ទស្សន​ប្រិយមិត្ត៖ ​រាត្រី​ក្រៀមក្រំ​ចិត្ត​ ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​ថ្មី​ របស់​ចិន​ និង​ យួន​

អត្ថបទ​ទស្សន​របស់​ប្រិយមិត្ត​ ក្រោម​ចំណងជើង​ថា​ «រាត្រី​ក្រៀមក្រំ​ចិត្ត​ ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ផ្លា​សចូលឆ្នាំ​ថ្មី​ របស់​ចិន​ និង​ យួន​» ។ ដោយ​​អត្ថបទ​ដើម​ សរសេរជា​ភាសា​យួន​ ដូច្នេះ ​ក្រុមការងារ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ សូម​បកប្រែ​ក្រៅផ្លូវការ​ជា​ភាសាខ្មែរ​ ជូន​ប្រិយមិត្ត​អ្នកអាន​ជនជាតិ​ខ្មែរ​ បាន​យល់​ពី​សេចក្តី​នៃ​អត្ថបទ​នោះ​ ដូចតទៅ​នេះ​៖

ដោយ​ពុំ​មាន​អ្នកណា​ម្នាក់​ មក​ជជែក​លេង​ជាមួយ​ខ្ញុំ​សោះ​ នៅ​រាត្រី​ថ្ងៃទី​ ៣០​ ខែ​ ១២​ (តាម​ប្រតិទិន​ចន្ទគតិ​របស់​ចិន​ និង​ យួន​) ទើប​ខ្ញុំ​សរសេរជា​អត្ថបទ​បទ​នេះ​ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ដើម្បី​សម្ដែង​នូវ​មនោសញ្ចេតនា​ដ៏​សែន​ក្រៀមក្រំ​របស់​កុលបុត្រ​ខ្មែរក្រោម​ ដែល​បាន​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ​ដ៏​កំសត់​ ។ ភ្ជាប់​មក​ជាមួយ​ នឹង​បទចម្រៀង​ភាសា​យួន​ ដែល​មាន​ឃ្លា​មួយ​ច្រៀង​ថា​ «គ្មាន​យប់​ណា​ដែល​ងងឹត​ជាង​រាត្រី​ថ្ងៃទី​ ៣០​» ឡើយ​ ប៉ុន្តែ​ ប្រហែលជា​មាន​មនុស្ស​តិចតួច​ណាស់​ ដែល​យល់ថា​ «ទឹកចិត្ត​ក្រៀមក្រំ​របស់​ខ្មែរក្រោម​ គឺ​ រឹតតែ​ខ្មៅ​ងងឹត​ជាង​រាត្រី​ថ្ងៃទី​ ៣០​ នេះ​ ទៅទៀត​» ។

បើ​ទោះជា​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីនេះ​ មិនមែន​ជាពិធី​បុណ្យចូលឆ្នាំ​របស់​ខ្មែរក្រោម​ ក៏ដោយ​ ។ ប៉ុន្តែ​ អាស្រ័យ​ដោយ​មាតុភូមិ​កម្ពុជាក្រោម​ នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុង​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ និង​ត្រួតត្រា​របស់​រដ្ឋាភិបាល​អាណានិគម​យួន​ នោះ​ ជាហេតុ​ធ្វើឲ្យ​ខ្មែរក្រោម​ ទោះ​តិច​ ឬ ច្រើន​ ក៏​ត្រូវ​ទទួលយក​ឥទ្ធិពល​វប្បធម៌​ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​របស់​វៀតណាម​ ខ្លះ​ដែរ​ ដូចជា​ ពួកគេ​ បាន​ឈប់​រៀន​ ឬ បាន​សម្រាក​ពី​ការងារ​ ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូ​ឆ្នាំ​ថ្មីនេះ​ ។

ក្នុង​ពេល​រង់ចាំ​ទទួល​អបអរ​ឆ្នាំ​ថ្មី​ ខ្ញុំ​ក៏​ចាប់ផ្តើម​ទូរស័ព្ទ​ ជូនពរ​ឆ្នាំ​ថ្មី​ទៅដល់​ក្រុម​គ្រួសារ​ មិត្ត​ភក្តិ៍​ និង​បណ្តា​សមមិត្ត​ ដែល​ធ្លាប់​រៀន​ជាមួយគ្នា​ ក្រោម​ដំបូល​សាលារៀន​នៃ​របប​សង្គមនិយម​ ឬ របប​កុម្មុយនិស្ត​យួន​ក្រហម​ ។ បើក​ទំព័រ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កជជែក​លេង​ជាមួយ​មិត្ត​យុវវ័យ​ជាខ្មែរ​ក្រោម​ ដូចគ្នា​ ដែល​កំពុង​សិក្សា​ និង​ធ្វើការ​តាម​សហគ្រាស​ រោងចក្រ​ នៅ​ក្បែរ​ៗ ទីក្រុង​ ព្រៃនគរ​ ។ ពេលនោះ​ ក៏​មាន​មិត្ត​ភក្តិ៍​ខ្លះ​ សម្តែង​នូវ​ភាព​សប្បាយរីករាយ​ ដោយ​បាន​សម្រាក​ពី​ការងារ​ ហើយ​បាន​ត្រឡប់ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ ញាតិមិត្ត​ បងប្អូន​ នៅ​ស្រុកកំណើត​ តែ​ក៏​មាន​អ្នកខ្លះ​ ត្រូវ​បង្ខំចិត្ត​បន្ត​នៅ​ធ្វើការងារ​ ដោយ​មិនបាន​ឈប់សម្រាក​ឡើយ​ ក៏​ព្រោះតែ​ដើម្បី​រកចំណូល​បន្ថែម​ ដោយហេតុ​តែ​គេ​ផ្តល់​ថ្លៃឈ្នួល​ខ្ពស់​ សម្រាប់​អ្នកធ្វើការ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​ ។ មាន​មិត្ត​យុវវ័យ​ម្នាក់​ បាន​និយាយ​ចេញពី​អារម្មណ៍​របស់​ខ្លួន​ដ៏​សែន​ខ្លោចផ្សា​ថា​ «ចូលឆ្នាំ​របស់​ជន​ជា​តិ​គេៗ​ បាន​ឈប់សម្រាក​ ចំណែក​បុណ្យចូលឆ្នាំ​ខ្មែរក្រោម​យើង​វិញ​ គេ​មិន​អនុញ្ញាត​ ឲ្យ​យើង​សម្រាក​នោះ​ទេ​» ។

សម្តី​របស់​មិត្ត​យុវវ័យ​ មាន​អាយុ​ខ្ទង់​ជាង​ម្ភៃ​ឆ្នាំ​ ដែល​បាន​បោះបង់ចោល​ការសិក្សា​ និង​ឃ្លាតឆ្ងាយ​ ពី​ក្រុម​គ្រួសារ​ជាង​ ៥ ឆ្នាំ​មក​ហើយ​ ដើម្បី​ទៅ​ធ្វើការ​សម្រាប់​ចិញ្ចឹមជីវិត​ ជាមួយ​ នឹង​ក្តី​ស្រមើស្រមៃ​ដ៏​តិចតួច​ គឺ​រក​ថវិកា​ខ្លះ​ ដើម្បី​ជួយ​ទំនុកបម្រុង​ដល់​គ្រួសារ​នោះ​ ធ្វើឲ្យ​ខ្ញុំ​នឹក​សែន​ខ្លោចចិត្ត​ ក្នុង​ភា​ពរ​ងារ​ឯកោ​នារ​ដូវ​ដើមឆ្នាំ​នេះ​ ។

នៅពេល​ដែល​ជនជាតិ​យើង​ពុំ​មាន​ “សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​” នោះ​ វាសនា​របស់​ជនជាតិ​យើង​ ស្ថិតនៅ​ក្រោម​ការ​ផ្តល់​សិទ្ធិ​ឲ្យ​របស់​គេ​ ឬមិន​ផ្តល់​ឲ្យតែ​ប៉ុណ្ណោះ​ ។ ក្នុង​ឋានៈ​គេ​ជា​អ្នកគ្រប់គ្រង​យើង​ គឺ​គេ​ធ្វើអ្វី​គ្រប់​មធ្យោបាយ​ទាំងអស់​ ដើម្បី​រំលាយ​យើង​ និង​ដើម្បី​បង្ហាញ​ឲ្យ​ពិភពលោក​បានដឹង​ថា​ តំបន់​ដែល​រដ្ឋអំណាច​វៀតណាម​ ហៅថា​ «ណាម​បូ​» (ភាគ​ខាងត្បូង​) គឺ​មិនមែន​ជា​របស់​ខ្មែរក្រោម​ ទេ​ គឺជា​ដែនដី​ដែល​ដូនតា​របស់​គេ​ជា​អ្នក​កាប់ឆ្ការ​ ក្នុង​តំបន់​ដី​ដែល​មាន​ម្ចាស់​កាន់កាប់​ ដែល​កាលណោះ​គឺជា​រដ្ឋអំណាច​កម្ពុជា​ ។

នៅក្នុង​បទចម្រៀង​ មាន​ចំណងជើង​ថា​ «តើ​យើង​នៅសល់​អ្វី​?» ដែល​បាន​និពន្ធ​ និង​ ច្រៀង​ដោយ​ តារាចម្រៀង​ជនជាតិ​ចាម្ប៍​ នៅ​ក្រៅប្រទេស​ ដែល​មាន​សំឡេង​ដ៏​ពីរោះ​រណ្តំ​ចិត្ត​ និង​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នោះ​ មាន​ឃ្លា​មួយ​មាន​សេចក្ដី​ថា​៖ «គ្មាន​ការឈឺចាប់​ណា​ ស្មើ​ នឹង​ការឈឺចាប់​ ព្រោះ​បាត់បង់​ប្រទេស​ ។ គ្មាន​កំហឹង​ណា​ ស្មើនឹង​កំហឹង​ដែល​ត្រូវ​គេ​លួច​ទឹក​ប្លន់​ដី​» ឬឃ្លា​ថា​ «បើ​ភាសា​រលត់​ហើយ​ មិនយូរ​ទេ​ ជនជាតិ​នោះ​ ក៏​គង់តែ​ នឹង​រលាយ​បាត់​ដែរ​» ។

ទោះបី​បទចម្រៀង​នោះ​ គ្រាន់តែ​ជា​ការ​លើកឡើង​ ដើម្បី​បង្ហាញ​ពី​ក្តី​សោកសៅ​ និង​ក្រៀមក្រំ​របស់​ប្រជា​ពរ​ដ្ឋ​ចាម្ប៍​ក៏ដោយ​ ប៉ុន្តែ​ វា​ក៏បាន​ដាស់​ស្មារតី​ឲ្យ​ជនជាតិ​ដើម​ដទៃទៀត​ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​វៀតណាម​ ផង​ដែរ​ ។ ប្រសិនបើ​យើង​ មិន​មាន​មោទនភាព​ និង​មិន​ហ៊ាន​និយាយ​នូវ​អ្វី​ ដែល​ជាស​ច្ច​ធម៌​ ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជនជាតិ​ខ្លួន​ទេ​នោះ​ ក៏​គង់​ នឹង​មាន​ថ្ងៃណាមួយ​ ខ្មែរក្រោម​យើង​ ពេល​ជួបគ្នា​ នឹង​និយាយ​គ្នា​ជាមួយ​ភាសា​យួន​ជាមិនខាន​ ។ ចំណែក​ព្រះសង្ឃ​ខ្មែរក្រោម​វិញ​ នឹង​សូត្រធម៌​ជា​ភាសា​យួន​ នៅក្នុង​វត្តអារាម​របស់​យើង​ដែរ​ ។ ពេលនោះ​ ច្បាស់​ណាស់​ថា​ យើង​ក៏​ នឹង​មិនបាន​និពន្ធ​បទចម្រៀង​ ដែល​មាន​ចំណងជើង​ថា​ «តើ​យើង​នៅសល់​អ្វី​» សម្រាប់​កូនចៅ​ខ្មែរក្រោម​ ទេ​ ​។ ប៉ុន្តែ​ ពេលនោះ​ ប្រហែលជា​ទំនង​យើង​ត្រូវ​សរសេរ​បទចម្រៀង​ថ្មី​ថា​ «យើង​គ្មាន​សល់​អ្វី​ទៀត​ទេ​» ។ តែ​សង្ឃឹមថា​ ថ្ងៃ​នោះ​ នឹង​មិនកើត​ឡើង​ ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ យើង​ឡើយ​ ៕