ដោយ លី ឈូន
ពុទ្ធបរិស័ទខ្មែរក្រោម ក្រៅពីមានសទ្ធាជ្រះថ្លាចំណាយ ធនធានតាមសទ្ធា កសាង ថែរក្សាវត្តអារាម កេរមត៌កដូនតាខ្មែរ ។ ពុទ្ធបរិស័ទខ្មែរក្រោម នូវមានកាតព្វកិច្ចដ៏សំខាន់មួយទៀត គឺចិញ្ចឹមព្រះសង្ឃសិក្សារៀនសូត្រ ។ ការចិញ្ចឹមព្រះសង្ឃសិក្សា ជាពិសេសគឺការដាក់បាត្រព្រះសង្ឃ ដោយបាយមួយវែក សណ្ដែកមួយគួរ តាមធនធានរបស់ខ្លួននោះឯង ។ បន្ទាប់មក ដើម្បីលើកតម្លៃអ្នកសិក្សា លើកតម្កើងអក្សរសាស្រ្តជាតិ ខ្មែរក្រោមបានចាត់តាំងកម្មវិធីប្រឡង ដំណាច់ឆ្នាំ ដំណាច់កំរិតសិក្ស់ា ថែមទៀត ។ វត្តដែលទទួលបន្ទុករៀបចំកម្មវិធីប្រឡងម្ដង ៗ ត្រូវចំណាយធនធានយ៉ាងច្រើន ដែលខ្ទង់ចំណាយនេះ មិនតិចជាង១០០.០០០.០០០ (មួយរយលាន) ដុង ស្មើនឹងប្រមាណ ៥.០០០ (ប្រាំពាន់) ដុល្លារនោះឡើយ ។ វត្តដែលទទួលបន្ទុករៀបចំការប្រឡងនេះ វត្តខ្លះត្រូវផ្អាក់ការសាងសង់ ពី ២ ទៅ ៣ ឆ្នាំទើបគ្រប់ថវិកាសម្រាប់រៀបចំកម្មវិធីប្រឡងម្ដង។ សរុបមកការប្រឡងទាំងនេះ ដែលអាចកើតឡើងបាន ដោយអាស្រ័យការប្រិតសំចៃថវិកា ពីកម្លាំងញើសឈាមរបស់ខ្មែរក្រោមទាំងក្នុង និងក្រៅស្រុកនេះឯង ។

ព្រះចៅអធិការស្វាយសៀមចាស់ ព្រះនាម ថាច់ ថាយ យៀង ព្រះអង្កថ្លែងនៅក្នុងកម្មវិធីប្រឡងដំណាច់ឆ្នាំសិក្សានៃពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី ១ និងទី២ ក្នុងវត្តរបស់ព្រះអង្គ នៅស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែលវៀតណាមដាក់ឈ្មោះថ្មីថា ត្រា វិញ (Tra Vinh) កម្ពុជាក្រោ ។ ក្នុងចំណោមសិស្សទាំង ៣២៧ អង្គ និងរូប ដែលសិស្សានុសិស្សច្រើនជាងសមណសិស្សនោះ ថា នេះគឺជាមោទនភាពហើយដែលវត្តរបស់ព្រះអង្គបានទទួលរៀបចំកម្មវិធីប្រឡងនេះ ជាលើកដំបូងតាំងពីចាប់ផ្ដើមកសាងវត្តជាង ៣០០ ឆ្នាំកន្លងមក ហើយកម្មវិធីប្រឡងលើកនេះ ដែលប្រព្រឹត្តិទៅបានស្រ័យដោយការជួយជ្រោមជ្រែងពីពុទ្ធបរិស័ទទំាងក្នុងស្រុកនិងក្រៅស្រុកនេះឯង ។
ព្រះចៅអធិការព្រះនាម ថាច់ ថាយ យៀង ៖ ទើបតែឆ្នាំហ្នឹងដែលវត្តពោធិព្រឹក្សគិរីវង្ស ស្វាយសៀមចាស់ កសាងមកមានអាយុកាល ៣៦៤ ឆ្នាំហើយទើបតែបានបើកប្រឡងក្នុងឆ្នាំហ្នឹង ហើយអាត្មាភាពក៏សូមថ្លែងអំណរគុណដល់ញាតិញោមទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលបានជួយឧបត្ថម្ភ ដល់ស្វាយសៀមចាស់យើង ទាំងពីចង្ហាន់បិណ្ឌបាតផង ទាំងពីភេសជ្ជៈផង គឺជួយបំពេញហ្នឹងតែម្ដងទាំងក្នុងប្រទេសនិងក្រៅប្រទេស ជាពិសេសគឺពុទ្ធបរិស័ទក្នុងចំណុះជើងវត្តស្វាយសៀមចាស់យើងហ្នឹង។
ស្រដៀងគ្នានេះដែរ ព្រះឧទ្ទេសាចារ្យមួយព្រះអង្គគង់នៅវត្តលាវចន្ទស្សរារាមដីក្រហម ខេត្តព្រះត្រពាំង ដែលវត្តរបស់ព្រះអង្គទទួលបន្ទុករៀបចំកម្មវិធីប្រឡងពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ១ ប្រព្រឹត្តិនៅថ្ងៃទី ១២ ១៣ ខែមករានេះ ។ ព្រះអង្គមានថេរដីកាឲ្យដឹងថា បច្ច័យសម្រាប់រៀបចំកម្មវិធីប្រឡងនេះ បានការឧបត្ថម្ភពីពុទ្ធបរិស័ទនៅក្នុងស្រុកផង និងក្រៅស្រុកកផង តែដោយឡែកការឧបត្ថម្ភពីពុទ្ធបរិស័ទចំណុះជើងវត្តបាន ៧.០០០.០០០ (ប្រាំពីរលាន) ដុងស្មើនឹងប្រមាណជាង ៣០០ (បីរយ) ដុល្លារ។
រីឯគំរោងចំណាយវិញ ព្រះអង្គថា មិនបានគិតចូលអំពីខ្ទង់ចំណាយដទៃទៀត ក្នុងការរៀបកម្មវិធីប្រឡងនោះទេ គិតត្រឹមតែខ្ទង់ចំណាយសម្រាប់អំណោយលើកទឹកចិត្តចំពោះសិស្សានុសិស្ស ចំពោះលោកគ្រូ អ្នកគ្រូ និងចំពោះគណកម្មការប្រឡងផង អស់ប្រមាណជា ៤០.០០០.០០០ (សែសិប លាន) ដុងស្មើនឹងប្រមាណ ២.០០០ (ពីរពាន់) ដុល្លារ ។
ព្រះឧទ្ទេសាចារ្យវត្តដីក្រហម៖ ក្នុងពេលប្រឡងហ្នឹង មានពុទ្ធបរិស័ទខ្មែរនៅក្រៅប្រទេសឧបត្ថម្ភខ្លះដែរ ដោយឡែកបរិស័ទចំណុះជើងវត្តដីក្រហមហ្នឹង គៀងគរ រាយអង្គាសពីព្រឹកមិញហ្នឹងបានប្រមាណ ៧.០០០.០០០ (ប្រាំពីលាន) ដុង ។ ហើយចំណែកថវិកាចំណាយហ្នឹងសម្រាប់រង្វាន់សិស្ស រង្វាន់គ្រូរួមទាំងអស់គិតទៅអស់ ៤០.០០០.០០០ (សែសិបលាន) ដុង ។
ចំណែកបុរសខ្មែរក្រោមម្នាក់ឈ្មោះត្រា ក្វាន់ថា ជាគណៈកម្មការវត្តសេរីតាសេក ស្ថិត ក្នុង ស្រុកជ្រោយញរ ខេត្តឃ្លាំង ដែលវៀតណាមដាក់ឈ្មោះថ្មីថា សុក ត្រាំង (Soc Trang) កម្ពុជាក្រោម ។ លោថា ឱ្យដឹងថា ឆ្នាំនេះវត្តរបស់លោកទទួលបន្ទុករៀបចំកម្មវិធីប្រឡងរួមសម្រាប់ស្រុកជ្រោយញរ ដែលមានវត្តចូលរួមប្រឡងចំនួន ១១ វត្តក្នុងចំណោមវត្តទាំង ២១ ទូទាំងស្រុកជ្រោយញរ និងមានសិស្សសរុប ១៦២ អង្គ រូប ហើយច្រើនតែសមណសិស្ស រីឯសិស្សានុសិស្សតិចតួចប៉ុណ្ណោះ ។
គណៈកម្មការវត្តសេរីតាសេករូបនេះ ឲ្យដឹងថែមទៀតថា កម្មវិធីប្រឡងនេះ រៀបចំឡើងកាលពីថ្ងៃទី ១៨ ១៩និង ២០ ខែធ្នូ ២០២០ និងចំណាយថវិកាអស់ ១៩០.០០០.០០០ (មួយរយកៅសិប លាន) ដុងស្មើនឹងប្រមាណជាង ៤.០០០ (បួនពាន់) ដុល្លារ អាមេរិក ហើយថវិកាទាំងនេះ ក្រៅពីការឧបត្ថម្ភ របស់ពុទ្ធបរិស័ទចំណុះជើងវត្ត ទាំងក្នុងនិងក្រៅប្រទេសនោះ ក៏នៅមានថវិកាឧបត្ថម្ភពីវត្តទាំង ១១ ដែលនាំសិស្សមកប្រឡង ក្នុងមួយវត្ត ៗ វត្ត ៣.០០០.០០០ (បីលាន) ដុងស្មើនឹងប្រមាណ ១៥០ ដុល្លារអាមេរិក ។
លោកត្រា ក្វាន់ ថា បន្តទៀតថា បន្ទាប់ពីប្រឡងនេះហើយ វត្តរបស់លោកត្រូវផ្អាក់ការសាងសង់មួយរយៈ ព្រោះតែយកបច្ច័យ សម្រាប់កសាងនោះ មកបង្គ្រប់រៀបចំកម្មវិធីប្រឡងនេះ ។
លោកត្រា ក្វាន់ ថា៖ ខាងសង្គម មន្ត្រីសង្ឃក្នុងស្រុកហ្នឹងឧបត្ថម្ភបានតិចទេ បាន ២០.០០០.០០០ (ម្ភៃលាន) ដុង (ស្មើនឹងប្រមាណជិត ១.០០០ (មួយពាន់) ដុល្លា ហើយទទួលបន្ទុកនៅក្នុងវត្តយើងទាំងអស់ បង់ខាតអីនៅក្នុងវត្តយើង ប្រកាសរាយអង្គាសតាមក្រុម តាមសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ ។ ឥឡូវនេះប្រមូលយកបច្ច័យកសាង សងថ្លៃបរិក្ខាប្រឡងឲ្យគេហើយ ៗ ធ្វើសព្វគ្រប់ហើយផ្អាក់កសាងបន្តិចសិន ធ្វើអស់ខ្យល់ហើយ ឥឡូវផ្អាក់កសាងមួយខ្យល់សិន ។
រីឯបុរសខ្មែរក្រោមនៅក្រៅស្រុកម្នាក់ឈ្មោះលី សេរី លោកមានស្រុកកំណើតនៅទីរួមខេត្តព្រះត្រពាំង សព្វថ្ងៃលោករស់នៅសហរដ្ឋអាមេរិក ។ លោករំលឹកថា ១៦ ឆ្នាំមុន កាលលោកនៅជាសង្ឃ ព្រឹកឡើង ភាគច្រើនឆាន់បបរសនឹងទឹកត្រី រួចហើយក៏ចូលរៀន លុះចេញពីរៀនពេលព្រឹក ត្រូវនិមន្តបិណ្ឌបាត តាមភូមិស្រុកអ្នកស្រុករាប់ម៉ោងនាឡិកា ទើបបានគ្រប់ចង្ហាន់ឆាន់ រួចហើយបន្តរៀនពេលល្ងាចទៀត។
លោក លី សេរីលើកឡើងបន្តទៀតថា បើប្រសិនជាពុទ្ធបរិស័ទខ្មែរក្រោម នៅក្រៅស្រុកមិនជួយជ្រោមជ្រែងដល់ព្រះសង្ឃ និង ពុទ្ធបរិស័ទនៅក្នុងស្រុកក្នុងការសិក្សាអប់រំនេះទេ នោះវប្បធម៌ខ្មែរក្រោម ជាតិសាសន៍ខ្មែរក្រោមនឹងរលាយហើយ ។
លោក លី សេរី ៖ «ពាក្យស្លោកចាស់បុរាណគលោកបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន ។ បាទ អីចឹងទៅខ្ញុំមិនត្រឹមតែឧបត្ថម្ភវត្តដីក្រហមប៉ុណ្ណោះទេ គឺបំណងរបស់ខ្ញុំឧបត្ថម្ភទូទាំងកម្ពុជាក្រោមទាំងអស់ទោះបីតិចក្ដី ច្រើនក៏ដោយទៅតាមខ្លួនខ្ញុំផ្ទាល់ ពីររយ បីរយ ប្រាំរយ មួយរយ។ បាទ ហើយអីបង ពីព្រោះយើងរាល់ថ្ងៃស្ថិតនៅវត្តវ៉ានេះឯង បងឯងបានជួបខ្ញុំ ខ្ញុំជួបបងឯងបានជជេកគ្នាថ្ងៃហ្នឹង » ។
ការលើកឡើងទាំងនេះបន្ទាប់ពីអស់រយៈពេល មួយខែដែលវត្តអារាមនៅដែនដីកម្ពុជាក្រោមបានបញ្ចប់កម្មវិធីប្រឡងដំណាច់ឆ្នាំនូវវិស័យពុទ្ធិកសិក្សា កំរិតមធ្យមសិក្សាបឋមភូមិ ឬ ហៅថា បាលី ទី១ ទី២ ទី៣ ។
របៀបចាត់ចែងការប្រឡងងទាំងនេះ នៅខេត្តព្រះត្រពាំងបានចាត់តាំងការប្រឡងរួមតាមនិគម និមួយួ ៗ ដែលមានចំនួន ៨ និគម (ស្រុក) ទូទាំងខេត្តព្រះត្រពាំង ។ ចំណែកខេត្តឃ្លាំងមានការចាត់តាំងប្រឡងរួមតែនៅស្រុកជ្រោយញរមួយប៉ុណ្ណោះ ដែលមានការចូលរួមប្រឡងរួមចំនួន ១១ វត្ត ក្នុងចំណោមវត្តទាំង ២១ វត្តនៃស្រុកជ្រោយញរ ស្រុកក្រៅពីនេះ ចាត់ចែងកម្មវិធីប្រឡង ជាលក្ខណៈឯកជនតាមរៀង ៗ វត្ត ។
ចំពោះខេត្តដទៃទៀតដូចជាខេត្តពលលាវ ដែលវៀតណាមដាក់ឈ្មោះថ្មីថា បាក លីវ (Bac Lieu) ខេត្តក្រមួនស ដែលវៀតណាមដាក់ឈ្មោះថ្មីថា គៀង យ៉ាង (Kieng Gian) និងខេត្តមាត់ជ្រូក ដែលវៀតណាមដាក់ឈ្មោះថ្មីថា អាង យ៉ាង (An Gian) ជាដើម ក៏មិមមានចាត់តាំងកម្មវិធីប្រឡងរួមឡើយ មានតែចាត់តាំងកម្មវិធីប្រឡងជាលក្ខណៈឯកជនតាមរៀង ៗ វត្ត តែប៉ុណ្ណោះ ។
ទាក់ទងនឹងរបៀបចាត់តាំងការប្រឡងរបស់ព្រះសង្ឃនៅដែនដីកម្ពុជាក្រោម ពិសេសការចាត់តាំងប្រឡងនៅខេត្តព្រះត្រពាំងនោះ វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ មិនអាចទាក់ទងសុំការបំភ្លឺពីការិយាល័យសាលាគណខេត្តបានឡើយ ។ តែទៅទោះជាយ៉ាងនេះក្ដី តាមការឲ្យដឹងពីប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ នៅតាមស្រុកមួយចំនួន នៃខេត្តព្រះត្រពាំងថា ដើម្បីទ្រទ្រង់វិស័យពុទ្ធិកសិក្សានេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង បានបង្កើតសាខាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ និងសមាគមពុទ្ធិកសិក្សាតាមស្រុកនិមួយ ៗ តាំង ៨ ស្រុកនៅក្នុងខេត្ត ។
ហើយវត្តទាំង ១៤៣ វត្តនៅក្នុងខេត្តមានកាតព្វកិច្ចបង់វិភាគទានសិក្សា ដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ក្នុងមួយឆ្នាំមួយវត្តចំនួន ១ លានដុងស្មើនឹងប្រមាណ ៤០ ទៅ ៥០ ដុល្លារអាមេរិក ។
យោងតាមសន្និបាតលើកទី ៣ នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង អាណត្តិកាលទី ៧ (២០១៨-២០២៣) ដែលធ្វើឡើងនៅវត្តពោធិសាលរាជកំពង់ក្នុងទីរួមខេត្តព្រះត្រពាំង កាលពីថ្ងៃទី ២៨ ធ្នូឆ្នាំ ២០២០ កន្លងទៅនេះឲ្យដឹងថា ព្រះសង្ឃទាំង៨ស្រុក ក្រុង ឆ្នាំ ២០២០ មានចំនួន ៣.៣០២ អង្គ ។
ការសិក្សាអប់រំ កំរិតពុទ្ធិកមធ្យមសិក្សា បឋមភូមិឆ្នាំទី១-៤ មាន ១១៤ បន្ទប់ មានសិស្សចំនួន ២.២៤៦ អង្គ រូប គ្រូបង្រៀនមានចំនួន ១៣៦៨ អង្គ រូប ។ កំរិតពុទ្ធិកមធ្យមសិក្សា ទុតិយភូមិឆ្នាំទី ១-ទី ៣ មាន ១៧ បន្ទប់ មានចំនួនសិស្ស ៤៩៥ អង្គ រូប គ្រូបង្រៀន មាន ១៨៧ អង្គ រូប ។ កំរិតពុទ្ធិកសិក្សាថ្នាក់បរិញ្ញាប័ត្រក្នុងប្រទេសមាន ២០ អង្គ និងសមណនិស្សិតជាង ១០០ អង្គទៀតកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិត នៅក្រៅប្រទេស ។
ចំពោះថវិកាសម្រាប់ទម្រង់ដល់វិស័យសិក្សាអប់រំនេះវិញ បានចំណាយអស់ជាង ២៥០.០០០.០០០ កោដិដុង ស្មើនឹងប្រមាណ ៧ ៥០.០០០ ( ប្រាំពីរសែនប្រាំម៉ឺន) ដុល្លារអាមេរិក ៕