រឡងបញ្ចប់កំរិតមធ្យមសិក្សាទុតិយភូមិ ឆ្នាំទី ៣​ (គរុកោសល្យទី ៣ ) នៅ​ វត្តសិលាទ្រ  ( ថ្មទល់) ទីក្រុងព្រះត្រពាំង​ ។

សមណនិស្សិត​ស្នើសុំ​លាក់​អត្តសញ្ញាណអង្គនេះ បង្ហើបប្រាប់ថា ប្រសិនបើញាតិញោមរបស់ព្រះអង្គមាន​ថវិកា​ឧបត្ថម្ភ​ឲ្យ​ព្រះអង្គរៀនបន្ត​ ព្រះអង្គមានបំណងទៅរៀននៅប្រទេសថៃ ។ ព្រះអង្គ​ថា តាមដែល​ព្រះ​អង្គ​ដឹង​​​ប្រទេស​ថៃ​គេគោរពព្រះពុទ្ធសាសនាណាស់ ​ដូច្នេះហើយព្រះសង្ឃ ដែលនិមន្តទៅរៀន​នៅ​ថៃ​ងាយនឹងនិមន្តបិណ្ឌបាត ស្វែងរកបច្ច័យសម្រាប់​សម្រាប់បង់ថ្លៃសាលាខ្លះផង​ ហើយនឹងជាចង្ហាន់​ប្រចាំថ្ងៃផង  ម្យ៉ាង​វិញ​ទៀតកម្មវិធីសិក្សា​នៅ​ប្រទេស​ថៃ​ល្អ​ជាង​នៅ​កម្ពុជា​ក្រោម ។

សមណនិស្សិតលាក់ឈ្មោះ៖ «សូមអរគុណជាអនេក្ឃ ចំពោះព្រះឧបជ្ឈាយ៍ មេគណស្រុកយើង ដែលបូជាកម្លាំងចិត្ត កម្លាំងកាយ ពង្រឹងកាសិក្សា និង ថែរក្សា ប្រពៃណីទំនៀមទម្លាប់ របស់ខ្មែរយើង ។​ ចំណុចទាំងនេះ យើងត្រូវតែដឹងគុណអស់លោក តែយើងត្រូវតែបត់បែនបន្តិច ធ្វើយ៉ាងណា ឲ្យ​កម្មវិធីសិក្សា​ របស់យើងហ្នឹងវាសម​ស្របទៅតាមសង្គម​បច្ចប្បន្ន ដែល​គេអាច​ទទួល​ស្គាល់​ជា​ផ្លូវ​កាបាន​ ឧសទាហរណ៍ ដូច​ជាយើង រៀប​ចំកាសិក្សា​ហ្នឹង​ឲ្យ​មាន​ប្រតិបត្តិពិន្ទុៈ បែង​ចែក​ជានិទ្ទេស​ ជា​កម្រិត​ A B C អី អីចឹង »

ចំណែកសមណនិស្សិតខ្មែរក្រោមមួយព្រះអង្គទៀត ព្រះនាម យឿង វិជ័យ ដែល​ព្រះ​អង្គ​​កំ​ពុង​រៀន​ថ្នាក់​អនុបណ្ឌិត ឯកទេសវិទ្យាសាស្ត្រគ្រប់គ្រង ​នៅសាលាមហាវិទ្យាល័​បញ្ញា​សាស្រ្ត មានទីតាំងនៅ​ទីក្រុង​ភ្នំពេញ ។  ព្រះអង្គមានស្រុកកំណើត នៅខេត្តឃ្លាំង​ ព្រះអង្គ​ឲ្យដឹងថា ដែលព្រះអង្គមករៀន នៅ​កម្ពុជា​​​​នេះ​​ ព្រោះតែព្រោះតែចង់ឲ្យច្បាស់លាស់ភាសាខ្មែរ ។

សមណនិស្សិត ព្រះតេជព្រះគុណ យឿង វិជ័យ ៖ «មូលហេតុ​ចង់​មករៀននៅស្រុកខ្មែរ ដោយ​ការយល់ឃើញ​ថា ទោះ​បី​ជា​នៅខេត្តឃ្លាំង​ ថ្វីត្បិត​មានសាលាបាលីជាន់ខ្ពស់ និង​ ខេត្តព្រែកឬស្សី ក៏មាន​វិទ្យាស្ថាន​ពុទ្ធសាសនា​ខ្មែរក្រោម ។​ តែមុខវិជ្ជា​រៀន​នៅសាលាហ្នឹង​គេ​ផ្ដោត​សំខាន់​ទៅ​លើភាសា​វៀតណាម​ តាម​​កម្មវិសិក្សា​ចំណេះដឹងទូទៅ រីឯ​ខាងផ្នែកភាសាខ្មែរ​យើង​តិច​តួចបំផុត ​បើចង់​ឲ្យច្បាស់​ ភាសា​ខ្មែរ ឬ បាលី វេយ្យាករណ៍ ទាល់​តែឡើងមកស្រុកខ្មែ​ររៀន»

ស្រដៀងគ្នានេះដែរ អតីតនិស្សិតខ្មែរក្រោម  នៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីខ្មែរក្រោម មួយ​រូប​​គឺលោក ទ្រីវ បូរ៉ា លោមានស្រុកកំណើតនៅស្រុកជ្រោយញរ ខេត្តឃ្លាំង ​សព្វថ្ងៃលោករស់​នៅ​អាមេរិក ។ លោកថា រៀននៅសាលាមធ្យមសិក្សា​បំពេញ​វិជ្ជាបាលីខ្មែរក្រោខេត្តឃ្លាំង និង វិទ្យាស្ថាន​ពុទ្ធសាសនាខ្មែរក្រោម នៅទីក្រុងព្រែកឫស្សីនោះ រៀនតាមកម្មវិធីសិក្សាអប់រំ​សាលា​សកល​​ទាំង​អស់ ។ តែសាលា ដែលអាជ្ញាធរវៀណាមគ្រប់គ្រងទាំងពីរនេះ មិនឲ្យតម្លៃ​ភាសា​ខ្មែរឡើយ ។

លោកទ្រីវ បូរ៉ា៖ « ព្រោះអីយើងរៀននៅហ្នឹង គេមានការប្រគួត ប្រជែង ចឹងហើយសិស្សម្នាក់ ៗ អ្នកណា ក៏ខំរៀនយួនដែរ ដើម្បីយកឌីមខា (ពិន្ទៈបង្គួរ)  ឌីមយ៉យ (សិស្សពូកែ) ហ្នឹង  ដើម្បីបាន​រង្វាន់​ចុងឆ្នាំ ។ ហើយគិត​មើល​មួយថ្ងៃរៀន ៨ ម៉ោង ព្រឹក ល្ងាច ហើយ​ខ្មែរយើង​ មួយ​អាទិត្យ បានតែ ៤ ម៉ោង ៤ ម៉ោងហ្នឹងវាតិចមែនទេន ។  ដូចខ្ញុំនិយាយខាងដើមអីចឹង បើសិន​ជា​រៀនភាសាខ្មែរ​នៅ​ក្រៅ​មិនច្បាស់ហ្នឹង ចូល​សាលាបាលី​ខេត្ត​ឃ្លាំង​ ៤​ ឆ្នាំ​ ចេញ​មកវិញ​ភ្លេចខ្មែរអស់ »

ការស្ទង់មតិនេះ ស្របក្នុងឱកាស ដែលវិស័យពុទ្ធិកសិក្សា នៅខេត្តព្រះត្រពាំង ​បើកប្រឡង​បញ្ចប់​កម្រិត​សិក្សា មធ្យមសិក្សាបឋមភូមិ (បាលីរង) ​និង មធ្យមសិក្សា​ទុតិយភូមិ​ (គរុកោសល្យឆ្នាំទី ៣ ) ។ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសាលាគណខេត្រព្រះតរពាំង ។ នៅឆ្នាំ ២០២១ នេះ មណ្ឌល​ប្រឡង​រៀបចំ​ឡើង នៅវត្ត​សិលា​ទ្រ (ថ្ម​ទល់​) ទីរួមខេត្តព្រះត្រពាំង​ រយៈពេល ៣ ថ្ងៃ ចាប់ពី​​ថ្ងៃទី ២២ ខែ​មករា ដល់​ថ្ងៃទី ២៤ ខែមករានេះ ។  ក្នុងសម័យប្រឡងរួមនេះ មានសមណសិស្ស សិស្ស​ចូល​ប្រឡង​​សរុប​​​ចំនួន ៤៧៤ អង្គ/ រូប ក្នុងនេះសិស្ស​បឋមភូមិ ចំនួន ៣៤៦ អង្គ​ រូប និង សិស្ស​ទុតិយភូមិ ចំនួន ១២៨ អង្គ​/រូប​ ។

សមណសិស្សទទួលបាននិទ្ទេសល្អទាំង ១០ ព្រះអង្គ និមន្តឡើងទទួលយក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ និង ទុតិយភូមិ ទូទាំងខេត្ត​ព្រះត្រពាំង នៅដែនដី​កម្ពុជាក្រោម​ ។ រូបៈផ្តល់ឲ្យ
សមណសិស្សទទួលបាននិទ្ទេសល្អទាំង ១០ ព្រះអង្គ និមន្តឡើងទទួលយក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ និង ទុតិយភូមិ ទូទាំងខេត្ត​ព្រះត្រពាំង នៅដែនដី​កម្ពុជាក្រោម​ ។ រូបៈផ្តល់ឲ្យ

ចំណែក​វិញ្ញាសា​ប្រឡង សម្រាប់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំទី ៤ មាន​ចំនួន ១២ គឺ​ព្រះ​វិន័យ តែងសេចក្ដី សរសេរ​តាម​អាន ធម្មបទ វេយ្យាករណ៍​បាលី ភាសាខ្មែរ ព្រះ​គាថា ព្រះអភិធម្ម ទស្សនៈ​ពុទ្ធសាសនា អង់គ្លេស ទូ​រេ​និទាន គណិតវិទ្យា ។ រីឯ ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំទី ៣ មាន​ចំនួន ១០ វិញ្ញាសា គឺ​សរសេរ​តាម​អាន ព្រះ​បាតិមោក្ខ បរមាធិប្បាយ សាសនា​សកលលោក កំណាព្យ​ខ្មែរ ភាសាខ្មែរ សម្ព័ន្ធ មង្គល​ត្ថ​ទីប​នី អង់គ្លេស និង​ គណិតវិទ្យា ។

យោង​តាម​សន្និបាត​លើក​ទី​ ៣ នៃ​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​ខេត្ត​ព្រះ​ត្រពាំង​ ណត្តិកាល​ទី​ ៧ (២០១៨-២០២៣)​ ដែល​ធ្វើ​ឡើង​ នៅ​វត្ត​ពោធិ​សាល​រាជ​ (កំពង់) នា​ទីក្រុង​ព្រះ​ត្រពាំង​ កាល​​​​​ពី​ថ្ងៃ​ទី ២៨ ធ្ នូ​ឆ្នាំ ២០២០ កន្លង​ទៅ​នេះ ​ឲ្យ​ដឹង​ថា ថវិកា​សម្រាប់​ទម្រង់​ដល់​វិស័យ​សិក្សាអប់រំ ក្នុងឆ្នាំ ២០២០ នេះ ចំណាយ​អស់​ជាង​ ២៥០.០០០.០០០ កោដិ​ដុង​ ស្មើ​នឹង​ប្រមាណ ៧៥០.០០០ ( ប្រាំ​ពីរ​សែន​ប្រាំម៉ឺន​) ដុល្លារអាមេរិក ដែល​ ជាបច្ច័យបរិច្ចាគពីពុទ្ធបរិស័ទខ្មែរក្រោម ទាំង​ក្នុង និង ក្រៅ​ស្រុក ។

ចំណែកវិស័យពុទ្ធិកសិក្សា នៅតាមខេត្តនានា នៃដែនដី​​កម្ពុជាក្រោម ​ក្រៅពីខេត្ត​ព្រះត្រពាំង ​មិនមាន​ចាត់​តាំងប្រឡងរួមឡើយ មានតែចាត់តាំងប្រឡង​តាមវត្តនីមួយៗ រៀង ៗ វត្ ត​តែ​ប៉ុណ្ណោះ​ ។

ចំពោះ​កម្មវិធី​សិក្សាវិញ ខេត្តទាំងនេះ មិនបានបញ្ចូលគ្នាតែមួយនូវកម្មវិធីសិក្សាភាសាបាលី និង ​ធម្មវិន័យ​​ចូលគ្នា ដូច​នៅខេត្តព្រះត្រពាំងនោះទេ គឺនៅរៀនតាមទម្លាប់ ពីដើមដដែល គឺរៀនភាសា​បាលី ( ឆ្នាំទី ១-២-៣ (រង)  និរៀនធម្មវិន័យ ៣ ឆ្នាំ (ត្រី ទោ ឯក) ដដែល  ។

រីឯ វិញ្ញាសាសិក្សានៅតាមខេត្តទាំងនេះ​ ក៏មិនខុសប្លែក​ពី​វិញ្ញាសារ​ នៅខេត្តព្រះត្រពាំង​ ប៉ុន្មាននោះទេ​ គឺ​ខុស​ត្រង់​ថ្នាក់បាលីរង និង ថ្នាក់ធម្មវិន័យឯកត្រូវបានបំពេញបន្ថែម​ នូវវិញ្ញាសារភាសាវៀតណាម មាន​តែង​សេចក្កី គណិតវិទ្យា​ និង​ទស្សនៈលោកហូ​ ជីមិញ (អតីតមេដឹកនាំរបបកុម្មុយនិស្តុ​វៀតណាម) ។

មួយវិញទៀត ចំពោះវិញ្ញាភាសាវៀតណាម បើប្រសិនជាសិស្សសាលាវត្តណាមួយ មិនបានរៀនទេ​នោះ​ ដល់ពេលប្រឡងចូលសាលាមធ្យម​សិក្សាបំពេញ​វិជ្ជាបាលី​ខ្មែរក្រោម ឬ វិទ្យាស្ថាន​ពុទ្ធសាសនា​ខ្មែរក្រោម នឹងធ្លាក់ជាមិនខាន ព្រោះមិនចេះវញ្ញាទាំងនេះ ។

ជាទម្លាប់ បវេស្សនកាលនៃវិស័យពុទ្ធិកសិក្សា នៅកម្ពុជាក្រោម ចាប់ផ្ដើមនៅ​ថ្ងៃពេញ​បូណ៌មី​ខែ​​ពិសាខ និង វិស្សមកាលនៅថ្ងៃពេញបូណ៌មីខែបុស្ស  ។ ហើយ លោកគ្រូ អ្នកគ្រូ វិស័យពុទ្ធិកសិក្សា​ នៅ​ដែនដីកម្ពុជាក្រោម​ សុទ្ធ​តែ​លោក​គ្រូអ្នក​គ្រូស្ម័គ្រ​ចិត្ត​ មិនមានប្រាក់ខែ បៀវត្សរ៍នោះទេ មានតែ​អំណោយលើកទឹកចិត្ត ឧបត្ថម្ភតាមតិច តាមច្រើន​ នៃ​វត្តអារាម​នីមួយ ៗ តែ​ប៉ុណ្ណោះ​ ។


ទាក់ទងនឹងករណីទាំងនេះ មន្ត្រីសង្ឃក្នុងជួរគណសង្ឃខេត្តព្រះត្រពាំង និង ខេត្តឃ្លាំង បង្ហើប​ប្រាប់​ថា វីទ្យុសំឡេងកម្ពុជាក្រោម និង សារព័ត៌មានព្រៃនគរ ឲ្យដឹងថា ​អាជ្ញាធរវៀតណាមមិនគាំទ្រវិស័យ​ពុទ្ធិកសិក្សា​របស់គណសង្ឃ​ខ្មែរ​ក្រោម​​តាមខេត្តនិមួយ ៗ ឡើយ គេទទួលស្គាល់ ​តែសាលា​ដែល​គេគ្រប់ផ្ទាល់ តែប៉ុណ្ណោះ ។

ចំណែក​សាលាពុទ្ធិក​នានា ​នៅកម្ពុជា ​មិនទទួលស្គាល់​សញ្ញាប័ត្រ​វិស័យ​​ពុទ្ធិកសិក្សា​របស់គណសង្ឃ​ខ្មែរ​ក្រោម​​ តាមខេត្តនីមួយ ៗ នៅកម្ពុជាក្រោម នោះ​ដែរ ដោយ​លើកឡើង ថា​ កម្មវិធីសិក្សា នៅកម្ពុជាក្រោម មិន​គ្រប់កម្រិត   តែ​​សាលា​ពុទ្ធិក​នានា​ នៅ​ប្រទេសថៃ គេ​ទទួល​ស្គាល់ ​សញ្ញាប័ត្រនេះ ៕