ដោយ ថាច់ ប្រីជា គឿន
ទង់ជ័យព្រះពុទ្ធសាសនាត្រូវបានបង្កើតឡើង នៅចុងសតវត្សទី ១៩ ជានិមិតរូប និងតំណាងឲ្យពុទ្ធសាសនិក ទាំង អស់ទូទាំងពិភពលោក និងត្រូវបានប្រើជាសកល ។

ប្រវត្តិ និង អត្ថន័យទង់ជ័យព្រះពុទ្ធសាសនា
ទង់ជ័យនេះ ត្រូវបានបង្កើតនៅឆ្នាំ ១៨៨៥ ដោយគណៈកម្មាធិការខូឡុមបូ (Colombo Committee) នៅទីក្រុង Colombo ប្រទេសសិរីលង្កា ។ គណៈកម្មការនេះមាន ព្រះតេជព្រះគុណ ហិក្កទុវេ សិរីសុមង្គលត្ថេរ (Ven. Hikkaduwe Sri Sumangala Thera) ជាអធិបតី, ព្រះតេជព្រះគុណ មិគ្គេត្តុវត្តា គុណនន្ទត្ថេរ (Ven. Migettuwatte Gunananda Thera) , លោក ដូន ខារូលឡិស អាប៉ុសហាមី (Don Carolis Appuhamy) ត្រូវ ជាឱពុករបស់ អនាគាមិកៈ ធម្មបាល (Anagarika Dharmapala) , លោក អន្ទិរិស ពី រី រ៉ា ធម្មគុណវឌ្ឍនា (Andiris Perera Dharmagunawardhana) ជីតាខាងម្ដាយរបស់ ព្រះអនាគាមិកៈ ធម្មបាល, លោក ឆាលី អា ដី សិលវ៉ា (Charles A. de Silva), លោក ប៉ែតទើ ឌី អាបរីវ (Peter De Abrew) , លោក វាលលាម ឌី អាបរីវ (William De Abrew) ឱពុករបស់ លោក ប៉ែតទើ ឌី អាបរីវ, លោក វាលលាម ភើណន់ដូ ( H. William Fernando,) លោក N. S. Fernando និង លោក ខារូលឡិស បូជិថគុណវទ្ទេនៈ (Carolis Pujitha Gunawardena) ជាលេខាធិការ ។

ទង់ជ័យព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយជាលើកដំបូង នៅលើទំព័រ កាសែត សារ៉ាសាវី សាន្ទៈ រេសា ច្បាប់ចេញ ថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ១៨៨៥ និងត្រូវបានបង្ហូតឡើងនៅចំពោះមុខប្រជាជន ក្នុងពិធីបុណ្យវិសាខបូជា កាល ពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ១៨៨៥ នៅកូតៈហេនៈ (Kotahena) ស្រុកខូលុមបូ (Colombo) ប្រទេសសេរីលង្កា ដោយព្រះតេជព្រះគុណ មិគ្គេត្តុវត្តា គុណនន្ទត្ថេរ ។ នេះជាវិធីបុណ្យវិសាខបូជា ជាលើកដំបូង ដែលប្រទេសមួយនេះ ពេលនោះកំពុងឋិតក្រោមអាណានិគមបារាំង ។

ក្រោយមក លោក ហែនរី ស្ទិល អូលកត (Henry Steel Olcott) អ្នកកាសែតអាមេរិកកាំង និងជាប្រធានស្ថាបនិក Theosophical Society មានគំនិតថា ទ្រង់ទ្រាយទង់ជ័យនេះ មានលក្ខណៈវែង នឹងអាចមានបញ្ហាសម្រាប់ការ ប្រើប្រាស់ជាទូទៅ នាពេលអនាគត ។ លោកក៏បានសំណូមពរ ឲ្យគណៈកម្មការកែប្រែខ្នាត និងទ្រង់ទ្រាយ តាមបែបទង់ជាតិនៃប្រទេសនីមួយៗ ។ ការប្រែក៏បានសម្រេច និងបានឯកភាពគ្នា ។ ទង់ជ័យដែលបានកែប្រែរួច នោះ ត្រូវបានផ្សព្វផ្សាយជាលើកទី ២ នៅលើទំព័រកាសែត សារ៉ាសាវី សាន្ទៈ រេសា ច្បាប់ចេញផ្សាយថ្ងៃទី ០៨ ខែមេសា ឆ្នាំ ១៨៨៦ និងជាថ្ងៃដំបូងដែលបានបង្ហូតឡើងនៅក្នុងពិធីបុណ្យវិសាខបូជា ឆ្នាំ ១៨៨៦ ។

ឆ្នាំ ១៨៨៩ ទង់ជ័យនេះ បាននាំទៅបង្ហាញនៅប្រទេសជប៉ុន ដោយ ព្រះអនាគារិក ធម្មបាល និង លោក អល់ កត (Olcott) អ្នកដែលបានបង្ហាញនៅចំពោះព្រះចៅផែនដីនៃប្រទេសជប៉ុន និងបន្ទាប់មកទៀតបាននាំទៅបង្ហាញនៅ ប្រទេសភូមា ។
នៅក្នុងសន្និសីទអាហារូបករណ៍ទូទាំងពិភពលោករបស់ពុទ្ធបរិស័ទ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៥០ សាស្ត្រាចារ្យ G P Malasekera បានប្រកាសថា ទង់ជ័យព្រះពុទ្ធសាសនានេះ ត្រូវបានទទួលស្គាល់ថា ជាទង់ជ័យ តំណាងឲ្យពុទ្ធសាសនិកទូទាំងពិភពលោក ។ សេចក្ដីប្រកាសនេះ ត្រូវបានគេឯកភាព ។
អំពីពណ៌៖
ពណ៌ទាំង ៦ នៃទង់ជ័យព្រះពុទ្ធសាសនា ត្រវបានគេចាត់ទុកថា ជាតំណាងឲ្យពណ៌ទាំង ៦ ឬ ឆព្វណ្ណរង្សី ដែលផ្សាយចេញពីរាងកាយរបស់ព្រះពុទ្ធ ពេលដែលព្រះអង្គបានត្រាស់ ។
ឆព្វណ្ណរង្សី ឬ ពណ៌ទាំង ៦ នោះ រួមមាន ១- ពណ៌ខៀវ ២- ពណ៌លឿង ៣- ពណ៌ក្រហម ៤- ពណ៌ស ៥- ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) និង ៦- ពណ៌ផ្លេក ដោយគេយកពណ៌ទាំង ៥ ខាងដើមមួយៗ មកដាក់បញ្ចូលគ្នាក្នុងផ្ទាំង ទី ៦ នេះ ទៅជាពណ៌មួយ ។
បណ្ដាពណ៌ទាំង ៦ នេះ មានអត្ថន័យផ្សេងគ្នាដូចតទៅ៖
- ពណ៌ខៀវ (នីលៈ) មានន័យថា ស្រឡាញ់សេចក្ដីល្អ , ករុណាជាសកល
- ពណ៌លឿង (បិតៈ) មជ្ឈិមបដិបទា ឬ ផ្លូវកណ្ដាល– វៀចាកអំពីអាក្រក់, សូន្យសុង ឬ សុញ្ញតៈ
- ពណ៌ក្រហម (លោហិតៈ) សេចក្ដីចម្រើនដោយការប្រតិបត្តិ– សេចក្ដីសម្រេច, បញ្ញា, គុណធម៌ , ជោគលាភ និង សេចក្ដីថ្លៃថ្នូ ។
- ពណ៌ស (ឱទាតៈ ) ភាពបរិសុទ្ធនៃព្រះធម៌ – ការនាំសត្វក្នុងត្រៃភពបានរួចរំដោះចាកទុក្ខ
- ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) (មញ្ជេសតៈ ) តំណាងឲ្យពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ឬ បញ្ញា
- ពណ៌ផ្លេក (បព្ភាស្សៈ) គឺប្រជុំរស្មីទាំងអស់មក ។
ព្រះពុទ្ធ មានរស្មី ៦ ពណ៌ ផ្សាយចេញពីកាយយ៉ាងនេះ ដោយលទ្ធផលនៃបារមី ដែលព្រះអង្គបានសាងមកពី អតីតជាតិ ជាតំណាងព្រះជាតិរបស់ព្រះអង្គមួយៗដែរ ៖
- ១- រស្មីពណ៌ខៀវ ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជា ព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ ព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូមព្រះនេត្រព្រះអង្គទាំងគូ ។ ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះ អង្គទាំងពីរឲ្យទៅឥន្ទព្រាហ្មណ៍
- ២-រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត ។ កាលនោះ ព្រះឥន្ទ្រាធិរាជ បាន និម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱយជាងមាស ដើម្បីផែធ្វើជាមាស បិទព្រះពុទ្ធ រូប ។
- ៣-រស្មីពណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយ ប្រកបដោយពិសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិទមកពុះទ្រូងលូកបេះដូងមកផ្សំថ្នាំមើល មាតាឲ្យ បានគង់ជីវិត ។
- ៤-រស្មីពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរីមង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ ។ ពួកអ្នកនគរស្រីពិរាស្ត្រ ក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱយទៅនៅនាវង្កតបព៌ត ។
- ៥-រស្មីពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជា វិជ្ជាធរ ។ មាតា ព្រះអង្គ ត្រូវយក្សចាប់យកបានព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជិវិតមាតា ។
- ៦-រស្មីពណ៌ផ្លេក ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះ សោមបណ្ឌិត មានព្រះតម្លា សទ្ធា ចង់បំពេញទានបរមត្ថបារមី ។ គ្រានោះព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់អត់អាហារ ដើរចូលមក។ ទន្សាយសោមបណ្ឌិត បានរលាស់ខ្លួន ៣ ដង ដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏ លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចំអិនសាច់ព្រះអង្គឱ្យដល់ ឥន្ទព្រាហ្មណ៍ បរិភោគ ។
——————————-
ឯកសារយោង៖
http://www.wikipedia.org