អាជ្ញាធរវៀតណាមបង្ខំឲ្យគ្រួសារលោក លោក វិន បា និយាយ ភាសាយួននៅក្នុងគុក

អាជ្ញាធរបក្សកុម្មុយនិស្ត វៀតណាម បានបញ្ជាឲ្យគ្រួសារលោក វិន បា (Huynh Ba) និយាយភាសាយួន ពេលចូលទៅសួរសុខទុក្ខលោក វិន បា នៅក្នុងគុកម្តងៗ ក្រោយពីលោក ត្រូវបានតុលាការប្រជាជន នៃបក្ស កុម្មុនិស្តវៀតណាម ប្រកាសសាល ក្រម ឲ្យជាប់គុគ២ឆ្នាំ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១០ កន្លងទៅនេះ។ ប្រភពព័ត៌មានពីក្រុមគ្រួសារលោក វិន បា បានប្រាប់កាសែតព្រៃនគរថា មកដល់ពេលនេះ លោក វិន បា ជាប់គុកបក្សកុម្មុយ និស្តវៀតណាមជាង ឆ្នាំហើយៗ អាជ្ញាធរវៀតណាម បានអនុញ្ញាតិ ឲ្យក្រុមគ្រួសារអាចចូលទៅសួរសុខទុក្ខបាន តែត្រូវហាមនិយាយភាសាខ្មែរ ជាភាសាកំណើតរបស់ខ្លួន ដោយនិយាយជាភាសាយួនជំនួសវិញ។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក

សូមបញ្ជាក់ថា តុលាការប្រជាជនខេត្តឃ្លាំងនៃបក្សកុម្មុយ និស្តវៀតណាម កាលពីថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០១០ បានប្រកាសសាលក្រមឲ្យ លោក វិន បា ជាប់ពន្ធនាគារ ២ឆ្នាំ ពីបទកេងចំណេញលើសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យ រំលោភលើផលប្រយោជន៍របស់បក្ស រដ្ឋសិទ្ធិ និងផលប្រយោជន៍របស់អង្គការចាត់តាំងនៃវណ្ណៈកម្មករ និងកសិករតាមមាត្រាទី ២៥៨ នៃច្បាប់ព្រហ្មទណ្ឌ ក្រោយពីលោក ត្រូវ បានអាជ្ញាធរវៀតណាមចាប់ខ្លួនដាក់គុកជិត ១ឆ្នាំ កន្លងមកនេះ។

យោងតាមសាលក្រមបានប្រកាសថាលោក វិន បា ជាអ្នកហ៊ានបោះសន្ទូចរំលងភ្នំ ដោយ បានធ្វើការប្តឹងទាមទារដីធ្លី របស់ខ្លួនតាំងពីថ្នាក់មូលដ្ឋានឡើងដល់ថ្នាក់លើ ដោយបានឃោ សនាប្រជាជនជាច្រើនទៀត ធ្វើការតវ៉ាជាច្រើនលើកនៅទីក្រុងព្រែកឫស្សី ទីក្រុងព្រៃនគរ និងឡើងដល់រដ្ឋធានីហាណូយ ដែលរដ្ឋាភិបាលវៀតណាម បានចាត់ទុកថា នាំឲ្យបាត់បង់ សណ្តាប់ធ្នាប់និងសន្តិសុខសង្គម និងប៉ះពាល់ដល់ជីវ ភាពរបស់ប្រជាជនជាច្រើនគ្រួសារ ។
សាលក្រមបានបន្តទៀតថា លោក វិន បាធ្លាប់បានធ្វើការទាក់ទងទៅអង្គការនៅក្រៅប្រ ទេសដែលរដ្ឋាភិបាលវៀតណាមចាត់ទុកថា ជាក្រុមប្រតិកិរិយា និយាយលាបព័ណ៌ ដល់ រដ្ឋាភិបាល និងបំផ្លាញគោលនយោបាយអ្វីមួយ ដែលរដ្ឋការក្រុងហាណូយចាត់ទុកថា «ម ហាសាមគ្គីជនជាតិ»។

ក្រោយពីធ្វើការតវ៉ាពីថ្នាក់មូលដ្ឋានដល់ថ្នាក់មជ្ឈិម រដ្ឋាភិបាលទីក្រុងហាណូយមិន ត្រឹមតែ មិនបានដោះស្រាយជូននោះទេ គឺនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០០៨ ការិយាល័យនា យករដ្ឋមន្ត្រីវៀតណាមថែមទាំងបានចេញសារលិខិតមួយច្បាប់បញ្ជាឲ្យលោក វិន បាឈប់ តវ៉ារឿងដីធ្លីនេះជាដាច់ខាត ។

សូមបញ្ជាក់ថា លោក វិន បា ជាកសិករជនជាតិខ្មែរក្រោម អាយុ ៤៧ ឆ្នាំ នៅភូមិ តឹងវី A(Tân Quy A) ឃុំតឹងហឹង (Tân Hưng) ស្រុកអណ្តូងទឹក (Long Phú) ខេត្តឃ្លាំង (Sóc Trăng) ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនដាក់ពន្ធនាគារ កាលពីខែឧសភា ឆ្នាំ ២០០៩ ដោយលោក បានធ្វើការទាមទារដីកេរដូនតារបស់ខ្លួន ជាច្រើន ហិតតា ដែលត្រូវបានអាជ្ញាធរវៀតណាមស្រុកអណ្តូងទឹក រឹបយកទៅធ្វើជាកសិដ្ឋានសាធារណៈ កាលពីឆ្នាំ១៩៧៩។ យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់តុលាការ វៀតណាម បានប្រកាសថា ឪពុកបង្កើតរបស់លោក វិន បា ឈ្មោះ វិន ញឹក មានដីកេរចំ នួន 100.000 m2ក្នុង នោះរួមមានដីលំនៅឋាន ដីចម្កា និង ដីស្រែដែលមានទីតាំងនៅក្នុង ភូមិតឹងវី A (Tân Quy A)ឃុំតឹងហឹង (Tân Hưng) ស្រុកអណ្តូងទឹក ខេត្តឃ្លាំង។ របាយការណ៍នេះ បានបន្តទៀតថា ដីលំនៅឋានរបស់ លោក វិន ញឹក ចំនួន 4.500m2 ត្រូវបានរដ្ឋការ សាធារណរដ្ឋវៀតណាមរឹបយកចែកឲ្យប្រជាជន ដើម្បីបង្កើតភូមិក្នុងគោលនយោបាយ អ្វីមួយ ដែលរបបសាធរណរដ្ឋវៀតណាមហៅថា ចលនាដុងគើយ (Phongtrào Đồngkhởi) ក្នុងឆ្នាំ ១៩៦០។ ដីកេរ ដែលនៅសល់ក្រោយពីរបប ងូ ឌិញ យេម បានរឹបយកគឺចំនួន 95.500m2 ហើយនៅឆ្នាំ១៩៧៩ គណៈកម្មាធិការប្រជាជនវៀតណាម ស្រុកអណ្តូងទឹក (UBND) បានរឹបយកដីរបស់ប្រជាជនចំនួន៦គ្រួសារ ដែលមានផ្ទៃដីចំនួន 29.000m2 ក្នុងនោះ មានដីរបស់ លោកវិនញឹក ជាឪពុកបង្កើតរបស់លោកវិន បា ផងដែរ ៕

ប្រភព៖ សារព័ត៌មាន ព្រៃនគរ