ដោយ គឹម សាវតា
បន្ទាប់ពីអាជ្ញាធរវៀតណាម ចាប់ខ្លួនពលរដ្ឋខ្មែរក្រោមទាំង ៤ នាក់ ខ្មែរក្រោមទៅទូទាំងពិភពលោក បានបើកយុទ្ធនាការតស៊ូមតិដោយទាមទារឱ្យដោះលែងអ្នកទាំង៤ ដោយគ្មានលក្ខខណ្ឌ ។ យុទ្ធនាការតវ៉ារបស់ពលរដ្ឋខ្មែរក្រោម តាមរយៈរូបភាពផ្សេងដូចជា នៅកម្ពុជាមានការដាក់ញត្តិទៅក្រសួងការបរទេស បណ្ដាស្ថានទូត និងស្ថាប័នសិទ្ធិមនុស្សនានា នៅតាមប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ខ្មែរក្រោមបានធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ដោយឡែកនៅតាមបណ្ដាញសង្គមហ្វេសប៊ុកពលរដ្ឋខ្មែរក្រោម បានផ្លាស់ប្ដូររូបភាពដាក់រូបអ្នកទាំង ៤ រូបផងដែរ។
ពីក្នុងខេត្តព្រះត្រពាំង ដែលដីកម្ពុជាក្រោម លោក គៀង យ័ញនី ដែលបានប្តូររូបក្នុងហ្វេសប៊ុកមកដាក់រូបសកម្មជនទាំង៤រូបដែរនោះ បានប្រាប់សារព័ត៌មានព្រៃនគរ និងសំឡេងកម្ពុជាក្រោម (VOKK) ថា នៅពេលដែលសកម្មជនទាំង៤ ត្រូវបានចាប់ខ្លួនលោកមានការឈឺចាប់ ជាមួយគ្នានេះ លោកគោរពអ្វីដែលពួកគេបានធ្វើ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋខ្មែរក្រោម។ លោកបន្តថា លោកមិនអាចជួយអ្វី ដើម្បីឱ្យពួកគេទាំង ៤ រូបនោះ រួចពីការឃុំឃាំងបាននោះទេ គឺមានតែបង្ហាញការឈឺចាប់ ការសោកស្ដាយ និងធ្វើសកម្មភាពតស៊ូមតិ នៅលើបណ្តាញសង្គម ដើម្បីបង្ហាញថា ថ្វីត្បិតតែអ្នកទាំង ៤ នោះ ជាប់ឃុំឃាំងមែន តែពួកគេមិននៅឯកោនោះទេ គឺមានអ្នកចាំគាំទ្រ លើកទឹកចិត្ត និងជួយអន្តរគមន៍ផ្លូវច្បាប់តាមរូបភាពផ្សេងៗ ។
ក្រៅពីយកញត្តិដាក់នៅក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិកម្ពុជា និងតាមស្ថានទូត និងស្ថាប័នសិទ្ធិមនុស្ស នៅកម្ពុជាហើយនោះ កាលពីពេលថ្មីៗ កន្លងទៅនេះ លោកបណ្ឌិត សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលទៅចូលរួមវេទិកាសង្គមស៊ីវិលប្រជាពលរដ្ឋអាស៊ាន នៅក្នុងប្រទេសឥណ្ឌូនេស៊ីក៏បានយកញត្តិដាក់ទៅកាន់តំណាងរដ្ឋ ដែលជាសមាជិកអាស៊ាន ព្រមទាំងអង្គការសង្គមស៊ីវិលអាស៊ាន តំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្សឱ្យបានដឹងឮពីការចាប់ខ្លួនពលរដ្ឋខ្មែរក្រោមទាំង ៤ នាក់។ ក្រៅពីនេះលោកក៏បានធ្វើយុទ្ធនាការលើកបដាដោយមានរូបភាពសកម្មជនខ្មែរក្រោមទាំង ៤ ដែលត្រូវរដ្ឋាភិបាលវៀតណាមចាប់ខ្លួននេះផងដែរ។
ខ្លឹមសារញត្តិ ដែលអង្គការ សមាគមខ្មែរកម្ពុជាក្រោម បានដាក់នោះ មានជាអាទិ៍៖ ១. រដ្ឋាភិបាលវៀតណាម ត្រូវតែដោះលែងពលរដ្ឋខ្មែរក្រោមទាំង ៤ រូបនោះ ឲ្យមានសេរីភាពជាបន្ទាន់ និងដោយឥតលក្ខខ័ណ្ឌ និងបញ្ឈប់រាល់ការរិតត្បិតសេរីភាពរបស់ខ្មែរក្រោម ។ ២/ រដ្ឋាភិបាលវៀតណាម ត្រូវពិនិត្យឡើងវិញ និងកែតម្រូវច្បាប់ក្នុងប្រទេសរបស់ខ្លួនឲ្យស្របតាមគោលការណ៍ការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីធានាការគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមឲ្យបានពេញលេញ ។ ៣/ សូមអំពាវនាវដល់អង្គទូតនានា ប្រចាំនៅប្រទេសវៀតណាម និងអង្គការជាតិ អន្តរជាតិ ចូលរួមឃ្លាំមើល តាមដានព្រឹត្តិការណ៍នេះ ដើម្បីផ្តល់យុត្តិធម៌ ការពារសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោមទាំងនេះ និងពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើម នៅលើទឹកដីកម្ពុជាក្រោម តាមការគួរ ។
លោក ចៅ សេរី អនុប្រធានប្រតិបត្តិទី១ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋានៅសហរដ្ឋអាមេរិក ក៏បានឱ្យដឹងថា ក្រោយពីរដ្ឋាភិបាលវៀតណាម បានចាប់ខ្លួនពលរដ្ឋខ្មែរក្រោមទាំង ៤ នាក់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានអន្តរាគមន៍គ្រប់វិធី មានទាំងការដាក់ញត្តិតាមស្ថានទូតនានា នៅសហរដ្ឋអាមេរិក និងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នៅតាមប្រទេសនានាជាដើម។ លោកបន្តថា រហូតមកដល់ពេលនេះ គឺមានរយៈពេល ១ ខែហើយ ដែលវៀតណាមបានចាប់ខ្លួនពលរដ្ឋខ្មែរក្រោមទាំង៤នាក់ ហើយបើតាមច្បាបរបស់ប្រទេសវៀតណាម នឹងកាត់ទោសនៅក្នុងរយៈពេល ២ ខែទៀត ។ លោកបន្ថែមថា សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបន្តជូនដំណឹងដល់ប្រទេសជាមហាអំណាច ដែលមានឥទ្ធិពលលើវៀតណាម ដើម្បីបានដឹងឮ និងអន្តរាគមន៍ឱ្យមានការដោះលែងអ្នកទាំង ៤ រូបនោះ ។ ជាពិសេសក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅប្រទេសវៀតណាមជាដើម។
បើតាមលោក គឹម ស៊ីសំណា មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម រហូតមកដល់ពេលនេះ ពលរដ្ឋខ្មែរក្រោមទាំង ៤ នាក់នោះ ត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តឃ្លាំង និងខេត្តព្រះត្រពាំងរយៈពេល ៣ ខែ ដើម្បីបន្តនិតិវិធីស៊ើបអង្តេត ប្រមូលភ័ស្ដុតាង ដើម្បីចោទប្រកាន់ និងកាត់ទោសតាមផ្លូវតុលាការ ៕