ដោយ សឺង វិចិត្រ និង ថាច់ ប្រីជា គឿន
នៅថ្ងៃ ១១ ខែ កុម្ភៈ ព្រះសង្ឃ ២ អង្គ និង បុរសខ្មែរមួយរូប នៅភូមិលិចចាក ឃុំតឹងហ្វា ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ត្រូវក្រុមយុវជនជនជាតិយួនស្កាត់ផ្លូវវាយឲ្យរបួសជាទម្ងន់ ។ ប៉ុន្តែក្រុមជនជាតិយួនទាំង ២១ នាក់នេះ មិនត្រូវបានផ្ដន្ទាទោសឡើយ ដោយអាជ្ញាធរវៀតណាមអះអាងថា ជនដៃដល់ទាំងនេះ មិនទាន់គ្រប់អាយុត្រូវទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌ នៃប្រទេសវៀតណាម ។

សង្ខេបព័ត៌មានពីកម្ពុជាក្រោម ប្រចាំឆ្នាំ ២០១៣
ដើមខែឧសភា កសិករខ្មែរក្រោមនៅខេត្តក្រមួនស បានចោទ អាជ្ញាធរវៀតណាមថា បានធ្វើលិខិតក្លែងបន្លំដើម្បីរឹបយកដីកេររបស់គាត់ទៅចែកឲ្យបក្សពួករបស់ខ្លួនទាំងបំពាន ។ លោក យ័ញ ស៊ី អាយុ ៦១ ឆ្នាំ នៅភូមិ ថាន់បិន ឃុំថាន់ឡុក ស្រុកចូវថាញ់ ខេត្តក្រមួនស ត្រូវបានអាជ្ញាធរវៀតណាម ចេញសម្រេចក្លែង បន្លំស៊ីញ៉េ របស់ចៅហ្វាយខេត្ត ដើម្បីរឹបយកដីរបស់គ្រួសារគាត់ ចំនួន ៩ កុង ៣ កន្សែង ប្រហាក់ប្រហែល ១ ហែកតា ។
ថ្ងៃទី ០៥ ខែឧសភា សង្ឃនិងពុទ្ធបរិស័ទខ្មែរក្រោម នៅកោះត្រល់ ឋិតនៅ ក្នុងខេត្តក្រមួនស បាន មូល មតិគ្នាបញ្ចុះបឋមសិលា ចាប់ផ្ដើមកសាងវត្តថ្មីមួយ វត្តដែលចាប់ផ្ដើមកសាងថ្មីនៅចំកណ្ដាល កោះ ត្រល់ នោះ មានឈ្មោះថា “វត្តពោធិទីបារាម-កោះត្រល់” ។ វត្តនេះ ផ្ដួចផ្ដើមក សាងដោយគណៈមន្ត្រីសង្ឃខ្មែរ ខេត្តក្រមួនស ។ ព្រះចៅអធិការដំបូង នៃវត្តនេះ ព្រះនាម ត្រឹង ភឿង ។ ពិធីបញ្ចុះបឋមសិលា វត្តនេះ ប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃ គឺនៅថ្ងៃទី ៤ និង ៥ ខែឧសភា ឆ្នាំ ២០១៣ ។
ថ្ងៃ ១៦ ខែឧសភា ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃវត្តព្រៃជាប់ នៃខេត្តឃ្លាំង ត្រូវបានកងកម្លាំងនគរ បាលវៀតណាម ចាប់ផ្សឹកហើយយកទៅធ្វើទារុណកម្មនៅសាលាខេត្ត ។ ព្រះអង្គត្រូវបានអាជ្ញាធរចាប់ ទៅធ្វើទារុណកម្ម និងចាក់ថ្នាំ រួចដោះលែងមកវត្តវិញ ។ ប្រភពបានអះអាងថា ពេលអាជ្ញាវៀតណាមយកព្រះតេជព្រះគុណ លី ចិន្ដា មកសងវិញនោះ ព្រះអង្គនិយាយបានពីបីម៉ាត់ក៏សន្លប់បាត់ស្មារតីទៅ ។ មូលហេតុ ដែលនាំឲ្យអាជ្ញាធរចាប់ខ្លួនព្រះសង្ឃអង្គនេះ ព្រោះព្រះអង្គចង់បង្កើតសាលារៀនអក្សរខ្មែរនៅ ក្នុងវត្តព្រៃជាប់ ដើម្បីបង្រៀនដល់ព្រះសង្ឃ និង កូនចៅខ្មែរនៅចំណុះជើងវត្តនេះ ។
ថ្ងៃ ២១ ខែឧសភា ព្រះសង្ឃ ២ អង្គ ព្រះតេជព្រះគុណ លីវ នី ប្រសូត ឆ្នាំ ១៩៨៦ ជាព្រះចៅអធិការវត្តសេរីតាសេក ព្រះតេជព្រះគុណ ថាច់ ធឿន ប្រសូត ឆ្នាំ ១៩៨៥ ជាគ្រូសូត្រវត្តសេរីតាសេក និងប្រ ជាពលរដ្ឋខ្មែរក្រោម ២ រូបគឺ លោក ថាច់ ភូមិរិទ្ធ និង លោក ត្រា វណ្ណ ថា ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន ។
នៅព្រឹក ថ្ងៃទី ០១ ខែកក្កដា រដ្ឋាភិបាលវៀតណាម បានចូលទៅបង្កអុកឡុក នៅក្នុងវត្តចំនួនពីរ គឺវត្ត ទឹក សាប និង វត្តដូនទ្រូ ឋិតនៅក្នុងស្រុកជ្រោយញរ ខេត្តឃ្លាំង បន្ទាប់ពីពួកគេបានចាប់ព្រះសង្ឃវត្តព្រៃជាប់ និង សិរីតាសេក ផ្សឹក និងដាក់ពន្ធនាគារ កាលពីខែឧសភា ។ ការមកអុកឡុកពីអាជ្ញាធរវៀតណាមនេះ បានធ្វើឲ្យព្រះតេជព្រះគុណ ឡាយ ឡាត ព្រះចៅអធិការវត្តដូនទ្រូ ភៀសព្រះកាយទៅប្រទេសកម្ពុជា ។
ខែសីហា អាជ្ញាធរបក្សកុម្មុយនិស្តវៀតណាម នៅស្រុកផ្នោដាច់ ឬ ស្រុកកូវង៉ាង នៃខេត្តព្រះត្រពាំង បានហាមពលរដ្ឋខ្មែរក្រោម ដំឡើងខ្សែកាបមើលទូរទស្សន៍ដែលផ្សាយចូលពីប្រទេសកម្ពុជា ។ ករណីនេះ ប្រ សិនពលរដ្ឋខ្មែរក្រោមរូបណានៅតែដំឡើងខ្សែកាប នឹងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចពិន័យប្រាក់ ១០ លានដុង ប្រហែល ៥០០ ដូល្លារសហរដ្ឋអាមេរិក ។
ថ្ងៃ ២២ ខែសីហា ព្រះសង្ឃ ២ អង្គ មាន ព្រះតេជព្រះគុណ ត្រឹង វ៉ាំង វៀង ព្រះជន្ម ២៣ វស្សា ព្រះតេជ ព្រះគុណ ថាច់ វ៉ាំង កឹង ព្រះជន្ម ២៣ ព្រះវស្សា និង លោក កៀង សាវណ្ណ អ្នកបើកម៉ូតូ ត្រូវរថយន្តដឹក ទំនិញរបស់ជនជាតិយួន បុកបណ្ដាលឲ្យរងគ្រោះជាទម្ងន់ ខណៈដែលព្រះសង្ឃទាំងពីរអង្គនេះធ្វើដំណើរពី វត្តរំដួល ទៅវត្តចារ៉ិ៍ ដើម្បីសិក្សាវគ្គបំពាក់បំប៉ន់ការពារជាតិ ដែលរៀបចំកម្មវិធីដោយមន្ទីរសាសនាខេត្តព្រះត្រពាំង របស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។
នៅក្នុង ខែសីហា នេះដែរ មន្ទីរមហាផ្ទៃ និង មន្ទីរសាសនា ខេត្តព្រះត្រពាំង ឬ ខេត្តត្រាវិញ នៃរដ្ឋាភិបាល វៀតណាម បានចេញលិខិតកោះនិមន្ត និង អញ្ជើញ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ទៅចូលរួមវគ្គសិក្សាអ្វី មួយដែលគេហៅថា “វគ្គបំពាក់បំប៉នចំណេះដឹងស្ដីពីយុទ្ធសាស្ត្រការពារជាតិ” នៅវត្តអារាមនានា នៅក្នុង ខេត្ត ។ វគ្គសិក្សានេះ គេត្រូវបង្រៀន រយៈពេល ៣ ថ្ងៃ ក្នុងវត្តនីមួយៗ ។ នេះជាកម្មវិធីមួយដែលរដ្ឋាភិ បាលបក្សកម្មុយនិស្តវៀតណាមធ្វើពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបញ្ចុះបញ្ចូលឲ្យព្រះសង្ឃខ្មែរក្រោម ភ្លេចនូវប្រវត្តិដែនដីកម្ពុជាក្រោម ។
យោងតាមលិខិតអញ្ជើញព្រះចៅអធិការវត្តមួយច្បាប់ ចេញថ្ងៃ ទី ១៥ ខែសីហា ឆ្នាំ ២០១៣ បោះត្រា និង ចុះហត្ថ លេខា ដោយ លោក ម៉ាយ ហ៊ីវ ទ្វឹង (Mai Hieu Thuan) ប្រធានមន្ទីរសាសនាខេត្ត ព្រះត្រពាំង នៃរដ្ឋាភិបាលវៀតណាម បានបញ្ជាក់ពីកម្មវត្ថុរបស់ខ្លួនថា “មន្ទីរសាសនា និង មហាផ្ទៃ បានសហការជា មួយនឹងសាលានយោបាយ និងអគ្គបញ្ជការខេត្តបានរៀបចំវគ្គបំពាក់បំប៉នស្ដីពីចំណេះដឹងការពារជាតិ និង សន្តិសុខសម្រាប់ព្រះសង្ឃ និងអ្នកបួសនៅក្នុងមណ្ឌលសាសនា (លើកទី ២ ) ឆ្នាំ ២០១៣” ។ លិខិតបានបញ្ជាក់អំពីសមសភាពដែលត្រូវបានរដ្ឋាភិបាលអញ្ជើញ ចូលសិក្សា រួមមាន “ ព្រះសង្ឃទាំង អស់ដែល មិនធ្លាប់បានចូលរួមសិក្សា នាពេលកន្លងមក ក្នុងវគ្គសិក្សា កាលពីឆ្នាំ ២០០៩ និង ២០១០” ។
ថ្ងៃ ២៥ ខែកញ្ញា តុលាការសាលាដំបូង នៃបក្សកុម្មុយនិស្តវៀតណាម បានប្រកាសសាលក្រមឲ្យអ្នក ភូមិព្រៃជាប់ នៃស្រុកជ្រោយញរ ខេត្តឃ្លាំង ដែលជាប់ទាក់ទិននឹងករណីព្រះតេជព្រះគុណ លី ចិន្ដា នៃ វត្តព្រៃជាប់ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ១០ ខែទៅ ១ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម ។ ជនរងគ្រោះទាំងនេះ ត្រូវតុលាការសម្រេចសាល ប្រកាសសាលក្រមឲ្យជាប់គុកដូចតទៅ ៖
១. អ្នកស្រី លី ធីសាប៊ុត ១ ឆ្នាំ
២. ង្នកស្រី លី ធីយន់ ១ ឆ្នាំ
៣. អ្នកស្រី ឡឹម ធីឡង ១ ឆ្នាំ
៤. លោក លី មិញហាយ ១១ ខែ និង លោក តាំង ផល្លា ១០ ខែ ។
ចំណែកលោកស្រី លី ធី សាប៊ុត ត្រូវកាត់ទោសកំបាំងមុខព្រោះគាត់បានភៀសខ្លួនចេញក្រៅស្រុក ។
ថ្ងៃ ២៧ ខែកញ្ញា តុលាការខេត្តឃ្លាំងសម្រេចផ្ដន្ទាទោសព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ២ រូបឲ្យ ជាប់គុកពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ។ ជនរងគ្រោះទាំងនេះ រួមមាន ព្រះតេជព្រះគុណ ថាច់ ធឿន ជាប់គុក ៦ ឆ្នាំ, ព្រះតេជព្រះគុណ លីវ នី ជាប់ពន្ធនាគារ ៤ ឆ្នាំ, លោក ថាច់ ភូមិរិទ្ធ កើត ឆ្នាំ ១៩៨៩ ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “ភៀសខ្លួនទៅប្រទេសក្រៅដើម្បីប្រឆាំងរដ្ឋាភិបាល” និង លោក ត្រា វណ្ណ ថា ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “ចាត់តាំងនាំមនុស្សរត់ចេញទៅបរទេស” ។
នៅក្នុង ខែកញ្ញា ដែរ អាជ្ញាធរវៀតណាម បានហៅអ្នកភូមិព្រៃជាប់ ពុទ្ធបរិស័ទចំណុះជើងវត្តព្រៃជាប់ ២០ នាក់ ឲ្យទៅសាលាឃុំ ដើម្បីពិន័យប្រាក់ម្នាក់ៗ ៧៥០ ពាន់ដុង ពីបទ អ្វីមួយដែលក្រុមសមត្ថកិច្ចយួនចោទថា អ្នកទាំងនេះបានរួមដៃជាមួយព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃដែលត្រូវបានរដ្ឋាភិបាលវៀតណាម ចាប់ផ្សឹក និងច្រកចូលបាវទៅធ្វើទារុណកម្ម កាលពីខែឧសភា ។ ពលរដ្ឋខ្មែរក្រោមទាំងនេះ មិនបានបង់ប្រាក់ដល់សមត្ថកិច្ចទេទេ ហើយពួកគាត់ថា នឹងប្ដឹងពួកមន្ត្រីអាជ្ញាធរទាំងនេះ ពីបទគំរាមពលរដ្ឋយកលុយ ។
នៅថ្ងៃ ទី ០៩ និង ទី ១០ ខែកញ្ញា មន្ត្រីសង្ឃខ្មែរខេត្តព្រះត្រពាំង បានធ្វើមហាសន្និបាត លើកទី ០៦ សម្រាប់ អាណត្តិកាល ឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៨ ។ របៀបវារៈនៅក្នុងអង្គមហាសន្និបាតនេះ ត្រូវបានមតិខ្មែរក្រោមរិះគន់ថា ធ្វើឡើងក្រោមការរៀបចំរបស់បក្សកុម្មុយនិស្តវៀតណាម ដើម្បីបញ្ចុះបញ្ចូលមនោ គមន៍វិជ្ជាកុម្មុយនិស្ត ហូ ជី មិញ ដល់ស្រទាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលកត្តានេះ វាអាចធ្វើឲ្យបាត់លក្ខណៈព្រះពុទ្ធសាសនា និង អត្តសញ្ញាណជាតិខ្មែរ ដោយកម្មវិធីភាគច្រើននិយាយតែភាសាយួន និងមានតាំងរូប ហូ ជី មិញ ខ្ពស់ និង ធំជាងរូបព្រះពុទ្ធបដិមា ។
នៅក្នុង ខែវិច្ឆិកា មានការជ្រួលជ្រើម និងភ្ញាក់ផ្អើលអំពី នាង ត្រឿង ធី ម៉ៃ ថាជា “ខ្មែរក្រោម” ត្រូវបានជ្រើសជ្រើសជា បេក្ខភាពបវរកញ្ញាតំណាងឲ្យប្រទេសវៀតណាមម្នាក់ ទៅប្រកួតបវរកញ្ញាចក្រវាលពិភពលោក នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី បន្ទាប់ពីនាងបានផ្ដល់បទសម្ភាសខ្លីមួយជាភាសាខ្មែរ និងយួន ជាមួយវីអូអេសឡេងសំឡេងសហ រដ្ឋអាមេរិក ។ នាង មៃ បានប្រាប់វីអូអេថា នាងមានដើមកំណើតនៅទីក្រុងភ្នំពេញ ជាកូនកាត់ខ្មែរ ៥០% និងយួន ៥០ % ។ សម្ដីនេះ វាផ្ទុយនឹងអ្វីដែលនាងបានអះអាងកាលពីឆ្នាំ ២០០៧ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាជនជាតិ ភាគតិចទូទាំងប្រទេសវៀតណាមថា នាងជា “ខ្មែរក្រោម” ។ នៅឆ្នាំ ២០១៣ នាងបានប្រាប់ VOA ថា នាងកើតនៅ ភូមិព្រៃជាប់ ខេត្តពលលាវ ខណៈកាលពីឆ្នាំ ២០០៧ កាសែតអាងនិន (An Ninh ) របស់បក្សកុម្មុយនិស្ត វៀតណាម បានចេញផ្សាយលាតត្រដាងប្រវត្តិរបស់នាង ដោយោងតាមលិខិតស្នាមផ្លូវការរបស់នាងថា គ្រួសារ នាងរស់នៅអចិន្ត្រៃយ៍ នៅសង្កាត់ទី ៧ ខ័ណ្ឌ ភូញឹង ទីក្រុងព្រៃនគរ ( Phường 7 Quận Phú Nhận TP.HCM) តាំងពីឆ្នាំ ១៩៧៥ ម្ល៉េះ តាមអនុក្រិត្យលេខ ២៨ ។ យោងតាមបញ្ជីគ្រួសាររបស់ ម៉ៃ បានដាក់ថា គ្រួសារនាង ជាជនជាតិយួន ឬ ជនជាតិកិន (Kinh ) កើតនៅខេត្តមាត់ជ្រូក ឬ អាងយ៉ាង (An Giang) បានមករស់នៅបណ្តោះ អាសន្នលក្ខណៈជាអនិកជនយួនមកពីប្រទេសកម្ពុជា ៕
————————————–
អត្ថបទទាក់ទង៖