តើ​ខ្មែរក្រោម​ទទួល​ឥទ្ធិពល​ពី​ភាសា​យួន​ទាំងស្រុង​មែនឬ​?

​ដោយ ថាច់ ប្រីជា គឿន​

​ទោះបី​នៅក្រោម​ការគ្រប់គ្រង​រប​ស់​របប​យួន​ជាច្រើន​ឆ្នាំ​មកហើយ​ក្ដី តែ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម នៅតែ​និយាយ​គ្នា​ជា​ភាសា​ខ្មែរ និង​ប្រើ​អក្សរ​ខ្មែរ​នៅក្នុង​សហគមន៍​របស់ខ្លួន​ជានិច្ច បើទោះបី ភាសា និង​អក្សរ​ជា​ផ្លូវការ​ផ្នែក​រដ្ឋបាល របស់​រដ្ឋាភិបាល​វៀត​ណា​ម បច្ចុប្បន្ន ជា​ភាសា​យួន​ក្ដី ។
​ការប្រើ​ភាសា​ខ្មែរ​របស់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម អាច​ចែកចេញជា​ពីរ​ប្រភេទ និង​ពីរ​ជំពូក​បុគ្គល ដូចតទៅ​នេះ ៖

​ប្រភេទ​ផ្លូវការ និង​មិន​ផ្លូវ​ការណ៍​៖

ប្រភេទ​ផ្លូវការ​នោះ បាន​ដល់​ការនិយាយស្ដី  ការ​ថ្លែង​សុន្ទរកថា និង​ការសម្ដែង​ព្រះធម៌​ទេសនា របស់​ព្រះសង្ឃ នៅក្នុង​ពិធី​បុណ្យទាន​ផ្សេងៗ គឺ​សុទ្ធតែ​ប្រកបទៅដោយ​ពាក្យពេចន៍ វោហារ  សាស្ត្រ​ជា​ភាសា​ខ្មែរ​សុទ្ធសាធ មិនមាន​លាយឡំ​ភាសា​យួន​ឡើយ ។ ក្រៅពីនេះ នៅតាម​វត្ត​អារាម ព្រះសង្ឃ​នៅតែ​ប្រើ​អក្សរ​ខ្មែរ​ជា​ផ្លូវការ​របស់ខ្លួន​ជានិច្ច ។​

ខ្លោងទ្វារវត្តកញ្ចោងភ្នំពេញ ឋិតនៅក្នុងស្រុកកញ្ចោង ខេត្តព្រះត្រពាំង នៅតែសរសេរជាអក្សរខ្មែរ ។
ខ្លោងទ្វារវត្តកញ្ចោងភ្នំពេញ ឋិតនៅក្នុងស្រុកកញ្ចោង ខេត្តព្រះត្រពាំង នៅតែសរសេរជាអក្សរខ្មែរ ។

​មិន​ផ្លូវការ​នោះ បាន​ដល់​ការសន្ទនា​ខាងក្រៅ មាន​ចូល​ពាក្យ​យួន​មួយចំនួន ចំពោះតែ​ពាក្យ​អសាធារណនាម ដែល​រដ្ឋាភិបាល​វៀតណាម​ដាក់ឈ្មោះ​ជា​ភាសា​យួន នៅតាម​មន្ទីរពេទ្យ ឬ កន្លែង​សាធារណៈ​ផ្សេងៗ​ជាដើម ដូចជា ពាក្យ​ថា “​ទៅ​ប្រជុំ​” អ្វីមួយ​ដែល​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម ខ្មែរក្រោម​ខ្លះ​ហៅថា “​ទៅ​ហោ​ប​” ។  ពាក្យ “​ហោ​ប​” នេះ ជា​ភាសាផ្លូវការ​នៅក្នុង​កិច្ចការ​មួយ​នេះ​, ពាក្យ “​ទៅធ្វើ​ពលកម្ម​” របស់​សិស្សសាលា​រដ្ឋ​យួន កូនចៅ​ខ្មែរក្រោម​មួយចំនួន ហៅ​តាម​ភាសា​យួន​ថា “​ទៅ​ឡាវ​ដុង​” (Lao Dong) ព្រោះ​ពាក្យ “​ឡាវ​ដុង​” នេះ ជា​ភាសាផ្លូវការ​មួយ​នៅក្នុង​កម្មវិធី នៃ​សាលារៀន​របស់គេ និង​ពាក្យ “​នគរបាល​” ខ្មែរក្រោម​ខ្លះ ហៅ​តាម​ភាសា​យួន​ថា “​កុង​អាង​” (Cong An) ជាដើម ។​

​សម្រាប់ ជំពូក​បុគ្គល​ចេះដឹង ខាង​ភាសា និង​អក្សរសាស្ត្រ​ខ្មែរ​វិញ ដូចជា ព្រះសង្ឃ និង​អ្នក​ធ្លាប់បាន​បួស​រៀន​ជ្រៅជ្រះ​ជាដើម ពួកគេ មិន​និយាយ​តាម​ភាសា​យួន​ឡើយ បើទោះបី ភាសា​យួន​ទាំងនោះ​ជា​ផ្លូវការ​ក្ដី ក៏​គេ​នៅតែ​ប្រែ​មកជា​ខ្មែរ​ដើម្បី​និយាយ​ទៅកាន់​ជនជាតិខ្មែរ​ដូចគ្នា​ដែរ ។​
​រីឯ ជំពូក​បុគ្គល​មិន​ចេះដឹង​អក្សរសាស្ត្រ​ខ្មែរ ឬ មិនចេះ​អាន​អក្សរ​ខ្មែរ ដូចជា​ក្មេងៗ​ជាដើម ហើយ​បាន​ទៅ​រៀន​តែ សាលា​រដ្ឋ​យួន​នោះ ពួកគេ​ងាយ​នឹង​និយាយ​ចូល​ភាសា​យួន ច្រើនណាស់ ប៉ុន្តែ ពួកគេ​នៅតែ​និយាយ​ភាសា​ខ្មែរ​ដដែល ។ តា​មកា​រសើប​សួរ និង​កត់សម្គាល់​ឃើញថា ក្មេងៗ​ខ្មែរក្រោម​ទាំងនោះ មិន​ចង់​និយាយ​លាយឡំ​ចូល​ភា សា​យួន​ទេ តែ​ពួកគេ​រក​នឹក​ពាក្យ​ខ្មែរ ដែលមាន​កម្រិត​ខ្ពស់ ឬ ពាក្យ​វប្បធម៌​មិនទាន់ ។

​តើ “​ខ្មែរ​នៅ​ថៃ​” មានភ័ព្វ​សំណាង​ជាង “​ខ្មែរក្រោម​” យ៉ាងណា ? ៖

​បើ​យើង​ប្រៀបធៀប​ជីវិត​ខ្មែរ​ទាំងពីរ​នេះ ដែល​បច្ចុប្បន្ន បានរស់នៅ​ក្រៅ​រង្វង់ ប្រទេស​កម្ពុជា​នោះ គឺ “​ខ្មែរលើ​” នៅក្នុង​ប្រទេស​ថៃ ពួកគេ​មិនបាន​ប្រើ​អក្សរ​ខ្មែរ​នៅក្នុង​សហគមន៍​របស់ខ្លួន​ទេ ហើយ​ភាសា​វិញ ក៏​លាយ​ចូល​ថៃ​ស្ទើ​នឹង​ទាំងស្រុង​ទៅហើយ ។ ចំណែក “​ខ្មែរក្រោម​” ដែល​នៅ​កម្ពុជា​ក្រោម ក្រោម​ការគ្រប់គ្រង​រប​ស់​វៀតណាម វិញ មាន​លក្ខណៈ​ច្បាស់លាស់ និង​ប្រកាន់​គំនិត ជា​ខ្មែរ​ខ្លាំងណាស់ ដោយ​ពួកគេ នៅតែ និយាយ​ភាសា​ខ្មែរ និង​សរសេរ​អក្សរ​ខ្មែរ រៀងរហូត​មកដល់​ប​ច្ចុ​ប្បន្ន ។​

​សម្រាប់​ភ័ព្វសំណាង​វិញ “​ខ្មែរលើ​” រស់នៅក្នុង​ប្រទេស​ថៃ ដែលជា​ប្រទេស​សេរី​នោះ ពួកគេ​អាច​បានទទួល​នូវ​សិទ្ធិ​ផ្សេងៗ​ជាង “​ខ្មែរក្រោម​” ដែល​កំពុង​រស់នៅក្នុង​ប្រទេស​វៀតណាម ដែលជា​ប្រ ទេស​មួយ ប្រកាន់យក​របប​កុ​ម្មុយ​និ​ស្ត ផ្ដាច់ការ តែ​ខ្មែរក្រោម មានសំណាង​ព្រោះ​មាន​ស្មារតី​រក្សា​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន​ជា “​ខ្មែរ​” ជានិច្ច បើទោះបី​របប​យួន​គ្រប់​ជំនាន់ ខំព្យាយាម​លុបបំបាត់​យ៉ាងណាក៏ដោយ ។​

​ដើម្បី​ឲ្យ​ខ្មែរក្រោម អាច​និយាយ​ភាសា​ខ្មែរ​បាន​ត្រឹមត្រូវ មិន​លាយឡំ​ចូល​ភាសា​យួន​នោះ  មានតែ​កត្តា​មួយគត់ គឺ​កូនចៅ​ខ្មែរក្រោម​ខំប្រឹង​រៀនសូត្រ​អក្សរសាស្ត្រ​ខ្មែរ​ឲ្យ​បាន​ជ្រៅជ្រះ ។ កត្តា​នេះ ការនាំ​យុវជន​ខ្មែរក្រោម​ឲ្យ​ចូល​វត្ត​បួស​រៀន នៅតែមាន​សារៈសំខាន់​, នៅតាម​វត្ត​អារាម ត្រូវ​បន្ត​បើក​សាលារៀន​អក្សរសាស្ត្រ​ខ្មែរ ឲ្យ​កូនចៅ​ខ្មែរក្រោម បាន​សិក្សា​រៀនសូត្រ និង​មាន​សាលារៀន​កម្មវិធី​ជា​ភាសា​ខ្មែរ នៅតាម​ភូមិ​ស្រុក​របស់​ពួកគេ​ជាដើម៕