នៅថ្ងៃទី ១៣ ខែមករា សប្តាហ៍កន្លេងទៅនេះ អាជ្ញាធរវៀតណាម នៅខេត្តក្រមួនស បានបញ្ជូនកម្លាំងសមត្ថកិច្ចចម្រុះ ដែលប្រដាប់ដោយអាវុធ ជិត ៥០ នាក់ ចុះទៅរារាំងកសិករខ្មែរក្រោម មិនឲ្យធ្វើស្រែស្រែចម្ការលើដីរបស់ពួកគាត់សាជាថ្មី ។ ក្រុមអាជ្ញាធរយួន រួមមានប៉ូលិស និងទាហាន បើកត្រាក់ទ័រមកឈូសឆាយលើដីស្រែរបស់កសិករខ្មែរក្រោម និង កាយដីបិទប្រឡាយបង្ហូទឹកដាក់ស្រូវរបស់កសិករខ្មែរក្រោម ។ ករណីនេះ កើតឡើង នៅភូមិខ្សាច់ ចម្ងាយពី ភូមិប៉ប្រក់ ឃុំប៉ប្រក់ ស្រុកយ៉ាងថាញ់ ខេត្តក្រមួនស ជាង ៣ គីឡូម៉ែត្រ ទីដែលធ្លាប់ផ្ទុះឡើងនូវហិង្សាជាមួយអាជ្ញាធរវៀតណាម កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ ។ ព្រឹត្តិការណ៍កើតឡើង នៅពេលនោះ គឺក្រុមអាជ្ញាធរវៀតណាម រួមមាន ប៉ូលិស ទាហាន ដែលប្រដាប់ដោយអាវុធ ជាង ១០០ នាក់ បានចុះទៅរឹបអូសយកដីជាង ៣០០០ ហិកតា ។ ប៉ុន្តែ ពលរដ្ឋខ្មែរក្រោមជំទាស់រហូតផ្ទុះជាអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោម ជាង ១០ នាក់រងបួសធ្ងន់ និងស្រាល ។ ពលរដ្ឋខ្មែរក្រោមឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះ តាំងពីអំឡុងឆ្នាំ ១៩៧៣ មកម្ល៉េះ ប៉ុន្តែអាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ។ ជុំវិញរឿងនេះ លោក ស៊ឺន ចែងចើន ធ្វើកិច្ចសម្ភាសន៍ជាមួយលោក ជីម ឡាយ ជាកសិករខ្មែរក្រោម រងគ្រោះដោយសារបញ្ហាដីធ្លី ជាមួយអាជ្ញាធរវៀតណាម នៃខេត្តក្រមួនស ដូចតទៅ៖