ដោយ ស៊ឺន ចែងចើន | VOKK
នៅក្នុការប្រកួតប្រណាំងថ្ងៃទី ៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ ២០១៧ នេះ ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានបរាជ័យទាំងពីរជុំ (ជើងទី ១ និងជើងទី ២) ទៅលើគូប្រកួត ទូក ង ឈ្មោះ «ទៀវិញមានជ័យរស្មីចន្ទ្រា» ជាទូករបស់កងទ័ពជើងទឹក ។
សូមបញ្ជាក់ថា ទូក ង កងទ័ពជើងទឹក គ្រប់គ្រោងដោយលោក នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ។
បើតាមគណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ឲ្យដឹងថា ការរងបរាជ័យផ្ទួនៗ គ្នា ២ ថ្ងៃនេះ គឺបណ្តាលមកពីទូក មានបញ្ហាបច្ចេកទេស ដោយទឹកជ្រាបចូល ហើយត្រូវដកកម្លាំងចេញអស់ ៤ នាក់ ដើម្បីការពារកុំឲ្យទូកលិច ដែលជាហេតុធ្វើឲ្យទូក ង ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ខ្វះកម្លាំងអុំ ។
យ៉ាងណាក៏ដោយ គណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៃមិត្តសមាគមខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ការចូលរួមអុំប្រណាំង ក្នុងពិធីបុណ្យវប្បធម៌ប្រពៃណីជាតិមួយនេះ មិនផ្តោតទៅលើចាញ់ ឬឈ្នះនោះទេ ។ អ្វីដែលសំខាន់ គឺមានវត្តមានចូលរួមបង្ហាញខ្លួនរៀងរាល់ឆ្នាំ និងដើម្បីឲ្យស្គាល់ថា «ខ្មែរក្រោម ជានរណា?» ។
សកម្មភាពខ្លះៗ របស់ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ចូលរួមកួតប្រណាំងថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក ។ រូបថតៈ ស៊ឺន ចែងចើន