ការ​ចូលវស្សារបស់ព្រះសង្ឃខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម​

ដោយ ស៊ឺន ចែងចើន | VOKK 

​បុណ្យ​ចូល​វស្សា ឬ​ចាំ​វស្សា ជា​ប្រពៃណី​របស់​ព្រះសង្ឃ​ពុទ្ធសាសនិក​មាន​តាំងពី​ជំនាន់​ពុទ្ធកាល​រៀងមក ។​

​ថ្ងៃ​ចូល​ព្រះវស្សា គឺជា​ថ្ងៃ​សំខាន់​មួយ    ក្នុងចំណោម​ថ្ងៃ​សំខាន់ៗ ដទៃទៀត ក្នុង​ព្រះពុទ្ធសាសនា ដែល​ព្រះសង្ឃ​ថេរវាទ គ្រប់​ប្រទេស​ទាំងអស់​តាំងចិត្ត​អធិដ្ឋាន ចូល​ព្រះវស្សា នៅ​កន្លែង​ណាមួយ ក្នុង​វស្សានរដូវ​ចំនូ​ន ៣ ខែ ។​

​ការចូល​វស្សា​របស់​ព្រះសង្ឃ​មាន​រយៈពេល ៣ ខែ (​មួយ​ត្រៃមាស​)  ក្នុង​វស្សា​ន្ត​រដូវ  ហើយ​ត្រូវ​ចាំ​វស្សា​ដោយ​ត្រឹមត្រូវ មិន​ឲ្យ​ដាច់​វស្សា​ឡើយ ។ ចំណែកឯ​ពុទ្ធបរិស័ទ ជា​ទាយក​ទាយិកា ឧបាសក​ឧបាសិកា​វិញ ក៏​នាំគ្នា​ប្រារព្ធ​ធ្វើបុណ្យ​ចូល​វស្សា​នោះដែរ ដោយ​ចាត់ចែង​សំពត់​សាដក​ចំណាំ​វស្សា ព្រមទាំង​ប្រេងកាត ទៀន ធូប គ្រឿង​បរិក្ខា និង​គ្រឿង​សក្ការៈ​មួយចំនួនទៀត​តាម​លទ្ធភាព  យកមក​ថ្វាយ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​វស្សា ។​

​ក្នុងឱកាស​នេះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​លើកយក​ថ្ងៃ​ចូល​ព្រះវស្សា​របស់​ព្រះសង្ឃ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែលមាន​វត្ត​ជាង ៤០០ វត្ត ហើយ​បាន​ចូលកាន់​ព្រះវស្សា​តាម​វិន័យ​ពុទ្ធ​ប្បញ្ញា​ត្ត​ដែរនោះ ដើម្បី​ជាការ​ស្វែងយល់ថា តើ​មាន​ភាពខុសគ្នា ពី​ការចូល​ព្រះវស្សា នៅ​ប្រទេស​កម្ពុជា ដូចម្តេចខ្លះ ។​

​សម្រាប់​ឆ្នាំនេះ នៅ​ថ្ងៃ​ពុធ ០១ រោច ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព​. ស​. ២៥៦០ ដែល​ត្រូវ នឹង​ថ្ងៃទី ២០ ខែកក្កដា គ​. ស​. ២០១៦ ជា​ថ្ងៃ​ចូល​វស្សា​របស់​ព្រះសង្ឃ នៅតាម​វត្ត​អារាម​នានា រយៈពេល ៣ ខែ ។ ថ្ងៃ ១៥ កើត ខែអាសាឍ គឺ​មុន​ថ្ងៃ​ចូល​វស្សា​មួយថ្ងៃ ក្នុងអំឡុងពេល​មួយ​សប្តាហ៍​ព្រះសង្ឃ​ខ្មែរក្រោម នៅតាម​វត្ត​អារាម​នានា បាន​និមន្ត​ចេញ ពី​វត្ត​មួយ​ទៅកាន់​វត្ត​មួយ ដើម្បី​ធ្វើ​កិច្ច​វត្ត ឬ​យក​វត្ត​គ្រូឧបជ្ឈាយ៍​របស់ខ្លួន​រៀងៗ អង្គ ។​

​ពិធី​ធ្វើ​កិច្ច​ប្រ​ណិ​ប​ត្តិ ឬ​ធ្វើ​កិច្ច​យក​វត្ត​ព្រះ​ឧបជ្ឈាយ៍ ដែលជា​ប្រពៃណី​របស់​ព្រះសង្ឃ ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​តែងតែ​ធ្វើ​រៀងរាល់ឆ្នាំ មុនពេល​ព្រះសង្ឃ​ចូលកាន់​ព្រះវស្សា ៣ ខែ ។ តើ​មូល​ហេតុអ្វី បាន​ជាមាន​កិច្ច​និមន្ត​ត្រាច់ចរ​របស់​ព្រះសង្ឃ​ខ្មែរក្រោម ចេញពី​វត្ត​មួយ​ទៅកាន់​វត្ត​មួយ​ស្វែងរក​ព្រះ​ឧបជ្ឈាយ៍​របស់ខ្លួន ដើម្បី​ធ្វើ​កិច្ច​យក​វត្ត ?

ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី ហៅ ថាច់​មុ័​ន ព្រះចៅអធិការ​វត្ត​សាសន​សាមគ្គី​រង្សី (​អូរ​ត្រាវ​) ស្ថិតនៅ​ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម អំពី​មូលហេតុ​នៃ​កិច្ច​យក​វត្ត​ព្រះ​ឧបជ្ឈាយ៍​យ៉ាងនេះ​ថា ៖

​ចំណែក​ពិធី​នៃ​កិច្ច​យក​វត្ត​វិញ គេ​ធ្វើ​ទៅតាម​ក្រុម​ឧបជ្ឈាយ៍ ដែល​ភិក្ខុ​/​សមណេរ ត្រូវបាន​បំបួស​ដោយ​ព្រះ​ឧបជ្ឈាយ៍​អង្គ​នោះ ៖

ក្រោយពី​កិច្ច​យក​វត្ត​ព្រះ​ឧបជ្ឈាយ៍​រួចរាល់​ហើយ ព្រះសង្ឃ​ដែល​កំពុង​សិក្សា​តាម​សាលា​ពុទ្ធិកសិក្សា នៅតាម​វត្ត​អារាម​នានា ក៏បាន​និមន្ត​ទៅកាន់​វត្ត​ដែល​ខ្លួន​កំពុងស្នាក់នៅ​រៀនសូត្រ​នោះ ។​

​នៅ​ថ្ងៃ ១ រោច​ខែ​អាសាធ   ជា​ថ្ងៃ​ត្រូវ​ចូល​វស្សា​របស់​បព្វជិត   ក្នុង​ព្រះពុទ្ធសាសនា ទាំង​ភិក្ខុ​ទាំង​សាមណេរ  ជាការ​ចាំបាច់​តាម​ពុទ្ធានុញ្ញាត  ។​

មុន​ព្រះសង្ឃ​ចូល​ព្រះវស្សា ១ ថ្ងៃ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នីមួយៗ  ក្រោម​ការដឹកនាំ​របស់​លោក​អាចារ្យ និង​គណៈកម្មការ​វត្ត ក៏បាន​រៀង​ចំ​ពិធី​ប្រគេន​ទេយ្យវត្ថុ មាន​សាដក ទៀន ធូប ប្រេង​ចំណាំ​វស្សា​ជាដើម សម្រាប់​ទំនុកបំរុង​ព្រះសង្ឃ ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត ។ នេះ​ជាការ​លើកឡើង​របស់​ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី ។​

​ព្រះអង្គ​បាន​មាន​ថេរ​ដីកា​បញ្ជាក់បន្ថែម ៖

​រីឯ​ពិធី​ហែ​ទៀន​ព្រះវស្សា សាដក គ្រឿង​បរិក្ខា គ្រឿង​សក្ការៈ​ប្រទក្សិណ​ព្រះវិហារ និង​ដំណើររឿង​នៃ​ការអុជ​ទៀនវស្សា​រយៈពេល ៣ ខែ​មិន​ឲ្យ​រលត់​នោះ ព្រះអង្គ​បានបញ្ជាក់ យ៉ាងនេះ​ថា ៖

ការ​គង់​ចាំ​ព្រះវស្សា ៣ ខែ​នេះ ជា​រយៈពេល​មួយ​មានតម្លៃ​ពិសេស​ណាស់​សម្រាប់​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា ពោល​គឺជា​ពេល​វា​លា​តឹងរឹង​មួយ​ក្នុងការ​ប្រតិបត្តិ​របស់​ព្រះសង្ឃ ។ ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី បញ្ជាក់ ៖

​ក្រៅពី​កិច្ច​ប្រតិបត្តិ​គង់​ចាំ​ព្រះវស្សា​តាមផ្លូវ​ព្រះពុទ្ធសាសនា   វត្ត​អារាម​នីមួយៗ នៅ​កម្ពុជា​ក្រោម ក៏មាន​ធ្វើ​សកម្មភាព​ផ្សេងៗ ជាច្រើន​ទៀត  មានដូចជា ការបើក​វគ្គ​ធ្វើ​វិបស្សនា​សមាធិ​ធម៌​សម្រាប់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ការចាត់តាំង​បើក​សាលា​បាលី​សម្រាប់​សមណ​សិស្សសាលា​ពុទ្ធិកសិក្សា  ព្រោះថា​វត្តនី​មួយ ៗ បាន​បើក​សាលា​ពុទ្ធិកសិក្សា ចាប់តាំងពី​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ រហូតដល់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ។​

​ទាក់ទិន នឹង​ការចូល​វស្សា​របស់​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា​នេះដែរ ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី ក៏បាន​លើកឡើង អំពី​បុណ្យ​អាសាឍ​បូជា ឬ​អាសា​ឡ្ហ​បូជា ដែលជា​ថ្ងៃ​សំខាន់​មួយទៀត​របស់​ពុទ្ធសាសនិក​ជន ដែល​ត្រូវ​គ្នា នឹង​ថ្ងៃពេញបូណ៌មី ១៥ កើត ខែអាសាឍ ។ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា បុណ្យ​អាសាឍ​បូជា ឬ​អាសា​ឡ្ហ​បូជា មិនមាន​ប្រារព្ធ​ធ្វើឡើង​ទេ ។ នៅ​កម្ពុជា​ប្រារព្ធ​តែ​បុណ្យ​ពីរ​ប៉ុណ្ណោះ គឺ​មាឃបូជា និង​វិសាខបូជា ។ ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី បាន​ពន្យល់​អំពី​បុណ្យ​អាសាឍ​បូជា ឬ​អាសា​ឡ្ហ​បូជា យ៉ាង​ដូច្នេះ ៖​