ដូនតានឹកស្រុក

ដោយ ឆេង ឆាយា

សំឡេងចាបស្រែករដូវដូនតា
ព្រះសង្ឃ បរា លាន់សូរល្វើយៗ
វស្សាភ្លៀងធ្លាក់ទឹកជន់លិចត្រើយ
ស្រណោះដល់ហើយស្រុកកំណើតម៉ែ ។

នឹកចេះតែឃើញកាលវ័យកុមារ
មិនចេះកំព្រា រងា ម្តងទេ
ជួបជំុសុខសាន្តពុកហើយនិងម៉ែ
នឹកឃើញដល់ខែ រដូវបុណ្យភ្ជុំ។

ពេលនឹក ពេលគិត រឹតតែសង្វេគ
រលោងទឹកភ្នែកក្នុងចិត្តអួលងំ
ព្រាត់ស្រុកកំណើតធ្លាប់តែសុខុម
គេងអោបទ្រូងយំក្តៅងំស្ទើរប្រេះ ។

កូនមកស្រុកឆ្ងាយរៀនក្បួនវិជ្ជា
និស្សិតកំព្រាអន្តោប្រវេស
ខ្លះជាពលករត្រូវគេនិរទេស
រស់ព្រាត់ប្រទេសទុក្ខគ្មានស្រាកស្រាន្ត ។

ឱ! អនិច្ចាវស្សាទឹកជន់
ពុកម៉ែឈឺធ្ងន់ចាស់ជរាប្រាណ
ដូនតាភ្ជុំបុណ្យម្លេះទុក្ខឥតខាន
ចាំកូនកល្យាណទាំងក្តៅរងា ។

កូនសែននឹកស្រុកនឹកពុកម៉ែណាស់
ចង់វិលសំពះក្រាបដល់បាទា
សូមបំរើគុណលុះថ្ងៃមរណា
ហេតុតែកម្មពៀរឲ្យកូនព្រាត់ឆ្ងាយ  ៕

កសិករខ្មែរក្រោម នៅភូមិឫស្សីស្រុក  ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។ រូបថត ថាច់ ធា
កសិករខ្មែរក្រោម នៅភូមិឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។ រូបថត ថាច់ ធា