ដោយ សឺន ថាយ ធន

ប្រាំពីរឆ្នាំឃ្លាតកាយឆ្ងាយមាតា
ឆ្ងាយពុកសាច់សាញាតិលោហិត
ឆ្ងាយបងឃ្លាតប្អូនជីដូនពិត
ដើម្បីជីវិតគេចគុកព័ន្ធ ។
ដំណើរឆ្ពោះទៅដែនបុរី
ស្រុកសៀមដីថ្មីនាមជាជន
អន្តោប្រវេសន៍លាក់អាត្ម័ន
ខុសច្បាប់តំបន់ក្នុងស្រុកគេ ។
ត្រៀមលាស្រុកសៀមបៀមក្ដីនឹក
យប់ថ្ងៃល្ងាចព្រឹកនឹកឥតល្ហែ
នឹកអាណិតខ្លួនពួនស្រុកគេ
រត់ចោលដីកេរកម្ពុជាក្រោម ។
ស្រុកសៀមដីថ្មីផ្ញើជីវិត
រស់ដោយភ័យផិតដ្បិតប្រឈម
ទោសទណ្ឌគ្រប់ពេលនៃក្រឹតក្រម្យ
ចិន្តាអួលងំផ្សំពិចារណ៍ ។
ណាមួយព្រួយព្រោះពោះស្រេកឃ្លាន
ណាមួយកូនគ្មានបានសិក្សា
ណាមួយខ្លួនអត់ចេះភាសា
អម្រែកលើស្មាមហាទុក្ខ ។
សញ្ជឹងគ្រប់សព្វរាប់មិនអស់
ពីជីវិតរស់ត្រាំក្នុងគុក
ឥតមានជញ្ជាំងបាំងដោយទុក្ខ
ប្រសើរជាងគុកឃុំឃាំងកាយ ។
ឱមាតុភូមិដែនដីមាស
ពិតមែនខ្ញុំភៀសខ្លួនឃ្លាតឆ្ងាយ
ខ្ញុំនៅតែនឹកនិងស្រមៃ
ចិត្តពិតអាល័យគ្រប់វេលា ។
ខ្ញុំឃ្លាតឆ្ងាយអ្នកដើម្បីអ្នក
ចិន្តាស្មោះស្មគ្រមិនឃ្លាតឃ្លា
សន្យាវិលវិញជួបជុំគ្នា
មាតុភូមិសោភាកម្ពុជាក្រោម ៕