ដោយ លី ឈូន
នៅក្នុងឆ្នាំ ២០២១ ក្រៅពីមានព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្ស ការរំលោភបំពានដីធ្លី ឬការធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋខ្មែរក្រោមក្នុងរូបភាពផ្សេងៗទៀត ក៏នៅមានការរំលោភ សិទ្ធិសេរីភាពក្នុងជំនឿសាសនា ការរឹតត្បិតការប្រតិបត្តិប្រពៃណី វប្បធម៌ និងការហាមប្រាមមិនឱ្យខ្មែរក្រោមសាងសង់សំណង់បែបព្រះពុទ្ធសាសនាជាដើម ។ តើព្រឹត្តិការណ៍ទាំងនោះ មានអ្វីខ្លះ សូមលោកអ្នកនាង តាមដានសេចក្តីរាយការណ៍សង្ខេបព្រឹត្តិការណ៍ ឆ្នាំ ២០២១ របស់លោក លី ឈូន ពីទីក្រុងបាងកក ប្រទេសថៃ ដូចតទៅ ៖
- នៅក្នុងឆ្នាំ ២០២១ ពលរដ្ឋខ្មែរក្រោម ដែលធ្វើការនៅទីក្រុងធំៗ ក្នុងប្រទេសវៀតណាម នៅតែបន្តស្នើសុំឈប់សម្រាកក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ
បើទោះបីជាពលរដ្ឋខ្មែរក្រោម ដែលរស់ និង ធ្វើការក្រោមច្បាប់ការងាររបស់រដ្ឋាភិបាលវៀតណាមក្តី ប៉ុន្តែ ពលរដ្ឋខ្មែរក្រោម មិនអាចខកខានក្នុងការចូលរួម ពិធីបុណ្យតាមប្រពៃណីរបស់ខ្មែរនោះទេ ។ ជាក់ស្ដែងតំណាង ប្រជាពលរដ្ឋខ្មែរ ក្រោម ប្រមាណ ៨០ នាក់ នៅថ្ងៃទី ៥ ខែមករាឆ្នាំ ២០២១ បានដាក់លិខិតសំណូមពរមួយទៅថ្នាក់ដឹកនាំវៀតណាម ដើម្បីបានឈប់សម្រាក ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងនាមជាជនជាតិដើមម្ចាស់ស្រុក ។
យុវជនខ្មែរក្រោមមួយរូបឈ្មោះ យឿង ខាយ តំណាងឲ្យប្រជាពលរដ្ឋខ្មែរក្រោម ពិសេសគឺកម្មករចំណាកស្រុក ចំនួន ៨០ នាក់ កាលពីដើមខែមករាឆ្នាំនេះ បាននាំគ្នាចុះហត្ថលេខាលើ លិខិតមួយ ដើម្បីដាក់ទៅប្រធានរដ្ឋ ប្រធានសភា និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្នើសុំឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួលរយៈពេល ៦ ថ្ងៃ គឺក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៣ ថ្ងៃ និងពិធីបុណ្យសែនដូនតារយៈពេល ៣ ថ្ងៃ ។
កាលពី ឆ្នាំ ២០១៩ និង ២០២០ យុវជនខ្មែរក្រោមមួយរូបឈ្មោះ ថាច់ កឿង ក៏បានធ្វើជាតំណាងឲ្យកម្មករចំណាកស្រុកខ្មែរក្រោម ដែលធ្វើការ នៅទីក្រុងធំៗ ក៏បានដាក់ញត្តិទៅរដ្ឋាភិបាលវៀតណាម ស្នើឲ្យរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម អនុញ្ញាតឲ្យខ្មែរក្រោម ដែលធ្វើការងារនៅតាមទីក្រុង អាចឈប់សម្រាកពេលបុណ្យជាតិសំខាន់នេះដែរ ។
ចំពោះការស្នើរសុំរបស់យុវជនខ្មែរក្រោមប៉ុន្មានឆ្នាំមកនេះ មិនទាន់មានការឆ្លើយតបពីភាគីវៀតណាម យ៉ាងណានៅឡើយ ហើយការឈប់សម្រាកក្នុងថ្ងៃបុណ្យជាតិ របស់ខ្មែរក្រោមខ្លះ ៗ កន្លងមកនោះ មិនមានច្បាប់កំណត់ច្បាស់លាស់ឡើយ គឺស្រេចតែស្ថាប័នវៀតណាមមួយចំនួន អនុញ្ញាតឲ្យឈប់សំរាកដោយមនោសញ្ចេតនា តាមតំបន់ តាមអង្គភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ ចំណែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមវិញ មានច្បាប់ឈប់សំរាក យ៉ាងតិច ៥ ថ្ងៃ ។
ព្រឹត្តិការណ៍ស្រដៀងគ្នានេះ កម្មករខ្មែរក្រោមជិត ៣.០០០ នាក់ នៅសួនឧស្សាហកម្ម តឹង ហឿង ក្នុងខេត្ត កោះ គង ចូលរួមកូដកម្ម ព្រោះតូចចិត្តនឹងក្រុមហ៊ុនមិនឱ្យឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ៖
កម្មករខ្មែរក្រោមក៏បានថ្កោលទោលចំពោះក្រុមហ៊ុន ដែលមិនអនុញ្ញាតឲ្យពួកគេឈប់សម្រាកក្នុងពិធីបុណ្យប្រពៃណីជាតិមានបុណ្យសែនដូនតា និងបុណ្យចូលឆ្នាំខ្មែរជាដើម ។
ចំណែករឿងដាច់ដោយឡែកផ្សេងទៀត ពលរដ្ឋខ្មែរក្រោមថ្កោលសមត្ថកិច្ចសង្ឃវៀតណាមព្យាយាមចម្លងគម្ពីរខុស ឲ្យព្រះសង្ឃខ្មែរក្រោមរៀន ៖
ក្រសួងធម្មការវៀតណាម បានបោះពុម្ពសារជាថ្មី នូវគម្ពីរដីកានានា នៃព្រះពុទ្ធសាសនាជាអក្សរខ្មែរ មានគម្ពីរមង្គលត្ថទីបនី ជាដើម សម្រាប់ព្រះសង្ឃខ្មែរក្រោមសិក្សារៀនសូត្រ នៅតាមអង្គភាព ដែលគ្រប់គ្រងផ្ទាល់ដោយអាជ្ញាធរវៀតណាមចំនួនពីរគឺ សាលាបំពេញវិជ្ជាបាលីជាន់ខ្ពស់ខ្មែរក្រោម ដែលវៀតណាមហៅថា ជើងបូ ទុក កៅ កឹម បាលី ខ្មែរ ណាមបូ (Truong Bo tuc Cao cap Baly Khmer Nam Bo) មានទីតាំងនៅទីរួមខេត្តឃ្លាំង ដែលវៀតណាមដាក់ឈ្មោះថ្មីថា ខេត្ត សុក ត្រាំង (Soc Trang) និងវិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រោម ដែលវៀតណាមហៅថា ហុក វៀង ផឹក យ៉ាវ ណាំ តុងខ្មែរ (hoc Vien Phat Giao Nam Tong Khmer ) មានទីតាំងនៅទីក្រុងពេកឫស្សី ដែលវៀតណាម ដាក់ឈ្មោះថ្មីថា កឹង ធើ (Can Tho) ដែនដីកម្ពុជាក្រោម។
គម្ពីរដីកា ដែលអាជ្ញាធរវៀតណាម បោះពុម្ពសារជាថ្មីនោះខុសប្រក្រតីដើម ជាច្រើនអន្លើពីគម្ពីរ ដែលចម្លងពីកម្ពុជា មានខុសអក្ខរាវិរុទ្ធិ និងខុសឃ្លោងឃ្លា នៃប្រយោគ ជាច្រើន ។ កំហុសនេះកើតឡើងនៅកម្ពុជាក្រោម ជាង ១០ ឆ្នាំមកហើយ បើទោះបីជាគណៈសង្ឃខ្មែរក្រោមខំតវ៉ាយ៉ាងណាក៏ដោយ ក៏អាជ្ញាធរវៀតណាមនៅតែធ្វើគ ធ្វើថ្លង់ដដែល។
នាសន្និសីទលើកទី ៩ ស្តីអំពីព្រះពុទ្ធសាសនាខ្មែរក្រោមធ្វើឡើងនៅទីរួមខេត្តលង់ហោរកាលពីថ្ងៃទី ១៧, ១៨ ខែធ្នូឆ្នាំ ២០២០ កន្លងទៅនោះ គណៈសង្ឃខ្មែរក្រោម ខេត្តលង់ហោរ ដែលវៀតណាមដាក់ឈ្មោះថ្មី ថាខេត្ត វិញ ឡុង(Vinh Long) តំណាងឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម សំណូមពរដល់ក្រសួងធម្មការនិងកិច្ចការសាសនា វៀតណាម ថា ក្បួន ខ្នាត គម្ពីរ ដីកា ដែលបោះពុម្ពសម្រាប់ព្រះសង្ឃ និង ពុទ្ធបរិស័ទខ្មែរក្រោម សូមបោះឲ្យបានសុក្រឹត្យជាងលើកមុន ៗ ផងព្រោះថាគម្ពីរដីកា ដែលបោះពុម្ពក្រោយ ៗ នេះកំហុសអក្ខរាវិរុទ្ធ និងឃ្លាឃ្លោងប្រយោគកាន់តែខុសច្រើនឡើង ៗ ជាហេតុធ្វើអ្វីពុទ្ធបរិស័ទ និងព្រះសង្ឃខ្មែរក្រោមពិបាក ក្នុងការសិក្សារៀនសូត្រយ៉ាងខ្លាំង។
ជាសក្ខីកម្មក្នុងករណីនេះ សមណនិស្សិត និស្សិតខ្មែរក្រោមជាច្រើនអង្គ ច្រើនរូបដែលបាន រៀននៅសាលាបាលី បំពេញវិជ្ជាជាន់ខ្ពស់ខ្មែរក្រោម ខេត្តឃ្លំាង ឲ្យដឹងថា រៀននៅទីននោះ ចំពោះវិញ្ញាភាសាខ្មែររៀនបានតែពីរពេលប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ក្រៅពីនេះសុទ្ធតែជាវិញ្ញាភាសាវៀតណាម ហើយរៀនពីរឆ្នាំប្រែលោតប្រយោគគម្ពីរមង្គលត្ថទីបនីមិនចប់មួយភាគផង ។ ការដែលប្រែលោតប្រយោគយឺតដូច្នេះ ក៏ព្រោះតែគម្ពីរដែលទីក្រុងហាណូយបោះពុម្ពសារជាថ្មីនោះខុសឃ្លា ប្រយោគអក្ខរាវិរុទ្ធិ ជាច្រើនដូច្នេះហើយ ទាំងសិស្សទាំងគ្រូរៀនបណ្ដើរកែកំហុសទាំងនោះបណ្ដើរ ។
ចំណែកសមណសិស្សដែលរៀននៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រោម នាទីក្រុងព្រែកឫស្សី ថាគម្ពីរដីកាដែលបោះពុម្ពខុសនេះ មិនអាចបន្ទោសតែភាគីអ្នកបោះពុម្ពតែម្យ៉ាងនោះទេ កំហុសនេះកើតឡើងដោយអាស្រ័យថ្នាក់ដឹកនាំសាសនាខ្មែរក្រោម ដែលទទួលបន្ទុកការងារនេះ ព្រោះតែអំពើល្មោភបុណ្យស័ក្តិ លាភសម្ភារៈ ទើបបណ្ដាលឲ្យមានការបោះពុម្ពខុសជ្រាំដែលដូច្នេះ។
ករណីនិយាយបន្លំ សរសេរបន្លំ បោះពុម្ពបន្លំ មិនមែនទើបតែកើតមាននៅពេលនេះទេ ឧទាហរណ៍ដូចជានៅក្នុងអត្តសញ្ញាណប័ណ្ណបស់ពលរដ្ឋខ្មែរក្រោម អាជ្ញាធរវៀតណាមដាក់ថា គ្មានសាសនា ធាតុពិតពលរដ្ឋខ្មែរក្រោមយ៉ាងតិច ៩៩% ជាអ្នកកាន់ព្រះពុទ្ធសាសនា ។ ចំណែកភាសានិយាយ ភាសាសរសេរជាសកល គេសសរសេរឈ្មោះជនជាតិខ្មែរថា «Khmer=ខ្មែរ» ។ លើកលែងតែអាជ្ញាធរវៀតណាម គេសរសេរឈ្មោះជនជាតិខ្មែរថា «Kho-me=ឃើ មៀ»ពាក្យថា ឃើ មៀ នេះតាមនិយមន័យ នៃភាសាវៀតណាមវាស្រដៀងគ្នានឹងពាក្យថា «ខ្មែរភ្លើ» ។
មួយវិញទៀតថ្មី ៗ នេះក្រសួងសិក្សាអប់រំ និងបណ្ដុះបណ្ដាលវៀតណាមបានបោះពុម្ភសៀវភៅភាសាខ្មែរថ្នាក់ទី ៤ សំរាប់ពលរដ្ឋខ្មែរសិក្សា គេសរសេរកាឡៃអំពីពិធីប្រណាំងទូក ង របស់ខ្មែរក្រោម ថាពិធីប្រណាំងទូកនេះ គឺក្លាយមកពីការធ្វើទូកដើម្បីចម្លងព្រះសង្ឃទៅបិណ្ឌបាត ទៅវិញ ដែលប្រាសចាកពីការពិតនៃពិធីប្រណាំងទូក ង នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃគឺធ្វើឡើងដើម្បីរំលឹកដល់វីរភាពដ៏អង់អាចក្លាហាន នៃកងទ័ពជើងទឹករបស់ដែនដីកម្ពុជាក្រោម ៕
ទាក់ទងនឹងរឿងរ៉ាវពុទ្ធសាសនាដដែល ប្រជាពលរដ្ឋខ្មែរក្រោមថ្កោលទោស សមត្ថកិច្ចវៀតណាមដែលហាមមិនឲ្យបន្តការសាងសង់សាលាឆទានមួយខ្នងនៃវត្តព្រែកឈូក និងវត្តទ្រនំសេក ក្នុងខេត្តលង់ហោរ (Vinh Long) ៖
សមត្ថកិច្ចវៀតណាម ទាំងផ្នែកស៊ីវិល និងសាសនា នៅតែបន្ត រារាំងហាមឃាត់មិនឲ្យពុទ្ធបរិស័ទខ្មែរក្រោមនៅភូមិកន្រែង សាងសង់បង្ហើយនូវសាលាឆទានភូមិកន្រែង ដោយចោទថាល្មើសច្បាប់ ចំណែកភាគីពុទ្ធបរិស័ទខ្មែរក្រោមវិញ នៅតែបន្តការសាងសង់ ព្រោះសំអាងថាជាដីផ្ទាល់ខ្លួនរបស់ពួកគាត់ ។
អង្គការសង្គមស៊ីវិលខ្មែរក្រោមអះអាងថា ពលរដ្ឋខ្មែរក្រោម ធ្វើនេះ ជាការអនុវត្ត ទៅតាមជំនឿ របស់ខ្មែរក្រោម ដែលស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ មានច្បាប់សិទ្ធិមនុស្ស និងច្បាប់ជនជាតិដើមជាដើម ។
ពុទ្ធបរិស័ទខ្មែរក្រោមអ្នកកសាងអះអាងថា មុននឹងកាសាងពួកគាត់ព្យាយាមសុំច្បាប់អាជ្ញាធរមូលដ្ឋានយ៉ាងតិចក៏ ៥ ដងដែរ ក្នុងមួយឆ្នាំកន្លងទៅនេះ តែអាជ្ញាធរមិនអើពើឡើយ មិនតែប៉ុណ្ណោះ អាជ្ញាធរវៀតណាមបានប្រើគ្រប់មធ្យោបាយ ក្នុងការររាំងនេះ ដោយមានសម្លុតគំរាមកំហែងពុទ្ធបរិស័ទខ្មែរក្រោមអ្នកកសាង និងសាច់ញាតិ ដល់ផ្ទះផង ដល់កន្លែងធ្វើការផង ហាមអ្នកលក់គ្រៀងសំណង់មិនឲ្យលក់គ្រឿងសំណង់ឲ្យពុទ្ធបរិស័ទខ្មែរក្រោមអ្នកកសាងផង ។ ដូចជាករណី កាលថ្ងៃទី ២៨ ខែមិថុនា មានមន្ត្រីសង្ឃខ្មែរក្រោមខេត្តលង់ហោរ ជាសមាជិកសមាគមពុទ្ធសាសនាវៀតណាម ១០ ព្រះអង្គផង មានលោកសង្ឃយួនស្លៀកពាក់ពណ៌ឈាមជ្រូក ពីរ បីអង្គផង និងសមត្ថកិច្ចវៀតណាមជាច្រើននាក់ ទាំងស៊ីវិល និងនគរបាលផង មកកាន់សាលាឆទានភូមិកន្រែង ក្នុងគោលបំណងនឹងដឹកព្រះពុទ្ធបដិមាចេញពីសាលាឆទានភូមិកន្រែង តែមិនបានសម្រេច ដោយពុទ្ធបរិស័ទខ្មែរប្រមូលគ្នាមកជុំជិត ត្រៀមសំពងជនណាដែលហ៊ាន លើកព្រះពុទ្ធបដិមាចេញពីសាលាឆទានភូមិកន្រែង ។
ចំណែកមន្ត្រីគណកម្មការសាសនា នៃសហព័ន្ធខ្មែរកម្ពុជាក្រោមថា រឿងនេះគួរតែមន្ត្រីខ្មែរក្រោម នៅក្នុងជួររដ្ឋអំណាចកុម្មុយនិស្តុសព្វថ្ងៃ តាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ត្រូវជួយដោះស្រាយបញ្ហានេះ ព្រោះថាចាប់តាំងពីឆ្នាំ ១៩៧៥ ក្រោយការឡើងកាន់អំណាចរបស់របបកុម្មុយនិស្តុវៀតណាមមក រយៈពេល ៤៥ ឆ្នាំនេះ គិតតែខេត្តទឹកខ្មៅ ដែលវៀតណាមដាក់ឈ្មោះថា កា ម៉ៅ (Ca Mao) មួយ ពុទ្ធបរិស័ទវៀតណាម គេកសាងវត្តដល់ទៅ ៧០ វត្ត ចុះរឿងអីខ្មែរក្រោមនៅលង់ហោរគ្រាន់តែកសាងសាលាឆទានខ្នងសោះ មិនបាន ។ បន្ទាប់មក សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ផ្ដើមប្ដេជ្ញាអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុកឲ្យជួយរួមចំណែកកសាងបង្ហើយនូវសាលាឆទានភូមិកន្រែផង ។
សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែអះអាងថា កន្លងមកដែលគេឃើញអាជ្ញាធរវៀតណាម ឧបត្ថម្ភថវិកាសង់ផ្ទះសម្បែងដល់ជនក្រីក្រខ្មែរក្រោម ឬ សាងសង់សាលា ព្រះវិហារដល់វត្តខ្មែរក្រោមខ្លះនៅតំបន់ដាច់ស្រាលជាដើមនោះ ថវិកាសាងទាំងនោះជារបស់សហគមន៍អន្តរជាតិ ជួយដល់ជនជាតិដើមភាគតិច ដូចជាខ្មែរក្រោមជាដើម មិនមែនជាថវិកាផ្ទាល់របស់រដ្ឋអំណាចវៀតណាមឡើយ ។
រដ្ឋអំណាចកុម្នុយនិស្តុវៀតណាមមិនមានចេតនាល្អ ក្នុងការសាងសង់សាលា ព្រះវិហារ វត្តអារាមខ្មែរក្រោមឡើយ មានតែព្យាយាមបំផ្លិចបំផ្លាញថែម ដូចករណីវាយកម្ទេចនូវខ្លោងទ្វាររចនាបថខ្មែរ ចូលទីរួមខេត្តព្រះត្រពាំងជាដើមទាំង ពីថ្ងៃទី២៧ វិច្ឆកា ឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ គេមិនទាន់បានសាងសង់សងនៅឡើយ ។
សាលាឆទានដែលត្រូវអាជ្ញាធរវៀតណាមព្យាមរារាំងមិនឈប់ឈរហ្នឹង ត្រូវបាន ពុទ្ធបរិស័ទ អ្នកកសាងតាំងនាមថា សាលាទានសិរីមង្គលឧទ្យាន ភូមិកន្រែង សាលាឆទាននេះ ស្ថិតនៅភូមិ កន្រែង ឃុំកំពង់ប៉េង ដែលវៀតណាមដាក់ឈ្មោះថ្មី លង់មី (Loan my) ស្រុកផ្សារថ្មី ដែលវៀតណាមដាក់ឈ្មោះថ្មី តាមបិញ (Tam binh) ខេត្តលង់ហោរ ដែលវៀតណាមដាក់ឈ្មោះថ្មី វិញ ឡុង (Vinh Long) ដែលរួមកសាងដោយពុទ្ធបរិស័ទចំណុះជើងវត្តចំនួន ពីរ គឺវត្តសាលវន្ត ឧទ្យាន (ព្រែកឈូក) និងវត្តមង្គលបុរី (ទ្រនំសេក) ខេត្តលង់ហោរ ។
សាលាឆទាននេះ មានទំហំទទឹង ៩ ម៉ែត្របណ្ដោយ ១២ ម៉ែត្រ និងកម្ពស់ ១២ ម៉ែត្រ ជាគ្រឿងស៊ីម៉ង់ ហើយនិងចាប់ផ្ដើមកសាងតាំងពីថ្ងៃ ១៩ វិច្ឆិកា ឆ្នាំ ២០២០ ដែលរហូតមកដល់ពេលនេះ កសាងបានសម្រេចជិត ៨០ % ហើយ ។
ទាក់ទិននឹងរឿងរ៉ាវកើតឡើងក្នុងខេត្តលង់ហោរក្នុងឆ្នាំ ២០២១ ក្រៅពីបន្តរារាំងមិនឲ្យខ្មែរក្រោម កសាងសាលាឆទានភូមិកន្រែង កាលពីពាក់កណ្ដាលឆ្នាំនេះ សមត្ថកិច្ចវៀតណាម បានឃុមឃិតនឹងគណកម្មការវត្តមួយចំនួន នៃវត្តមង្គលបុរីទ្រនុំសេក ប៉ុនប៉ង អាររលំដើមគគីរមួយដើមមានអាយុកាលជាង ៧០០ ឆ្នាំ នៅក្នុងវត្តមង្គលបុរីទ្រនុំសេក ដោយគ្មានរផ្ដល់ដំណឹងច្បាល់ដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ។
ដើមគគីរ ដែលមានអាយុកាលជាង ៧០០ ឆ្នាំនេះ ត្រូវបានអាជ្ញាធរវៀតណាមទទួលស្គាល់ជាបិតិកភណ្ឌជាតិ តែត្រូវបានស្លាប់កាលពីដើ ឆ្នាំ ២០២១ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ឡើយ ។
ចំណែករឿងរ៉ាវមួយទៀតនោះ គឹអាជ្ញាធរខេត្តលង់ហោរ ក្លែងឯកសារ បន្លំយកដីវត្តសិរីមង្គលតាធាយ សម្រាប់ធ្វើជាទីបច្ឆាធំលើសកំណត់ ខុសពីកិច្ចព្រមព្រៀង ។
ដើមហេតុកើតឡើងនេះ គឺបន្ទាប់ពីព្រះសង្ឃ និងគណកម្មការវត្តសិរីមង្គលតាធាយ ហៅវត្តព្រែកនិស្ស័យក្នុងស្រុកតាឱន (តែអុង) ខេត្តលង់ហោរ ដែលវៀតណាមដាក់ឈ្មោះថ្មីថា ឡុងហោ បានសុំច្បាប់សមត្ថកិច្ចវៀតណាមធ្វើប្លង់ដីស្រែវត្តចំនួន២៣កុង ស្មើនឹងប្រមាណជាង ២៣០ អា ដែលពុទ្ធបរិស័ទរួមគ្នាជាវប្រគេនវត្ត ។
ខាងសមត្ថកិច្ចបានដាក់លក្ខន្ធ ដោយសុំដីមួយចំនួនដើម្បីធ្វើជាទីបច្ឆា ព្រះសង្ឃ និងគណៈកម្មការវត្ត ក៏ព្រមព្រៀង សប្បទានដីវត្តឲ្យសមត្ថកិច្ចចំនួន ២កុងដី ស្មើប្រមាណជាជាង ២០ អា តែខាងសមត្ថកិច្ចបែជាក្លែងឯកសារ បន្លំយកដីវត្តទៅដល់ ១២ កុងស្មើនឹងប្រមាណជាង ១២០ អា ដោយចុះបញ្ជីថាជាដីរបស់មន្ទីរជនជាតិ (គណៈជនជាតិខេត្ត)និងជាដីសម្រាប់បញ្ចុះសព មិនមែនជាដីស្រែវត្តឡើយ ។
រឿងរ៉ាវតវារបស់ពលរដ្ឋខ្មែរក្រោមនៅខេត្តលង់ហោរ ដែលសមត្ថកិច្ចវៀតណាម បំពានមកលើវត្តអារាមខ្មែរក្រោម រហូតមកដល់ពេលនេះ អាជ្ញាធរវៀតណាម មិនទាន់ដោះស្រាយឲ្យបានសមស្របនៅឡើយ ៕
រីឯនៅកម្ពុជាឯណេះវិញ អតីតព្រះសង្ឃខ្មែរក្រោម ប៉ាង សុដា ត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃស ៖
អតីតព្រះសង្ឃខ្មែរក្រោម លោកប៉ាង សុដា ត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃស ក្រោយពីអាជ្ញាធរចាប់ផ្សឹក និងបាត់ដំណឹងជិតពីរសប្ដាហ៍ ។ អង្គការ សង្គមស៊ីវិលកម្ពុជា កម្ពុជាក្រោម ថា ការចាប់ឃុំអតីតសង្ឃខ្មែរក្រោមរូបនេះ ជាការគំរាមកំហែង ជាជាងការអនុវត្តផ្លូវច្បាប់ ។
អតីតសង្ឃខ្មែរក្រោម លោក ប៉ាង សុដា ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនពីរលើក តែក្នុងរយៈពេលពីរសប្ដាហ៍ លើកទីមួយគឺនៅថ្ងៃទី ០២ កញ្ញា អតីតសង្ឃខ្មែរក្រោម លោក ប៉ាង សុដា ត្រូវបានសមត្ថកិច្ចហ៊ុំព័ទ្ធវត្ត ចាប់ខ្លួនភ្លាម ៗ ប្រគល់ឲ្យមន្ត្រីសង្ឃខេត្តកំពង់ចាមជួយផ្សឹក រួចហើយសមត្ថកិច្ចខេត្ត និងក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជូនខ្លួនលោកមកភ្នំពេញ យ៉ាងតក់ក្រហល់ ។ អតីតសង្ឃខ្មែរក្រោមរូបនេះត្រូវបានចាប់ខ្លួននៅវត្តដែលលោកធ្វើជាចៅអធិការ គឺវត្តវង្សគតបុរីសេរីភ្នំពេញថ្មី ខេត្តកំពង់ចាម ដោយសមត្ថកិ្ចអនុវត្តតាមដីការបស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដែលចេញដីកាចាប់ខ្លួន ដើម្បីយកទៅសាកសួរនាំជុំវិញបទចោទប្រកាន់ល្មើសវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
រីឯការចាប់ខ្លួនលើកទីពីរធ្វើឡើងនៅ ១៤ ខែកញ្ញា នៅទីក្រុងភ្នំពេញ និងបានបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃស ។ ការចាប់ខ្លួនលើកទីពីរនេះ សមត្ថកិច្ចកម្ពុជាចោទប្រកាន់លោកពីបទក្បត់កិច្ចសន្យា ព្រោះអតីតសង្ឃខ្មែរក្រោម លោក ប៉ាង សុដា បានប្រើប្រាស់ទូរស័ព្ទ ផ្ដល់ដំណឹងនៃអាថ៌កំបាំងការចាប់ខ្លួនលោកទៅឲ្យសាធារណជនដឹង និងបទល្មើសប្រព្រឹត្តអសីលធម៌ជាមួយមាតុគ្រាម ខុសនឹងវិន័យសង្ឃ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលកម្ពុជា និងខ្មែរក្រោមថា ការចាប់ខ្លួនអតីតសង្ឃខ្មែរក្រោម លោក ប៉ាង សុដា ជាការគំរាមកំហែង ជាជាងការអនុវត្តផ្លូវច្បាប់ និងធ្វើឡើងដោយការបង្ខំ ហើយនិងជាការរៀបចំទុកជាមុន ។ អង្គការសង្គមស៊ីវិលចង់ឱ្យមានតម្លាភាពទាក់ទងទៅនឹងករណីនេះ បើដូច្នោះទេ មន្ទិលនឹងកាន់មានច្រើនថែមទៀត។
រហូតមកដល់ពេលនេះ អតីតសង្ឃខ្មែរក្រោម លោក ប៉ាង សុដា មិនទាន់ត្រូវបានតុលាកាត់ទោសនៅឡើយ ។ ចំណែក អង្គការ សមាគមខ្មែរក្រោប បានត្រៀមផ្តល់មេធាវី ដើម្បីជួយការពារក្ដីដល់អតីតសង្ឃខ្មែរក្រោមរូបនេះដែរ បើសាមីខ្លួន ឬ គ្រួសារស្នើសុំ ។
លោ ប៉ាង សុដា មានស្រុកកំណើតនៅខេត្តឃ្លាំងកម្ពុជាក្រោម លោកជាអតីត ព្រះចៅអធីការវត្ត វត្តវង្សគតបូរីសេរីភ្នំពេញថ្មី ខេត្តកំពង់ចាម តាំងពីឆ្នាំ ១៩៩៥ រហូតដល់ថ្ងៃត្រូវចាប់ផ្សឹក ។ ក្រៅពីតួនាទីជាចៅអធិការវត្ត លោកក៏ជាទីប្រឹក្សា និងធម្មទូតសម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត ទៀតផង ។ ក្រៅពីការងារសាសនា លោកក៏សកម្មនឹងការងារជួយសង្គម ទាំងសង្គមកម្ពុជា និងកម្ពុជាក្រោម ដោយឧបត្ថម្ភថវិកា ស្បៀងអាហារ និងសម្ភារៈដល់ពលរដ្ឋក្រីក្រជាដើម ៕
ទាក់ទង នឹងព្រឹត្តិការណ៍ប្រកួតបរវកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២១ វិញ ៖
បន្ទាប់ពីឆ្លងកាត់ការប្រកួត អស់ជាច្រើនសប្ដាហ៍រួចមកនោះ តាមរយៈវគ្គជម្រុះបេក្ខនារីជាច្រើនរូបជាបន្តបន្ទាប់ រហូតនៅសល់ត្រឹមតែបេក្ខភាព ១៩ ចុងក្រោយ នៃកម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាលកម្ពុជា ២០២១ (Miss Univeres Cambodia 2021) បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ ។ ក្នុងចំណោមបេក្ខភាពផ្លូវការទាំង ១៩ រូប មានតែ ៣ រូបប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភី ក្នុងកម្មវិធី Miss Univeres Cambodia 2021 ហើយម្ចាស់ជ័យលាភីនៃកម្មវិធីនេះ បានទៅលើ កញ្ញា ងិន ម៉ារ៉ាឌី ដែលនាង គឺជាតារាសម្តែង ពិធីការិនី និងអ្នកបង្ហាញម៉ូត ជាម្ចាស់មកុដ តំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ នៅពេលខាងមុខនេះ ចំណែកបេក្ខភាពមកពីកម្ពុជាក្រោម កញ្ញា ឆន ស្រីណេត ជាប់ជ័យលាភីរងទី ១ (1st Runner Up) និង កញ្ញា ស៊ីម ម៉ាការ៉េត ពេជ្រចរណៃ ជាប់ជ័យលាភីរងទី ២ (2st Runner Up) ។
ក្រៅពីការបានទទួលជ័យលាភីពីវិញ្ញាសារប្រឡង សម្រស់ កាយវិការ ប្រឡងបញ្ញានោះ ឈុតតែងខ្លួនរបស់បវរកញ្ញាឯករងទី១ ឆន ស្រីណេត ក៏បានធ្វើឲ្យគណៈកម្មការ និងមហាជនពេញចិត្តយ៉ាងខ្លាំងផងដែរ ពិសេសគឺមហាជនខ្មែរក្រោម ដែលពេញចិត្តបំផុតនោះគឺ វិញ្ញាសារ ឈុតតំណាងជាតិ«សញ្ញារាហូចាប់ចន្ទ»ដែលជានិមិត្តសញ្ញាជាតិខ្មែរក្រោមនៅទូទាំងពិភពលោក ។
ទាំងបវរកញ្ញារងទី ១ (1st Runner Up) ឆន ស្រីណេត និងទាំងយុវជនខ្មែរក្រោមឈ្មោះ ថាច់ បូរិន ហៅ ទឹកគ្រឿង អ្នកច្នៃម៉ូតជូនបេក្ខភាពបវរកញ្ញារងទី ១ ផង ថ្លែងឲ្យមហាជនដឹងថា គោលបំណងសំខាន់ ដែលពួកគេសម្រេចយកឈុតំណាងជាតិ «សញ្ញារាហូចាប់ចន្ទ» ដែលជានិមិត្តសញ្ញាជាតិខ្មែរក្រោម មកប្រឡងនេះ គឺចង់ពញ្ញាក់អារម្មណ៍ទៅដល់មហាជន ឲ្យងាកមកយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរក្រោម មិនថាពួកគេរស់នៅទីណាឡើយ គឺនៅតែគោរព និងរក្សានូវវប្បធម៌ខ្មែរ ពិធីបុណ្យប្រពៃណីជាតិ រក្សាបាននូវវត្តអារាបព្រះពុទ្ធសាសនា អក្សរសាស្ត្រ សិល្បៈ សម្លៀកបំពាក់ជាតិ ដូចពលរដ្ឋខ្មែរ នៅកម្ពុជា ដែរ ។
ក្រោយពីកម្មវិធីប្រកួត Miss Universe Cambodia 2021 ត្រូវបានបញ្ចប់ជាស្ថាពរ ពលរដ្ឋខ្មែរក្រោម នៅគ្រប់ទិសទី ចូលរួមអបអរសាទរ ចំពោះលទ្ធផលជាវិជ្ជមាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខនារីខ្មែរក្រោមដោយផ្ទាល់ និងការគាំទ្រយ៉ាងពេញទំហឹង ចំពោះពលរដ្ឋខ្មែរកណ្ដាល ដែលផ្តល់ឱកាសដល់ខ្មែរក្រោម មានឈ្មោះ បោះសំឡេង នៅកម្ពុជា និងពិភពលោក ឲ្យបានស្គាល់កាន់តែច្បាស់អំពី «ខ្មែរក្រោម» ។
ដោយឡែក នៅរសៀលថ្ងៃទី ២៩ ខែតុលាកន្លង សហព័ន្ធខ្មែរកម្ពុជាក្រោម និងគណៈកម្មការស្រ្តីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាន នៅសហរដ្ឋាអាមេរិក រួមជាមួយនឹង លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានសមាជិកចំនួន ៩ ស្ថាប័ន ជាតំណាងរបស់ពលរដ្ឋខ្មែរក្រោម មានមូលដ្ឋាន នៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរ និងផ្ដល់ជាកម្លាំងចិត្តដល់ជ័យលាភីបវរកញ្ញាឯករងទី ១ ឆន ស្រីណេត ផងដែរ ។
បវរកញ្ញាឯករងទី១ ឆន ស្រីណេត មានឈ្មោះដើម សឺន ស៊ីណេត អាយុ ២៤ ឆ្នាំ មានបងប្អូន ៥ នាក់ ជាកូនកសិករ មានស្រុកកំណើតនៅភូមិមេរង ឃុំដើមជ្រៃ ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) ។ កញ្ញា ឆន ស្រីណេត បានមករស់នៅកម្ពុជា ៣ ឆ្នាំ មកហើយ កញ្ញាអាចនិយាយបាន ៤ ភាសា គឺភាសាខ្មែរ វៀតណាម ថៃ និងអង់គ្លេស សព្វថ្ងៃកញ្ញា ជាគ្រូបង្រៀនហាត់ប្រាណតាមក្លិប និងជាតារាម៉ូដែលឯករាជ្យ (Freelance) ៕